ភ្នំពេញៈ អ្នកវិភាគលើកឡើងថា ដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក ឡូយដ៍ អូស្ទីន (Lloyd Austin) មកកាន់កម្ពុជានៅសប្ដាហ៍ក្រោយ គឺជាសញ្ញាល្អសម្រាប់ទំនាក់ទំនងរវាងកម្ពុជា និងសហរដ្ឋអាមេរិក ដោយទំនាក់ទំនងនៃប្រទេសទាំងពីរកំពុងមានភាពល្អប្រសើរឡើង។
ទោះយ៉ាងណា អ្នកវិភាគក៏កត់សម្គាល់ឃើញដែរថា ដំណើរទស្សនកិច្ចប្រមុខការពារជាតិសហរដ្ឋអាមេរិកនេះក៏ជាការបង្ហាញពីការយកចិត្តទុកដាក់កាន់តែខ្លាំងឡើងរបស់មហាអំណាចមួយនេះទៅលើសន្តិសុខតំបន់ផងដែរ។
លោក ថុង ម៉េងដាវិត អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងជាសាស្ត្រាចារ្យបង្រៀននៅវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញថ្លែងថា៖ «ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការពារជាតិអាមេរិក ជាសញ្ញាល្អសម្រាប់ទំនាក់ទំនងកម្ពុជា-សហរដ្ឋអាមេរិក ខណៈពេលទំនាក់ទំនងទ្វេភាគីនៃប្រទេសទាំងពីរកំពុងមានភាពល្អប្រសើរឡើងនៅក្នុងអាណត្តិថ្មីនេះ»។
លោកប្រាប់ភ្នំពេញប៉ុស្តិ៍នាថ្ងៃទី២៨ ឧសភា ថា នៅក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះផងដែរ កម្ពុជា និងសហរដ្ឋអាមេរិកគួរផ្ដោតលើការពិភាក្សាបើកចំហ និងស្មើភាពគ្នា ជាពិសេសលើ «បញ្ហាមូលដ្ឋានកងទ័ពរាម និង ការចោទប្រកាន់អំពីវត្តមានកងទ័ពចិននៅក្នុងទឹកដីកម្ពុជា»។
លោក ថុង ម៉េងដាវិត បន្ថែមថា កម្ពុជា និងសហរដ្ឋអាមេរិកគួរពិភាក្សាពិនិត្យលទ្ធភាពចាប់ផ្ដើមឡើងវិញនូវសមយុទ្ធរួមគ្នា «ឆ្មាំអង្គរ» ដើម្បីអាចឱ្យកងទ័ពកម្ពុជាទទួលបានការពង្រឹងសមត្ថភាព និងបង្កើនចំណេះដឹងយោធា យុទ្ធសាស្ត្រ និងយុទ្ធវិធីថ្មីៗ ពីកងទ័ពសហរដ្ឋអាមេរិក ដើម្បីអាចឱ្យកងទ័ពកម្ពុជាមានសមត្ថភាពខ្ពស់ក្នុងការបំពេញបេសកកម្មថែរក្សាសន្តិសុខ និងស្ថិរភាពប្រទេស ក៏ដូចជាក្នុងសកលក្រោមឆត្រអង្គការសហប្រជាជាតិ។
លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ប្រាប់អ្នកសារព័ត៌មាន នាថ្ងៃទី២៧ ឧសភា ថា លោក Austin នឹងមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជានៅថ្ងៃទី៤ មិថុនា ហើយថាកម្ពុជាកំពុងសម្របសម្រួលរៀបចំឱ្យមានជំនួបរវាង លោក Austin ជាមួយថ្នាក់ដឹកនាំកម្ពុជាតាមសំណើរបស់ភាគីអាមេរិក។
លោកថ្លែងថា៖ «ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា-អាមេរិក បាន និងកំពុងត្រូវបានលើកកម្ពស់នៅក្នុងវិស័យនានាជាច្រើន។ ដំណើរទស្សនកិច្ចរបស់ឯកឧត្ដម រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក នឹងជាឱកាសដ៏ល្អមួយទៀតសម្រាប់ប្រទេសទាំងពីរ ក្នុងការជំរុញបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ»។
