ភ្នំពេញៈ ប្រទេសកម្ពុជាត្រូវបានកម្មវិធី PropertyGuru Asia Property Awards ជ្រើសរើសជាកន្លែងប្រកាសលទ្ធផលការប្រកួតប្រជែងពានរង្វាន់ផ្នែកអចលនទ្រព្យ (នៅតាមប្រទេសនីមួយៗ) មុនគេ ក្នុងចំណោមប្រទេសចូលរួមទាំង ១៥ ក្នុងទ្វីបអាស៊ី ខណៈការប្រកាសលទ្ធផលប្រចាំឆ្នាំនៃពានរង្វាន់នេះនឹងត្រូវធ្វើនៅចុងឆ្នាំ ២០២២ ក្នុងទីក្រុងបាងកក ប្រទេសថៃ។
ពានរង្វាន់ PropertyGuru Cambodia Property Awards ត្រូវបានរៀបចំឡើងនៅកម្ពុជាជាលើកដំបូងឆ្នាំ ២០១៥ ដោយឆ្នាំ ២០២២ នេះ គឺជាលើកទី ៧។
ក្នុងសន្និសីទសារព័ត៌មានស្តីពីការទទួលពាក្យចូលរួមការប្រកួតប្រជែងពានរង្វាន់ 2022 PropertyGuru Cambodia Property Awards ដែលរៀបចំនៅសណ្ឋាគារសូហ្វីតែល ភ្នំពេញកាលពីថ្ងៃទី ២៣ កុម្ភៈ លោក សន សៀប ប្រធានគណៈកម្មការវិនិច្ឆ័យឯករាជ្យពានរង្វាន់ 2022 PropertyGuru Cambodia Property Awards បាននិយាយថា ភាពជោគជ័យនៃអត្រាដ៏ខ្ពស់ការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ ១៩, ការគ្រប់គ្រងការរីករាលដាលជំងឺកូវីដ ១៩ បានល្អប្រសើរ ព្រមទាំងការបើកដំណើរការសេដ្ឋកិច្ច និងសង្គមពេញលេញ គឺជាធាតុផ្សំដ៏ចម្បងដែលធ្វើឱ្យក្រុមការងាររបស់ក្រុមហ៊ុន PropertyGuru Asia Property Awards សម្រេចជ្រើសរើសយកកម្ពុជាធ្វើជាប្រទេសមុនគេ ដែលរៀបចំការប្រកាសលទ្ធផលការប្រកួតប្រជែងនេះ។ ប្រទេស និងដែនដីចំនួន ១៥ ក្នុងទ្វីបអាស៊ីបានចូលរួមក្នុងការប្រកួតក្នុងឆ្នាំ ២០២២ នេះ។
លោកលើកឡើងថា៖ «ការគ្រប់គ្រងការឆ្លងរាលដាលជំងឺកូវីដ ១៩ បានល្អនាំឱ្យកម្ពុជា ក្លាយជាប្រទេសមុនគេដែលនឹងធ្វើការប្រកាសលទ្ធផលនៃការប្រកួតប្រជែង (ក្នុងប្រទេស)»។
លោកបន្ថែមថា PropertyGuru Cambodia Property Awards នឹងមិនត្រឹមតែជួយធ្វើឱ្យកេរ្តិ៍ឈ្មោះនៃវិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជាត្រូវបានផ្សព្វផ្សាយទៅកាន់ពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយធ្វើឱ្យការពង្រឹងផ្នែកគុណភាពសំណង់ និងការរចនាសំណង់អគារ កាន់តែមានភាពទាក់ទាញ និងមានស្តង់ដារឹងមាំផងដែរ។
ប្រទេស និងដែនដីចំនួន ១៥ ដែលចូលរួមក្នុងការប្រកួតប្រជែងសម្រាប់ពានរង្វាន់ដែលរៀបចំដោយក្រុមហ៊ុន PropertyGuru Group ក្នុងឆ្នាំនេះ មានដូចជា កម្ពុជា ថៃ ឥណ្ឌូនេស៊ី វៀតណាម សិង្ហបុរី ម៉ាឡេស៊ី ជប៉ុន ហ្វីលីពីន អូស្ត្រាលី ចិន ស្រីលង្កា និងឥណ្ឌា ជាដើម។
