ភ្នំពេញៈ លោក ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា បាន​ស្នើ​ដល់​ប្រធានាធិបតី​កូរ៉េខាងត្បូង លោក យូន សកយ៉ល (Yoon Suk-Yeol) ពិចារណា​ដំឡើង​ទំនាក់ទំនង​កម្ពុជា-កូរ៉េ​ទៅ​ជា «ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ» នៅ​៣​ឆ្នាំ​ខាង​មុខ​ ជា​ពេល​ដែល​ប្រទេស​ទាំងពីរ​ប្រារព្ធ​ខួប​លើក​ទី ​៣០​នៃ​ការ​បង្កើត​ទំនាក់ទំនង​ការទូត។


លោក​ស្នើ​ដូច្នេះ​ក្នុង​ជំនួប​ជាមួយ​លោក យូន សកយ៉ល នាថ្ងៃទី១១ ខែ​កញ្ញា ក្នុង​ឱកាស​លោក​ចូលរួម​ក្នុង​វេទិកា​ចំណេះ​ដឹង​ពិភព​លោក នៅ​ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាងត្បូង។

ហ្វេសប៊ុក​លោក​ប្រធាន​ព្រឹទ្ធសភា បញ្ជាក់​នា​ថ្ងៃ​ដដែល​នេះ​ថា៖ «សម្តេច​តេជោ បាន​លើក​ឡើង​ថា នៅ​៣​ឆ្នាំ​ខាង​មុខ​ គឺ​ជា​ពេល​ដែល​យើង​ទាំងពីរ​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​ទី​ ៣០​នៃ​ការ​បង្កើត​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​យើង​ទាំងពីរ សម្តេច​តេជោ បាន​ស្នើ​ដល់​ឯកឧត្ដម​ប្រធានាធិបតី​ពិចារណា​លើក​កម្ពស់​ទំនាក់​ទំនង​ប្រទេស​យើង​ទាំងពីរ​ឱ្យ​ដល់​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ»។


កម្ពុជា និង​កូរ៉េ​ខាងត្បូង​បាន​​ដំឡើង​ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ​ទៅ​ជា «ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ» កាល​ពី​ខែ​ឧសភា ក្នុង​អំឡុង​ពេល​ដំណើរ​ទស្សនកិច្ច​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅ​ទីក្រុង​សេអ៊ូល។ 

លោក​ ថុង ម៉េងដាវិត អ្នក​ជំនាញ​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ ​និង​ជា​សាស្ត្រាចារ្យ​បង្រៀន​នៅ​វិទ្យាស្ថាន​សិក្សា​អន្តរជាតិ ​និង​គោល​នយោបាយ​សាធារណៈ​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ ថ្លែង​ថា ការ​ដំឡើង​ទំនាក់ទំនង​កម្ពុជា-កូរ៉េ​នេះ គឺ​ជា​សមិទ្ធផល​ឆ្លុះបញ្ចាំង​ពី​ទំនាក់ទំនង​ដ៏​រឹងមាំ និង​ជា​យុទ្ធសាស្ត្រ​នៃ​ប្រទេស​ទាំងពីរ។ កូរ៉េ​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​កសាង និង​អភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ច​កម្ពុជា​តាម​រយៈ​ជំនួយ​ផ្សេងៗ និង​ការ​វិនិយោគ​ពី​ក្រុមហ៊ុន​កូរ៉េ និង​ការ​ផ្តល់​ឱកាស​ការងារ​ដល់​ពលករ​កម្ពុជា​ទៅ​ធ្វើការ​នៅ​កូរ៉េ។ 


លោក​ថ្លែង​ថា៖ «កម្ពុជា​រំពឹង និង​ជឿជាក់​យ៉ាង​មុតមាំ ព្រម​ទាំង​មាន​បំណង​ពង្រីក​លើ​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ ដែល​អាច​ជួយ​បង្កើន​ការ​ធ្វើ​ពាណិជ្ជកម្ម វិនិយោគ ពង្រឹង​ភាព​ជា​ដៃគូ​រវាង​ប្រជាជន និង​ការ​ដោះដូរ​វប្បធម៌ និង​ជំនួយ​អភិវឌ្ឍន៍​សង្គម​ផ្សេងៗ​ទៀត»។ 

