ទីក្រុងបាងកកៈ សមាគម​អ្នក​សាងសង់​ផ្ទះ (HBA) របស់​ប្រទេស​ថៃ បានប្រកាស​កាលពី​ថ្ងៃ​អង្គារ​ថា អ្នក​សាងសង់​គេហដ្ឋាន​គ្រោង​នឹង​កែសម្រួល​ថ្លៃ​សាងសង់ឡើង​ពី​ ៥ ​ទៅ ​៨ ភាគរយ​នៅក្នុង​ខែមេសា បន្ទាប់ពី​ការកើនឡើង​នៃ​តម្លៃ​ប្រេងឥន្ធនៈ និង​វត្ថុ​ធាតុដើម​មួយចំនួន​ដោយសារ​សង្គ្រាម​នៅក្នុង​ប្រទេស​អ៊ុយក្រែន​។

លោក Worawut Kanjanakul ប្រធាន​សមាគម HBA បាន​និយាយថា​៖ «​អ្នក​សាងសង់​ផ្ទះ​កំពុង​ប្រឈមមុខ​នឹង​ការកើនឡើង​នៃ​តម្លៃ​វត្ថុធាតុដើម ជាពិសេស​កំណាត់​ដែក ដែល​ឥឡូវនេះ​មានតម្លៃ​ថ្លៃ​ជាង​ឆ្នាំមុន​ ៥០ ​ភាគរយ​» ។


លោក​បន្ត​៖ «​កត្តា​ផ្សេងទៀត​ដែល​ជំរុញឱ្យមាន​ការកែសម្រួល​រួមមាន​ការកើនឡើង​ថ្លៃ​ពលកម្ម អតិផរណា និង​អត្រា​ការប្រាក់ ដែល​នឹង​ប៉ះពាល់​ដល់​ការសម្រេចចិត្ត​របស់​អ្នកទិញ​»​។


លោក Worawut បាន​និយាយថា សមាគម​កំពុង​តាមដាន​ស្ថានការណ៍​នេះ​យ៉ាង​ដិតដល់ ជាពិសេស​គោលនយោបាយ​របស់​រដ្ឋាភិបាល​ក្នុងការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ដល់​ ៤៩២ ​បាត​ក្នុង​ ១ ​ថ្ងៃ​។


លោក​បានចង្អុលបង្ហាញ​ថា​៖ «​បច្ចុប្បន្ន​កម្មករ​ខ្លះ​ទទួលបាន​ប្រាក់ខែ​ច្រើនជាង​នេះ គឺ ៥០០-៧០០ បាត​ក្នុង​ ១​ ថ្ងៃ ប៉ុន្តែ​ពួកគេ​ភាគច្រើន​ជា​កម្មករ​ដែលមាន​ជំនាញ​ខ្ពស់​»​។


លោក​បន្តថា​៖ «​ទន្ទឹមនឹងនេះ កម្មករ​ដែលមាន​ជំនាញ​ទាប​ត្រូវបាន​ប្រាក់ខែ​ជា​មធ្យម ៣៣១ បាត​ក្នុង​ ១ ​ថ្ងៃ​។ ប្រសិនបើ ប្រាក់កម្រៃ​របស់​ពួកគេ​ឡើង​តាម​គោលនយោបាយ​របស់​រដ្ឋាភិបាល តម្លៃ​ពលកម្ម​នៃ​ការសាងសង់​ផ្ទះ​នឹង​ឡើង​ខ្ពស់​ព្រោះ​កម្មករ​ជំនាញ​ខ្ពស់​ក៏​នឹងត្រូវ​បាន​ដំឡើង​ប្រាក់​ឈ្នួល​បន្ថែមទៀត​ដែរ​»​។


លោក Worawut បន្ថែមថា​៖ «​លើសពីនេះ អាជីវកម្ម​មួយចំនួន​បាន​រាយការណ៍​អំពី​កង្វះ​កម្លាំង​ពលកម្ម​រួចហើយ ខណៈ​ដែល​បរទេស​កំពុង​ជួល​កម្មករ​ថៃ​ដើម្បី​ជំនួស​កម្មករ​ក្នុងស្រុក បន្ទាប់ពី​បន្ធូរបន្ថយ​ការរឹតបន្តឹង​លើ​ការមកដល់​របស់​ជន​បរទេស​»​។

សមាគម HBA បានរៀបចំ​ព្រឹត្តិការណ៍ «Home Building and Materials Focus 2022» ចាប់ពី​ថ្ងៃទី​ ៣០ ​ខែមីនា ដល់​ថ្ងៃទី​ ៣​ ខែមេសា នៅ Impact Muang Thong Thani ដើម្បី​បង្ហាញ​ការច្នៃប្រឌិត​ក្នុង​ការសាងសង់​គេហដ្ឋាន និង​ទាក់ទាញ​អតិថិជន​សក្តានុពល​។

សមាគម​រំពឹងថា​នឹង​ឃើញ​កិច្ចសន្យា​ដែលមាន​តម្លៃ​យ៉ាង​ហោចណាស់ ២,១​ ពាន់​លាន​បាត​ត្រូវបាន​ចុះហត្ថលេខា​នៅឯ​ពិព័រណ៍​នេះ​។

ឧស្សាហកម្ម​សាងសង់​ផ្ទះ​នៅ​ទីក្រុង​បាងកក និង​ខេត្ត​ជុំវិញ​បានកំណត់​គោលដៅ​ចំនួន​ ១១,៥ ​ពាន់​លាន​បាត​សម្រាប់​ឆ្នាំ​ ២០២២៕ The Nation-ANN/RR