ភ្នំពេញៈ លោក ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា ថ្លែង​ថា អាស៊ាន​រឹង​មាំ​កាន់តែ​ខ្លាំង​ឡើង ដោយ​មិន​បាន​ថយក្រោយ​នោះ​ទេ ទោះបី​អង្គការ​តំបន់​មួយ​នេះ​បាន​ជួប​បញ្ហា​ជា​ច្រើន​ក៏​ដោយ ហើយ​មាន​ប្រទេស​ជា​ច្រើន​ដែល​ចង់​បាន​អាស៊ាន​ធ្វើ​ជា​ដៃគូ។


លោក ថ្លែង​ថា៖ «ក្នុង​រយៈពេល៦០​ឆ្នាំ​មក​នេះ ​អាស៊ាន​បាន​ជួប​បញ្ហា​ជា​ច្រើន ប៉ុន្តែ​អាស៊ាន​មិន​បាន​ថយ​ក្រោយ​នោះ​ទេ គឺ​ឆ្ពោះ​ទៅ​មុខ​ជានិច្ច និង​រឹង​មាំ​កាន់តែ​ខ្លាំង​ឡើង។ ប្រទេស​ជា​ច្រើន​ចង់​បាន​អាស៊ាន​ធ្វើ​ជា​ដៃគូ ​ចង់​ប្រើប្រាស់​វេទិកា​ជា​ទៀងទាត់ ​ដែល​ដឹកនាំ​ដោយ​អាស៊ាន និង​បាន​ទទួលស្គាល់​នូវ​ភាព​ចាំបាច់​នៃ​វេទិកា​អាស៊ាន មជ្ឈ​ភាព​អាស៊ាន និង​អំណាច​កោះ​ប្រជុំ​របស់​អាស៊ាន​ដែល​មាន​ឥទ្ធិពល​ប្រមូល​ផ្តុំ​គ្រប់​តួ​អង្គ​សំខាន់ៗ​នៅ​ក្នុង​ពិភពលោក»។ 

ក្នុង​វេទិកា​ចំណេះដឹង​ពិភពលោក នៅ​ប្រទេស​កូរ៉េ​ខាងត្បូង នា​ថ្ងៃ​ទី​១០ កញ្ញា លោក ហ៊ុន សែន ថ្លែង​ថា កន្លង​មក​នេះ មាន​ប្រទេស៥៤ប្រទេសហើយ ដែល​បាន​ក្លាយ​ទៅ​ជា​ភាគី​សន្ធិសញ្ញា​មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ និង​មាន​ស្ថាន​ទូត​ប្រចាំ​នៅ​តំបន់​អាស៊ាន​រហូត​ដល់​៩៥​ប្រទេស​ផង​ដែរ។


លោក​បន្ត​ថា កម្ពុជា​បាន​សម្លឹង​ឃើញ​អាស៊ាន​ជា​យន្តការ​ពហុភាគី​និយម​កម្រិត​តំបន់ ដែល​ធ្វើការ​ផ្អែកលើ​ការ​ព្រមព្រៀង​គ្នា​ជា​ឯកច្ឆន្ទ ឬ​ហៅថា កុងសង់ស៊ីស មិន​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​ប្រទេស​ផង​គ្នា និង​ជា​ស្ថាប័ន​តំបន់​ដែល​មាន​ដៃគូ​សហប្រតិបត្តិការ។ ចំណុច​ទាំងនេះ គឺ​ជា​ភាព​ទាក់ទាញ​ខ្លាំង​សម្រាប់​នយោបាយ​ការទូត​របស់​កម្ពុជា។ 

លោក ហ៊ុន សែន លើកឡើង​ថា៖ «ផ្ទៃក្នុង​អាស៊ាន​គឺ​អាច​រក្សា​សាមគ្គីភាព​ផ្ទៃក្នុង​បាន​ស្អិតល្មួត ដោយសារ​តែ​គោលការណ៍​សំខាន់​២ គឺ​ការ​សម្រេច​ដោយ​កុងសង់ស៊ីស និង​ការ​មិន​ជ្រៀតជ្រែក​ប្រទេស​ផង​គ្នា។ មួយ​វិញ​ទៀត ប្រទេស​នីមួយៗ​សុទ្ធតែ​មាន​សិទ្ធិ​ស្មើៗគ្នា មិន​ថា​តូច ឬ​ធំ មាន ឬ​ក្រ ហើយ​ទាំងអស់​គ្នា​មាន​លទ្ធភាព​ពេញលេញ​ក្នុង​ការ​ចូលរួម​ក្នុង​ការ​កសាង​សហគមន៍​មួយ ដែល​បម្រើ​ផល​ប្រយោជន៍​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក»។


លោក​បន្ថែម​ថា សម្រាប់​អាស៊ាន សន្តិភាព និង​ស្ថិរភាព​គឺជា​មូលដ្ឋាន​សម្រាប់​អ្វីៗ​ទាំងអស់ និង​គ្រប់​យ៉ាង។

