
I. តើអ្វីជាសុវត្ថិភាពហិរញ្ញវត្ថុ?
មនុស្សជាច្រើនយល់ថា ការមានសុវត្ថិភាពហិរញ្ញវត្ថុ លុះត្រាតែអ្នកក្លាយជាមហាសេដ្ឋី ប៉ុន្តែអត្ថន័យនៃសុវត្ថិភាពហិរញ្ញវត្ថុអាចខុសគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។ សុវត្ថិភាពហិរញ្ញវត្ថុ គឺជាស្ថានភាពដែលបុគ្គលម្នាក់មានប្រាក់គ្រប់គ្រាន់ ដើម្បីបំពេញតម្រូវការមូលដ្ឋានរបស់ពួកគេ ដូចជា៖ អាហារ លំនៅឋាន សម្លៀកបំពាក់ មធ្យោបាយធ្វើដំណើរ ការថែទាំសុខភាព និងការមានហិរញ្ញវត្ថុសម្រាប់គំាទ្រការរស់នៅផ្សេងទៀត។ សុវត្ថិភាពហិរញ្ញវត្ថុតំណាងឱ្យលទ្ធភាពក្នុងការរស់នៅប្រកបដោយផាសុកភាព និងផ្តល់ឱ្យនូវអារម្មណ៍សុវត្ថិភាព ដែលមានន័យថាអ្នកលែងព្រួយបារម្ភអំពីសាច់ប្រាក់ ព្រោះអ្នកអាចគ្រប់គ្រងស្ថានភាពហិរញ្ញវត្ថុរបស់អ្នកបាន។
ឧទាហរណ៍៖ មនុស្សមួយចំនួនចង់មានប្រាក់ចំនួនមួយលានដុល្លារអាម៉េរិក ដើម្បីមានសុវត្ថិភាពហិរញ្ញវត្ថុ ប៉ុន្តែសម្រាប់អ្នកខ្លះវិញទៀត និយមន័យនៃសុវត្ថិភាពហិរញ្ញវត្ថុអាចគ្រាន់តែសល់ប្រាក់សន្សំខ្លះក្នុងធនាគារជារៀងរាល់ខែប៉ុណ្ណោះ។

II. តើធ្វើដូចម្តេចដើម្បីសម្រេចបានសុវត្ថិភាពហិរញ្ញវត្ថុ?
ក). វាយតម្លៃស្ថានភាពហិរញ្ញវត្ថុផ្ទាល់ខ្លួន
ការរៀបចំផែនការហិរញ្ញវត្ថុបានត្រឹមត្រូវ គឺនាំឱ្យសម្រេចបាននូវសុវត្ថិភាពហិរញ្ញវត្ថុ ដែលនេះផ្តើមចេញពីការវិភាគហ្មត់ចត់អំពីស្ថានភាពហិរញ្ញវត្ថុបច្ចុប្បន្នរបស់អ្នក។ មនុស្សគ្រប់រូបមានស្ថានភាពហិរញ្ញវត្ថុខុសៗគ្នា ហើយការយល់ដឹងពីការចំណាយមានសារៈសំខាន់ក្នុងការសម្រេចបាននូវសុវត្ថិភាពហិរញ្ញវត្ថុ។ កម្រិតនៃប្រាក់ចំណូល ការចំណាយ ទ្រព្យសម្បត្តិ បំណុល ហានិភ័យ និងគោលដៅរបស់អ្នក គឺជាធាតុផ្សំនៃការរៀបចំផែនការហិរញ្ញវត្ថុដែលទទួលបានជោគជ័យ។
ខ). កំណត់គោលដៅហិរញ្ញវត្ថុ
