ភ្នំពេញ៖ កម្មវិធីសិក្សាសហគ្រិនភាព SmartStart Unipreneur Learning Platform (ULP) National Student Hackathon ឆ្នាំ២០២៤ ជាវេទិការបស់សិស្ស-និស្សិតបង្ហាញស្នាដៃទេពកោសល្យច្នៃប្រឌិតចំពោះវិស័យសហគ្រាសមកពីទូទាំងប្រទេស។
កម្មវិធីឆ្នាំនេះ ដែលត្រូវបានរៀបចំឡើងចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៨ ខែកញ្ញា បានរកឃើញក្រុមជយលាភីក្នុងចំណោមក្រុមបេក្ខភាពទាំង ១៦ ក្រុម។
ជយលាភីក្នុងប្រភេទលេចធ្លោចំនួនប្រាំ បានបង្ហាញនូវដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតជាច្រើន ដោយដោះស្រាយបញ្ហាសំខាន់ៗ ដូចជា ទេសចរណ៍ប្រកបដោយនិរន្តរភាព សុខភាពផ្លូវចិត្ត ការលើកកម្ពស់សិប្បកម្ម ការផ្តល់សិទ្ធិអំណាចដល់យុវជន និងកសិកម្មសរីរាង្គ។
Jurnivers ជាក្រុមតំណាងសាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រកម្ពុជា បានឈ្នះជ័យលាភី Overall Excellence។ ដំណោះស្រាយរបស់ពួកគេ៖ មជ្ឈមណ្ឌលនវានុវត្តន៍ដែលត្រូវបានរចនាឡើងដើម្បីផ្តល់ជូននូវបទពិសោធន៍ពិតៗ សម្រាប់អ្នកទេសចរដែលមកកម្សាន្តនៅកម្ពុជា។
កញ្ញាសុខ ស្រីល័ក្ខស្មី ពីក្រុម Jurnivers ជាក្រុមតំណាងសាលា CamTech University បាននិយាយដោយរីករាយថា៖ «ពួកយើងមានមោទនភាព និងសូមអរគុណយ៉ាងជ្រាលជ្រៅដែលត្រូវបានជ្រើសរើសជា ក្រុមឆ្នើមជយលាភី Overall Excellence ព្រោះលទ្ធផលនេះបានឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងរបស់ពួកយើងក្នុងរយៈពេលប្រាំថ្ងៃកន្លងមក»។
កញ្ញានិយាយថា កម្មវិធី SmartStart ULP បានជួយបង្ហាញផ្លូវពួកគេទៅកាន់ពិភពសហគ្រិនវ័យក្មេង ក្នុងការបង្កើនទំនុកចិត្ត បណ្តុះបណ្តាលជំនាញ ដើម្បីធ្វើឱ្យគម្រោងរបស់ពួកគេដំណើរការទៅមុខ។
កញ្ញា ស្រីល័ក្ខស្មី បានបន្ដថា៖ «ជាចុងក្រោយ ខ្ញុំលើកទឹកចិត្តដល់នវានុវត្តជនជំនាន់ក្រោម សូមស្រលាញ់បញ្ហាឱ្យច្រើនជាជាងដំណោះស្រាយ»។
ក្រុមជយលាភីចំនួនបួនផ្សេងទៀត ទទួលបានរង្វាន់ជាសាច់ប្រាក់ចំនួន ២៥០ ដុល្លារក្នុងមួយក្រុម។ ប្រាក់រង្វាន់នេះ នឹងជួយក្រុមជ័យលាភីក្នុងការកែលម្អគំរូអាជីវកម្មរបស់ពួកគេ ឱ្យលេចចេញជាដំណោះស្រាយកាន់តែប្រសើរបន្ថែមទៀត។
ក្រុម Loung Chet ពីសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ (សៀមរាប) ឈ្នះលើប្រភេទ Best Performing Team។ ពួកគេបង្កើតកម្មវិធីសម្រាប់សុខភាពផ្លូវចិត្តដំបូងបំផុតរបស់កម្ពុជា សម្រាប់ចែករំលែក និងបង្កើតជាសមាគមន៍មួយដែលមានការគាំទ្រសុខភាពផ្លូវចិត្ត។
ឈ្នះលើប្រភេទ Best Innovation and Creativity ក្រុម Linkifiq ពីបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) ដែលកម្មវិធីជួយស្វែងរកទីផ្សារឱ្យសិប្បករ និងផ្ដល់នូវមធ្យោបាយផ្សព្វផ្សាយដែលចំណាយតិច។
ក្រុម Youth Connect ពីសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា ឈ្នះជ័យលាភីលើប្រភេទ Best Social Impact Idea។ មជ្ឈមណ្ឌលស្វែងរកការងារ ដែលផ្ដោតលើការលើកកម្ពស់យុវជនដែលងាយរងគ្រោះនៅខេត្តសៀមរាបរបស់ពួកគេ ត្រូវបានបង្កើតឡើងសម្រាប់ផ្ដល់ការអប់រំ និងបំណិនចាំបាច់។
