ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតសុវណ្ណាភូមិ ឡាយហ្វ៍ កំពុងបង្កើនផលិតផលរបស់ខ្លួនដែលផ្តោតសំខាន់លើអតិថិជន ដើម្បីទាក់ទាញអ្នកគ្មានធានារ៉ាប់រងនៅកម្ពុជា ដែលនៅតែមានចំនួនច្រើននៅឡើយ តាមរយៈការពង្រីកបណ្តាញលក់បែបឌីជីថលរបស់ខ្លួន និងការដាក់ចេញនូវយុទ្ធសាស្ត្រទីផ្សារ «ឈ្នះ-ឈ្នះ»។
ខណៈក្រុមហ៊ុនប្រារព្ធខួបលើកទី ៦ឆ្នាំនៅខែក្រោយ សុវណ្ណាភូមិ ឡាយហ្វ៍ មានទំនុកចិត្តលើមាគ៌ារីកចម្រើនដ៏រឹងមាំ ដែលភាគច្រើនជំរុញដោយការវិវឌ្ឍទម្លាប់អ្នកប្រើប្រាស់។
«សេណារីយោឈ្នះ-ឈ្នះ គឺថាសុវណ្ណាភូមិ ឡាយហ្វ៍ នឹងផ្តល់ផលិតផលធានារ៉ាប់រងអាយុជីវិតលើសពីការរំពឹងទុករបស់អតិថិជន ដោយផ្តល់សេវាកម្មបន្ថែមតម្លៃ (VAS) ដល់អតិថិជនដោយគ្មានការចំណាយបន្ថែម ដែលមានន័យថា អតិថិជនរបស់ សុវណ្ណាភូមិ ឡាយហ្វ៍ រីករាយនឹងអត្ថប្រយោជន៍កាន់ច្រើនដោយគ្មានតម្លៃបន្ថែម»។
លោក Loke Kah Meng អគ្គនាយកក្រុមហ៊ុនសុវណ្ណាភូមិ ឡាយហ្វ៍ មានប្រសាសន៍ថា៖« VAS បែបនេះនឹងមានប្រសិទ្ធភាពក្នុងការចំណាយ និងជួយអតិថិជនក្នុងការសន្សំ ដែលអាចជួយដោះស្រាយរាល់កង្វល់នៃការចំណាយធំៗ ដោយសារជំងឺរាតត្បាតកូវីដ១៩»។
លោក Loke ដែលជាអ្នកជំនាញខាងឧស្សាហកម្មធានារ៉ាប់រងបានបន្តថា ផ្អែកលើក្របខ័ណ្ឌទីផ្សារដែលកំពុងមានសម្ទុះ ក្រុមហ៊ុនដែលបង្កើត ឡើងនៅក្នុងស្រុកមួយនេះ មានសុទិដ្ឋិនិយមចំពោះចំណែកទីផ្សារ បុព្វលាភសរុប និងទ្រព្យសកម្ម ដែលនឹងបន្តមានកំណើនល្អនៅក្នុងរយៈពេល ៦ឆ្នាំខាងមុខ។
នៅក្នុងរយៈពេល ៦ឆ្នាំកន្លងមកនេះ ក្រុមហ៊ុនទទួលបានសមិទ្ធផលជាច្រើន ក្នុងនោះកំណត់ត្រាកំណើនបុព្វលាភសរុបចំនួន ៣៨ភាគរយ ខណៈទ្រព្យសកម្មសរុបបានកើនឡើង ៥៤ភាគរយ ជាមួយនឹងកំណើនដើមទុនដ៏រឹងមាំផងដែរ។
សុវណ្ណាភូមិ ឡាយហ្វ៍ បម្រើអតិថិជនជិត ១៦០ ០០០នាក់ និងមានបណ្តាញប្រតិបត្តិការធំជាងគេ នៅជាមួយបណ្តាញសាខាធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាដៃគូជិត ៣០០ នៅទូទាំងប្រទេស។
សម្រាប់រយៈពេល ៤ឆ្នាំជាប់ៗគ្នា គឺឆ្នាំ២០១៨, ២០១៩, ២០២០ និង២០២១ សុវណ្ណាភូមិ ឡាយហ្វ៍ ត្រូវបានវាយតម្លៃថា ជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដែលរីកចម្រើនលឿនបំផុតនៅកម្ពុជា និងជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដែលមានការច្នៃប្រឌិតថ្មីជាងគេ នៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២១។
