I. តើអ្វីទៅជាអក្ខរកម្មហិរញ្ញវត្ថុ?

         អក្ខរកម្មហិរញ្ញវត្ថុ គឺជាចំណេះដឹងផ្នែកហិរញ្ញវត្ថុ សមត្ថភាពក្នុងការយល់ និងជំនាញក្នុងការគ្រប់គ្រងហិរញ្ញ-វត្ថុប្រកបដោយប្រសិទ្ធភាព ដូចជា៖ មូលដ្ឋានគ្រឹះក្នុងការសម្រេចចិត្តប្រើប្រាស់ប្រាក់ ការសន្សំ ការវិនិយោគ និងការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន ជាដើម ដើម្បីលើកកម្ពស់សុខុមាលភាពផ្នែកហិរញ្ញវត្ថុផ្ទាល់ខ្លួ​នឱ្យកាន់តែល្អប្រសើរ។​

II. ហេតុអ្វីយុវជនត្រូវមានចំណេះដឹងផ្នែកហិរញ្ញវត្ថុ?


         ការមានចំណេះដឹងផ្នែកហិរញ្ញវត្ថុ គឺជាកត្តាដ៏សំខាន់មួយ ដើម្បីគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួនឱ្យមានប្រសិទ្ធភាពនិងអាចត្រៀមខ្លួនក្នុងការដោះស្រាយបញ្ហាផ្នែកហិរញ្ញវត្ថុ និងចៀសវាងនូវហានិភ័យដោយសារប្រព័ន្ធហិរញ្ញវត្ថុក្រៅផ្លូវការ។ លើសពីនេះ ចំណេះដឹងផ្នែកហិរញ្ញវត្ថុអនុញ្ញាតឱ្យយុវជនជ្រើសរើសផលិតផលហិរញ្ញវត្ថុសម្រាប់វិនិយោគបានយ៉ាងឆ្លាតវៃ ពោល គឺ “ការបណ្តុះចំណេះដឹងហិរញ្ញវត្ថុដល់យុវជននៅថ្ងៃនេះ គឺជាការបង្កើតវិនិយោគិនដែលមានសក្តានុពលនៅថ្ងៃស្អែក” និងមានសារៈសំខាន់ ដូចខាងក្រោម៖​

  • ការសម្រេចចិត្តដ៏ឆ្លាតវៃ៖ យុវជនអាចធ្វើការសម្រេចចិត្តប្រកបដោយភាពឆ្លាតវៃ នៅពេលដែលពួកគេមាន មូលដ្ឋានគ្រឹះនៃការគ្រប់គ្រងប្រាក់ (ការសន្សំ ការវិនិយោគ និងការគ្រប់គ្រងឥណទាន ជាដើម) ដើម្បីអនុ-ញ្ញាតឱ្យពួកគេស្វែងរកបញ្ហាប្រឈមផ្នែកហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព និងអាចជួយការពារពួកគេពីហានិភ័យហិរញ្ញវត្ថុ និងលើកកម្ពស់សុខភាពហិរញ្ញវត្ថុរយៈពេលវែង។
  • កាត់បន្ថយភាពតានតឹងផ្នែកហិរញ្ញវត្ថុ៖ នៅពេលដែលបុគ្គលម្នាក់មានជំនាញក្នុងការគ្រប់គ្រងហិរញ្ញវត្ថុរបស់ពួកគេប្រកបដោយប្រសិទ្ធភាព ពួកគេទំនងជាមិនសូវជួបប្រទះនឹងការធុញថប់ និងសម្ពាធ ឬអស្ថិរភាពហិរញ្ញវត្ថុនោះទេ និងជួយពួកគេក្នុងការរៀបចំផែនការសម្រាប់ភាពអាសន្ន និងការចំណាយដែលមិនរំពឹងទុក ដែលមិនមានផលប៉ះពាល់ដល់សុខុមាលភាពផ្លូវចិត្ត និងជីវិតមានតុល្យភាពជាងមុន។
  • ទទួលបានសេរីភាពហិរញ្ញវត្ថុ៖ ជាស្ថានភាពដែលបុគ្គលម្នាក់មានប្រាក់គ្រប់គ្រាន់ ដើម្បីបំពេញតម្រូវការ និងអាចបង្កើតជីវិតដែលពួកគេចង់បានដោយមិនពឹងផ្អែកលើប្រាក់ចំណូលប្រចាំខែ។ នៅក្នុងលក្ខខណ្ឌនៃហិរញ្ញវត្ថុ ការសម្រេចបាននូវសេរីភាពហិរញ្ញវត្ថុ គឺនៅពេលដែលចំនួនសរុបនៃប្រាក់ចំណូលអកម្មធំជាងការចំណាយជាក់ស្តែង ប៉ុន្តែអត្ថន័យនៃសេរីភាពផ្នែកហិរញ្ញវត្ថុអាចខុសគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។
  • បង្កើនការសន្សំ និងការវិនិយោគ៖ បណ្ដុះគំនិត និងធ្វើឱ្យមានទម្លាប់ក្នុងការសន្សំ ដើម្បីសម្រេចបាននូវគោលដៅហិរញ្ញវត្ថុរយៈពេលខ្លី និងជាចន្ទល់ផ្នែកហិរញ្ញវត្ថុដ៏សំខាន់ដែលឆ្លើយតបនឹងតម្រូវការហិរញ្ញវត្ថុបន្ទាន់នាពេលអនាគត និងជួយក្នុងការសម្រេចចិត្តលើការវិនិយោគប្រកបដោយការយល់ដឹង ដើម្បីបង្កើនចំណូលអកម្ម។

