ការ​វិនិយោគ​អាច​ជា​កិច្ចការ​ដ៏​គួរ​ឱ្យ​ភ័យខ្លាច ជាពិសេស​សម្រាប់​យុវវ័យ ដែល​ទើប​តែ​ចាប់​ផ្តើម​ក្នុង​ដំណើរ​គ្រប់គ្រង​ហិរញ្ញ​វត្ថុ​របស់​ពួកគេ។ ទោះ​ជា​យ៉ាងណាក៏ដោយ ការ​យល់ដឹង និង​ការ​អនុវត្ត​ក្នុង​ការ​គ្រប់គ្រង​ផលបត្រ​ប្រកប​ដោយ​ប្រសិទ្ធភាព​អាច​ធ្វើឱ្យ ការ​វិនិយោគ​របស់​ពួកគេ​ប្រសើរ​ឡើង។ 

ដូច្នេះ អត្ថបទ​នេះ បង្ហាញ​ពី​សារៈសំខាន់​នៃ​ការ​គ្រប់គ្រង​ផលបត្រ រួម​ទាំង​របៀប​បង្កើត​ផលបត្រ​ចម្រុះ សារៈសំខាន់​នៃ​ការ​គ្រប់គ្រង​ប្រកប​ដោយ​ប្រសិទ្ធភាព និង​ឧត្តមានុវត្តន៍​សម្រាប់​ការ​រក្សា​យុទ្ធសាស្រ្ត​វិនិយោគ​ប្រកប​ដោយ​ជោគជ័យ។


១) តើអ្វី​គឺជា​ការ​គ្រប់គ្រង​ផលបត្រ?

ការ​ជ្រើសរើស​ការ​វិនិយោគ ដើម្បី​សម្រេច​បាន​នូវ​គោលបំណង​ហិរញ្ញវត្ថុ គឺជា​សិល្បៈ និង​ជា​វិទ្យាសាស្ត្រ​ក្នុង​ការ​គ្រប់គ្រង​ផលបត្រ រួមមាន ការ​ជ្រើសរើស ការ​ត្រួតពិនិត្យ និង​ការ​កែ​សម្រួល​បណ្តុំ​នៃ​ការ​វិនិយោគ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ផលបត្រ។ ការគ្រប់គ្រង​ផលបត្រ គឺ​ដើម្បី​ធ្វើឱ្យ​មាន​តុល្យភាព​ហានិភ័យ និង​ការ​សង​មក​វិញ​ក្នុង​លក្ខណៈ​មួយ​ដែល​ស្របតាម​គោលបំណង​របស់​វិនិយោគិន និង​កម្រិត​ហានិភ័យ​ដែល​ទទួល​យក​បាន​ដែល​ការ​គ្រប់គ្រង​នេះ គឺជា​យុទ្ធសាស្រ្ត​ ដែល​អនុញ្ញាត​ឱ្យ​វិនិយោគិន​វ័យក្មេង​ចំណេញ​ពេលវេលា ព្រម​ទាំង​អាច​គ្រប់គ្រង​ហានិភ័យ ដែល​អាច​កើតមាន ផងដែរ។


២) របៀប​នៃ​ការ​បង្កើត​ផលបត្រ

ការ​បង្កើត​ផលបត្រ គឺ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើផែនការ​ប្រកប​ដោយ​ការ​ពិចារណា និង ការ​អនុវត្ត​ជា​យុទ្ធសាស្ត្រ។ ដើម្បី​បង្កើត​មូលដ្ឋាន​វិនិយោគ​ដ៏​រឹងមាំ ជាដំបូង ចាប់ផ្តើម​ដោយ​កំណត់​គោលដៅ​ហិរញ្ញ​វត្ថុ​របស់​ខ្លួន មិន​ថា​អ្នក​កំពុង​សន្សំ​សម្រាប់​ការ​បង់រំលោះផ្ទះ, ផែនការ​ចូលនិវត្តន៍ ឬ​មាន​បំណង​សន្សំ​ទុក​រយៈពេលវែង​នោះ​ទេ។ គោលដៅ​របស់​អ្នក​ជា​ជម្រើស​វិនិយោគ​របស់​អ្នក និងពេល​វេលា​កំណត់។

