បម្រែ​បម្រួល​មធ្យម​ភាគ​ថ្លៃ (Moving Average) គឺជា​ឧបករណ៍​មូលដ្ឋាន​សម្រាប់​ការ​វិភាគ​ទិន្នន័យ​បែប​បច្ចេកទេស​មាន​មុខងារ​ស្វែងរក​មធ្យម​ភាគ​ទិន្នន័យ​ថ្លៃ​ក្នុង​រយៈពេល​ដែល​បាន​កំណត់​ដូចជា ២០ នាទី, ១០ ថ្ងៃ, ៣០ សប្តាហ៍ ឬ​រយៈពេល​ជាក់​លាក់​ណា​មួយ ដែល​វិនិយោគិន​បាន​កំណត់ ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​ថ្លៃ​ជា​មធ្យម​ថ្មីៗ​ជា​បន្ត​បន្ទាប់។

បច្ចេក​ទេស​នេះ ជួយ​សម្រួល​ដល់​ការ​វិភាគ​នៃ​បម្រែបម្រួល​ថ្លៃ និង​ផ្តល់​ការ​យល់​ឃើញ​កាន់​តែ​ច្បាស់​នៃ​ទិសដៅ​នៃ​និន្នាការ​ថ្លៃ។ ដោយសារ​បម្រែបម្រួល​មធ្យម​ភាគ​ថ្លៃ​អាច​បត់បែន​ទៅ​តាម​រយៈពេល​កំណត់​ជាក់​លាក់​ណា​មួយ​ ដូច្នេះ​ឧបករណ៍​នេះ គឺ​ស័ក្តិសម​ចំពោះ​វិនិយោគិន ដែល​មាន​បំណង​ប្រើប្រាស់​សម្រាប់​ការ​វិភាគទិន្នន័យ ដើម្បី​ជួញដូរ​រយៈពេល​ខ្លី និង​យុទ្ធសាស្រ្ត​វិនិយោគ​រយៈពេល​វែង។


ឧបករណ៍​គណនា​បម្រែ​បម្រួល​មធ្យម​ភាគ​ថ្លៃ ជួយ​បញ្ជាក់​ពី​និន្នាការ​ទីផ្សារ ដោយ​មាន​មុខងារ​កាត់​បន្ថយ​នូវ​ការ​ប្រែប្រួល​ថ្លៃ​ជា​អប្បបរមា ដែល​អាច​ប៉ះពាល់​ដល់​ការ​វិភាគ​ទិន្នន័យ ការណ៍​នេះ​នឹង​ធ្វើឱ្យ​ការ​កំណត់​ពី​ទំនោរ​ថ្លៃមាន​ភាព​រលូន។ ឧបករណ៍​នេះ មាន​សារៈសំខាន់​ចំពោះ​អ្នក​ជួញដូរ និង​វិនិយោគិន ដែល​អាច​ជួយ​ឱ្យ​ពួកគេ​ធ្វើការ​វិភាគ និង​សន្និដ្ឋាន​បាន​អំពី​និន្នាការ​នៃ​ថ្លៃ​ប្រែប្រួល​ឡើង-ចុះ និង​បញ្ច្រាស់​ពី​និន្នាការ (Reversal)។

ឧទាហរណ៍៖ ក្នុង​អំឡុងពេល​នៃ​ការ​កើនឡើង (Uptrend) ការ​គណនា​រក​បម្រែ​បម្រួល​មធ្យម​ភាគថ្លៃ​សម្រាប់​រយៈពេល ដូចជា ៥០ ថ្ងៃ, ១០០ ថ្ងៃ ឬ ២០០ ថ្ងៃ អាច​កំណត់​ជា​កម្រិត​គាំទ្រ (Supporting level) តាម​រយៈការបង្កើត​ថ្នាក់​នៃ​ថ្លៃ​(Floor) ដែល​ជា​បន្ទាត់​គាំទ្រ​និន្នាការ​ថ្លៃ និង​និន្នាការ​បម្រែបម្រួល​ថ្លៃ​អតិបរមា (Bounce off)។


