ភ្នំពេញៈ សកម្មភាព​ការចាក់ដី​បំពេញ​ក្នុង​គម្រោង​អភិវឌ្ឍន៍​ក្រុង​រណប​កោះនរា​របស់​ក្រុមហ៊ុន​វិនិយោគទុន​អាណិកជន​កម្ពុជា (OCIC) នឹងត្រូវ​បញ្ចប់​នៅ​ចុង​ឆ្នាំនេះ ខណៈ​ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ ព្រមទាំង​ស្ពាន ២ ​ខ្សែ​តភ្ជាប់​ទៅ​ក្រុង​រណប​កោះពេជ្រ និង​ផ្លូវជាតិ​លេខ ១ ទើប​បញ្ចប់​ប្រហែល ៣០ ​ភាគរយ​។ នេះ​បើតាម លោក ទូច សំណាង អគ្គនាយករង​ក្រុមហ៊ុន OCIC​។

គម្រោង​អភិវឌ្ឍន៍​ក្រុង​រណប​កោះនរា ដែល​មាន​ផ្ទៃដី ១២៥ ​ហិកតា ​ក្នុង​សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ ទល់មុខ​ជាមួយ​ក្រុង​រណប​កោះពេជ្រ ត្រូវបាន​ក្រុមហ៊ុន OCIC កំពុងធ្វើការ​អភិវឌ្ឍ​ ដើម្បី​ប្រែក្លាយ​ទៅជា​ក្រុង​រណប​ថ្មី​មួយ ក្រោម​ទុនវិនិយោគ​ប្រមាណ ២,៥ ​ពាន់​លាន​ដុល្លារ​។


លោក ទូច សំណាង បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃទី​ ២៥ ខែសីហា ថា ការចាក់ដី​បំពេញ​ក្នុង​គម្រោង​នេះ​សម្រេចបាន ៨០ ​ភាគរយ​ហើយ ដោយឡែក​សម្រាប់​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ទូទៅ​ (​ច្រាំងទន្លេ ប្រព័ន្ធ​លូទឹក ផ្លូវ​) និង​ស្ពាន ២ ​ខ្សែ សម្រេចបាន​ប្រហែល ៣០ ​ភាគរយ​ហើយ​។


លោក​ថ្លែងថា​៖ «​សម្រាប់​ការចាក់ដី យើង​គិតថា​នឹង​បញ្ចប់​នៅ​ចុង​ឆ្នាំនេះ ប៉ុន្តែ​ការសាងសង់​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន​ទាំងមូល​អាច​នឹង​រួចរាល់​នៅ​ចុងឆ្នាំ​ ២០២៣»​។


លោក​បន្តថា ការសាងសង់​អាច​យឺត​ជាង​ផែនការ​បន្តិច ព្រោះ​ការរីករាលដាល​កូវីដ​ ១៩ បាន​តម្រូវឱ្យ​ក្រុមហ៊ុន​រឹតបន្តឹង​លើ​ការត្រួតពិនិត្យ​សុខភាព​ក្រុមកម្មករ​ជាប្រចាំ ដើម្បី​ស្របតាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល​។ លោក​និយាយថា​៖ «​ការសាងសង់​នៅ​ដំណើរការ​ទៅមុខ​ជាប្រចាំ គ្រាន់តែ​មិនមាន​ល្បឿន​លឿន​ដូច​មុនពេល​មាន​កូវីដ​ ១៩ ព្រោះ​យើង​មិនមាន​កម្លាំង​ពលកម្ម​គ្រប់គ្រាន់​»​។

លោក​បន្ថែមថា យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ប្រឆាំងនឹង​កូវីដ-១៩ នៅពេលនេះ នឹង​ជួយ​ឱ្យ​វិស័យ​សំណង់​នៅ​កម្ពុជា ចាប់ផ្តើម​មាន​ភាពល្អប្រសើរ​ឡើងវិញ​ជា​លំដាប់​។

