តើអ្វីទៅជាគម្លាតថ្លៃទិញ និងថ្លៃលក់?
ពាក្យ “គម្លាតថ្លៃទិញ និងថ្លៃលក់” ពិតជាចាំបាច់សម្រាប់វិនិយោគិននៅក្នុងទីផ្សារមូលបត្រ ប៉ុន្តែវិនិយោគិនភាគច្រើនប្រហែលជាមិនទាន់យល់ច្បាស់ពីអត្ថន័យពាក្យនេះពាក់ព័ន្ធនឹងទីផ្សារមូលបត្រនោះឡើយ។ “គម្លាតថ្លៃទិញ និងថ្លៃលក់” អាចប៉ះពាល់ដល់តម្លៃនៃការទិញ និងលក់មូលបត្រ ហើយក៏ធ្វើឱ្យប៉ះពាល់ដល់ចំណូលនៃផលបត្រវិនិយោគជារួមរបស់វិនិយោគិន ផងដែរ។
“ថ្លៃទិញ (Bid)” សំដៅលើថ្លៃមូលបត្រ ដែលអ្នកទិញមានបំណងចង់ទិញ។
“ថ្លៃលក់ (Ask)” សំដៅលើថ្លៃមូលបត្រ ដែលអ្នកលក់មានបំណងចង់លក់។
“គម្លាតថ្លៃ (Spread)” សំដៅទៅលើភាពខុសគ្នារវាងថ្លៃទិញ និង ថ្លៃលក់មូលបត្រ។
ឧទាហរណ៍៖ ភាគហ៊ុនមួយមានថ្លៃទិញ ១០០ ដុល្លារអាមេរិក ហើយថ្លៃលក់ ១០១ ដុល្លារអាមេរិក នោះ គម្លាតថ្លៃ គឺ ១ ដុល្លារអាមេរិក។ ភាពខុសគ្នានេះ តំណាងឱ្យតម្លៃប្រតិបត្តិការសម្រាប់វិនិយោគិន និងប្រាក់ចំណេញសក្តានុពលសម្រាប់អ្នកជួញដូរសកម្មនៅក្នុងទីផ្សារ។
កត្តាដែលជះឥទ្ធិពលដល់គម្លាតថ្លៃទិញ និងថ្លៃលក់
មានកត្តាជាច្រើនដែលកំណត់ទំហំនៃគម្លាតថ្លៃទិញ និង ថ្លៃលក់ ដូចជា៖
១- ភាពប្រែប្រួលទីផ្សារ (Market Volatility)៖ សំដៅដល់ការប្រែប្រួលអត្រាថ្លៃនៃទ្រព្យសកម្ម ដូចជាការកើនឡើង ឬថយចុះនៃថ្លៃមូលបត្រ។ យោងតាមទ្រឹស្តីវិនិយោគបានកំណត់ថា “ភាពប្រែប្រួលទីផ្សារកាន់តែខ្ពស់ ការវិនិយោគកាន់តែមានហានិភ័យ តែឱកាសចំណេញកាន់តែខ្ពស់”។
២-សន្ទនីយភាពទីផ្សារ (Market Liquidity)៖ សំដៅដល់ភាពងាយស្រួលនៃការបម្លែងការវិនិយោគជាសាច់ប្រាក់ នៅពេលដែលត្រូវការ។ កម្រិតនៃសន្ទនីយភាពមានឥទ្ធិពលដោយផ្ទាល់លើគម្លាតថ្លៃទិញ និងថ្លៃលក់។ សន្ទនីយភាពទីផ្សារកាន់តែខ្ពស់ គម្លាតថ្លៃទិញ និងថ្លៃលក់កាន់តែតូច។
៣-ចំនួនអ្នកចូលរួមក្នុងទីផ្សារ (Number of Market Participants)៖ ក៏មានឥទ្ធិពលលើគម្លាតថ្លៃទិញ និងថ្លៃលក់ផងដែរ។ ចំនួនអ្នកចូលរួមក្នុងទីផ្សារកាន់តែច្រើននាំឱ្យមានការប្រកួតប្រជែងកាន់តែខ្លាំង និងគម្លាតថ្លៃទិញ និងថ្លៃលក់កាន់តែតូច។
៤-សកម្មភាពរបស់អ្នកបង្កើតទីផ្សារ (Actions of Market Makers)៖ ធនាគារ និងក្រុមហ៊ុនឈ្មួញ-ជើងសា ដែលជាអ្នកជំរុញទីផ្សារដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញនូវសន្ទនីយភាព និងប្រសិទ្ធភាពក្នុងទីផ្សារ។
វិធីសាស្ត្រក្នុងការជួញដូរ
