ភ្នំពេញ៖ ក្នុង​គោល​បំណង​ដោះស្រាយ​បញ្ហា​បម្រែបម្រួល​អាកាសធាតុ និង​​ធ្វើឱ្យ​ប្រសើរ​ឡើង​នៃ​​សុខភាព​សាធារណៈ អង្គការ​ iDE បាន​វិនិយោគ​ជា​លើក​​ដំបូង​របស់​ខ្លួន​ក្រោម​គម្រោង Series A ក្នុង​ទឹកប្រាក់ ៣,៧៥​លាន​ដុល្លារ​​ដោយ​សហការ​ជាមួយ​ ATEC។​

គម្រោង​​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​គាំទ្រ​ដល់​ការ​ពង្រីក​ចង្ក្រាន​អគ្គិសនី​ឆ្លាត​វៃ​របស់ ATEC នៅ​ទូទាំង​អាស៊ី និង​អាហ្វ្រិក​ ដោយ​កាត់​បន្ថយ​ការ​បញ្ចេញ​កាបូន​រហូត​ដល់ ១០ លាន​តោន​ក្នុង​មួយឆ្នាំ​។​


អ្នកស្រី Elizabeth Welch នាយក​ប្រតិបត្តិ​នៃ iDE បានថ្លែង​ថា៖ «តាម​រយៈ​ការ​វិនិយោគ​នេះ iDE កំពុង​ពង្រីក​យុទ្ធសាស្ត្រ​ផ្អែកលើ​ទីផ្សារ​របស់​យើង ដើម្បី​ផ្តល់​សិទ្ធិ​អំណាច​ដល់​សហគ្រិន​ក្នុង​ការ​ចែក​ចាយ​ចង្ក្រាន​បរិស្ថាន​​នៅ​ក្នុង​វិស័យ​ចម្អិន​អាហារ​ស្អាត»។

អ្នកស្រី​បន្ដថា៖ «វិស័យ​ចម្អិន​អាហារ​ស្អាត គឺជា​យុទ្ធសាស្ត្រ​របស់ iDE ព្រោះ​វា​ស្ថិត​នៅ​ចំណុចរួម​​ដ៏​សំខាន់​ក្នុង​ការ​ទប់ស្កាត់​បម្រែ​បម្រួល​​អាកាសធាតុ ក៏ដូចជា​​សុខភាព​របស់​ស្ត្រី និង​កុមារ»។


អ្នកស្រី​ Welch បាន​និយាយ​ថា ការ​វិនិយោគ​នៅ​ក្នុង​គម្រោង​របស់​ ATEC សមស្រប​ឥតខ្ចោះ​ជាមួយ​នឹង​ការប្តេជ្ញា​ចិត្ត​របស់​ពួកគេ​ក្នុង​ការ​គាំទ្រ​ដំណោះ​ស្រាយ​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​ដែល​ជំរុញ​ការ​ផ្លាស់ប្តូរ​ប្រកប​ដោយ​និរន្តរភាព និង​ការ​ផ្លាស់ប្តូរ​នៅ​ក្នុង​វិស័យ​នេះ។

គួរ​បញ្ជាក់ថា ATEC ត្រូវបាន​បង្កើតឡើង​នៅក្នុង​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ២០១៦ គឺ​ស្ថិតនៅ​ជួរមុខ​នៃ​ការអភិវឌ្ឍន៍​ចង្ក្រាន​អគ្គីសនី​ដែល​ប្រើ Internet of Things (IoT)​។​

ចង្ក្រាន​ទាំងនេះ​ភ្ជាប់​គ្រួសារ​ទៅនឹង​ទីផ្សារ​កាបូន​ពិភពលោក បង្កើត​ឥណទាន​កាបូន​សម្រាប់​​​ផ្ទៀងផ្ទាត់​ទិន្នន័យ​ និង​ផ្តល់​ដំណោះស្រាយ​ចំពោះ​បញ្ហា​នៃ​ការផ្តល់​ឥណទាន​លើស​នៅក្នុង​ទីផ្សារ​កាបូន​។​
​តាមរយៈ​ការផ្តល់​ដំណោះស្រាយ​ចម្អិន​អាហារ​ដែលមាន​តម្លៃ​សមរម្យ និង​ស្អាត ATEC មាន​គោលបំណង​បង្កើត​ផលប៉ះពាល់​បរិស្ថាន​ដ៏​សំខាន់ ខណៈពេលដែល​ការលើកកម្ពស់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។​

ស្ត្រីម្នាក់កំពុងចម្អិនម្ហូបដោយប្រើចង្ក្រាន​អគ្គិសនី​ឆ្លាត​វៃ​របស់ ATEC ។ រូបថត សហការី

យោងតាម​លោក Ben Jeffreys សហ​ស្ថាបនិក និង​ជានា​យក​ប្រតិបត្តិ ATEC បាន​ឱ្យដឹងថា ការផ្តល់​មូលនិធិ​ថ្មី​នឹង​អនុញ្ញាតឱ្យ ATEC ពង្រីក​ប្រតិបត្តិការ​របស់ខ្លួន ក៏ដូចជា​​បង្កើន​កិច្ចខិតខំ​ប្រឹងប្រែង​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​របស់ខ្លួន ដោយ​ផ្តោតលើ​ភាពជឿនលឿន​ចុងក្រោយ​បំផុត​នៅក្នុង​បច្ចេកវិទ្យា IoT និង Web3.0។​

