ទោះបីជាសហគមន៍កសិកម្មទំនើបស្រូវនាងអំ ទើបមានអាយុជាង៣ខែក៏ដោយ ក៏សហគមន៍នេះបានអភិវឌ្ឍខ្លួនយ៉ាងលឿនដោយបានឈានទៅដល់ការទិញដ្រូនផ្ទាល់ខ្លួនដើម្បីព្រោះស្រូវរហូតដល់រាប់សិបហិកតាក្នុងមួយថ្ងៃ។
សហគមន៍នេះស្ថិតនៅភូមិសែនជ័យ ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប ដែលគ្របដណ្ដប់ភូមិចំនួន៤។
អ្នកស្រី ឈឺន សុភាសី ដែលជាប្រធានសហគមន៍ និងជាម្ចាស់ហាងលក់អង្ករ ស្រីមុំ៩៩ ប្រាប់ភ្នំពេញប៉ុស្តិ៍ថា សហគមន៍នេះត្រូវបានផ្ដួចផ្ដើមដំបូងកាលពីខែតុលាឆ្នាំ ២០២៣ ប៉ុន្តែបានចេញជារូបរាងជាផ្លូវការនៅថ្ងៃទី១៤ ខែមីនា ២០២៤នេះ។ សហគមន៍នេះមានផ្ទៃដី ៨២៩ហិកតា និងមានសមាជិក ៨៤ គ្រួសារចូលរួម។
អ្នកស្រីនិយាយថា៖ «នេះជាលើកទីមួយហើយដែលសហគមន៍កសិកម្មទំនើបបានសាកល្បងប្រើប្រាស់ដ្រូនព្រោះស្រូវ។ ពីមុនយើងមានតែដ្រូនសម្រាប់បាចជីទឹក។ ឥឡូវយើងប្រើដ្រូនសម្រាប់ព្រោះស្រូវដែលមានទំហំធំជាងដ្រូនបាចជី។ ការដែលយើងមានដ្រូននេះគឺជាការងាយស្រួលសម្រាប់យើង ព្រោះវាជួយឲ្យយើងធ្វើកសិកម្មទាន់ពេលវេលា ព្រោះឥឡូវនេះរដូវវស្សាកៀកមកដល់ហើយ»។
បើតាមអ្នកស្រី សុភាសី បច្ចុប្បន្ននេះ សហគមន៍នេះមានដ្រូនសម្រាប់ព្រោះស្រូវតែមួយគ្រឿងប៉ុណ្ណោះ ហើយសហគមន៍ក៏គ្មានគម្រោងទិញបន្ថែមដែរ ដោយសារវាអាចព្រោះស្រូវបានលើផ្ទៃដីទាំង ៨០០ហិតា ណាមួយវាក៏មានតម្លៃថ្លៃទៀតផង។
ការដាំដុះនៅក្នុងសហគមន៍នេះត្រូវបានមើលថែដោយសមាជិកសហគមន៍ផ្ទាល់តែម្ដងដែលទទួលបានប្រាក់កម្រៃប្រចាំថ្ងៃ បន្ថែមទៅលើផលស្រូវដែលពួកគាត់នឹងទទួលបាន។ សម្រាប់អ្នកដែលមិនចង់នៅមើលថែ ពួកគាត់អាចទៅធ្វើការងារផ្សេង។ នេះបើតាមការបញ្ជាក់របស់អ្នកស្រី សុភាសី។
ស្រូវនាងអំ គឺជាពូជស្រូវបុរាណមួយដែលចុងក្រោយត្រូវបានរក្សាទុកដោយលោកយាយចាស់ម្នាក់ឈ្មោះ អំ នៅអំឡុងទសវត្សទី៨០ ក្នុងខេត្តក្រចេះ។ នេះបើតាមក្រសួងកសិកម្ម។
អ្នកស្រី សុភាសី បានឲ្យដឹងថា ស្រូវនាងអំដែលផលិតនៅក្នុងសហគមន៍នេះ គឺអ្នកស្រីជាអ្នកទិញយក ដើម្បីកិនជាអង្ករយកទៅលក់នៅហាងរបស់អ្នកស្រីផ្ទាល់តែម្ដង ដែលលក់អង្ករតែមួយមុខនេះប៉ុណ្ណោះ។ ទៅថ្ងៃអនាគត អ្នកស្រីគិតថានឹងអាចបង្កើតជាសហគមន៍អង្ករនាងអំមួយទៀត។