ជាមួយនឹងការវាយតម្លៃស្ថានភាពបច្ចុប្បន្នរបស់អ្នកយ៉ាងហ្មត់ចត់ និងតម្រូវការបន្ទាន់ដែលអាចកើតមានឡើង អ្នកគួរត្រៀមខ្លួនរួចជាស្រេចសម្រាប់ជំហានបន្ទាប់គឺ ការបង្កើតគោលដៅហិរញ្ញវត្ថុ។ មនុស្សភាគច្រើនមាននិន្នាការទិញផ្ទះ ទិញរថយន្តថ្មី ឈប់សម្រាកវិស្សមកាល ជួយឪពុកម្តាយរបស់ពួកគេផ្នែកហិរញ្ញវត្ថុ ជាដើម។ មិនថាវាជាអ្វីក៏ដោយ គោលដៅរបស់អ្នកត្រូវតែជាក់លាក់ និងត្រូវកំណត់ពេលវេលា ដែលអ្នកចង់សម្រេចវាឱ្យបាន។
គ). តាមដានចំណូល-ចំណាយ
បន្ទាប់ពីវាយតម្លៃស្ថានភាពហិរញ្ញវត្ថុផ្ទាល់ខ្លួន និងកំណត់គោលដៅហិរញ្ញវត្ថុរួចមក អ្វីដែលអ្នកគួរធ្វើបន្ទាប់គឺ តាមដានចំណូល-ចំណាយ ដែលជាចំណុចចាប់ផ្តើមមួយ ដែលអាចឱ្យអ្នកដឹងពីស្ថានភាព ហិរញ្ញវត្ថុផ្ទាល់ខ្លួន អនុញ្ញាតឱ្យអ្នកគ្រប់គ្រងលុយកាក់បានល្អ និងរៀបចំចំណាយដែលជាអាទិភាព ដោយកែតម្រូវនូវទម្លាប់ចំណាយដែលមិនចាំបាច់ និងចៀសវាងពីពាក្យថា “ប្រាក់ខែ/ចំណូលតិចក៏គ្រប់ ច្រើនក៏គ្រាន់”។ អ្នកអាចប្រើកម្មវិធីទូរស័ព្ទដៃ ឬចាប់ផ្តើមពីការកត់ត្រាក្នុងសៀវភៅ ឬក៏វិធីសាស្រ្តផ្សេងទៀត ដែលអ្នកគិតថាងាយស្រួលសម្រាប់អ្នក និងអនុវត្តឱ្យបានខ្ជាប់ខ្ជួន ដោយអ្នកអាចកែតម្រូវយុទ្ធសាស្រ្ត ដើម្បីឱ្យការតាមដានចំណូលចំណាយមានប្រសិទ្ធភាព។

III. ការវិនិយោគក្នុងទីផ្សារមូលបត្រ
ការវិនិយោគក្នុងទីផ្សារមូលបត្រ គឺជាជម្រើសមួយដ៏ល្អប្រសើរ ដោយហេតុថាវាជាប្រភេទការវិនិយោគ ដែលផ្តល់នូវប្រភពចំណូលអកម្ម ហើយផ្តល់នូវសក្តានុពលក្នុងការទទួលបានផលចំណេញត្រឡប់មកវិញច្រើនក្នុងរយៈពេលវែង ដែលនឹងជួយអ្នកឱ្យសម្រេចបាននូវសុវត្ថិភាពហិរញ្ញវត្ថុ។
១. ភាគហ៊ុន
ក). ចំណេញមូលធន (Capital Gain)៖ គឺជាផលតបស្នងមកវិញនៃការកើនឡើងតម្លៃចាប់ពីពេលទិញរហូតដល់ពេលលក់។
ឧទាហរណ៍៖ វិនិយោគិនទិញភាគហ៊ុនរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុក្នុងតម្លៃ ៥.០៤០ រៀល កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៧ និងបានលក់ចេញវិញនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ ក្នុងតម្លៃ ១១,៨៤០ រៀល ដូច្នេះចំណេញមូលធន ដែលយើងទទួលបានគឺ ៦,៦៤០ រៀល ក្នុងមួយភាគហ៊ុន។