ផ្ទុយ​ទៅ​វិញ អំឡុង​ពេល​នៃ​ការ​ធ្លាក់​ចុះ (Downtrend) បម្រែ​បម្រួល​មធ្យម​ភាគ​ថ្លៃ​អាច​ដើរ​តួ​ជា​ពិដាន(Ceiling) ឬ​កម្រិត​រ៉េស៊ីស្ដង់ (Resistance) ដែល​ថ្លៃ​នឹង​ឈាន​ដល់​កម្រិត​ណា​មួយ ហើយ​បន្ទាប់​មក​វា​នឹង​ធ្លាក់​ចុះ​មក​វិញ (Figure 1)។ ទោះបីជា​យ៉ាងណា​ក៏ដោយ វាជា​រឿង​សំខាន់​ដែល​ត្រូវ​កត់​សម្គាល់​ថា វិធី​សាស្ត្រគណនា​បម្រែ​បម្រួល​ថ្លៃ អាច​បង្ហាញ​លទ្ធផល​ដូច​ខាង​លើ ប៉ុន្តែ​វា​មិន​តម្រូវ​ឱ្យ​ដូច​ទាំង​ស្រុង​នោះ​ទេ (មានន័យ​ថា ថ្លៃ​អាច​ប្រែប្រួល​តែ​មិន​ធ្លាក់​ដល់​ចំណុច Supporting Level និង​មិន​ឡើង​ដល់ Resistance level ឡើយ)។ ជាទូទៅ ប្រសិន​បើ​ថ្លៃ​ខ្ពស់​ជាង​ថ្លៃ​ជា​មធ្យម នោះ​និន្នាការ​បង្ហាញ​ទំនោរ​ថា​កើនឡើង ហើយ​ប្រសិន​បើ​ថ្លៃ​ទាប​ជាង​ថ្លៃ​ជា​មធ្យម នោះ​និន្នាការ​បង្ហាញ​ទំនោរ​ថា​ថ្លៃ​ធ្លាក់​ចុះ។

ការ​គណនា​បម្រែ​បម្រួល​មធ្យម​ភាគ​ថ្លៃ ត្រូវ​បាន​គណនា​ក្នុង​ទម្រង់​ផ្សេងៗ​គ្នា។ ឧទាហរណ៍ ការ​គណនា​បម្រែបម្រួល​មធ្យម​ភាគ​ថ្លៃ​ធម្មតា (Simple Moving Average-SMA) ត្រូវ​បាន​គណនា​ដោយ​បូក​សរុប​ថ្លៃ​បិទ​ចុង​ក្រោយ​ប្រចាំ​ថ្ងៃ​ចំនួន ៥​ថ្ងៃ យក​ទៅ​ចែក​នឹង​ចំនួន​ថ្ងៃ (៥​ថ្ងៃ) ដើម្បី​គណនា​មធ្យម​ភាគ​ថ្លៃ​ថ្មី​ប្រចាំ​ថ្ងៃ​នីមួយៗ។ មធ្យម​ភាគ​ថ្លៃ​ទាំងនេះ​ត្រូវ​បាន​ភ្ជាប់​ត​គ្នា ដើម្បី​បង្កើត​ជា​ថ្លៃ​ជា​បន្ត​បន្ទាប់ (Continuous line)។

ទម្រង់​នៃការ​គណនា​មួយ​ទៀត ​គឺការ​គណនា​បម្រែបម្រួល​មធ្យម​ភាគ​ថ្លៃ​ អិចស្ប៉ូណង់ស្យែល (Exponential Moving Average-EMA)។ ការ​គណនា​នេះ​មាន​ភាព​ស្មុគស្មាញ​ជាង​ការ​គណនា​បម្រែ​បម្រួល​មធ្យម​ភាគ​ថ្លៃ​ធម្មតា ដោយសារ​តែ​ការ​គណនា​តាម​វិធីសាស្ត្រ​នេះ​ ផ្តល់​ទម្ងន់ (Weight) ​លើ​ថ្លៃ ដែល​មាន​នា​ពេល​ថ្មីៗ​បំផុត (Most Recent Prices)។ នៅ​ពេល​ផ្ទឹម​ការ​គណនា​ទៅ​តាម​វិធីសាស្ត្រ​ទាំង​២ ក្នុង​រយៈពេល ៥០ ថ្ងៃ នៅក្នុង​ក្រាហ្វ (Chart) តែ​មួយ, ការ​គណនា​តាម EMA នឹង​ឆ្លើយតប​យ៉ាង​ឆាប់​រហ័ស​ចំពោះ​ការ​បង្ហាញ​ទិន្នន័យ​នៃ​បម្រែ​បម្រួល​ថ្លៃ ជា​ជាង​វិធីសាស្ត្រ SMA ដោយសារ​តែ​សង្កត់​ធ្ងន់​ខ្លាំង​លើ​ថ្លៃ​ថ្មីៗ (Figure 2)។

