ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ​បាន​ថ្លែង​ថា ​ការ​ប្រកាស​បិទ​ការិយាល័យ​ស្ថានទូត​ស៊ុយអែត​នៅ​ភ្នំពេញ​ ដែល​នឹង​មក​ដល់​នៅ​ចុង​ខែ​កញ្ញា​នេះ មិន​គួរ​បាន​បក​ស្រាយ​ដោយ​គោល​បំណង​បម្រើ​ឲ្យ​គោលដៅ​នយោបាយ​ណា​មួយ​ឡើយ។


នៅ​ក្នុង​សេចក្ដី​បំភ្លឺ​ដាច់​ដោយ​ឡែក​ពីរ​ចុះ​ថ្ងៃទី១៦ និង ១៧ ខែ​កញ្ញា​នេះ ក្រសួង​ការបរទេស ថ្លែង​ថា កាល​ពី​ខែ​មីនា ឆ្នាំ​នេះ ក្រសួង​ការបរទេស​ស៊ុយអែត​បាន​ប្រកាស​ពី​ការ​បិទ​ការិយាល័យ​របស់​ខ្លួន​នៅ​ភ្នំពេញ ចាប់​ពី​ថ្ងៃទី​៣០ ខែ​កញ្ញា ឆ្នាំ​២០២៤ នេះ​តទៅ។​ រដ្ឋាភិបាល​ស៊ុយអែត​ធ្វើ​ការ​សម្រេច​ចិត្ត​បែប​នេះ​ក្រោម​ហេតុ​ផល​នៃ​ការ​រៀប​ចំឡើង​វិញ​នៅ​ចំណុច​អាទិភាព ​របស់​ខ្លួន​ ដោយ​ត្រូវ​ផ្តល់​អាទិភាព​លើ​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច សន្តិភាព ​និង​សន្តិសុខ នៅ​តំបន់​ជិត​ខាង​ខ្លួន ដើម្បី​ឆ្លើយ​តប​នឹង​ការប្រែប្រួល​បរិបទ​ពិភពលោក ​បន្ទាប់​ពី​ការ​ផ្ទុះ​សង្គ្រាម​រុស្ស៊ី-អ៊ុយក្រែន។

សេចក្ដី​បំភ្លឺ​បញ្ជាក់​ថា៖ «អ្នក​នាំពាក្យ​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ សូម​ប្រកាស​ទាត់​ចោល​នូវ​រាល់​ការ​ប៉ុន​ប៉ង​ធ្វើ​ការ​បក​ស្រាយ​ករណី​ការ​បិទ​ការិយាល័យ​ស្ថានទូត​ស៊ុយអែត​នៅ​រាជធានី​ភ្នំពេញ ​សម្រាប់​បម្រើ​ឱ្យ​គោល​ដៅ​នយោបាយ»។​


យ៉ាងណា​ក៏​ដោយ អ្នក​ពាក្យ​ក្រសួង​បាន​ថ្លែង​ថា​ ក្នុង​កន្លង​មក​នេះ​  ក៏​មាន​ការ​បើក​បន្ថែម​ការិយាល័យ​នានា​របស់​ស្ថានទូត​មួយ​ចំនួន ដូចជា ការ​បើក​ការិយាល័យ​ពាណិជ្ជកម្ម​របស់​ស្ថានទូត​តួកគី ក្នុង​ខែ​មេសា ឆ្នាំ​២០២៣ ការ​បើក​ការិយាល័យ​ពាណិជ្ជកម្ម និង​វិនិយោគ​របស់​ស្ថានទូត​អូស្ត្រាលី ក្នុង​ខែ មករា ឆ្នាំ​២០២៤ និង​ការ​បើក​ការិយាល័យ​កុងស៊ុល​របស់​កាណាដា​នៅ​ខេត្ត​សៀមរាប​ ក្នុង​ខែ​កុម្ភៈ ឆ្នាំ​២០២៤។

នៅ​ក្នុង​សេចក្ដី​ប្រកាស​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ស្ថានទូត​ស៊ុយអែត បញ្ជាក់​ថា ការ​បិទ​ការិយាល័យ​ស្ថានទូត​នេះ​«ដោយសារ​សេចក្តី​សម្រេច​របស់​រដ្ឋាភិបាល​ស៊ុយអែត​ក្នុង​ការ​បញ្ចប់​ កិច្ច​សហ​ប្រតិបត្តិការ​អភិវឌ្ឍន៍​ទ្វេភាគី​ជាមួយ​ប្រទេស​កម្ពុជា»។