គោលដៅ​ដ៏​មាន​មហិច្ឆតា​គឺ​ដើម្បី​បង្កើត​ការ​ចម្អិន​អាហារ​គ្មាន​ជាតិ​កាបូន​ចំនួន ១០​ជីហ្គាវ៉ាត់​ម៉ោង​ក្នុង​មួយថ្ងៃ​ក្នុង​ទសវត្សរ៍​ក្រោយ ដែល​អាច​កាត់បន្ថយ​ការ​បំ​ភាយ​កាបូន​បាន​រហូតដល់ ១០ លាន​តោន​ក្នុង​មួយឆ្នាំ​។​

លោក Jeffreys បាន​និយាយថា៖ «​បេសកកម្ម​របស់ ATEC គឺ​ផ្តល់​សិទ្ធិអំណាច​ដល់​ស្ត្រី ៨០០ លាន​នាក់​នៅ​ទូទាំងភាគ​ខាងត្បូង ដើម្បី​មិន​ត្រឹមតែ​ដើរតួនាទី​យ៉ាងសកម្ម​ក្នុងការ​កាត់បន្ថយ​ការប្រែប្រួល​អាកាសធាតុ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ប្រែក្លាយ​វា​ទៅជា​ឱកាស​រកប្រាក់​ចំណូល​ផងដែរ​»។​

លោក​បន្ដថា​៖ «​ជាមួយនឹង​ការផ្តល់​មូលនិធិ​នេះ យើង​នឹង​ពង្រីក​ភាពជា​ដៃគូ​របស់​យើង​ជាមួយ​អ្នក​ចែកចាយ​នៅ​ផ្នែក​ផ្សេង​ទៀត​នៃ​ផែនដី ​នៅ​ទូទាំង​អាស៊ី និង​អាហ្វ្រិក ជាមួយនឹង iDE រួចទៅហើយ​ដែលជា​ដៃគូ​ដ៏​សំខាន់​នៅក្នុង​ប្រទេស​បង់​ក្លា​ដែ​ស និង​កម្ពុជា​»។​

​ការ​​ផ្តល់​មូល Series A ត្រូវបាន​ដឹកនាំ​ដោយ Schneider Electric Energy Access Asia (SEEA) និង Spark + Africa Fund ។​ 

​អ្នកចូលរួម​ផ្សេងទៀត​ រួមមាន​វិនិយោគិន​ស្ថាប័ន ​ដូចជា DRW, Save the Children Global Ventures និង Kibo Investments។​

បេសកកម្ម​របស់ iDE គឺ​ដើម្បី​បញ្ចប់​ភាពក្រីក្រ​ជា​សាកល ដោយ​ប្រើប្រាស់​អំណាច​នៃ​ទីផ្សារ​ក្នុងស្រុក​។ អង្គការ​នេះ​សហការ​ជាមួយ​សហគ្រិន​ក្នុងស្រុក​ដើម្បី​ភ្ជាប់​ទីផ្សារ​ដែល​មិនទាន់​ទទួលបាន​ជាមួយនឹង​ផលិតផល និង​សេវាកម្ម​ដែល​ធ្វើ​ឱ្យ​​ស្ថានភាព​សេដ្ឋកិច្ច និង​សុខុមាលភាព​ប្រសើរឡើង​។​

​ចាប់តាំងពី​ការបង្កើតឡើង​ក្នុង​ឆ្នាំ១៩៨២ iDE បាន​ប៉ះពាល់​ដល់​មនុស្ស​ជាង ៤០ លាន​នាក់​នៅ​ទូទាំង ១២ ប្រទេស​នៅ​អាមេរិក​កណ្តាល អាហ្វ្រិក និង​អាស៊ី​។​

​អ្នកស្រី​ Welch បាន​និយាយថា iDE មាន​ប្រវត្តិ​នៃ​ការសហការ​ជាមួយ ATEC នៅ​កម្ពុជា និង​បង់​ក្លា​ដែ​ស ដោយ​ធ្វើការ​លើ​គម្រោង​ដែល​ផ្តល់​មូលនិធិ​ដោយ Cambodia Climate Change Alliance (CCCA) និង Danida។​

គំនិត​ផ្តួចផ្តើម​ទាំងនេះ​បាន​ផ្តោតលើ​ការពង្រីក​ដំណោះស្រាយ​ចម្អិន​អាហារ​អគ្គិសនី និង​កំណត់​វិធីសាស្ត្រ​ផ្អែកលើ​ទីផ្សារ​ដើម្បី​ជំរុញឱ្យមាន​ការអនុវត្ដ​ប្រកប​ដោយ​ចីរភាព​។​

អ្នកស្រីបាន​បន្ថែម​ថា​៖ «​ភាពជា​ដៃគូ​របស់​យើង​ជាមួយ ATEC គឺជា​សក្ខីភាព​មួយ​ចំពោះ​​លើ​ថាមពល​នៃ​ដំណោះ​ស្រាយ​ផ្អែកលើ​ទីផ្សារ​។ យើង​រំភើប​ណាស់​ដែល​ឃើញ​អត្ថប្រយោជន៍​សុខភាព និង​បរិស្ថាន​សំខាន់ៗ ចេញពី​ការវិនិយោគ​នេះ​នឹដែល​ង​ផ្តល់​ដល់​សហគមន៍​​»៕​