Figure 2: Simple Moving Average vs Exponential Moving Average. Figure 3: CSX Trade.

កម្មវិធី​បង្ហាញ​ក្រាហ្វ(Charting Software) និង​ថ្នាល​ជួញដូរ (Trading Platforms) ធ្វើការ​គណនា​ដោយ​ស្វ័យ​ប្រវត្តិ ដូចនេះ អ្នក​ប្រើប្រាស់​មិនចាំ​បាច់​គណនា​បម្រែ​បម្រួល​មធ្យម​ភាគ​ថ្លៃ​ដោយ​ដៃ​នោះ​ឡើយ​(manual math)។ ចំណែក​ឯ ថ្នាល​ជួញដូរ CSX Trade ដែល​បង្កើត​ឡើង​ដោយ​ផ្សារ​មូលបត្រ​កម្ពុជា ក៏​បាន​ដាក់​បញ្ចូល​ការ​គណនា​បម្រែបម្រួល​មធ្យម​ភាគ​ថ្លៃ​ដោយ​ស្វ័យ​ប្រវត្តិ ព្រម​ទាំង​ផ្ដល់​នូវ​មាត្រដ្ឋាន​រយៈពេល​ខុសគ្នា​ចំនួន​៣ គឺ៖ ៥ ថ្ងៃ(MA5), ១០ ថ្ងៃ(MA10) និង​២០ ថ្ងៃ(MA20) (Figure3)។

ការ​កំណត់​រយៈពេល​ផ្សេងៗ​គ្នា ដើម្បី​គណនា​រក​បម្រែបម្រួល​មធ្យម​ភាគ​ថ្លៃ​ត្រូវ​បាន​ប្រើប្រាស់​ក្នុង​ការ​ជួញដូរ ដែលស្រប​តាម​យុទ្ធសាស្រ្ត​ជួញដូរ និង​មាត្រដ្ឋាន​ពេល​វេលា​ផ្សេងៗ​គ្នា។ រយៈពេល​ជាទូទៅ រួម​មាន៖ ១០ ថ្ងៃ, ២០ ថ្ងៃ, ៥០ ថ្ងៃ, ១០០ ថ្ងៃ និង២០០ ថ្ងៃ ឬ​អាស្រ័យ​លើ​រយៈពេល ដែល​វិនិយោគិន​មាន​បំណង​ចង់​វិភាគ​ដូចជា ការ​គិត​ជា​នាទី, ម៉ោង, ថ្ងៃ និង​សប្តាហ៍ ផងដែរ។​ ដែន​កំណត់​ពេល​វេលា ឬ​ត្រូវ​បាន​គេ​ហៅថា ជា​រយៈពេល​មើល​ត្រឡប់​ថយក្រោយ(Look Back Period) គឺ​មាន​ឥទ្ធិពល​ខ្លាំង​ដល់​ប្រសិទ្ធភាព​នៃ​ការ​តាមដាន​បម្រែបម្រួលថ្លៃ។