ខ). ភាគលាភ (Dividend)៖ គឺសំដៅទៅលើចំណែកប្រាក់ដែលបានពីផលចំណេញរបស់ក្រុមហ៊ុនបោះផ្សាយ និងត្រូវបានកំណត់ដោយក្រុមប្រឹក្សាភិបាល ដែលមានចែងនៅក្នុងឯកសារផ្តល់ព័ត៌មានរបស់ក្រុមហ៊ុនបោះផ្សាយ ដើម្បីបែងចែកទៅឱ្យអ្នកកាន់កាប់ភាគហ៊ុនដែលត្រូវបានហៅថាភាគហ៊ុនិក។ ជាទូទៅ ភាគលាភត្រូវបានចែកតាមត្រីមាស ឆមាស ឬតាមឆ្នាំ និងត្រូវបានបែងចែកទៅតាមសមាមាត្រនៃចំនួនភាគហ៊ុនដែលកាន់កាប់គុណនឹងភាគលាភក្នុងមួយហ៊ុន។
ឧទាហរណ៍៖ អ្នកបានទិញភាគហ៊ុនចំនួន ៥០ ពីក្រុមហ៊ុនបោះផ្សាយមួយ ដោយក្រុមហ៊ុននោះ ប្រកាសចែកភាគលាភចំនួន ៥០០ រៀល ក្នុងមួយភាគហ៊ុន ដូច្នេះភាគលាភ ដែលអ្នកនឹងទទួលបានសរុបគឺ ២៥.០០០ រៀល។
គ). ភាពជាម្ចាស់កម្មសិទ្ធិ៖ អ្នកនឹងក្លាយជាចំណែកនៃភាពជាម្ចាស់កម្មសិទ្ធិក្រុមហ៊ុនបោះផ្សាយ ដែលអ្នកបានទិញភាគហ៊ុន ហើយអ្នកក៏មានសិទ្ធិទទួលបានចំណែកនៃប្រាក់ចំណេញដែលក្រុមហ៊ុនទទួលបានផងដែរ។ អ្នកនឹងមានសិទ្ធិបោះឆ្នោត និងមានចំណែកចូលរួមសម្រេចចិត្តក្នុងអាជីវកម្មរបស់ក្រុមហ៊ុនតាមសមាមាត្រនៃភាគហ៊ុនដែលខ្លួនកាន់កាប់ ក្នុងនាមជាភាគហ៊ុនិក។
ឃ). ការធ្វើពិពិធកម្ម (Diversification)៖ ពិពិធកម្ម គឺជាការបែងចែកទឹកប្រាក់វិនិយោគទៅលើឧបករណ៍ហិរញ្ញវត្ថុផ្សេងៗគ្នា ឬទៅលើក្រុមហ៊ុនផ្សេងៗគ្នា ដែលមកពីវិស័យផ្សេងគ្នា។ ការធ្វើពិពិធកម្មទៅលើភាគហ៊ុន គឺជាបច្ចេកទេសមួយដែលអាចជួយកាត់បន្ថយហានិភ័យក្នុងការវិនិយោគ និងបង្កើនឱកាសទទួលបានប្រាក់ចំណេញពីការវិនិយោគក្នុងឧបករណ៍ហិរញ្ញវត្ថុ ឬក្រុមហ៊ុនច្រើនផ្សេងៗទៀត ក៏ដូចជាជួយកាត់បន្ថយការខាតបង់ផងដែរ។
ង). ការលើកទឹកចិត្តផ្នែកពន្ធ៖ គឺជាយុទ្ធសាស្ត្រមួយយ៉ាងសំខាន់សម្រាប់អភិវឌ្ឍវិស័យមូលបត្រនៅព្រះរាជាណាចក្រកម្ពុជា។ វិនិយោគិនសាធារណៈទទួលបានការបន្ថយពន្ធកាត់ទុក ៥០ ភាគរយ លើការប្រាក់ និង/ឬភាគលាភដែលបានមកពីការកាន់កាប់ និង/ឬការទិញ-លក់ភាគហ៊ុន។

