ភ្នំពេញៈ អ្នកវិភាគ​លើកឡើង​ថា ដំណើរ​ទស្សនកិច្ច​របស់​លោក​ Prabowo Subianto រដ្ឋមន្ត្រី​ការពារជាតិ និង​ជា​ប្រធានាធិបតី​ជាប់ឆ្នោត​ឥណ្ឌូណេស៊ី​នៅ​កម្ពុជា​ថ្មីៗ​នេះ នឹង​ផ្តល់​លទ្ធផល​វិជ្ជមាន​ដែល​នឹង​បន្ត​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំងពីរ ហើយ​វា​ក៏​អាច​បើក​ឱកាស​សម្រាប់​កិច្ច​សហប្រតិបត្តិការ​កាន់តែ​ស៊ីជម្រៅ​លើ​វិស័យ​ផ្សេងៗ​ផង​ដែរ។


កាលពីថ្ងៃទី៦ ខែ​កញ្ញា លោក​ Subianto បាន​មក​បំពេញ​ទស្សនកិច្ច​ការងារ​នៅ​កម្ពុជា ហើយ​បាន​ជួប​ជាមួយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ណែត និង​លោក ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និង​ជា​ប្រមុខ​រដ្ឋ​ស្តីទី នៅ​រាជធានី​ភ្នំពេញ។

លោក ឯក ប៊ុនលី អ្នក​ស្រាវជ្រាវ​នៃ​មជ្ឈមណ្ឌល​ខ្មែរ​សិក្សា​កិច្ចការ​តំបន់ (CCRS) ថ្លែង​ថា៖ «ខ្ញុំ​មាន​ទំនុក​ចិត្ត​ថា ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​ជាប់ឆ្នោត​នៅ​កម្ពុជា​នឹង​ផ្តល់​លទ្ធផល​វិជ្ជមាន ដែល​នឹង​បន្ត​ទំនាក់ទំនង​ការទូត​ដែល​មាន​តាំង​ពី​ទសវត្សរ៍​ឆ្នាំ​១៩៥០។ ភាព​ជា​ដៃគូ​កាន់តែ​ស៊ីជម្រៅ​រវាង​កម្ពុជា និង​ឥណ្ឌូណេស៊ី ដែល​មាន​មូលដ្ឋាន​ក្នុង​ប្រវត្តិសាស្ត្រ​រួម និង​ផល​ប្រយោជន៍​ទៅវិញ​ទៅមក​ទំនង​ជា​នឹង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​បន្ថែម​ទៀត​នៅ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ»។


លោក​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ចាប់​តាំង​ពី​ការ​ទទួល​ជ័យជម្នះ​ក្នុង​ការ​បោះឆ្នោត ប្រធានាធិបតី​ជាប់ឆ្នោត លោក Subianto បាន និង​កំពុង​បង្ហាញ​សញ្ញា​អំពី​វិធីសាស្ត្រ​របស់​លោក​លើ​គោលនយោបាយ​ការបរទេស​របស់​ឥណ្ឌូណេស៊ី ដែល​សង្កត់ធ្ងន់​លើ «ការ​បង្កើន​ទំនាក់ទំនង» ជាមួយ​មេដឹកនាំ​អន្តរជាតិ។ នេះ​រួមបញ្ចូល​ទាំង​ការ​ទាក់ទង​នា​ពេល​ថ្មីៗ​នេះ​ជាមួយ​មន្ត្រី​មក​ពី​ប្រទេស​មួយ​ចំនួន​ដូចជា ចិន ជប៉ុន ម៉ាឡេស៊ី បារាំង ស៊ែប៊ី ទួរគី រុស្ស៊ី និង​ដំណើរ​ទស្សនកិច្ច​នេះ​មក​កាន់​កម្ពុជា ដែល​មិនមែន​ជា​ដំណើរ​ទស្សនកិច្ច​លើកដំបូង​របស់​លោក​នោះ​ទេ។ 

លោក ឯក ប៊ុនលី ថ្លែង​ថា ក្នុង​នាម​ជា​រដ្ឋមន្ត្រី​ការពារ​​ជាតិ​ឥណ្ឌូណេស៊ី និង​ជា​ប្រធានាធិបតី​ជាប់ឆ្នោត ការ​ពេញចិត្ត​របស់​លោក Prabowo សម្រាប់​ទំនាក់ទំនង​ការទូត​ដោយ​ផ្ទាល់​តាម​រយៈ​កិច្ចប្រជុំ​ផ្ទាល់​ជា​ជាង​ការ​ឆ្លើយឆ្លង​គ្នា ឆ្លុះ​បញ្ចាំង​ពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​លោក​ក្នុង​ការ​ជំរុញ​ទំនាក់ទំនង​ទ្វេភាគី។ វិធីសាស្ត្រ​នេះ​សមស្រប​នឹង​ជំហរ​បើកចំហ​របស់​កម្ពុជា​ចំពោះ​ប្រទេស​ដែល​ស្វែងរក​កិច្ច​សហប្រតិបត្តិការ​កាន់តែ​ជិតស្និទ្ធ​ជាមួយ​កម្ពុជា។