លោក ជុំ សុន្ទរី បន្ថែមថា ដំណើរទស្សនកិច្ចនេះនឹងប្រព្រឹត្តទៅ ខណៈកម្ពុជាកំពុងត្រៀមខ្លួនទទួលតួនាទីជាប្រទេសសម្របសម្រួលសម្រាប់ទំនាក់ទំនងកិច្ចសន្ទនាអាស៊ាន-អាមេរិក រយៈពេលបីឆ្នាំ ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៧ ក្នុងពេលឆាប់ៗនេះ។
ទស្សនកិច្ចរបស់លោក Austin មកកាន់កម្ពុជាកើតមានឡើងប្រមាណ១សប្ដាហ៍បន្ទាប់ពីសមយុទ្ធជើងទឹក «នាគមាស ឆ្នាំ២០២៤» រវាងកងទ័ពជើងទឹកកម្ពុជា និងកងទ័ពជើងទឹកចិន រយៈពេល១២ថ្ងៃនៅលើលំហសមុទ្រកម្ពុជាត្រូវបានបិទបញ្ចប់។
លោក រ៉ូ វណ្ណៈ សហស្ថាបនិក វិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជាប្រាប់ភ្នំពេញប៉ុស្តិ៍ថា ដំណើរទស្សនកិច្ចរបស់លោក Austin មកកម្ពុជាអាចស្ថិតក្នុងរបៀបវារៈសន្តិសុខតំបន់របស់សហរដ្ឋអាមេរិក ដោយសារលោកនឹងបានចូលរួមក្នុងវេទិកាកិច្ចសន្ទនាសន្តិសុខដ៏ធំបំផុតប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកដែលធ្វើឡើងនៅប្រទេសសិង្ហបុរី។
លោកថ្លែងថា៖ «ខ្ញុំគិតថា ដំណើរទស្សនកិច្ចនេះបង្ហាញពីការយកចិត្តទុកដាក់កាន់តែខ្លាំងឡើងរបស់អាមេរិកចំពោះសន្តិសុខតំបន់ ជាពិសេស ការកើនឡើងនៃឥទ្ធិពលរបស់ចិននៅក្នុងតំបន់ជារួម និងនៅកម្ពុជាដាច់ដោយឡែក»។
លោក រ៉ូ វណ្ណៈ បន្ថែមថា៖ «សមយុទ្ធយោធានាគមាសរវាងកម្ពុជា និងចិនបានធ្វើឡើងជាប្រចាំ ប៉ុន្តែសមយុទ្ធយោធារវាងកម្ពុជាជាមួយអាមេរិក និងជាមួយប្រទេសប្រជាធិបតេយ្យដទៃទៀត ដូចជាអូស្ត្រាលីមិនត្រូវបានធ្វើ ធ្វើឱ្យអាមេរិកសង្ស័យ និងបារម្ភពីការគំរាមកំហែងចំពោះផលប្រយោជន៍សន្តិសុខ និងយុទ្ធសាស្ត្ររបស់អាមេរិកនៅក្នុងតំបន់»។
ប៉ុន្តែ មន្ត្រីការពារជាតិកម្ពុជាបានអះអាងក្នុងពិធីបិទសមយុទ្ធនេះនាថ្ងៃទី២៧ ឧសភា ថា សមយុទ្ធនេះមិនមែនជាការគំរាមកំហែងដល់ប្រទេសណានោះឡើយ ប៉ុន្តែគឺជាការផ្លាស់ប្ដូរបទពិសោធន៍ពីរគ្នាទៅវិញទៅមកដើម្បីបង្កើនសមត្ថភាពកងទ័ពទាំងពីរឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ជាពិសេស ការប្រយុទ្ធប្រឆាំងភេរវកម្មតាមលំហសមុទ្រ។
លោក ថុង ម៉េងដាវិត លើកឡើងថា ការធ្វើសមយុទ្ធយោធា «នាគមាស» នេះជាមួយនឹងចិនគឺកម្ពុជាមិនសំដៅលើការគំរាមកំហែងដល់ប្រទេសណាមួយឡើយ ហើយកម្ពុជាក៏ស្វាគមន៍ដល់ប្រទេសជាមិត្តរបស់កម្ពុជាដែលមានបំណងចង់ធ្វើសមយុទ្ធជាមួយកម្ពុជា ទោះក្នុងក្របខ័ណ្ឌទ្វេភាគី ឬពហុភាគីក្តី។
