ភ្នំពេញៈ និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) ជំរុញឱ្យមានកិច្ចខិតខំប្រឹងប្រែងរួមគ្នាពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីបង្កើនលំហូរហិរញ្ញវត្ថុដល់គម្រោងវិនិយោគអាកាសធាតុក្នុងរយៈពេលវែង ដែលអាចផ្តល់និរន្តរភាពបរិស្ថាន។
កាលពីថ្ងៃទី២៩ សីហា ន.ម.ក. (SERC) សហការជាមួយគណៈកម្មការសេដ្ឋកិច្ច និងសង្គមសម្រាប់ តំបន់អាស៊ីប៉ាស៊ីហ្វិករបស់អង្គការសហប្រជាជាតិ (UNESCAP) បានរៀបចំសិក្ខាសាលាស្ដីពី «ការអភិវឌ្ឍគម្រោងវិនិយោគអាកាសធាតុសម្រាប់រយៈពេលវែងនៅកម្ពុជា» នៅរាជធានីភ្នំពេញ។
សិក្ខាសាលានេះត្រូវបានរៀបចំឡើងជាផ្នែកមួយនៃគំនិតផ្ដួចផ្ដើមគម្រោងវិនិយោគអាកាសធាតុរបស់ UNESCAP ក្រោមភាពជាដៃគូជាមួយ ន.ម.ក. ដើម្បីបង្ហាញលទ្ធផលស្រាវជ្រាវរបស់ UNESCAP លើការអភិវឌ្ឍគម្រោងបៃតង និងនិរន្តរភាព, ការពិភាក្សាអំពីបញ្ហាប្រឈម និងកាលានុវត្តភាពក្នុងការបង្កើនលំហូរហិរញ្ញវត្ថុដល់គម្រោងនេះ, និងការប្រមូលព័ត៌មានពីថ្នាក់ដឹកនាំផ្នែកហិរញ្ញវត្ថុនិរន្តរភាព និងឧត្តមានុវត្តដែលប្រើប្រាស់នៅកម្ពុជា។
លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ ន.ម.ក.ថ្លែងថា៖ «ដើម្បីសម្រេចបាននូវគោលបំណងទាំងនេះ វាទាមទារឱ្យមានកិច្ចខិតខំប្រឹងប្រែងរួមគ្នាពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់»។
លោកបន្តថា រាជរដ្ឋាភិបាលកម្ពុជាបានប្ដេជ្ញាចំពោះការអភិវឌ្ឍប្រកបដោយនិរន្តរភាព តាមរយៈគោលនយោបាយ និងគំនិតផ្ដួចផ្ដើមផ្សេងៗ ប៉ុន្តែ កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលតែមួយមិនគ្រប់គ្រាន់នោះទេ។ វាទាមទារឱ្យមានការចូលរួមយ៉ាងសកម្មពីវិស័យឯកជន ដែលដើរតួនាទីសំខាន់ក្នុងការកៀរគរ មូលធន និងជំរុញនវានុវត្តន៍ និងទាមទារឱ្យមានការគាំទ្រពីដៃគូអន្តរជាតិ ដែលផ្តល់នូវជំនាញ ធនធាន និងទស្សនវិស័យដ៏មានតម្លៃ។
លោក ស៊ូ សុជាតិ បន្ថែមថា៖ «ការសហការគ្នាគឺជាគន្លឹះនៃភាពជោគជ័យ ហើយតាមរយៈការធ្វើការជាមួយគ្នា យើងអាចប្រើប្រាស់នូវភាពខ្លាំងរបស់យើង ដើម្បីកាត់បន្ថយហានិភ័យ និងបង្កើតបរិយាកាស ដែលគម្រោងបៃតងអាចរីកចម្រើនបាន។ ដូចនេះ តាមរយៈភាពជាដៃគូទាំងនេះ យើងអាចបង្កើតគម្រោងវិនិយោគអាកាសធាតុក្នុងរយៈពេលវែង ដែលមិនត្រឹមតែអាចផ្តល់ប្រយោជន៍ហិរញ្ញវត្ថុប៉ុណ្ណោះទេ ថែមទាំងផ្តល់ប្រយោជន៍ដល់សង្គម និងនិរន្តរភាពនៃបរិស្ថានផងដែរ»។
លោកស្រី Deanna Morris មន្ត្រីកិច្ចការសេដ្ឋកិច្ចនៃការិយាល័យគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍនៃ UNESCAP ថ្លែងថា ការអភិវឌ្ឍគោលនយោបាយសមស្រប និងឧបករណ៍ហិរញ្ញប្បទានគឺជាចំណុចសំខាន់ក្នុងការសម្រេចបាននូវគោលដៅហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព។ ទោះបីជាយ៉ាងណាក៏ដោយ ឧបសគ្គដ៏សំខាន់ដែលជាមូលដ្ឋានគ្រឹះសម្រាប់សម្រួលដល់លំហូរហិរញ្ញវត្ថុ គឺការធានាឱ្យបាននូវការអភិវឌ្ឍគម្រោងហិរញ្ញវត្ថុដែលរឹងមាំ។
លោកស្រីថ្លែងថា៖ «គម្រោងដែលមានរយៈពេលវែងទាំងនេះត្រូវតែអាចធានាបាននូវបរិស្ថានល្អ និងស្របតាមអាទិភាពនៃការប្តេជ្ញា (NDC) របស់រដ្ឋាភិបាល។ គម្រោងទាំងនេះ អាចត្រួសត្រាយផ្លូវសម្រាប់ការធ្វើអន្តរកាលឆ្ពោះទៅសេដ្ឋកិច្ចដែលមានកាបូនទាប និងធន់នឹងអាកាសធាតុ ព្រមទាំងអាចអនុញ្ញាតឱ្យរាជរដ្ឋាភិបាលដាក់ចេញនូវផែនទីបង្ហាញផ្លូវច្បាស់លាស់នៃគម្រោងដែលស្របតាមគោលដៅអាកាសធាតុ ដោយផ្តល់ភាពច្បាស់លាស់លើអាទិភាព ហិរញ្ញវត្ថុសាធារណៈ និងដល់វិនិយោគិនឯកជនអំពីឱកាសសក្ដានុពល»៕