ការិយាល័យ​ស្ថានទូត​ស៊ុយអែត​ប្រកាស​លក់​ឡាន​ម៉ាក  Volvo ដែល​ជា​ផលិតផល​របស់​ស៊ុយអែត កាល​ពី​ខែ​កក្កដា ក្នុង​ដំណើរ​ការ​បិទ​ការិយាល័យ​ស្ថានទូត​របស់​ខ្លួន​នៅ​ភ្នំពេញ។ ស្ថានទូត​ស៊ុយអែត

ស្ថានទូត​បន្ត​ថា​ ចាប់​តាំង​ពី​ថ្ងៃ​ទី ១៦ ខែ​សីហា ការ​គ្រប់​គ្រង​ការ​គាំទ្រ​ដល់​ប្រទេស​កម្ពុជា យោង​ទៅ​តាម​យុទ្ធសាស្ត្រ​តំបន់​សម្រាប់​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍​ជាមួយ​អាស៊ី និង​ប៉ាស៊ីហ្វិក ត្រូវ​បាន​ផ្ទេរ​ទៅ​អង្គការ​សហប្រតិបត្តិការ​អន្តរជាតិ​អភិវឌ្ឍន៍​ស៊ុយអែត (Sida)។

យ៉ាងណា​ក៏ដោយ ការ​ប្រកាស​បិទ​ការិយាល័យ​ស្ថានទូត​របស់​ស៊ុយអែត មិន​មែន​ជា​លើក​ទី​១​នោះ​ទេ ដោយ​កាល​ពី​ឆ្នាំ​២០២០ ​ក្រសួង​ការបរទេស​ស៊ុយអែត ក៏​ធ្លាប់​បាន​ប្រកាស​ពី​ការ​បិទ​នេះ ដែល​ដំបូង​គ្រោង​ធ្វើ​ឡើង​នៅ​ចុង​ឆ្នាំ​២០២១។ ការ​ប្រកាស​នា​ពេល​នោះ ធ្វើ​ឲ្យ​អង្គការ​សង្គម​ស៊ីវិល​ធ្វើ​ការ​ផ្នែក​សិទ្ធិ​មនុស្ស​បង្ហាញ​ក្ដី​កង្វល់ និង​ស្នើ​ឲ្យ​ស៊ុយអែត​ចាត់​តាំង​មន្ត្រី​នយោបាយ ឬ​សិទ្ធិ​មនុស្ស​មក​ធ្វើ​ការ​នៅ​កម្ពុជា។

នៅ​ខែ​មេសា ឆ្នាំ២០២២ ​ស៊ុយអែត បាន​បើក​ជា​ផ្លូវ​ការ​នូវ ស្ថានកុងស៊ុល​របស់​ខ្លួន​នៅ​ភ្នំពេញ ដើម្បី​បន្ត​ដំណើរ​ការ​និង​ផ្តល់​សេវាកម្ម​សម្រាប់​ពលរដ្ឋ​នៅ​កម្ពុជា។

លោក យង់ ពៅ អគ្គលេខាធិការ ​នៃ​រាជបណ្ឌិត្យ​សភាកម្ពុជា ​បាន​និយាយ​ថា វាជា​ការ​សោក​ស្តាយ​ដែល​រដ្ឋាភិបាល​ស៊ុយអែត បាន​ធ្វើ​ការ​សម្រេច​បែប​នេះ ហើយ​លោក​ក៏​សោកស្ដាយ​ផង​ដែរ ដែល​ការ​បិទ​នេះ​ត្រូវ​បាន​បកស្រាយ​ផ្សេងៗ ដោយ​ភ្ជាប់​ជាមួយ​នឹង​ហេតុផល​នយោបាយ ​សិទ្ធិ​មនុស្ស និង​ស្ថានភាព​ប្រជាធិបតេយ្យ។

លោក​ថ្លែង​ថា៖ «ខ្ញុំ​គិត​ថា​ ការ​បិទ​នេះ​ដោយសារ​ការ​សម្រេច​ចិត្ត​ផ្ទៃ​ក្នុង​របស់​រដ្ឋាភិបាល​ស៊ុយអែត ដែល​ផ្អែក​លើ​កម្រិត​នៃ​កិច្ច​សហប្រតិបត្តិការ​រវាង​រដ្ឋាភិបាល​ស៊ុយអែត និង​រាជរដ្ឋាភិបាល​កម្ពុជា និង​ហេតុផល​ដូចជា​វិបត្តិ​ពិភពលោក​ផង​ដែរ»៕