ភ្នំពេញៈ លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និង ប្រធានាធិបតី​កូរ៉េខាងត្បូង លោក យូន សកយ៉ល (Yoon Suk Yeol) គ្រោង​ជួប​ពិភាក្សា​គ្នា​ក្នុង​សប្ដាហ៍​នេះ នៅ​ឯ​ប្រទេស​កូរ៉េខាងត្បូង ដើម្បី​​ជំរុញ​ទំនាក់ទំនង​នៃ​ប្រទេស​ទាំង​២​ឱ្យ​ឈាន​ទៅ​កម្រិត​ថ្មី និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ពហុ​វិស័យ។


លោក​ ហ៊ុន ម៉ាណែត នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់​ខ្ពស់​កម្ពុជា​​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កូរ៉េខាងត្បូង​រយៈពេល​៤ថ្ងៃ ចាប់​ពីថ្ងៃទី១៥ ដល់ ១៨ ខែ​ឧសភា ​តប​តាម​ការ​អញ្ជើញ​របស់​លោក Yeol។ នេះ​បើ​យោង​តាម​​ក្រសួង​ការបរទេស​កម្ពុជា។ 

ក្រសួង​បញ្ជាក់​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​​នា​ថ្ងៃទី​១៣ ឧសភា ថា លោក ហ៊ុន ម៉ាណែត នឹង​មាន​ជំនួប​ទ្វេភាគី​ជាមួយ​លោក Yeol ដោយ​ «ពិភាក្សា​ស៊ីជម្រៅ​នូវ​ភាព​ជា​ដៃគូ និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ពហុ​វិស័យ ដើម្បី​លើកកម្ពស់​ទំនាក់ទំនង​នៃ​ប្រទេស​ទាំង​២​ឱ្យ​ឈាន​ទៅ​កម្រិត​ថ្មី»។ 


ក្រសួង​បញ្ជាក់​ថា មេ​ដឹកនាំ​ទាំង២នឹង​​ធ្វើ​ជា​អធិបតី​ក្នុង​ពិធី​ចុះ​ហត្ថលេខា​លើ​ឯកសារ​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​ការ​អភិវឌ្ឍ សេដ្ឋកិច្ច និង​ហេដ្ឋារចនាសម្ព័ន្ធ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏​នឹង​មាន​ជំនួប​ដាច់​ដោយ​ឡែក​ជាមួយ​លោក ហាន់ ដុកស៊ូ (Han Duck-soo) នាយករដ្ឋមន្ត្រី​កូរ៉េខាងត្បូង និង លោក គីម ជីនស្យូ (Kim Jin-pyo) ប្រធាន​រដ្ឋសភា​កូរ៉េខាងត្បូង។ 


បើ​តាម​ក្រសួង មន្ត្រី​ដែល​អម​ដំណើរ​លោក ហ៊ុន ម៉ាណែត រួមមាន លោក​ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) លោក​ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ព្រមទាំង​រដ្ឋមន្ត្រី មន្ត្រី​សំខាន់ៗ​នៃ​រាជ​រដ្ឋាភិបាល និង​តំណាង​ពី​សភាពាណិជ្ជកម្ម​កម្ពុជា។

លោក ហ៊ុន ម៉ាណែត ក៏​គ្រោង​ចូលរួម​ក្នុង​វេទិកា​ធុរកិច្ច​កម្ពុជា-កូរ៉េខាងត្បូង និង​ជួប​ជាមួយ​ក្រុមហ៊ុន កូរ៉េ​ខាងត្បូង​សំខាន់ៗ​មួយ​ចំនួន ហើយ​នឹង​ជួប​សំណេះ​សំណាល​ជាមួយ​សហគមន៍​ខ្មែរ​នៅ​កូរ៉េខាងត្បូង​ផង​ដែរ។

