ច្បាប់​ថ្មី​ស្ដីពី​ការ​ប្រឆាំង​ការ​មិន​ទទួល​ស្គាល់​ឧក្រិដ្ឋកម្ម​ដែល​ប្រព្រឹត្ត​ឡើង​ក្នុង​រយៈ​កាល​នៃ​កម្ពុជា ប្រជាធិបតេយ្យ​បាន​ដំឡើង​កម្រិត​ផ្ដន្ទាទោស​ពី​ចន្លោះ​៦​ខែ​ទៅ​ពី​២ ទៅ​ចន្លោះ​ពី​១​ឆ្នាំ​ទៅ​៥​ឆ្នាំ និង​ដំឡើង​កម្រិត​នៃ​ការ​ផាក​ពិន័យ​ផង​ដែរ។

ច្បាប់​នេះ​ត្រូវ​រដ្ឋសភា​អនុម័ត​កាល​ពី​ព្រឹក​ថ្ងៃ​ទិ១៨ ខែកុម្ភៈ​នេះ ដោយ​សំឡេង​១១៥​សំឡេង​នៃ​សមាជិក​សភា​ទាំង​មូល។

ច្បាប់​ស្ដី​ពី​ការ​ប្រឆាំង​ការ​មិន​ទទួល​ស្គាល់​ឧក្រិដ្ឋកម្ម​ដែល​ប្រព្រឹត្ត​ឡើង​ក្នុង​រយៈ​កាល​​នៃ​របប​ខ្មែរ​ក្រហម ត្រូវ​បាន​រៀបចំ​ឡើង​ ក្នុង​គោល​បំណង​កំណត់​អំពី​ការ​ផ្ដន្ទាទោស​ចំពោះ​បុគ្គល​ទាំង​ឡាយ​ដែល​មិន​ទទួល​ស្គាល់ ​ឬ​សម្រាល​ ឬ​បដិសេធ ​ឬ​ជំទាស់​អត្ថិភាព​នៃ​ឧក្រិដ្ឋកម្ម ឬ​លើក​តម្កើង​ឧក្រិដ្ឋកម្ម ដែល​ប្រព្រឹត្ត​ឡើង​ក្នុង​រយៈ​កាល​នៃ​កម្ពុជា​ប្រជាធិបតេយ្យ។


អត្ថិភាព​នៃ​ឧក្រិដ្ឋកម្ម​ទាំង​នេះ ​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​សេចក្តី​សម្រេច​ស្ថាពរ ឬ នៅ​ក្នុង​កិច្ច​ដំណើរការ​នីតិវិធី​របស់​អង្គជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ដែល​កាត់​សេចក្តី​ឧក្រិដ្ឋកម្ម​ដែល​ប្រព្រឹត្ត​ឡើង​ក្នុង​រយៈ​កាល​នៃ​កម្ពុជា​ប្រជាធិបតេយ្យ​ ក្នុង​គោល​បំណង​ផ្តល់​យុត្តិធម៌​ដល់​ជន​រងគ្រោះ និង​ទប់ស្កាត់​កុំ​ឱ្យ​ឧក្រិដ្ឋកម្ម​ទាំង​នេះ​វិល​ត្រឡប់​មក​វិញ​នៅ​កម្ពុជា។

កាល​ពី​ឆ្នាំ​២០១៣ កម្ពុជា​បាន​អនុម័ត​ច្បាប់​នេះ​ម្ដង​ហើយ ដោយ​​កំណត់​ផ្ដន្ទាទោស​អ្នក​មិន​ទទួល​ស្គាល់​ឧក្រិដ្ឋកម្ម​នៅ​សម័យ​ខ្មែរ​ក្រហម​​ដាក់​ពន្ធនាគារ​ពី​ ៦ខែ ទៅ​២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ពី​១​លាន​រៀល ទៅ​៤​លាន​រៀល។


ប៉ុន្តែ ច្បាប់​ថ្មី​ដែល​រដ្ឋសភា​អនុម័ត​បាន​ដំឡើង​ការ​ផ្ដន្ទា​ទោស​​ចំពោះ​អ្នក​ល្មើស​ពី​ចន្លោះ​៦​ខែ​ទៅ​ពី​២ ទៅ​ចន្លោះ​ពី​ ១​ឆ្នាំ​ទៅ ​៥​ឆ្នាំ និង​ដំឡើង​ការ​ពិន័យ​ជា​ប្រាក់​ពី​ចន្លោះ ១​លាន​ទៅ​៤​លាន​រៀល ទៅ​ចន្លោះ​ពី​ ១០លាន ទៅ ៥០​លាន​រៀល។