ទី២ គឺការ​វាយ​តម្លៃ​កម្រិត​ទទួល​យក​ហានិភ័យ ដែល​សំដៅ​លើ​សមត្ថភាព និង​ឆន្ទៈ ក្នុង​ការ​ស៊ូទ្រាំនឹង​ការ​ប្រែប្រួល​របស់​ទីផ្សារ។ វិនិយោគិន​វ័យក្មេង​ជា​ធម្មតា​មាន​កម្រិត​ទទួល​យក​ហានិភ័យ​ខ្ពស់ ពីព្រោះ​ពេលវេលា​នៃ​ការ​វិនិយោគ​របស់​ពួកគេ​មាន​រយៈពេល​វែង ដែល​អាច​ធ្វើ​ឱ្យ​ពួកគេ​ងើបឡើង​វិញ​ពី​ការ​ធ្លាក់​ចុះ​នៃ​ទីផ្សារ។ 

ទី៣ គឺការ​ធ្វើ​ពិពិធកម្ម​នៃ​ការ​វិនិយោគ​សម្រាប់​ប្រភេទ​ទ្រព្យ​សកម្ម​ផ្សេងៗ​ដូចជា ភាគហ៊ុន សញ្ញាបណ្ណ និង​សាច់ប្រាក់ ដើម្បី​ធ្វើ​ចំណាត់​ថ្នាក់​ហានិភ័យ និង​ទម្រង់​នៃ​ផល​ចំណេញ​ត្រឡប់​មក​វិញ​ផ្សេងៗ​គ្នា។ ទី៤ គឺការ​បង្កើត​ផែនការ​បែងចែក​ទ្រព្យ​សកម្ម​ដោយ​សម្រេច​ថា​តើ​ផលបត្រ​របស់​អ្នក​ត្រូវ​វិនិយោគ​ប៉ុន្មាន​ភាគរយ​ក្នុង​ចំណោម​ប្រភេទ​ទ្រព្យសកម្ម​នីមួយៗ។

ជាចុងក្រោយ ធ្វើការ​តាម​ដាន​ជា​ប្រចាំ និងធ្វើ​តុល្យភាព​ផលបត្រ​ឡើងវិញ ដើម្បី​ធានា​ថា​វា​នៅតែ​ស្របតាម​គោលដៅ និង​កម្រិត​ហានិភ័យ​ដែល​ទទួល​យក​បាន (Risk Tolerance)។ កន្លង​យូរទៅ ការ​វិនិយោគ​អាច​កើន​ឡើង​មិន​ស្មើគ្នា ដូច្នេះ ការ​ធ្វើ​តុល្យភាព​ឡើងវិញ​ពាក់ព័ន្ធ​នឹង​ការ​កែតម្រូវ​ផលបត្រ​របស់​អ្នក​ត្រឡប់​ទៅ​ការ​បែងចែក​ដើម​របស់​វា ដើម្បី​រក្សា​កម្រិត​ហានិភ័យ​ដែល​ទទួល​យកបាន និង​យុទ្ធសាស្ត្រ​វិនិយោគ។

ឧទាហរណ៍៖ លីហ្សា អាយុ ២៥ឆ្នាំ មាន​បំណង​ចង់​បង់​រំលោះផ្ទះ​រយៈពេល ១០ ឆ្នាំ ដូចនេះ នាង​បាន​ចាប់​ផ្តើម​រៀបចំ​ផលបត្រ​របស់​នាង ដោយ​ជ្រើសរើស​ប្រភេទ​ទ្រព្យសកម្ម​ក្នុង​រយៈពេល​វែង និង​កម្រិត​ទទួល​យក​ហានិភ័យ។ សម្រាប់​កំណើន​សក្តានុពល នាង​បាន​បែងចែក​ផ្នែក​សំខាន់​នៃ​ផល​បត្រ​របស់​នាង​ទៅ​វិនិយោគ​លើ​ភាគហ៊ុន។ ដើម្បី​ធ្វើឱ្យ​មាន​តុល្យភាព​ហានិភ័យ​ពី​ការវិនិយោគ​ភាគហ៊ុន​របស់​នាង លីហ្សា​វិនិយោគ​លើ​សញ្ញាបណ្ណ​សម្រាប់​ស្ថិរភាព​បន្ថែម។ លើស​ពី​នេះ នាង​រក្សា​ចំណែក​នៃ​ផលបត្រ​របស់​នាង​ជា​សាច់ប្រាក់ និង​បេឡា​សមមូល ដើម្បី​រ៉ាប់រង​តម្រូវ​ការ​បន្ទាន់ និង​រយៈពេល​ខ្លី។

៣) ហេតុអ្វី​បាន​ជា​ការ​ធ្វើ​ពិពិធកម្ម​គឺជា​គន្លឹះ​សំខាន់?