យោង​តាម​បណ្ដាញ​សង្គម​លោក​នាយករដ្ឋមន្ត្រី​កាល​ពី​ថ្ងៃទី៦ កញ្ញា បាន​ឱ្យ​ដឹង​ថា លោក Subianto បាន​លើកឡើង​ពី​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ «​ដ៏​ល្អ​ប្រសើរ» រវាង​ប្រទេស​ទាំងពីរ ព្រមទាំង​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​បន្ត​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​ឥណ្ឌូណេស៊ី-កម្ពុជា​ឱ្យ​កាន់តែ​ជិតស្និទ្ធ និង​រឹងមាំ​ថែម​ទៀត។ 

បណ្តាញ​សង្គម​ដដែល​បញ្ជាក់​ថា៖ «សម្ដេច​ធិបតី​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង​ដ៏​យូរលង់ និង​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ​ប្រសើរ​រវាង​កម្ពុជា និង​ឥណ្ឌូណេស៊ី និង​បាន​គូស​បញ្ជាក់​ថា ដំណើរ​ទស្សនកិច្ច​របស់​ឯកឧត្ដម​រដ្ឋមន្ត្រី​ការពារ​ជាតិ​ និង​ជា​ប្រធានាធិបតី​ជាប់ឆ្នោត​ នា​ពេល​នេះ នឹង​ចូលរួម​ពូន​ជ្រំ​ទំនាក់ទំនង​ និង​កិច្ច​សហប្រតិបត្តិការ​កម្ពុជា-ឥណ្ឌូណេស៊ី​ថែម​ទៀត ស្រប​ពេល​ប្រទេស​ទាំងពីរ​ប្រារព្ធ​ខួប​លើក​ទី​៦៥ នៃ​ការ​បង្កើត​ទំនាក់​ទំនង​ការទូត​ក្នុង​ឆ្នាំ​នេះ»។ 

លោក ហ៊ុន ម៉ាណែត បញ្ជាក់​ពី​ការ​ប្ដេជ្ញា​ចិត្ត​ក្នុង​ត្រៀម​ធ្វើការ​ជាមួយ Subianto ដើម្បី​បន្ត​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​ថែមទៀត។ 

ប្រភព​ដដែល​បន្ត​ថា មេដឹកនាំ​ទាំងពីរ​ក៏​បាន​ពិភាក្សា​អំពី​ការ​ពង្រឹង​ និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​លើ​វិស័យ​សក្ដានុពល​មួយ​ចំនួន​ រួមមាន វិស័យ​សេដ្ឋកិច្ច​ ពាណិជ្ជកម្ម​ ការពារ​ជាតិ​និង​សន្តិសុខ កសិកម្ម​ និង​ទេសចរណ៍ រួម​ទាំង​ការ​ពិចារណា​លើ​លទ្ធភាព​ក្នុង​ការ​បង្កើន​ជើង​ហោះហើរ​ត្រង់​រវាង​ប្រទេស​ទាំងពីរ​បន្ថែម​ទៀត។ 

លោក រ៉ូ វណ្ណៈ សហ​ស្ថាបនិក វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ដំណើរ​ទស្សនកិច្ច​នេះ​បាន​គូស​បញ្ជាក់​ពី​ការ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​ពង្រឹង​ទំនាក់ទំនង​កម្ពុជា-ឥណ្ឌូណេស៊ី ជំរុញ​ទំនាក់ទំនង​កាន់តែ​ជិតស្និទ្ធ​រវាង​ប្រជាជាតិ​ទាំងពីរ។ 

លោក​ថ្លែង​ថា៖ «វា​ក៏​អាច​បើក​ឱកាស​សម្រាប់​កិច្ច​សហប្រតិបត្តិការ​កាន់តែ​ស៊ីជម្រៅ​លើ​វិស័យ​ផ្សេងៗ​រួមមាន​សេដ្ឋកិច្ច ពាណិជ្ជកម្ម ការពារ​ជាតិ សន្តិសុខ កសិកម្ម និង​ទេសចរណ៍»។

ចំណែក លោក ឯក ប៊ុនលី យល់​ឃើញ​ថា ចក្ខុវិស័យ​របស់​លោក Prabowo ក្នុង​ការ​ក្លាយ​ជា «អ្នក​ជិត​ខាង​ល្អ» ដែល​លោក​បាន​បង្ហាញ​ឱ្យ​ឃើញ​ក្នុង​អំឡុង​ពេល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​លោក ឥឡូវ​នេះ​កំពុង​លេច​ជា​រូបរាង​ហើយ។ ក្នុង​នាម​ជា​ប្រមុខ​ការពារ​ជាតិ​ឥណ្ឌូណេស៊ី ទំនង​ជា​លោក Prabowo ក៏​នឹង​ផ្តោត​លើ​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ការពារ​ជាតិ​រវាង​ឥណ្ឌូណេស៊ី និង​កម្ពុជា​ផង​ដែរ។ 