២. សញ្ញាបណ្ណ
ក្រៅពីការវិនិយោគលើមូលបត្រកម្មសិទ្ធិ អ្នកអាចជ្រើសរើសការវិនិយោគផ្សេងទៀត ដើម្បីសម្រេចបានសុវត្ថិភាពហិរញ្ញវត្ថុរបស់អ្នក។ ក្នុងនោះការវិនិយោគលើសញ្ញាបណ្ណ ក៏ជាជម្រើសវិនិយោគដ៏ល្អសម្រាប់សុវត្ថិភាពហិរញ្ញវត្ថុ ដែលផ្តល់នូវអត្ថប្រយោជន៍ដូចជា៖
ក). ទទួលបានចំណូលការប្រាក់ថេរ និងទៀងទាត់៖ ការវិនិយោគទៅលើសញ្ញាបណ្ណមានហានិភ័យទាប ហើយអ្នកនឹងទទួលបានប្រាក់ចំណេញមានទម្រង់ជាការប្រាក់ ឬហៅថាគូប៉ុង ដែលនឹងត្រូវបានផ្តល់ជូនជាប្រចាំ និងមានលក្ខណៈថេរ។ លើសពីនេះទៅទៀត ក្រុមហ៊ុនបោះផ្សាយត្រូវសងត្រឡប់មកវិញនូវប្រាក់ដើម នៅពេលដល់កាលកំណត់ (ឥណប្រតិទាន) ដែលជាទូទៅមានរយៈពេលចាប់ពី១ ទៅ១០ ឆ្នាំ ឬ ២០ឆ្នាំ។
ខ). ការលើកទឹកចិត្តផ្នែកពន្ធ៖ ដូចគ្នានឹងការវិនិយោគលើភាគហ៊ុន វិនិយោគិនសាធារណៈទទួលបានការបន្ថយពន្ធកាត់ទុក ៥០ ភាគរយ លើការប្រាក់ និង/ឬភាគលាភដែលបានមកពីការកាន់កាប់ និង/ឬការទិញ-លក់សញ្ញាបណ្ណ។
គ). អាចជួញដូរបាន៖ អ្នកអាចលក់សញ្ញាបណ្ណរបស់អ្នកនៅក្នុងទីផ្សារមូលបត្រដែលអនុញ្ញាតឱ្យបង្វែរការវិនិយោគទៅជាសាច់ប្រាក់មុនឥណប្រតិទានទៅតាមការចរចាថ្លៃដោយមិនបាត់បង់ការប្រាក់ដូចប្រាក់បញ្ញើមានកាលកំណត់នៅធនាគារ។
ឃ). អាទិភាពក្នុងការទូទាត់សំណង៖ អ្នកត្រូវបានផ្តល់អាទិភាពក្នុងការទទួលបានសំណង នៅពេលក្រុមហ៊ុនបោះផ្សាយក្ស័យធន។

***អត្ថបទនេះ ត្រូវបានចងក្រងឡើងក្នុងគោលបំណងផ្តល់ជាព័ត៌មាន និងអប់រំតែប៉ុណ្ណោះ ដោយមិនឆ្លុះបញ្ចាំងពីអនុសាសន៍ ឬដំបូន្មានក្នុងការវិនិយោគនោះទេ។ ន.ម.ក. និងក្រុមហ៊ុន ផូសមេឌា ខូអិលធីឌី មិនទទួលខុសត្រូវចំពោះការបាត់បង់ ឬការខូចខាតណាមួយនោះឡើយ។
រៀបចំដោយ៖ និយ័តករមូលបត្រកម្ពុជា
នាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្ដាល អភិវឌ្ឍន៍ទីផ្សារមូលបត្រ និងទំនាក់ទំនងអន្តរជាតិ
អ៊ីមែល៖ edu@serc.gov.kh
ទូរសព្ទ៖ ០២៣ ៨៨៥ ៦១១