លោក​ ថុង ម៉េងដាវិត បន្ត​ថា៖ «[ទាំងនេះ] អាច​ជួយ​ជំរុញ​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ ការ​ធ្វើ​ទំនើប​កម្ម​វិស័យ​អប់រំ និង​ការ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ការ​អភិវឌ្ឍ​បច្ចេកវិទ្យា និង​នវានុវត្តន៍ ក៏ដូចជា​ជំរុញ​សន្ទុះ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​ផង​ដែរ ដើម្បី​ជួយ​លើកកម្ពស់​ផលិតកម្ម កំណើន​សេដ្ឋកិច្ច ការ​អភិវឌ្ឍ​ឧស្សាហកម្ម និង​ការ​អភិវឌ្ឍ​ជំនាញ​ពលកម្ម​របស់​ប្រជាជន​កម្ពុជា»។ 

លោក​ថ្លែងថា ក្រៅ​ពី​នេះ កម្ពុជា​នឹង​ទទួល​បាន​ការ​គាំទ្រ និង​ជំនួយ​យោធា​បន្ថែម​ទៀត​ពី​កូរ៉េ ដែល​អាច​ជួយ​ដល់​ការ​កសាង​សមត្ថភាព​យោធា​ក្នុង​វិស័យ​សន្តិសុខ​សាយប័រ (cyber) និង​ប្រឆាំង​ភេរវកម្ម តាមរយៈ​ការ​ចែករំលែក​បទពិសោធន៍ និង​ឧត្តមានុវត្ត ដែល​កងទ័ព​កូរ៉េ​មាន។ ក្រៅពី​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី កម្ពុជា​និង​កូរ៉េ​ក៏ជា​តួអង្គ​សំខាន់​ក្នុង​ការ​លើកកម្ពស់​វិបុលភាព ការ​អភិវឌ្ឍ សន្តិសុខ និង​ស្ថិរភាព​តំបន់​ផង​ដែរ។

ក្នុង​ជំនួប​ជាមួយ​លោក យូន សកយ៉ល លោក ហ៊ុន សែន បាន​អរគុណ​រដ្ឋាភិបាល​កូរ៉េ ដែល​បាន​ជួយ​កម្ពុជា​នៅ​ក្នុង​ពេល​លំបាក​ដែល​ពិភព​លោក​ប្រឈម​នឹង​ជំងឺ​រាតត្បាត​កូវីដ ១៩ ដោយ​លោក​បញ្ជាក់​ថា ​ប្រទេស​កូរ៉េ​មួយ​គត់​បាន​រក្សា​ជើង​ហោះហើរ​ជាមួយ​កម្ពុជា ​ដែល​ជា​ច្រក​ចេញ​ចូល​តែ​មួយ​គត់​ឱ្យ​កម្ពុជា ខណៈ​ពេល​ដែល​បណ្ដា​ប្រទេស​មួយ​ចំនួន​បាន​បិទ​ច្រក​ចេញ​ចូល និង​បិទ​ជើង​ហោះហើរ​របស់​ខ្លួន​ជាមួយ​កម្ពុជា។

លោក​បាន​ថ្លែង​អំណរគុណ​ដល់​រដ្ឋាភិបាល​កូរ៉េ​ចំពោះ​ជំនួយ​ឧបត្ថម្ភ​ក្នុង​ការ​ជួយ​កសាង​ប្រទេស​និង​អភិវឌ្ឍ​កម្ពុជា​ឡើងវិញ។ លោក​ថា ​ក្នុង​នោះ​ដែរ កូរ៉េ​ក៏​បាន​ជួយ​កសាង​ជួសជុល​ផ្លូវ​ជាតិ​ផ្លូវ​ជាតិ​លេខ​៣ ផ្លូវ​ជាតិ​លេខ៤៨ ផ្លូវជាតិ​លេខ​២១ និង​ផ្លូវជាតិ​លេខ​ផ្សេង​ទៀត។

លោក ហ៊ុន សែន ក៏​បាន​ថ្លែង​អំណរគុណ​ផង​ដែរ​ចំពោះ​ការ​យកចិត្តទុកដាក់​របស់​រដ្ឋាភិបាល​កូរ៉េ​ចំពោះ​ការ​ទទួល​ពលករ​កម្ពុជា​ទៅ​បម្រើ​ការងារ​នៅ​ប្រទេស​កូរ៉េ ដោយ​លោក​បញ្ជាក់​ថា ពួកគេ​នឹង​នាំ​ត្រឡប់​ទៅ​កម្ពុជា​វិញ​នូវ​ចំណេះដឹង​បច្ចេកវិទ្យា ដើម្បី​ជួយ​អភិវឌ្ឍន៍​នៅ​កម្ពុជា។

លោក សង្ឃឹម​ថា លោក យូន សកយ៉ល នឹង​បន្ថែម​កូតា​បន្ថែម​ទៀត សម្រាប់​ពលករ​កម្ពុជា​ទៅ​បំពេញ​ការងារ​នៅ​ប្រទេស​កូរ៉េ៕