អ្នកស្រីថ្លែងថា៖ «ការដែលយើងបង្កើតជាសហគមន៍នេះឡើង គឺមានគោលបំណងចង់ជួយលើកកម្រិតជីវភាពរបស់សមាជិកមានការរីកចម្រើន។ នៅពេលគាត់ដាំដុះតែម្នាក់ឯង គាត់មិនអាចទទួលបានទិន្នផលច្រើនទេ ដោយសារដីគាត់មិនស្អាត ខ្វះថវិកា ខ្វះទុន ខ្វះពូជស្រូវ ខ្វះគ្រប់បែបយ៉ាង។ នៅពេលយើងចងក្រងជាសហគមន៍ហើយ យើងប្រមូលផ្ដុំគ្នាដើម្បីមានទុន និងមានការគាំទ្រពីរដ្ឋាភិបាល ដូចជាការគាំទ្រពីក្រសួងកសិកម្ម និងអង្គការដៃគូជាដើម»។
អ្នកស្រីថា ការចូលរួមក្នុងសហគមន៍នេះក៏ជាការចូលរួមកាត់បន្ថយការធ្វើចំណាកស្រុកទៅកន្លែងផ្សេង ដោយសារតែគ្រួសារក្នុងសហគមន៍នេះអាចធ្វើការក្នុងសហគមន៍ផ្ទាល់តែម្ដង ឬអាចធ្វើអ្វីផ្សេងទៀតក្នុងភូមិបានជាធម្មតា ដូចជាការដាំបន្លែនិងចិញ្ចឹមសត្វជាដើម។ ក្រៅពីនេះសហគមន៍នេះក៏ចូលរួមការពារព្រៃឈើក្នុងតំបន់ផងដែរ។
ក្រៅពីដាំស្រូវនាងអំ អ្នកស្រី សុភាសី បង្ហើបថា សហគមន៍នេះកំពុងត្រៀមខ្លួនដាំបន្លែចម្រុះជាច្រើមមុខទៀត និងចិញ្ចឹមសត្វផងដែរ។
លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា សហគមន៍កសិកម្មទំនើបស្រូវនាងអំ គឺជាសហគមន៍កសិម្មតែមួយគត់ដែលមានដ្រូនសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួនសម្រាប់ព្រោះស្រូវ។ លោកថា កាលពីមុនកសិករនៅទីនេះធ្វើស្រែក្នុងទំហំតូចៗរៀងៗខ្លួន ដោយគ្មានជម្រើសអ្វីក្រៅពីព្រោះដោយដៃ ឬជួលគ្រឿងចក្រ ឬជួលដ្រូនពីគេក្នុងតម្លៃខ្ពស់។
លោកថា ដ្រូនមួយនេះអាចមានសមត្ថភាពព្រោះស្រូវបានរហូតដល់ ៧០ហិកតា ក្នុងមួយថ្ងៃ និងអាចប្រើសម្រាប់បាញ់ជី និងបាញ់ថ្នាំទៀតផង។
លោកថ្លែងថា៖ «នេះហើយគឺជាអត្ថប្រយោជន៍ដ៏សំខាន់មួយនៃការចងក្រងគ្នាជាសហគមន៍កសិកម្មទំនើប»។
បើតាមលោក ហ្វីណង់ ក្រសួងកសិកម្មកំពុងជួយគាំទ្រដល់សហគមន៍នេះក្នុងការរៀបចំផែនការមេសម្រាប់ការអភិវឌ្ឍយូរអង្វែង។
លោកថ្លែងថា៖ «សហគមន៍កសិកម្មទំនើបស្រូវនាងអំមានមហិច្ឆតាក្លាយទៅជាសហគមន៍កសិកម្មចម្រុះមួយ ដែលមានចរិតបរិយាបន្នទូលំទូលាយ និងមានសមាហរណកម្មខ្ពស់ជាមួយនឹងប្រព័ន្ធអេកូឡូហ្ស៊ីនៅជុំវិញដែលមានស្រាប់ ធានាបាននូវការអភិវឌ្ឍសហគមន៍ដែលមានទាំងនិរន្តភាពសេដ្ឋកិច្ច និងបរិស្ថាន។ លើសពីនេះ សហគមន៍នេះ អាចជួយលើកស្ទួយជីវភាពរបស់បងប្អូនប្រជាកសិករជាសមាជិកសហគមន៍នៅក្នុងតំបន់នេះប្រកបដោយសមធម៌ផងដែរ»៕