ការ​ធ្វើ​ពិពិធកម្ម​គឺជា​គោលការណ៍​គ្រឹះ​នៃ​ការ​គ្រប់គ្រង​ផលបត្រ ដែល​មាន​សារៈសំខាន់​សម្រាប់​ការ​គ្រប់គ្រង​ហានិភ័យ​នៃ​ការ​វិនិយោគ។ វា​ពាក់ព័ន្ធ​នឹង​ការ​បែងចែក​នៃ​ការ​វិនិយោគ​លើ​ប្រភេទ​ទ្រព្យសកម្ម ដើម្បី​កាត់​បន្ថយ​ផល​ប៉ះពាល់​នៃ​ដំណើរការ​មិនល្អ​របស់​ទ្រព្យសកម្ម​តែមួយ​លើ​ផលបត្រ​រួម​របស់​អ្នក។ វិធីសាស្រ្តនេះ គឺ​មាន​សារៈសំខាន់​សម្រាប់​ហេតុផល​ជាច្រើន ដែល​ហេតុផល​ចំបង គឺ​កាត់​បន្ថយ​ហានិភ័យ​ដោយ​ធានាថា​ការ​វិនិយោគ​នីមួយៗ មាន​ផល​ប៉ះពាល់​តិចតួច​លើ​ផលបត្រ​រួម។

ទី២ ការ​ធ្វើពិពិធកម្ម​ជួយ​សម្រួល​ដល់​ផល​ចំណេញ​ត្រឡប់​មក​វិញ​តាម​ពេលវេលា ដោយសារ​ទ្រព្យសកម្ម​ផ្សេងៗ​មាន​ប្រតិកម្ម​ខុសពី​លក្ខខណ្ឌ​ទីផ្សារ។ ភាគហ៊ុន​អាច​មាន​ភាព​ល្អ​ប្រសើរ​នៅ​ក្នុង​សេដ្ឋកិច្ច​ដ៏​រឹងមាំ ខណៈពេល​ដែល​សញ្ញា​បណ្ណអាច​ផ្តល់​នូវ​ស្ថិរភាព​ក្នុង​អំឡុងពេល​សេដ្ឋកិច្ច​ធ្លាក់​ចុះ។ 

ជាចុងក្រោយ ផលបត្រ​ចម្រុះ​ជួយ​បង្កើន​ឱកាស ដោយ​បង្ហាញ​អ្នក​ទៅ​កាន់​ទីផ្សារ និង​វិស័យ ផ្សេងៗ ដែល​បង្កើន​សក្តានុពល នៃ​ផល​ចំណេញ​ត្រឡប់​មក​វិញ និង​អនុញ្ញាត​ឱ្យ​អ្នក​ទាញ​យក​ប្រយោជន៍​ពី​ឱកាស​នៅ​ទូទាំង​តំបន់​វិនិយោគ​ផ្សេងៗគ្នា។