លោក Richard Allan Aquino ប្រធានផ្នែកទីផ្សារ PropertyGuru Asia Property Awards បានឱ្យដឹងថា នេះជាលើកទី ៧ ហើយដែលការប្រកួតដណ្តើមពានរង្វាន់ PropertyGuru Asia Property Awards ត្រូវបានរៀបចំនៅកម្ពុជា ដែលជាប្រទេសមានកំណើនសេដ្ឋកិច្ច និងវិស័យអចលនទ្រព្យរីកចម្រើនគួរឱ្យកត់សម្គាល់។ លោកបន្តថា ក្រុមហ៊ុន និងអ្នកឈ្នះពានរង្វាន់នៅកម្ពុជានឹងទទួលបានសិទ្ធិទៅចូលរួមប្រកួតបន្តជាមួយក្រុមហ៊ុន និងអ្នកឈ្នះពីបណ្តាប្រទេសមួយចំនួនទៀត។
ម្ចាស់ជយលាភីពានរង្វាន់អចលនទ្រព្យកម្ពុជា PropertyGuru លើកទី ៧ នឹងមានសិទ្ធិប្រកួតប្រជែងដណ្តើមពានរង្វាន់កិត្តិយស «ជយលាភីឆ្នើមបំផុតប្រចាំអាស៊ី» នៅក្នុងកម្មវិធីពានរង្វាន់អចលនទ្រព្យអាស៊ីវគ្គផ្តាច់ព្រ័ត្រផ្លូវការ PropertyGuru លើកទី ១៧ ដែលនឹងរៀបចំឡើងនៅទីក្រុងបាងកក ប្រទេសថៃ នាថ្ងៃទី ៩ ខែធ្នូ។ បេក្ខជនជាប់វគ្គប្រកួតផ្តាច់ព្រ័ត្រនឹងដើរតាមគន្លងជោគជ័យរបស់ក្រុមហ៊ុន Urbanland ដែលបានឈ្នះពានរង្វាន់អ្នកអភិវឌ្ឍន៍ល្អបំផុតពីឆ្នាំ ២០២១ នៅក្នុងកម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជា PropertyGuru លើកទី ៦ និងបានតំណាងឱ្យប្រទេសកម្ពុជាក្នុងកម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជា PropertyGuru លើកទី ១៦ ទៅលើពានរង្វាន់ចំនួន ៤ ប្រភេទ។
កញ្ញា កឹម ស៊ីធិន នាយិកាផ្នែកលក់នៃក្រុមហ៊ុន Urbanland បានប្រាប់ថា៖ «យើងមានកិត្តិយសណាស់ដែលបានឈ្នះពានរង្វាន់ ៧ សម្រាប់ការអភិវឌ្ឍលំនៅឋានដំបូងគេរបស់យើង គឺគម្រោងព្រែកចន្ទគិរី រួមទាំងពានរង្វាន់ «អ្នកអភិវឌ្ឍន៍ល្អបំផុត» ពីពានរង្វាន់ PropertyGuru។ ចក្ខុវិស័យរបស់យើងគឺផ្លាស់ប្តូររបៀបរស់នៅរបស់ប្រជាជនខ្មែរ ដោយយើងប្តេជ្ញានឹងបន្តលើកកម្ពស់គុណភាព ភាពរឹងមាំ និងទឹកដៃដ៏ពិសេសក្នុងការអភិវឌ្ឍរបស់យើងឱ្យកាន់តែប្រសើរ»។
សម្រាប់ 2022 PropertyGuru Cambodia Property Awards គឺចាប់ផ្តើមទទួលពាក្យចូលរួមចាប់ពីថ្ងៃទី ១ ខែមករា ដល់ថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០២២។ បន្ទាប់ពីនោះក្រុមគណៈកម្មការវិនិច្ឆ័យឯករាជ្យនៃពានរង្វាន់នេះនឹងចុះពិនិត្យវាយតម្លៃ មុននឹងត្រូវប្រកាសលទ្ធផលនៅថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២២។
លោក សន សៀប បានប្រាប់ថា មានក្រុមហ៊ុនអភិវឌ្ឍន៍សំណង់ និងអចលនទ្រព្យជាច្រើនបានបង្ហាញការចាប់អារម្មណ៍ចូលរួមក្នុងពានរង្វាន់ឆ្នាំ ២០២២នេះ ប៉ុន្តែលោកមិនមានចំនួនតួលេខជាក់លាក់ទេ។ កាលពីឆ្នាំ ២០២១ ក្រុមហ៊ុនដែលបានចូលរួមមានប្រហែល ៤០៕ LA