ទីផ្សារខុនដូបានបន្តធ្លាក់ចុះ ខណៈចំនួនបន្ទប់ស្នាក់នៅកើនឡើងដល់ជាង ៣៣ ពាន់យូនីត

ភ្នំពេញៈ ខុនដូថ្មីចំនួន ៣ បានបញ្ចប់ការសាងសង់ និងដាក់ចូលក្នុងទីផ្សារកាលពីត្រីមាសទី ១ ឆ្នាំ ២០២២ ដែលធ្វើឱ្យបន្ទប់ស្នាក់នៅខុនដូក្នុងរាជធានី-ភ្នំពេញ កើនដល់ ៣៣ ៨០០ យូនីត ខណៈតម្លៃជួល និងលក់របស់ខុនដូប្រណីត (High-End) បានបន្តធ្លាក់ចុះថែមទៀតបើធៀបទៅនឹងត្រីមាសទី ៤ ឆ្នាំ ២០២១។
របាយការណ៍ស្រាវជ្រាវពីក្រុមហ៊ុនអចលនទ្រព្យ CBRE Cambodia បានបង្ហាញថា ក្នុងត្រីមាសទី ១ ឆ្នាំ ២០២២ មានគម្រោងខុនដូចំនួន ៣ បានបញ្ចប់ការសាងសង់ដែលគម្រោងទាំង ៣ នេះមានបន្ទប់ស្នាក់នៅសរុប ៧០០ យូនីត។ ទោះយ៉ាងណាក្នុងអំឡុងពេលខាងលើមិនមានគម្រោងថ្មីណាមួយប្រកាសចាប់ផ្តើមបើកលក់ ឬសាងសង់ឡើយ។
យោងតាម CBRE Cambodia ភាពស្ងប់ស្ងាត់នេះបានធ្វើឱ្យតម្លៃលក់ខុនដូក្នុងត្រីមាសទី ១ ឆ្នាំ ២០២២ មិនសូវមានសញ្ញាវិជ្ជមានទេបើធៀបនឹងចុងឆ្នាំមុន ដោយខុនដូប្រណីត (High-End) មានតម្លៃជាមធ្យម ២ ៦០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េធ្លាក់ចុះ ៤,១ ភាគរយធៀបត្រីមាសទី ៤ ឆ្នាំ ២០២១, ប្រភេទតម្លៃមធ្យម (Mid-Range) មានតម្លៃមធ្យម ២ ០០០ ដុល្លារ ធ្លាក់ចុះ ០,៣ ភាគរយ និងប្រភេទតម្លៃសមរម្យ (Affordable) ដែលមានអតិថិជនភាគច្រើនជាប្រជាជនខ្មែរមានតម្លៃជាមធ្យម ១ ៤០០ ដុល្លារ កើនឡើង ១,៦ ភាគរយ។
ចំណែកតម្លៃជួលក្នុងត្រីមាសទី ១ ឆ្នាំ ២០២២ គឺខុនដូប្រណីត មានតម្លៃមធ្យម ១០,៧០ ដុល្លារក្នុង ១ ម៉ែត្រការ៉េសម្រាប់រយៈពេល ១ ខែ ធ្លាក់ចុះ ៤ ភាគរយ, ប្រភេទតម្លៃមធ្យម មានតម្លៃមធ្យម ៩,២ ដុល្លារ កើន ១,១ ភាគរយ និងប្រភេទតម្លៃសមរម្យមានតម្លៃ ៧,៨ ដុល្លារ កើនឡើង ១,៤ ភាគរយ។
សេចក្តីប្រកាសព័ត៌មានពី CBER Cambodia ឱ្យដឹងថា ឥទ្ធិពលនៃការឆ្លងរាលដាលជំងឺកូវីដ ១៩ ដែលជំរុញឱ្យប្រទេសទាំងអស់លើពិភពលោកធ្វើការរឹតបន្តឹងលើការធ្វើដំណើរឆ្លងប្រទេសបានធ្វើឱ្យមានផលប៉ះពាល់យ៉ាងដំណំដល់ទីផ្សារខុនដូនៅកម្ពុជា ពិសេសខុនដូដែលមានទីផ្សារគោលដៅជាអតិថិជនជនបរទេស។ កាលពីឆ្នាំ ២០២១ មានគម្រោងខុនដូជាច្រើនបានពន្យារពេលសាងសង់មកបញ្ចប់ក្នុងឆ្នាំ ២០២២ នេះ។
តាមការព្យាករក្នុងឆ្នាំ ២០២២ នេះនឹងមានបន្ទប់ខុនដូជាង ១៣ ០០០ យូនីតនឹងត្រូវបញ្ចប់ការសាងសង់។
អ្នកនាង គឹម គិនកេសា នាយិកាផ្នែកស្រាវជ្រាវ និងប្រឹក្សាយោបល់នៃក្រុមហ៊ុន CBRE Cambodia បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃទី ៤ ខែឧសភាថា ទោះបីពេលនេះកម្ពុជា និងប្រទេសក្នុងតំបន់បានប្រកាសបើកប្រទេសឡើងវិញស្ទើរ ១០០ ភាគរយហើយក៏ដោយ ក៏តម្លៃខុនដូមិនទាន់អាចស្ទុះងើបឡើងវិញបានភ្លាមៗទេ។ តម្លៃអាចនឹងមានភាពល្អប្រសើរឡើងវិញខ្លះចាប់ពីដើមឆ្នាំ ២០២៣ តទៅ។ អ្នកនាងបន្តទៀតថា សម្រាប់ចំនួនគម្រោងដែលប្រកាសបើកលក់នឹងមិនសូវមានទេក្នុងឆ្នាំ ២០២២ នេះ។
អ្នកនាងថ្លែងថា៖ «តម្លៃខុនដូអាចនឹងបន្តធ្លាក់ចុះបន្ថែមទៀត ដែលអាចនឹងអូសបន្លាយដល់ចុងឆ្នាំ ២០២២»។
លោក សំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកលបានប្រាប់ថា ទីផ្សារខុនដូនៅកម្ពុជាពេលនេះមិនទាន់មានដំណើរការល្អទេ ព្រោះភាគច្រើនអ្នកដែលចូលចិត្តស្នាក់នៅតាមខុនដូគឺជាជនបរទេស ខណៈវិបត្តិជំងឺកូវីដ ១៩ បានធ្វើឱ្យចំនួនជនបរទេសស្នាក់នៅកម្ពុជាធ្លាក់ចុះយ៉ាងច្រើន។
លោកប្រាប់ថា៖ «គម្រោងខុនដូភាគច្រើនរំពឹងលើអតិថិជនជាជនបរទេស ដូច្នេះបើគ្មានជនបរទេសចូលមក វាក៏ស្ងប់ស្ងាត់ និងមានតម្លៃចុះទាបទៅតាមនោះដែរ»។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឱ្យដឹងថា ក្នុងរយៈពេល ២ ខែ ដើមឆ្នាំ ២០២២ គម្រោងវិនិយោគដែលរដ្ឋាភិបាលអនុញ្ញាតឱ្យមានចំនួន ៦៥២ គម្រោង ធ្លាក់ចុះ ២០៧ គម្រោងបើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២១។ គម្រោងទាំង ៦៥២ មានទុនវិនិយោគសរុប ១៣៧ លានដុល្លារ ធ្លាក់ចុះ ៨៨,៩ ភាគរយ៕ LA