III. បញ្ហាប្រឈមផ្នែកហិរញ្ញវត្ថុដែលយុវជនជួបប្រទះ

  • កង្វះចំណេះដឹងអំពីហិរញ្ញវត្ថុ៖ យុវជនជាច្រើនមិនមានចំណេះដឹងគ្រប់គ្រាន់អំពីការគ្រប់គ្រងប្រាក់របស់ពួកគេ និងមិនយល់ពីសារៈសំខាន់នៃការរៀបចំផែនការនៃការចំណាយ។
  • ការចំណាយលើសពីសមត្ថភាព៖ ដោយសារភាពរីកចម្រើនលឿនផ្នែកបច្ចេកវិទ្យា និងការផ្សព្វផ្សាយមានភាពទូលំទូលាយ បណ្ដាលឱ្យយុវជនខ្លះចំណាយប្រាក់លើសពីលទ្ធភាពរបស់ខ្លួន (ឧទាហរណ៍៖ ការទិញទំនិញតាមអនឡាញ ឬបង់រំលស់ដោយមិនគិតលទ្ធផលនៅថ្ងៃមុខ)។
  • ការប្រើប្រាស់ឥណទាន៖ សិស្ស-និស្សិតជាច្រើនប្រើប្រាស់បណ្ណឥណទាន ឬខ្ចីប្រាក់សម្រាប់ការសិក្សា ការចំណាយប្រចាំថ្ងៃ ឬប្រើប្រាស់សម្រាប់តម្រូវការណាមួយ ប៉ុន្តែពួកគេមិនបានរៀបចំផែនការផ្នែកហិរញ្ញវត្ថុបានច្បាស់លាស់ ដូចនេះបំណុលនឹងក្លាយជាបញ្ហាចម្បងនាពេលអនាគត។