លោក​បន្ថែម​ថា៖ «ឧទាហរណ៍ ជំនួយ​យោធា​របស់​ឥណ្ឌូណេស៊ី​ចំនួន​៥​ម៉ឺន​ដុល្លារ​ដល់​កម្ពុជា​កាល​ពី​ចុង​ខែ​សីហា ឆ្នាំ២០២៤ បង្ហាញ​ពី​ការ​រីក​លូតលាស់​នៃ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​ដែល​គ្របដណ្ដប់​ទាំង​ផ្នែក​ការទូត និង​វិស័យ​ការពារ​ជាតិ​របស់​ប្រទេស​ទាំងពីរ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ អ្នកវិភាគ​មួយ​ចំនួន​បាន​លើកឡើង​ពី​ការ​ព្រួយបារម្ភ​អំពី​កង្វះ​ចំណាប់អារម្មណ៍​របស់​លោក Prabowo ចំពោះ​អាស៊ាន។ ដោយសារ​តួនាទី​របស់​ឥណ្ឌូណេស៊ី​ជា​អ្នក​ដឹកនាំ​ជាក់ស្ដែង​នៅ​ក្នុង​ស្ថាប័ន នេះ​អាច​បង្ក​បញ្ហា​ប្រឈម​សម្រាប់​ភាព​ស្អិត​រមួត​របស់​អាស៊ាន»។ 

លោក​ ប៊ុនលី បន្ថែម​ថា ក្នុង​បរិបទ​នេះ កម្ពុជា​អាច​ទាញ​អត្ថប្រយោជន៍​ដោយ​សង្កត់ធ្ងន់​លើ​សារៈសំខាន់​នៃ​មជ្ឈិម​តំបន់ និង​អំណាច​ប្រជុំ​របស់​អាស៊ាន ដែល​មាន​សារៈសំខាន់​ក្នុង​ការ​រក្សា​ភាព​ពាក់ព័ន្ធ​របស់​អង្គការ​តំបន់​មួយ​នេះ​ក្នុង​​រយៈពេល​ច្រើន​ឆ្នាំ​កន្លង​មក​នេះ។

លោក​ថា ការ​ពង្រឹង​តួនាទី​របស់​អាស៊ាន​ក៏​អាច​ជួយ​កាត់បន្ថយ​ការ​រសាត់អណ្ដែត​ដែល​មាន​សក្ដានុពល​នៅ​ក្នុង​ការ​ដឹកនាំ​ក្នុង​តំបន់​របស់​ប្រទេស​ឥណ្ឌូណេស៊ី​ទៅ​ថ្ងៃ​មុខ​ផង​ដែរ។

ទស្សនកិច្ច​របស់​លោក Subianto ធ្វើឡើង​ប្រមាណ​ជាង​២​សប្តាហ៍ បន្ទាប់​ពី​ទស្សនកិច្ច​របស់​លោកស្រី Retno Marsudi ​រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌូណេស៊ី​មក​កាន់​រាជធានី​ភ្នំពេញ​កាល​ពី​ខែ​សីហា។ លោកស្រី​ក៏​បាន​ធ្វើ​ជា​សហ​ប្រធាន​នៃ​កិច្ចប្រជុំ​លើកទី៥​នៃ​គណៈកម្មការ​ចម្រុះ​កម្ពុជា-ឥណ្ឌូណេស៊ី​សម្រាប់​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី (JCBC) ជាមួយ​សមភាគី​កម្ពុជា​របស់​លោកស្រី​គឺ​លោក សុខ ចិន្តាសោភា។

ក្នុង​រយៈ​ពេល​​ ៧​ខែ​ដំបូង​ក្នុង​ឆ្នាំ​២០២៤ ​ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​ឥណ្ឌូណេស៊ី ​មាន​ជាង​៦៦៤លាន​ដុល្លារ ធ្លាក់​ចុះ​១​ភាគរយ។ ក្នុង​នោះ​ ការ​នាំចេញ​មាន​ជាង​៦២លាន​ដុល្លារ កើន​១៥៥​ភាគរយ ខណៈ​ការ​នាំចូល​ពី​ឥណ្ឌូណេស៊ី​មាន​ជាង​៦០១​លាន​ដុល្លារ ធ្លាក់ចុះ៦.៩​ភាគរយ បើ​ធៀប​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០២៣។ នេះ​បើ​យោង​តាម​របាយការណ៍​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា៕