ក្រុម Khmer Rice ពី សាកលវិទ្យាល័យបៀលប្រាយខេត្តសៀមរាបឈ្នះលើប្រភេទ Best Prototype។ សហគ្រាសរបស់ពួកគេ ផ្ដោតសំខាន់លើការកែច្នៃអង្ករសរីរាង្គខ្មែរ ដែលបញ្ចូលជាមួយឱសថបុរាណក្នុងស្រុក ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពរបស់ប្រជាជនកម្ពុជា។
លោក Ziad Shatara នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Smart Axiata កម្មវិធី SmartStart Unipreneur Learning Platform (ULP) បានថ្លែងថា៖ «យើងតែងខិតខំផ្តល់ឱកាសដល់សហគ្រិនជំនាន់ក្រោយរបស់កម្ពុជាជានិច្ច ហើយការគាំទ្ររបស់យើងសម្រាប់កម្មវិធី (ULP) នេះដែលឆ្លុះបញ្ចាំងពីការប្ដេជ្ញាយ៉ាងមុតមាំក្នុងការជំរុញសហគ្រិនភាពក្នុងស្រុកឱ្យកាន់តែមានភាពរស់រវើក តាមរយៈការផ្តល់ចំណេះដឹង ជំនាញ និងធនធានដែលប្រជាជនកម្ពុជាត្រូវការដើម្បីសម្រេចបាននូវភាពជោគជ័យ»។
លោកបានបន្ដថា៖ «តាមរយៈកម្មវិធី SmartStart ULP ពួកយើងកំពុងវិនិយោគលើអនាគតរបស់សហគ្រិនកម្ពុជា ស្របនឹងចក្ខុវិស័យរបស់យើងក្នុងការជំរុញសេដ្ឋកិច្ចឌីជីថល និងលើកកម្ពស់សេដ្ឋកិច្ចជាតិ»។
ចាប់តាំងពីឆ្នាំ២០១៩ មក SmartStart ULP បានចូលរួមលើកកម្ពស់សហគ្រិនភាពសម្រាប់យុវជនកម្ពុជា ដែលបានផ្ដល់ផលដល់និស្សិតជាង ២៧៥០ នាក់នៅសាកលវិទ្យាល័យក្នុងខេត្តក្រុងនានាក្នុងប្រទេសកម្ពុជា។
កម្មវិធីដែលរួមបញ្ចូលការរៀនក្នុងថ្នាក់ជាមួយនឹងបទពិសោធន៍ជាក់ស្តែង ត្រូវបានរៀបចំឡើងដើម្បីបណ្ដុះសហគ្រិន និងផ្តល់ឱ្យសិស្សនូវឧបករណ៍ដែលចាំបាច់សម្រាប់ការសិក្សា។ កម្មវិធី Hackathon គឺជាលទ្ធផលនៃការខិតខំប្រឹងប្រែងជាច្រើនខែ ការណែនាំ និងការរៀនសូត្ររបស់សិស្ស។
លោក ទិត្យ ឈឹមអមតៈ ប្រធានគ្រប់គ្រងគម្រោង និងគ្រូបង្គោល នៃកម្មវិធី SmartStart ULP នៃអ៊ីមផេកហាប់ភ្នំពេញ បាននិយាយថា៖ «រយៈពេលជិតប្រាំឆ្នាំហើយចាប់តាំងពីកម្មវិធីសិក្សាសហគ្រិនភាព ULP បានអនុវត្តដំបូង នៅសាកលវិទ្យាល័យ។ នេះបានបង្ហាញថា វាហាក់ដូចជាហ្គេមផ្លាស់ប្តូរមួយ ដែលជួយតម្រង់ទិសឱ្យនិស្សិតសាកលវិទ្យាល័យនូវជំនាញជាក់ស្តែង និងបណ្តុះផ្តត់គំនិតសហគ្រិនដើម្បីភាពរីកចម្រើនក្នុងយុគសម័យឌីជីថលនាពេលខាងមុន»។
SmartStart ULP កំពុងត្រូវបានអនុវត្តរួមគ្នាជាមួយសាកលវិទ្យាល័យចំនួន១៦ ដែលរួមមាន៖ បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា សាកលវិទ្យាល័យពុទ្ធិសាស្ត្រ សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច សាកលវិទ្យាល័យបៀលប្រាយរាជធានីភ្នំពេញ សាកលវិទ្យាល័យបៀលប្រាយខេត្តសៀមរាប សាកលវិទ្យាល័យភូមិន្ទកសិកម្ម សាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា សាខាបាត់ដំបង សាកលវិទ្យាល័យភូមិន្ទកសិកម្ម សាកលវិទ្យាល័យស្វាយរៀង សាកលវិទ្យាល័យខេមតិច សាកលវិទ្យាល័យពាណិជ្ជសាស្ត្រ អេស៊ីលីដា សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ សាកលវិទ្យាល័យសៅស៍អ៊ីសថ៍អេយសៀ សាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជាខេត្តសៀមរាប សាកលវិទ្យាល័យបៀលប្រាយ ខេត្តបន្ទាយមានជ័យ និងសាកលវិទ្យាល័យជាតិបាត់ដំបង៕