IV. គន្លឹះក្នុងការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន

  • រៀបចំផែនការហិរញ្ញវត្ថុ៖ កំណត់ចំណូល និងចំណាយប្រចាំខែឱ្យបានច្បាស់លាស់ (ឧទាហរណ៍៖ បែងចែកថវិកា ៥០% សម្រាប់ចំណាយចាំបាច់, ៣០% សម្រាប់បម្រុងទុកក្នុងពេលមានអាសន្ន និង ២០% សម្រាប់សន្សំ ឬវិនិយោគ)។
  • ប្រើប្រាស់បច្ចេកវិទ្យាជាជំនួយ៖ ប្រើ App ដូចជា “Spendee”, “MISA Money Keeper” ឬ “Wallet” ដើម្បីតាមដានការចំណាយ។
  • ចាប់ផ្តើមបណ្តុះទំលាប់សន្សំ៖ ដោយចាប់ផ្តើមបែងចែកចំណូល និងចំណាយប្រចាំខែឱ្យច្បាស់លាស់ ទោះបី​ជាចំនួនតិច ឬច្រើន គឺសុទ្ធតែជំហានមួយដ៏ត្រឹមត្រូវ និងជួយឱ្យអ្នករួចផុតពីបញ្ហាផ្នែកហិរញ្ញវត្ថុនាពេលអនាគត ដូច្នេះ សូមចាប់ផ្តើមបណ្តុះទំលាប់សន្សំឱ្យបានលឿន និងអនុវត្តឱ្យបានខ្ជាប់ខ្ជួន ដូចមានសុភាសិតមួយពោលថា “គ្រាដ៏ល្អបំផុតដើម្បីដាំដើមឈើ គឺ២០ឆ្នាំមុន និងគ្រាចាប់ផ្តើមដ៏ល្អបំផុត គឺនៅពេលនេះ”។
  • ស្វែងយល់ និងចាប់ផ្ដើមវិនិយោគក្នុងវិស័យមូលបត្រ៖ ការវិនិយោគ គឺជារឿងដ៏សំខាន់មួយដែលយើងគ្រប់គ្នាគួរមានការយល់ដឹង និងពិចារណាអនុវត្តបន្ថែមពីលើអាជីព ក៏ដូចជាធុរកិច្ចដែលអ្នកកំពុងធ្វើជាប្រចាំ ដើម្បីបង្កើតចំណូលអកម្មបន្ថែមទៀត។ ក្នុងចំណោមនៃការវិនិយោគជាច្រើន ការវិនិយោគក្នុងទីផ្សារមូលបត្រ បាន និងកំពុងក្លាយជាជម្រើសមួយដែលទាក់ទាញ និងមានសក្តានុពលខ្ពស់សម្រាប់អ្នកដែលចង់ចាប់ផ្តើមវិនិយោគដោយចំណាយដើមទុនតិច ដែលបច្ចុប្បន្នឧបករណ៍ហិរញ្ញវត្ថុដែលវិនិយោគិនអាចវិនិយោគបាននៅក្នុងទីផ្សារមូលបត្រ រួមមាន៖ ភាគហ៊ុន សញ្ញាបណ្ណ មូលនិធិគម្រោងវិនិយោគរួម និងឧបករណ៍និស្សន្ទ។

យោង៖ - https://www.investopedia.com/terms/f/financial-literacy.asp#:~:text=Error%20Code%3A%20100013 

          -  https://thebftonline.com/2024/06/20/financial-literacy-for-the-next-generation/

***អត្ថបទនេះ ត្រូវ​បាន​ចងក្រង​ឡើង​ក្នុង​គោលបំណង​ផ្តល់​ជា​ព័ត៌មាន និង​អប់រំ​តែ​ប៉ុណ្ណោះ ដោយ​មិន​ឆ្លុះ​បញ្ចាំង​ពី​អនុសាសន៍​ ​ឬ​​ដំបូន្មាន​ក្នុង​ការ​វិនិយោគ​នោះ​ទេ។ ន.ម.ក. និងក្រុមហ៊ុន ផូសមេឌា ខូអិលធីឌី មិន​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​បាត់បង់ ឬ​ការ​ខូចខាតណា​មួយ​នោះ​ឡើយ។

រៀបចំដោយ៖ និយ័តករមូលបត្រកម្ពុជា

នាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្ដាល អភិវឌ្ឍន៍ទីផ្សារមូលបត្រ និងទំនាក់ទំនងអន្តរជាតិ

អ៊ីមែល៖ edu@serc.gov.kh

ទូរសព្ទ៖ ០២៣ ៨៨៥ ៦១១