បច្ចុប្បន្ន ប្រជាពលរដ្ឋ​ខ្មែរ​ដែល​កំពុង​ធ្វើការ និង​រស់នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​មាន​ចំនួន​ប្រមាណ​ ៥ម៉ឺននាក់។

ដំណើរ​ទស្សនកិច្ច​របស់​លោក ម៉ាណែត ទៅកាន់​ប្រទេស​កូរ៉េខាងត្បូង​ធ្វើឡើង​បន្ទាប់​ពី​លោក​បាន​ចូល​កាន់​តំណែង​ជិត ៩ខែ ចាប់តាំង​ពី​ខែ​សីហា ឆ្នាំ២០២៣។ ទោះ​យ៉ាង​ណា បន្ទាប់ពី​​ចូល​កាន់​តំណែង​ប្រមាណ​២០ថ្ងៃ លោក​បាន​ទៅ​បំពេញ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​ចិន​ដែល​ជា​ប្រទេស​ដំបូង​សម្រាប់​ដំណើរ​ទស្សនកិច្ច​របស់​លោក កាល​ពី​ខែ កញ្ញា ឆ្នាំ២០២៣។

លោក​ ថុង ម៉េងដាវិត អ្នក​ជំនាញ​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ ​និង​ជា​សាស្ត្រាចារ្យ​បង្រៀន​នៅ​វិទ្យាស្ថាន​សិក្សា​អន្តរជាតិ ​និង​គោលនយោបាយ​សាធារណៈ​នៃ​សាកល​វិទ្យា​ល័យ​ភូមិន្ទ​ភ្នំពេញ​ថ្លែង​ថា ទំនាក់ទំនង​ទ្វេភាគី​រវាង​កូរ៉េ​ខាងត្បូង និង​កម្ពុជា មាន​ភាព​រឹងមាំ​ខ្លាំង​​លើ​​ផ្នែក​ផលប្រយោជន៍​ជា​យុទ្ធសាស្ត្រ សន្តិសុខ និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម។

លោក​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នា​ថ្ងៃទី​១៣ ឧសភា ​ថា កូរ៉េខាងត្បូង​ក្នុង​នាម​ជា​មិត្ត​និង​ដៃគូ​ជិត​ស្និទ្ធ​បាន​គាំទ្រ​ និង​ជួយ​កម្ពុជា​យ៉ាង​សកម្ម​ក្នុង​ការ​អភិវឌ្ឍ​ក្នុង​រយៈពេល​៣០​ឆ្នាំ​កន្លង​មក​នេះ ជា​ពិសេស​លើ​វិស័យ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ ទំនាក់ទំនង​រវាង​ប្រជាជន និង​ប្រជាជន វប្បធម៌ ការអប់រំ សុខភាព និង​សុខុមាលភាព​សង្គម ព្រមទាំង​ការ​អភិវឌ្ឍ​កម្លាំង​ពលកម្ម និង​ពលករ​​ជំនាញ។

លោក​ ថុង ម៉េងដាវិត បន្ត​ថា៖ «ក្រៅពី​ការ​ដោះស្រាយ​បញ្ហា​​​តំបន់ និង​ការ​លើក​កម្ពស់​សន្តិភាព ស្ថិរភាព និង​វិបុលភាព​ក្នុង​ក្របខ័ណ្ឌ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន តាមរយៈ​ដំណើរ​ទស្សនកិច្ច​របស់​សម្ដេច​ធិបតី ហ៊ុន ម៉ាណែត កម្ពុជា និង​កូរ៉េខាងត្បូង នឹង​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​តាម​វិស័យ ជាពិសេស​ការ​វិនិយោគ និង​ពាណិជ្ជកម្ម សុខុមាលភាព​សង្គម ឌីជីថលភាវូបនីយកម្ម និង​ហិរញ្ញវត្ថុ បច្ចេកវិទ្យា​ព័ត៌មាន និង​ទំនាក់ទំនង (ICT) ការ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​ពលករ​ជំនាញ រួមមាន​ពលករ​រដូវកាល»៕