តាម​ការប៉ាន់ស្មាន នៅពេល​គម្រោង​នេះ​ចាប់ផ្តើម​ដំណើរការ​សាងសង់​ពេញលេញ​អាច​នឹង​ត្រូវការ​កម្លាំង​ពលកម្ម​ប្រមាណ ៧ ​ពាន់​នាក់​ក្នុង ១ ​ថ្ងៃ​។

បើតាម លោក ពុង ឃាវសែ អគ្គនាយក​ក្រុមហ៊ុន OCIC ក្នុងពេល​បើក​ការដ្ឋាន​សាងសង់​ស្ពាន ២ ​ខ្សែ​ភ្ជាប់​ទៅ កោះពេជ្រ និង​ផ្លូវជាតិ​លេខ ១ កាលពី​ខែតុលា ឆ្នាំ​ ២០២០ ក្រុមហ៊ុន​គ្រោង​នឹង​ចំណាយ​ប្រាក់ ៥៥០ ​លាន​ដុល្លារ​សម្រាប់​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន​នៅលើ​កោះនរា ដើម្បី​អាចឱ្យ​មនុស្ស​រស់នៅ​បាន​ប្រមាណ ៥ ម៉ឺន​នាក់​។

ស្ពាន​ចំនួន​ ២ ​ខ្សែ​ដែល​ភ្ជាប់​ពី​កោះនរា ទៅ​ក្រុង​រណប​កោះពេជ្រ និង​ផ្លូវជាតិ​លេខ ១ ក្នុង​គម្រោង​ចំណាយ​សរុប ៣៩,៦ ​លាន​ដុល្លារ​ត្រូវ​រំពឹងថា នឹង​ក្លាយជា​កម្លាំងចលករ​ក្នុង​ការធ្វើឱ្យ​កោះនរា ក្លាយជា​កន្លែង​ដែល​មាន​ភាពទាក់ទាញ​ទាំង​ការរស់នៅ ធ្វើ​ការងារ និង​បើក​អាជីវកម្ម​។

លោក សំ សុខនឿន ប្រធាន​សមាគម​អចលនទ្រព្យ​សកល​បាន​ប្រាប់ថា នៅពេល​មាន​ស្ពាន​ទាំង ២ បើក​ដំណើរការ កោះនរា​នឹង​ក្លាយជា​ទីតាំង​នៅជាប់​ចំណុច​កណ្តាល​រាជធានី-ភ្នំពេញ និង​ផ្លូវជាតិ​លេខ ១​។ ទីនោះ​នឹង​ក្លាយជា​កន្លែង​ដ៏ល្អ​សម្រាប់​ការរស់នៅ ដោយ​មាន​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ល្អប្រសើរ និង​នៅជាប់​មាត់ទន្លេ​ដែលមាន​អាកាសធាតុ និង​បរិស្ថាន​ស្រស់បំព្រង​។

លោក​អះអាងថា​៖ «​កោះនរា​ស្ថិត​ចំ​ទីតាំង​ល្អ​លើ​គ្រប់​ទិដ្ឋភាព​ទាំង​ការរស់នៅ និង​វិនិយោគ ហើយ​ទីផ្សារ​អចលនទ្រព្យ​នៅ​ទីនោះ​នឹងមាន​កំណើន​ខ្ពស់​នៅពេល​អនាគត​»​។

របាយការណ៍​និន្នាការ​សេដ្ឋកិច្ច​សង្គម​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ឱ្យដឹងថា ឥទ្ធិពល​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូវីដ ១៩ បាន​ធ្វើឱ្យ​ការអនុម័ត​លើ​គម្រោង​សាងសង់​នៅ​កម្ពុជា​ក្នុង​រយៈពេល​ ៥ ​ខែ​ដំបូង ឆ្នាំ​ ២០២១ មាន​ចំនួន​សរុប​ ១ ៨២៣ ធ្លាក់ចុះ​ប្រមាណ​ ២៧៨ គម្រោង​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា ឆ្នាំ​ ២០២០៕ LA

វីដេអូ៖