លោកថ្លែងថា គិតត្រឹមដំណាច់ឆ្នាំ២០២១ សុវណ្ណាភូមិ ឡាយហ្វ៍ មានកំណើនបុព្វលាភសរុប ៣៨ភាគរយ កើនពី ៣៤ភាគរយ ក្នុងឆ្នាំ២០២០ និងកំណើនទ្រព្យសកម្មសរុប ៥៤ភាគរយ កើនពី៤១ភាគរយ ក្នុងឆ្នាំ២០២០ ជាមួយនឹងកំណើនចំណែកទីផ្សារចំនួន ២៩ភាគរយ កើនពី ២៧ភាគរយ ក្នុងឆ្នាំ២០២០ ដូចគ្នា។
លោក Loke មានទំនុកចិត្តថា រយៈពេល៦ឆ្នាំខាងមុខ ក៏នឹងមានកំណើនវិជ្ជមានផងដែរ។ ក្នុងរយៈពេល ៦ឆ្នាំខាងមុខ សុវណ្ណាភូមិ ឡាយហ្វ៍ នឹងមើលឃើញកំណើននៅក្នុងចំណែកទីផ្សារ បុព្វលាភសរុប និងទ្រព្យសកម្ម»។
លោក Loke បន្តថា ៖«នេះគឺជាសញ្ញាវិជ្ជមាន ហើយវានឹងនៅតែបន្តកើនឡើងពី១ឆ្នាំទៅ១ឆ្នាំ ពីព្រោះការមានធានារ៉ាប់រងបច្ចុប្បន្នប្រហែល ១០ភាគរយ នៃចំនួនប្រជាជនសរុប ដូច្នេះនៅតែមានឱកាសច្រើន ដើម្បីណែនាំផលិតផលធានារ៉ាប់រង អាយុជីវិត»។
សុវណ្ណាភូមិ ឡាយហ្វ៍ គឺជាផ្នែកមួយនៃក្រុមហ៊ុន Canadia Investment Holdings និង Muang Thai Life របស់ប្រទេសថៃ ដែលកំពុងពង្រឹងផែនការទីផ្សាររបស់ខ្លួនសម្រាប់រយៈពេលច្រើនឆ្នាំទៅមុខ ខណៈឧស្សាហកម្មនេះ កំពុងប្រកួតប្រជែងជាមួយក្រុមហ៊ុនចំណូលថ្មីនៅក្នុងទីផ្សារធានារ៉ាប់រងអាយុជីវិត។
ក្រុមហ៊ុនធានារ៉ាប់រងនេះ ផ្តល់ការអប់រំស្តីពីការរៀបចំផែនការ និងការគ្រប់គ្រងហិរញ្ញវត្ថុគ្រួសារ ដើម្បីបញ្ចៀសវិបត្តិហិរញ្ញវត្ថុ ប្រសិនបើមានរឿងអកុសលកើតឡើងដល់សមាជិកគ្រួសារណាម្នាក់ដែលមានធានារ៉ាប់រង ខណៈគំរូអាជីវកម្មរបស់ខ្លួនបច្ចុប្បន្ននេះកាន់តែផ្តោតលើអតិថិជន ដោយសុវណ្ណាភូមិ ឡាយហ្វ៍ បានបង្កើតផលិតផលធានារ៉ាប់រងអាយុជីវិតជាច្រើន ដើម្បីបំពេញតម្រូវការរបស់អតិថិជន។
«ដោយសារជំងឺកូវីដ១៩ អតិថិជនប្រឈមនឹងបញ្ហាប្រាក់ចំណូលគ្រួសារថយចុះ ដែលមានន័យថា សកម្មភាពនៃការចំណាយរបស់អតិថិជនត្រូវបានផ្លាស់ប្តូរយ៉ាងខ្លាំង»។
«ពួកគេចំណាយតែលើរបស់របរប្រចាំថ្ងៃសំខាន់ៗប៉ុណ្ណោះ ដូចជា អាហារ និងរបស់របរចាំបាច់មួយចំនួន ដូច្នេះដើម្បីជួយអតិថិជនរបស់យើង សុវណ្ណាភូមិ ឡាយហ្វ៍ នឹងណែនាំយុទ្ធសាស្ត្រទីផ្សារឈ្នះឈ្នះ ហើយជាពិសេស VAS ដែលអតិថិជនអាចរីករាយជាមួយការចំណាយដូចគ្នា
ឬតិចជាងនេះ»។
លោក Loke បានមានប្រសាសន៍បន្ថែមថា៖« រឿងដ៏រីករាយគឺថា ពេលនេះ ប្រជាជនកម្ពុជា បានយល់ដឹងកាន់តែច្រើនអំពីអត្ថប្រយោជន៍នៃធានារ៉ាប់រងអាយុជីវិត ដែលជាផ្នែកមួយនៃការការពារផ្នែកហិរញ្ញវត្ថុសម្រាប់គ្រួសាររបស់ពួកគេ»៕