លោកថ្លែងថា៖ «កន្លងមក កម្ពុជាក៏ធ្លាប់ធ្វើសមយុទ្ធ ឆ្មាំអង្គរ ជាមួយនឹងសហរដ្ឋអាមេរិកផងដែរ។ ទាំងចិន និងសហរដ្ឋអាមេរិកសុទ្ធសឹងតែជាដៃគូអភិវឌ្ឍន៍ល្អរបស់កម្ពុជា ហើយកម្ពុជាចង់ឃើញមហាអំណាចទាំងពីរចាប់ដៃគ្នាកសាងប្រព័ន្ធអន្តរជាតិមួយដែលមានវិបុលភាព សុខដុមរមនា ការអភិវឌ្ឍ និងប្រកបដោយសន្តិភាព និងស្ថិរភាព»។
សេចក្ដីប្រកាសព័ត៌មានក្រសួងការពារជាតិអាមេរិកបញ្ជាក់នាថ្ងៃទី២៤ ឧសភា ថា ក្នុងអំឡុងពេលទស្សនកិច្ចនេះ លោក Austin គ្រោងជួបជាមួយមន្ត្រីជាន់ខ្ពស់កម្ពុជា បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោកកាលពីឆ្នាំ២០២២ មកកាន់កម្ពុជា ដើម្បីមកចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
មុនធ្វើដំណើរមកកាន់កម្ពុជានៅសប្ដាហ៍ក្រោយនេះ លោក Austin នឹងថ្លែងសុន្ទរកថានៅក្នុងកិច្ចសន្ទនា Shangri-La ក្នុងប្រទេសសិង្ហបុរី ដែលជាកិច្ចប្រជុំកំពូលការពារជាតិដ៏ធំរបស់អាស៊ី ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃ៣១ ឧសភា ដល់ថ្ងៃទី២ មិថុនា។
ក្នុងឱកាសនៃកិច្ចសន្ទនានេះ លោកគ្រោងនឹងជួបជាមួយនាយករដ្ឋមន្ត្រីថ្មីរបស់សិង្ហបុរី និងមន្ត្រីជាន់ខ្ពស់សិង្ហបុរីផ្សេងទៀត និងចូលរួមកិច្ចប្រជុំពហុភាគីជាមួយសមភាគីរបស់លោកមកពីតំបន់អាស៊ីអាគ្នេយ៍ ព្រមទាំងចូលរួមក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីត្រីភាគីជាមួយសមភាគីរបស់លោកមកពីជប៉ុន និងកូរ៉េខាងត្បូង។
លោក Austin ក៏គ្រោងនឹងជួបទ្វេភាគីជាមួយសមភាគីផ្សេងទៀតរបស់លោកមកពីតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងគ្រោងជួបជាមួយរដ្ឋមន្ត្រីក្រសួងការពារប្រទេសចិន លោក Dong Jun មុននឹងជួបជាមួយមន្ត្រីជាន់ខ្ពស់កម្ពុជាអំឡុងពេលទស្សនកិច្ចនៅកម្ពុជា។
សេចក្ដីប្រកាសព័ត៌មានដដែលបញ្ជាក់ថា៖ «ដំណើរទស្សនកិច្ចលើកទី១០របស់លោករដ្ឋមន្ត្រី Austin ទៅកាន់តំបន់ឥណ្ឌូប៉ាស៊ីហ្វិកធ្វើឡើងស្របពេលដែលក្រសួងការពារជាតិសហរដ្ឋអាមេរិកបន្តពង្រឹងទំនាក់ទំនងអាមេរិកជាមួយសម្ព័ន្ធមិត្ត និងដៃគូក្នុងការគាំទ្រដល់ចក្ខុវិស័យរួមក្នុងតំបន់សម្រាប់សន្តិភាព ស្ថិរភាព និងការទប់ស្កាត់»។
លោក Austin គ្រោងនឹងបញ្ចប់ដំណើរទស្សនកិច្ចរបស់លោកនៅប្រទេសបារាំង ដែលលោកនឹងប្រារព្ធខួបលើកទី៨០ នៃទិវាយុទ្ធជន D-Day ដោយចូលរួមក្នុងពិធីរំឭកខួបមួយចំនួន៕