ទីក្រុងហូជីមិញៈ ទីផ្សារ​ជួល​លំនៅឋាន​នៅ​ទីក្រុង​ហូជីមិញ (HCMC) ត្រូវបាន​គេ​រំពឹងថា​នឹង​ងើប​ឡើងវិញ​យ៉ាងខ្លាំង​ បន្ទាប់ពី​បុណ្យចូលឆ្នាំថ្មី នៅពេល​ដែល​សិស្សានុសិស្ស និង​កម្មករ​ត្រឡប់​ទៅ​តំបន់​ដែល​បានកំណត់​ថា​ជា​ «​តំបន់​បៃតង​»​។

យោងតាម​អ្នកវិភាគ ទីផ្សារ​ជាធម្មតា​រីកដុះដាល​បន្ទាប់ពី​បុណ្យចូលឆ្នាំថ្មី​រួច​នៅ​ដើមឆ្នាំ ហើយ​នៅតែមាន​ស្ថិរភាព​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​បន្ទាប់ ប៉ុន្តែ​ក្នុង​រយៈពេល​ ២ ​ឆ្នាំ​ចុងក្រោយ​នេះ ដោយសារតែ​ឥទ្ធិពល​នៃ​កូវីដ​ ១៩ វា​បាន​ធ្លាក់ចុះ​ដល់​បាត​។


យោងតាម​ស្ថិតិ​ពី​គេហទំព័រ​អចលនទ្រព្យ​អនឡាញ​ដ៏ធំ​បំផុត​របស់​វៀតណាម batdongsan.com ទិន្នផល​សម្រេចបាន​ពី​ការជួល​តាមរយៈ​វេទិកា​អនឡាញ​នៅក្នុង​ទីក្រុង​បាន​ធ្លាក់ចុះ​ដល់​កម្រិត​ទាប​បំផុត​ចាប់តាំងពី​ឆ្នាំ​ ២០១៩​ មក​។


ទិន្នផល​នៅតាម​ទីប្រជុំជន​បាន​ធ្លាក់​ចុះមក​នៅត្រឹម ១,៩ ភាគរយ​នៅក្នុង​សង្កាត់​២ និង ២,៣-២,៧ ​ភាគរយ​នៅក្នុង​ស្រុក ៧, ៩, Tan Phu និង Binh Thanh​។ ទិន្នផល​អាផាតមិន​ក្នុង​ទីក្រុង​បាន​ធ្លាក់​ចុះមក​ត្រឹម ១,២ ​ភាគរយ​។


ប្រភេទ​អចលនទ្រព្យ​ផ្សេងទៀត​ក៏​ស្ថិតក្នុង​ស្ថានភាព​អាប់អួ​ស្រដៀង​គ្នា​ដែរ ចាប់តាំងពី​ជំងឺ​រាតត្បាត​បានចាប់ផ្តើម​នៅ​ឆ្នាំ​ ២០២០​។


យោងតាម​គេហទំព័រ Cho Tot ចាប់តាំងពី​ខែតុលា នៅពេល​ដែល​ជំងឺ​រាតត្បាត​ត្រូវបាន​គ្រប់គ្រង ទីផ្សារ​អចលនទ្រព្យ​បាននិង​កំពុង​វិលត្រឡប់​ទៅរក​ភាពរឹងមាំ​របស់ខ្លួន​វិញ​។


លោក Hoang Minh ម្ចាស់​អចលនទ្រព្យ​នៅ​ស្រុក Go Vap បាន​ប្រាប់​កាសែត​អនឡាញ VnExpress ថា ទីផ្សារ​ជួល​បាន​កើនឡើង​នៅពេលដែល​កម្មករ និង​និស្សិត​ត្រឡប់​ទៅកាន់​ទីក្រុង​វិញ​បន្ទាប់ពី​បុណ្យចូលឆ្នាំ​។

យោងតាម​ការស្ទង់មតិ​របស់ Cho Tot កម្មករ ៣៥ ​ម៉ឺន​នាក់ និង​និស្សិត​សាកលវិទ្យាល័យ​ចំនួន ១៨ ​ម៉ឺន​នាក់​បាន​ត្រឡប់មកវិញ​។

លោក Ky Hoa ម្ចាស់​អចលនទ្រព្យ​នៅ​ទីក្រុង Thu Duc បាន​អះអាងថា លោក សង្ឃឹមថា ជំងឺ​រាតត្បាត​នឹង​នៅតែ​ស្ថិតក្រោម​ការគ្រប់គ្រង ដែល​ជួយ​ឱ្យ​ទីផ្សារ​ជួល​ងើប​ឡើងវិញ​៕ VNS-ANN/RR