លោក ឯក ប៊ុនលី អ្នក​ស្រាវជ្រាវ​នៃ​មជ្ឈមណ្ឌល​ខ្មែរ​សិក្សា​កិច្ចការ​តំបន់ (CCRS) ថ្លែង​ថា អាស៊ាន​បាន​ធ្វើដំណើរ​យ៉ាង​វែងឆ្ងាយ​ចាប់តាំង​ពី​ការ​បង្កើត​ឡើង​នៅ​ថ្ងៃ​ទី៨ ខែ​សីហា ឆ្នាំ១៩៦៧ ជាមួយ​នឹង​បិតា​ស្ថាបនិក​ទាំង​៥​ប្រទេស។ វា​ជា​ការពិត​ដែល​ថា មាន​ភាព​ចលាចល​ក្នុង​តំបន់ និង​អន្តរជាតិ​ជាច្រើន​ដែល​អាស៊ាន​បាន​ជួបប្រទះ ដូចជា​ការ​ពង្រីក​ឥទ្ធិពល​បក្ស​កុម្មុយនិស្ត​នៅ​អាស៊ីអាគ្នេយ៍​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៧០ ការ​បញ្ចប់​សង្គ្រាម​ត្រជាក់ និង​វិបត្តិ​ហិរញ្ញវត្ថុ​ពិភពលោក​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៩០ ជំងឺ​កូវីដ-១៩ នៅ​ដើម​ឆ្នាំ​២០២០ និង​ភាព​ចលាចល​ជា​ច្រើនៗ​ទៀត។ 

លោក​ពន្យល់​ថា ការ​ចូល​ជា​សមាជិក​អាស៊ាន​របស់​ប្រទេស​ប្រ៊ុយណេ វៀតណាម មីយ៉ាន់ម៉ា ឡាវ និង​កម្ពុជា ក៏​មិនមែន​កើតឡើង​ដោយ​ងាយ​ដែរ ដោយ​អាស៊ាន​ត្រូវ​សម្រប​ខ្លួន និង​សម្របសម្រួល​តាម​ការ​អនុវត្ត​នយោបាយ​របស់​សមាជិក​ទាំង​ថ្មី ទាំង​ចាស់។ នៅ​លើ​ឆាក​អន្តរជាតិ អាស៊ាន​ក៏​បាន​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ដៃគូ​ខាងក្រៅ​ជាច្រើន​ចូល​ទៅ​ក្នុង​ប្លុក ទោះបី​ជា​មាន​ភាព​ខុសគ្នា, ជម្លោះ, ការ​យល់ឃើញ​ពី​ការ​គំរាមកំហែង និង​ផល​ប្រយោជន៍​ជាតិ​ខុសគ្នា​ក៏​ដោយ​ក្តី។ 

លោក​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា៖ «វា​មិនមែន​ជា​កិច្ចការ​ងាយស្រួល​ទេ ហើយ​អាស៊ាន​គួរតែ​ត្រូវ​បាន​កោតសរសើរ និង​ជ្រោមជ្រែង​បន្ថែម​ទៀត​ពី​សមាជិក​ក្នុង​តំបន់​និង​ក្រៅ​តំបន់​ចំពោះ​ការ​បង្កើត​វេទិកា​ប្រជុំ​បែប​នេះ»។

លោក ប៊ុនលី យល់​ឃើញ​ថា ការ​លើកឡើង​របស់​លោក ហ៊ុន សែន ក៏​ជា​សញ្ញា និង​ជា​សារ​មួយ​ផ្ញើ​ទៅ​ដល់​ដៃគូ​ខាងក្រៅ​របស់​អាស៊ាន​ក្នុង​ការ​រក្សា​សន្ទុះ​នៃ​ការ​ពង្រឹង​អាស៊ាន​ក្នុង​នាម​ជា​ស្ថាប័ន​គោល​នៅ​អាស៊ី​បូព៌ា។ ការ​កើន​ឡើង​នៃ​ស្ថាប័ន​ខ្នាត​តូច​នៅ​ក្នុង​តំបន់ ការ​ប្រកួតប្រជែង​រវាង​សហរដ្ឋអាមេរិក និង​ចិន ការ​កើន​ឡើង​នៃ​លទ្ធិ​គាំពារ​និយម និង​វិបត្តិ​មីយ៉ាន់ម៉ា បាន​បន្ត​ធ្វើ​ឱ្យ​ខូច​មុខមាត់​អាស៊ាន​នៅ​លើ​ឆាក​អន្តរជាតិ។ 

លោក​ថ្លែង​ថា៖ «ខ្ញុំ​គិត​ថា ទាំង​ក្នុង​តំបន់ និង​អន្តរជាតិ ចាំបាច់​ត្រូវ​មាន​ការ​យកចិត្តទុកដាក់​ទៅ​លើ​រចនា​សម្ព័ន្ធ​នេះ​ឡើង​វិញ​ពី​របស់​រដ្ឋ​នីមួយៗ ឆ្ពោះ​ទៅ​រក​ការ​ពង្រឹង​ស្ថាប័ន​អាស៊ី​បូព៌ា​ដែល​បាន​បង្កើត​ឡើង​រួច​ហើយ ជា​ជាង​ការ​ព្យាយាម​បង្កើត​ថ្មី»៕