ស្រប​ពេល​ជាមួយ​គ្នា​នេះ ក្រសួង​យុត្តិធម៌​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ទៅ​លើ​ការ​លើក​ឡើង​របស់​លោក David Hutt ដែល​ជា​អ្នក​សរសេរ​កាសែត​បរទេស ដែល​បាន​លើក​ឡើង​ថា​ច្បាប់​នេះ​រឹតត្បិត​សេរីភាព​បញ្ចេញ​មតិ។ ក្រសួង​បញ្ជាក់​ថា ការ​មិន​ទទួល​ស្គាល់​ឧក្រិដ្ឋកម្ម​ក្នុង​សម័យ​ខ្មែរ​ក្រហម​ ដែល​តុលាការ​បាន​កាត់​ទោស​រួច​ហើយ មិន​មែន​ជា​សិទ្ធិ​បញ្ចេញ​មតិ​ទេ ហើយ​ស្មើ​នឹង​ការ​មិន​គោរព​សេចក្ដី​សម្រេច​របស់​តុលាការ​កាត់ទោស​មេដឹកនាំ​ខ្មែរ​ក្រហម (អ.វ.ត.ក.)។​

ក្រសួង​យុត្តិធម៌​ថ្លែង​ថា អ្នក​រិះ​គន់​ច្បាប់​នេះ «គួរ​តែ​ទៅ​សិក្សា​លម្អិត​បន្ថែម​អំពី​ច្បាប់​ស្រដៀង​គ្នា​នេះ​ ដែល​មាន​នៅ​តាម​បណ្តា​ប្រទេស​ជាច្រើន​ផ្សេង​ទៀត។ ជាក់​ស្តែង​ ប្រទេស​យ៉ាង​តិច ​ចំនួន ១៧ នៅ​អឺរ៉ុប ដែល​ធ្លាប់​បាន​ឆ្លង​កាត់​នូវសោកនាដកម្ម​នៃ​ការ​សម្លាប់​រង្គាល នៅ​ក្នុង​អំឡុង​សង្គ្រាម​លោក​លើកទី ២ ក៏​បាន​បង្កើត​ច្បាប់​ដាក់​ទោស​អ្នក​មិន​ទទួលស្គាល់​ឧក្រិដ្ឋកម្មប្រល័យ​ពូជសាសន៍ ឬ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ ​ស្រដៀង​គ្នា​នឹង​កម្ពុជា​ដែរ ដោយ​ក្នុង​ចំណោម​នោះ ច្បាប់​របស់​ប្រទេស​ខ្លះ​កំណត់​ផ្ដន្ទាទោស​អ្នក​មិន​ទទួល​ស្គាល់​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍ ដាក់​ពន្ធនាគារ​រហូតដល់​ទៅ ១០ឆ្នាំ​ឯណោះ»។

ក្រសួង​បន្ត​ថា៖ «រីឯ​បុគ្គលណា​ដែល​មិន​ទទួលស្គាល់​ ឬ​ដែល​លើកតម្កើង​ឧក្រិដ្ឋកម្ម​ដែល​ត្រូវ​បាន​ប្រព្រឹត្ត​ឡើង​ក្នុងរបបកម្ពុជា​ប្រជាធិបតេយ្យ គឺ មាន​ន័យ​ស្មើនឹងបុគ្គល​នោះ​គាំទ្រ​ឱ្យមាន​ការវិលត្រឡប់​មកវិញ​នូវ​របប​ប្រល័យ​ពូជសាសន៍ ក៏ដូចជា​ចង់​ឱ្យ​ឧក្រិដ្ឋកម្ម នៃ​ការ​សម្លាប់​រង្គាល​ដ៏​ឃោរឃៅ​ព្រៃផ្សៃ​កើត​មាន​ឡើង​សាជាថ្មី​នៅ​លើ​ទឹកដី​កម្ពុជា»។

ការ​បង្កើត​ច្បាប់​នេះ​គឺ​​ជា​ការបង្ហាញឱ្យឃើញកាន់តែច្បាស់​ថែមទៀត​អំពីការ​ប្តេជ្ញាចិត្ត ដ៏​ម៉ឺងម៉ាត់​របស់​កម្ពុជា​ ទាំង​លើទិដ្ឋភាព​នយោបាយ ទិដ្ឋភាព​ច្បាប់ និង​ទិដ្ឋភាព​សង្គម ក្នុង​ការ​ប្រឆាំង និង ទប់​ស្កាត់ឱ្យ​បានជា​ដាច់ខាត ​កុំ​ឱ្យ​ឧក្រិដ្ឋកម្ម​សម្លាប់​រង្គាល​ដ៏​ឃោរឃៅ​ព្រៃផ្សៃនៅ​ក្នុងរបប​កម្ពុជា​ប្រជាធិបតេយ្យ កើតមាន​សាជាថ្មី​ឡើងវិញ​នៅ​លើ​ទឹកដី​កម្ពុជា និង​ដើម្បី​ការពារ​សិទ្ធិ​រស់រាន​មាន​ជីវិត​របស់​ប្រជាពលរដ្ឋ៕