ឧទាហរណ៍៖ ផលបត្រ​របស់​លីហ្សា មាន​ភាព​ចម្រុះ​នៅ​ទូទាំង​ប្រភេទ​ទ្រព្យសកម្ម​ផ្សេងៗ​គ្នា​ដូចជា ភាគហ៊ុន, សញ្ញាបណ្ណ និងសាច់ប្រាក់ ហើយ​នៅ​ក្នុង​ថ្នាក់​ទ្រព្យសកម្ម នាង​បាន​វិនិយោគ​លើ​ភាគហ៊ុន និង​សញ្ញាបណ្ណ​ផ្សេងៗ​គ្នា។ ជំនួស​ឱ្យ​ការ​វិនិយោគ​លុយ​ទាំងអស់​របស់​នាង​នៅ​ក្នុង​ភាគហ៊ុន​របស់​ក្រុមហ៊ុន​មួយ នាង​បាន​ធ្វើ​ពិពិធកម្ម ដោយ​ការ​វិនិយោគ​លើ​ភាគហ៊ុនចម្រុះ និង​សញ្ញាបណ្ណ។ ទាក់ទង​នឹង​ការ​បែងចែក​ទ្រព្យសកម្ម នាង​បាន​សម្រេច​ចិត្ត​បែងចែក ៧០% នៃ​ផលបត្រ​របស់​នាង​ទៅលើ​ភាគហ៊ុន, ២០% ទៅក្នុង​សញ្ញាបណ្ណ​សាជីវកម្ម ដើម្បី​ធានា​បាន​នូវស្ថិរភាព និង​ផល​ចំណេញ​ត្រឡប់​មក​វិញ​ប្រកប​ដោយស្ថិរភាព ហើយ​នៅ​សល់ ១០% ទៀត ត្រូវ​បាន​រក្សា​ទុក​ក្នុង​គណនី​សន្សំ​ដែល​មាន​ទិន្នផល​ខ្ពស់ ផ្តល់​សន្ទនីយភាព និង​សម្រាប់​គ្រា​អាសន្ន។ នៅពេល​ជ្រើសរើស​ការ​វិនិយោគ​ជាក់លាក់ លីហ្សា បាន​ជ្រើសរើស​ភាគហ៊ុន​ចម្រុះ រួម​មាន កំពង់ផែ វិស័យទឹក វិស័យ​អប់រំ និង​វិស័យ​ធនាគារ។ ដោយឡែក សម្រាប់​ការ​វិនិយោគ​សញ្ញាបណ្ណ​របស់​នាង នាង​ជ្រើសរើស​សញ្ញា​បណ្ណសាជីវកម្ម​ចម្រុះ។ វិធីនេះ ប្រសិន​បើ​ក្រុមហ៊ុន​មួយ​ដំណើរការ​មិន​បាន​ល្អ ក្រុមហ៊ុន​ផ្សេង​ទៀត អាច​ដំណើរការ​បាន​ល្អ ដោយ​ធ្វើឱ្យ​មាន​តុល្យភាព​នៃ​ហានិភ័យ​ទាំង​មូល​របស់នាង។

៤) ហេតុអ្វី​បាន​ជា​ការ​គ្រប់គ្រង​ផល​បត្រ​មាន​សារៈសំខាន់?

ការ​គ្រប់គ្រង​ផលបត្រ​ប្រកប​ដោយ​ប្រសិទ្ធភាព​គឺ​មាន​សារៈសំខាន់ ដែល​ជួយ​ឱ្យ​សម្រេច​បាន​នូវ​គោលដៅ​ហិរញ្ញ​វត្ថុ ដោយ​ធានា​បាន​នូវ​យុទ្ធសាស្រ្ត​វិនិយោគ​របស់​អ្នក​ដែល​ស្រប​នឹង​គោលដៅ មិន​ថា​អ្នក​កំពុង​កំណត់​គោលដៅ​កំណើន​រយៈពេល​វែង ឬ​ប្រាក់ចំណេញ​រយៈពេល​ខ្លី​នោះទេ​។ បន្ថែម​ពីនេះ អាច​ជួយ​ក្នុង​ការ​គ្រប់គ្រង​ហានិភ័យ​ដោយ​មាន​តុល្យភាព និង​ការ​ផ្ដល់ត្រឡប់​មក​វិញ។ ការ​វាយ​តម្លៃ​ជា​ទៀងទាត់ និង​ការ​កែ​តម្រូវការ​វិនិយោគ​របស់​អ្នក​អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ​ដែល​អាច​កើត​មាន និង​ជៀសវាង​ការ​ខាតបង់​សំខាន់ៗ។