ចំពោះ​វិនិយោគិន ដែល​ជួញដូរ​រយៈពេល​ខ្លី​ទំនោរ​ជ្រើស​យក​រយៈពេល ២០ ថ្ងៃ សម្រាប់​គណនា​បម្រែ​បម្រួលមធ្យម-ភាគថ្លៃ ដែល​ការ​គណនា​នេះ បង្ហាញ​ថ្លៃ​ឆ្លើយតប​រហ័ស (Quick Responsiveness) ខណៈពេល​ដែល​វិនិយោគិន ជួញដូរ​រយៈពេល​វែង​ទំនោរ​ជ្រើស​យក​រយៈពេល​១០០ ថ្ងៃ សម្រាប់​គណនា​បម្រែបម្រួល​មធ្យម​ភាគ​ថ្លៃ ដើម្បី​ឱ្យ​ការ​បង្ហាញ​សូចនាករ​ទំនោរ​ថ្លៃ​មាន​ភាព​រលូន (Smoother Trend Indications)។ វិនិយោគិន​អាច​បង្កើន​កម្រិត​ត្រឹមត្រូវ​នៃ​ការ​ទស្សន៍ទាយ​ឱ្យ​មាន​ភាព​លម្អៀង​តិចតួច ប្រសិនបើ​វិនិយោគិន​អាច​ផ្គូរផ្គង​រយៈពេល​នៃ​ការគណនា​បម្រែ​បម្រួល​មធ្យម​ភាគ​ថ្លៃ​ជាមួយ​ទិន្នន័យ​ប្រវត្តិសាស្ត្រ (Historical Data)។

យុទ្ធសាស្រ្ត​ចម្បង​មួយ​ក្នុង​ចំណោម​យុទ្ធសាស្រ្ត​សំខាន់ៗ ដែល​ទាក់​ទង​នឹង​ឧបករណ៍​គណនា​បម្រែបម្រួល មធ្យមភាគ​ថ្លៃ​គឺ Crossover។ Price Crossover ​គឺ​នៅ​ពេល​ដែល​ថ្លៃ​ផ្លាស់​ទី​ឡើង​លើ ឬ​ចុះ​ក្រោម បម្រែ​បម្រួល​មធ្យមភាគ​ថ្លៃ ដែល​នេះ​ជា​សញ្ញាណ​បង្ហាញ​ពី​សក្តានុពល​នៃ​ការ​ផ្លាស់​ប្តូរ​និន្នាការ។ ចំណែក​ឯ​យុទ្ធសាស្ត្រ​មួយ​ទៀត គឺប្រើប្រាស់​ការ​គណនា​បម្រែបម្រួល​មធ្យម​ភាគ​ថ្លៃ​ទាំង​រយៈពេល​វែង និង​រយៈពេល​ខ្លី។ នៅ​ពេល​ដែល​បន្ទាត់​បម្រែ​បម្រួល​មធ្យម​ភាគ​ថ្លៃ​រយៈពេល​ខ្លី ឆ្លង​កាត់​លើ​បន្ទាត់​បម្រែបម្រួល​មធ្យម​ភាគ​ថ្លៃ​រយៈពេល​វែង វា​បង្ហាញ​ពី ឱកាស​ដែល​គួរ​ទិញ ដែល​ត្រូវ​បាន​គេ​ហៅ​ថា Golden Cross (Figure 4) ខណៈ​ពេល​ដែល​បន្ទាត់​បម្រែបម្រួលមធ្យម​ភាគ​ថ្លៃ​រយៈពេល​ខ្លី​ឆ្លង​កាត់​ក្រោម​បន្ទាត់​បម្រែ​បម្រួល​មធ្យម​ភាគ​រយៈពេល​វែង វា​បង្ហាញ​ពី​ឱកាស​ដែលគួរលក់ និង​ត្រូវ​បាន​គេ​ហៅថា Dead/Death Cross (figure 5)។

Figure 4: Golden Cross. Figure 5: Death Cross.