ការជួញដូរមិនមានភាពស្មុគស្មាញដូចដែលមនុស្សភាគច្រើនគិតនោះឡើយ ប៉ុន្តែវិនិយោគិនគួរស្វែងយល់អំពីយុទ្ធសាស្ត្រ ដើម្បីកាត់បន្ថយហានិភ័យ និងបង្កើនឱកាសនៃការទទួលបានប្រាក់ចំណេញ ដែលមានដូចខាងក្រោម៖
១-យុទ្ធសាស្រ្តជួញដូរតាមរយៈព័ត៌មាន (News Trading)៖ យុទ្ធសាស្រ្តនេះពាក់ព័ន្ធនឹងការជួញដូរដោយផ្អែកលើព័ត៌មាន និងការរំពឹងទុករបស់ទីផ្សារមុន និងក្រោយការចេញផ្សាយព័ត៌មាន។ ដោយសារតែការផ្សព្វផ្សាយយ៉ាងឆាប់រហ័សនៃព័ត៌មានតាមរយៈប្រព័ន្ធផ្សព្វផ្សាយឌីជីថល អ្នកជួញដូរត្រូវវាយតម្លៃភ្លាមៗពីឥទ្ធិពលនៃព័ត៌មាននិងត្រូវធ្វើការសម្រេចចិត្តជួញដូរឱ្យបានឆាប់រហ័ស។ ការណ៍នេះ គឺទាមទារឱ្យអ្នកជួញដូរមានផ្នត់គំនិត និងសមត្ថភាពក្នុងការឆ្លើយតបយ៉ាងឆាប់រហ័សចំពោះការប្រែប្រួលនៃព័ត៌មាននេះ។
២-យុទ្ធសាស្ត្រជួញដូរនៅចុងបញ្ចប់នៃថ្ងៃ (End-of-day)៖ សំដៅលើយុទ្ធសាស្រ្ត ដែលអ្នកជួញដូរដាក់បញ្ជាទិញ និងលក់នៅពេលទីផ្សាររៀបនឹងបិទ។ អ្នកជួញដូរ End-of-day មានភាពសកម្មនៅពេលដែលមានភាពច្បាស់លាស់ថាថ្លៃនឹង “ទូទាត់” ឬបិទ។ យុទ្ធសាស្ត្រនេះ ទាមទារឱ្យមានការសិក្សាអំពីសកម្មភាពថ្លៃ ដោយប្រៀបធៀបទៅនឹងបម្រែបម្រួលថ្លៃពីមុន។
៣- យុទ្ធសាស្រ្តជួញដូរ Swing: ការជួញដូរ Swing ពាក់ព័ន្ធនឹងការទាញយកអត្ថប្រយោជន៍នៃការឡើង និងធ្លាក់ចុះថ្លៃ ដែលកើតនៅក្នុងទីផ្សារហិរញ្ញវត្ថុមួយ។ អ្នកជួញដូរ Swing នឹងទិញនៅពេលដែលពួកគេរំពឹងថាថ្លៃនឹងកើនឡើង និងលក់នៅពេលដែលពួកគេរំពឹងថាថ្លៃនឹងធ្លាក់ចុះ។ យុទ្ធសាស្រ្តនេះពឹងផ្អែកទាំងស្រុងលើការវិភាគបច្ចេកទេស ការប្រើប្រាស់តារាងនិងគំរូថ្លៃពីមុន ដើម្បីកំណត់និន្នាការ និងឱកាស។
៤-យុទ្ធសាស្រ្តជួញដូរតាមរយៈនិន្នាការ (Trend Trading)៖ យុទ្ធសាស្រ្តនេះ អាចឱ្យអ្នកជួញដូរស្វែងរកប្រាក់ចំណេញតាមរយៈការធ្វើការជួញដូរក្នុងទិសដៅស្របទៅនឹងនិន្នាការទីផ្សារដែលមានស្រាប់។ អ្នកជួញដូរនឹងរក្សាការជួញដូរនោះ ដរាបណានិន្នាការនោះនៅតែបន្ត ប៉ុន្តែយុទ្ធសាស្រ្តនេះមានហានិភ័យនៃការដើរបញ្ច្រាស ទីផ្សារ តែយើងអាចកាត់បន្ថយតាមរយៈការប្រើយុទ្ធសាស្រ្ត Stop-loss Order ដែលជាការកំណត់ថ្លៃទុកជាមុន ដើម្បីការពារការខាតបង់ដែលអាចកើតមានឡើង ដោយថ្លៃនឹងត្រូវបានបិទដោយស្វ័យប្រវត្តិនៅពេលដែលធ្លាក់ដល់ចំណុចមួយ។
***អត្ថបទនេះ ត្រូវបានចងក្រងឡើងក្នុងគោលបំណងផ្តល់ជាព័ត៌មាន និងអប់រំតែប៉ុណ្ណោះ ដោយមិនឆ្លុះបញ្ចាំងពីអនុសាសន៍ ឬដំបូន្មានក្នុងការវិនិយោគនោះទេ។ ន.ម.ក. និងក្រុមហ៊ុន ផូសមេឌា ខូអិលធីឌី មិនទទួលខុសត្រូវចំពោះការបាត់បង់ ឬការខូចខាតណាមួយនោះឡើយ។