ការ​គ្រប់គ្រង​ផលបត្រ ដែល​មាន​រចនា​សម្ព័ន្ធ​ល្អ បង្កើន​ប្រសិទ្ធភាព​នៃ​ផលចំណេញ​ត្រឡប់​មក​វិញ យោង​ទៅ​តាម​កម្រិត​ហានិភ័យ​ដែល​ទទួល​យក​បាន ដែល​អាច​ឱ្យ​អ្នក​កំណត់​អត្តសញ្ញាណ និង​ប្រើប្រាស់​ទុន​លើ​ឱកាស​សម្រាប់​ប្រាក់​ចំណូល​ខ្ពស់។ ជាចុងក្រោយ ការគ្រប់គ្រង​ផលបត្រ​ប្រកប​ដោយ​ប្រសិទ្ធភាព​ផ្តល់​នូវ​ការ​សម្រប​ខ្លួន ដែលអនុញ្ញាត​ឱ្យ​អ្នក​កែសម្រួល​យុទ្ធសាស្រ្ត​របស់​អ្នក​ក្នុង​ការ​ឆ្លើយតប​ទៅ​នឹង​ការ​ផ្លាស់ប្តូរ​ទីផ្សារ​ហិរញ្ញវត្ថុ និង​ស្ថានភាព​ផ្ទាល់​ខ្លួន ដោយ​ធានា​ថា​វិធីសាស្រ្ត​របស់​អ្នក​នៅ​តែ​ពាក់ព័ន្ធ​និង​មាន​ប្រសិទ្ធភាព​តាម​ពេលវេលា។

៥) ការ​អនុវត្ត​សម្រាប់​ការ​គ្រប់គ្រង​ផលបត្រ៖

ដើម្បី​ធានា​បាន​នូវ​ការ​គ្រប់គ្រង​ផលបត្រ​ប្រកប​ដោយ​ប្រសិទ្ធភាព និង​ជោគជ័យ វាជា​រឿង​សំខាន់​ណាស់​ក្នុង​ការ​ប្រកាន់​ខ្ជាប់​នូវការ​អនុវត្ត​ល្អ​បំផុត ដូច​ខាងក្រោម៖

ក). ការ​ចាប់ផ្តើម​នៅ​វ័យក្មេង៖ ការ​ចាប់ផ្តើម​វិនិយោគ​នៅ​វ័យក្មេង​អាច​បង្កើន​ថាមពល​នៃ​ការ​លូតលាស់​រួម។ នៅពេល​ដែល​អ្នក​ចាប់​ផ្ដើម​វិនិយោគិន​បាន​លឿន ពេលវេលា​របស់​អ្នក​មាន​កាន់​តែ​ច្រើន ប្រាក់​ចំណូល​របស់​អ្នក​ត្រូវ​កើនឡើង​តាម​រយៈការ​វិនិយោគ​ឡើងវិញ និង​ចំណេញ​ពី​ការប្រាក់។

ខ). ការ​ទទួល​ព័ត៌មាន៖ បន្ត​ធ្វើ​បច្ចុប្បន្នភាព​ជាមួយ​និន្នាការ​ទីផ្សារ ព័ត៌មាន និង​ជម្រើស​នៃ​ការ​វិនិយោគ​ផ្សេងៗ។ ការទទួល​បាន​ព័ត៌មាន​ជួយ​ឱ្យ​អ្នក​ធ្វើការ​សម្រេច​ចិត្ត​ដែល​មាន​ការ​ពិចារណា​យ៉ាង​ល្អិតល្អន់ និង​កែ​តម្រូវ​ផលបត្រ​របស់​អ្នកដើម្បី​ឆ្លើយតប​ទៅ​នឹង​ការ​ផ្លាស់ប្តូរ​លក្ខខណ្ឌ និង​កាលានុវត្តភាព។

គ). ការ​ត្រួត​ពិនិត្យ​ជា​ប្រចាំ និង​សមតុល្យ​ឡើងវិញ៖ វាយ​តម្លៃ​ផលបត្រ​របស់​អ្នក​តាម​កាល​កំណត់ ដើម្បី​ធានា​ថា​ស្រប​នឹងគោលដៅ​ហិរញ្ញ​វត្ថុ​របស់​អ្នក។ លើស​ពី​នេះ ពិចារណា​ធ្វើ​សមតុល្យ​ការ​វិនិយោគ​របស់​អ្នក​ឡើងវិញ អាច​ជួយ​រក្សា​កម្រិតហានិភ័យ និង​ការ​បែងចែក​ទ្រព្យសកម្ម ដោយ​ធ្វើ​ការ​កែតម្រូវ​តាម​ការ​ចាំបាច់។