ទោះបីជា​ការ​គណនា​បម្រែបម្រួល​មធ្យម​ភាគ​ថ្លៃ​មាន​អត្ថប្រយោជន៍​ក៏​ដោយ តែ​ការ​គណនា​នេះ មិនទាន់​មាន​លក្ខណៈ​គ្រប់​ជ្រុង​ជ្រោយ​នៅ​ឡើយ​ទេ។ ការ​គណនា​បម្រែបម្រួល​មធ្យម​ភាគ​ថ្លៃ គឺជា​សូចនាករ​ដែល​ទន់ខ្សោយ ដោយ​ការ​គណនា​ពឹង​ផ្អែក​តែ​លើ​ទិន្នន័យ​ចាស់ៗ ដែល​ជា​សញ្ញាណ​អាច​បង្ហាញ​ពី​ភាព​យឺតយ៉ាវ និង​កាត់​បន្ថយ​យុទ្ធសាស្ត្រ​នៃ​ការ​ទទួល​បាន​ផល​ចំណេញ។ ការ​គណនា​បម្រែបម្រួល​មធ្យម​ភាគថ្លៃ​​មាន​ប្រសិទ្ធភាព​សម្រាប់​ទីផ្សារ​ដែល​មាន​និន្នាការ​ច្បាស់លាស់​តែ​ប៉ុណ្ណោះ ប៉ុន្តែ​មិន​មាន​ប្រសិទ្ធភាព​ប្រសិន​បើ​ទីផ្សារ​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ប្រែប្រួល (Choppy Condition) ជាពិសេស​ទីផ្សារ​ដែល​ប្រែប្រួល​ខ្លាំង (Market Volatility)។ ដើម្បី​បង្កើន​ប្រសិទ្ធភាព​ក្នុង​ការ​ជួញដូរ ការ​គណនា​បម្រែ​បម្រួល​មធ្យម​ភាគ​ថ្លៃ​គួរ​តែ​ជា​ឧបករណ៍​មួយ​ក្នុង​ចំណោម​យុទ្ធសាស្ត្រ ដែល​ត្រូវ​បាន​ប្រើប្រាស់​គួប​ផ្សំ​ជាមួយ​នឹង​សូចនាករ​ដទៃ​ទៀត ដើម្បី​បញ្ជាក់​ពី​និន្នាការ​ថ្លៃ និង​សមស្រប​សម្រាប់​លក្ខខណ្ឌ​ទីផ្សារ​ទាំងមូល។

***អត្ថបទនេះ ត្រូវ​បាន​ចងក្រង​ឡើង​ក្នុង​គោលបំណង​ផ្តល់​ជា​ព័ត៌មាន និង​អប់រំ​តែ​ប៉ុណ្ណោះ ដោយ​មិន​ឆ្លុះ​បញ្ចាំងពី​អនុសាសន៍​ ​ឬ​​ដំបូន្មាន​ក្នុង​ការ​វិនិយោគ​នោះ​ទេ។ ន.ម.ក. និង​ក្រុមហ៊ុន SR Digital Mediaខូអិលធីឌី មិន​ទទួលខុសត្រូវ​ចំពោះ​ការ​បាត់បង់ ឬ​ការ​ខូចខាត​ណា​មួយ​នោះ​ឡើយ។

ឯកសារយោង៖

Cory, M., 2004. Investopedia, https://www.​investopedia​.​com​/articles​/​active​-trading​/​052014​/​how​-​use​-​moving​-average​-buy​-stocks​.asp, retrieved: 05.05.24

True, T., 2024, Financial strategists, https:​/​/​www​.finan​ces​trate​gists​.com​/​wealt​h​-manage​ment​/​fun​​-​damental​-vs-technical​-​analysis​/​moving​-​averages/, retrieved: 08.05.24.

Wallstreetmojo, 2024, https:​//​www​.wall​street​mojo​.com​/​moving​-average​-formula/, retrieved: 07.05.24.

Binance Academy, 2018, https://​academy​.binance​.com​/en​/articles​/moving​-averages​-explained, retrieved:​​ 07.05.24.

រៀបចំដោយ៖ និយ័តករ​មូលបត្រ​កម្ពុជា; នាយកដ្ឋាន​ស្រាវជ្រាវ បណ្តុះបណ្តាល អភិវឌ្ឍន៍​ទីផ្សារ​មូលបត្រ និង​ទំនាក់ទំនង​អន្តរជាតិ

អ៊ីមែល៖ rd@serc.gov.kh
ទូរសព្ទ៖ ០២៣ ៨៨៥ ៦១១