ឃ). ការ​ស្វែងរក​ដំបូន្មាន​ប្រកប​ដោយ​វិជ្ជាជីវៈ៖ ប្រសិន​បើ​អ្នក​មិន​ប្រាកដ​ក្នុង​ការ​គ្រប់គ្រង​ការ​វិនិយោគ​របស់​អ្នក​ដោយ​ខ្លួនឯងទេ ស្វែងរក​ការ​ពិគ្រោះ​ជាមួយ​ទីប្រឹក្សា​ហិរញ្ញវត្ថុ។ អ្នក​ជំនាញ​អាច​ផ្តល់​នូវ​ការ​ណែនាំ និង​យុទ្ធសាស្ត្រ​ផ្ទាល់​ខ្លួន ដែលសមស្រប​ទៅ​នឹង​ស្ថានភាព​ហិរញ្ញវត្ថុ និង​គោល​បំណង​របស់​អ្នក ដោយ​ជួយ​អ្នក​ស្វែងរក​ការ​សម្រេច​ចិត្ត​ដ៏​ស្មុគស្មាញ និង​ធ្វើឱ្យ​វិធី​សាស្រ្ត​វិនិយោគ​របស់​អ្នក​ប្រសើរឡើង។

ឧទាហរណ៍៖ លីហ្សា​បាន​ចាប់ផ្តើម​ដំណើរ​វិនិយោគ​របស់​នាង​នៅ​អាយុ ២៥ ឆ្នាំ ដោយ​ផ្តល់​ពេលវេលា​ដល់​ការ​វិនិយោគ​របស់​នាង​ដើម្បី​ភាព​រីកចម្រើន និង​ទទួល​បាន​អត្ថប្រយោជន៍​ពី​ការ​ប្រមូលផល​មកវិញ ខណៈដែល​គោលដៅ​ចម្បង​របស់នាង​គឺ​ដើម្បី​សន្សំ​សម្រាប់​ការ​បង់រំលោះ​ផ្ទះ​ក្នុង​រយៈពេល ១០ ឆ្នាំ។ ដូច្នេះ នាងបាន​តាមដាន​និន្នាការ​ទីផ្សារ និង​ព័ត៌មាន​សេដ្ឋកិច្ច ដើម្បី​ធ្វើ​ការ​សម្រេច​ចិត្ត​ដោយ​ផ្អែកលើ​ព័ត៌មាន និង​កែសម្រួល​ផលបត្រ​របស់​នាង​តាម​តម្រូវការ។ លីហ្សា តែងតែពិនិត្យ​មើល​ផលបត្រ​របស់​នាង​រៀងរាល់​ប្រាំមួយ​ខែម្តង និង​សមតុល្យ​ឡើងវិញ​តាម​ការ​ចាំបាច់ ដើម្បី​រក្សា​ការ​បែងចែក​ទ្រព្យសម្បត្តិ ដែល​នាង​ចង់​បាន។ ម្តងម្កាល នាង​បាន​ពិគ្រោះយោបល់​ជាមួយ​អ្នក​ប្រឹក្សា​ហិរញ្ញវត្ថុ ដែល​ទទួល​បាន​អាជ្ញាបណ្ណ​ពី​និយ័តករ​មូលបត្រ​កម្ពុជា ដើម្បី​ធានា​ថា​យុទ្ធសាស្រ្ត​វិនិយោគ​របស់​នាង​ត្រឹមត្រូវ និង​ទទួល​បាន​ការ​ណែនាំ​ផ្ទាល់ខ្លួន។

***អត្ថបទនេះ ត្រូវ​បាន​ចងក្រង​ឡើង​ក្នុង​គោលបំណង​ផ្តល់​ជា​ព័ត៌មាន និងអប់រំ​តែប៉ុណ្ណោះ ដោយ​មិន​ឆ្លុះ​បញ្ចាំង​ពី​អនុសាសន៍​ ​ឬ​​ដំបូន្មាន​ក្នុង​ការ​វិនិយោគ​នោះ​ទេ។ ន.ម.ក. និងក្រុមហ៊ុន ផូសមេឌា ខូអិលធីឌី មិន​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​បាត់បង់ ឬ​ការ​ខូចខាតណា​មួយ​នោះ​ឡើយ។

ឯកសារយោង៖  https://www.investopedia.com/​articles/​young​investors/12/​portfolio-management​-tips-young-investors.asp   

រៀបចំដោយ៖    និយ័តករមូលបត្រកម្ពុជា
នាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្ដាល អភិវឌ្ឍន៍ទីផ្សារមូលបត្រ និងទំនាក់ទំនងអន្តរជាតិ
អ៊ីមែល៖ international@serc.gov.kh    
ទូរសព្ទ៖ ០២៣ ៨៨៥ ៦១១