វិស័យសំណង់ស្ងប់ស្ងាត់ ធ្វើឱ្យចំណូល DBD Engineering Plc ធ្លាក់ចុះ

ភ្នំពេញៈ ក្រុមហ៊ុន DBD Engineering Plc ដែលចុះបញ្ជីនៅផ្សារកំណើននៃផ្សារមូលបត្រកម្ពុជា (CSX) និងជា ក្រុមហ៊ុនវិស្វកម្មពហុបំណង និងសំណង់ក្នុងស្រុកបានរាយការណ៍ពីការធ្លាក់ចុះប្រាក់ចំណូលក្នុងត្រីមាសទី ១ ឆ្នាំនេះ ដោយសារតែការធ្លាក់ចុះនៃសកម្មភាពនៅក្នុងទីផ្សារសំណង់ និងអចលនទ្រព្យ។
យោងតាមរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនបានផ្ញើទៅក្រុមហ៊ុន ផ្សារមូលបត្រកម្ពុជាកាលពីថ្ងៃទី ១៩ ខែឧសភា នៅក្នុងត្រីមាសទី ១ នៃឆ្នាំ ២០២២ នេះ ប្រាក់ចំណូលរបស់ក្រុមហ៊ុន DBD បានធ្លាក់ចុះ ១៥ ភាគរយ បើធៀបនឹងត្រីមាសដូចគ្នាកាលពីឆ្នាំមុន។ ប៉ុន្តែថ្លៃដើមទំនិញបានធ្លាក់ចុះ ២៥ ភាគរយ ដែលបណ្ដាលមកពីការធ្លាក់ចុះនៃតម្លៃសម្ភារប្រើប្រាស់ និងអ្នកម៉ៅការបន្តនាំឱ្យមានការកើនឡើងនៃប្រាក់ចំណេញសុទ្ធ ១១៧ ភាគរយ បើធៀបនឹងត្រីមាសដូចគ្នាឆ្នាំមុន។
លោក នាង វិធី ប្រធានក្រុមប្រឹក្សាភិបាល និងជានាយកគ្រប់គ្រងត្រូវបានដកស្រង់សម្ដីពីរបាយការណ៍ដែលលើកឡើងថា ក្នុងត្រីមាសទី ១ ប្រាក់ចំណូលសរុបមានចំនួន ១៦ ១៦១ ៩៣១ ពាន់រៀលធ្លាក់ចុះ ១៥ ភាគរយបើធៀបនឹង ១៨ ៩៦៥ ៨១៨ ពាន់រៀលក្នុងត្រីមាសដូចគ្នាឆ្នាំ ២០២១។ ប៉ុន្តែក្រុមហ៊ុនមួយនេះរកបានប្រាក់ចំណេញចំនួន ១ ៥៥៦ ៨១៨ ពាន់រៀលនៅត្រីមាសនេះ។ ទ្រព្យសកម្មសរុបបានធ្លាក់ចុះ ៩ ភាគរយបើធៀបនឹងឆ្នាំ ២០២១ ពី ៦៦ ៥៤០ ៧៤៨ រៀល មកនៅត្រឹម ៦០ ៦៩៨ ៥៣៣ ដោយសារតែការធ្លាក់ចុះនៃពាណិជ្ជកម្មដែលអាចទទួលបាន និងទ្រព្យសកម្មក្នុងកិច្ចសន្យា។
លោក វិធី លើកឡើងថា៖ «កាលពីត្រីមាសទី ១ ឆ្នាំ ២០២២ ប្រាក់ចំណូលរបស់ក្រុមហ៊ុន DBD បានពីការលក់សម្ភារបានធ្លាក់ចុះគួរឱ្យកត់សម្គាល់ ចំណែកប្រាក់ចំណូលពីការសាងសង់ក៏ធ្លាក់ចុះដែរ ដោយសារក្នុងត្រីមាសទី ១ ក្រុមហ៊ុន DBD មានគម្រោងធំតែមួយគត់ដែលកំពុងដំណើរការគឺ «Chip Mong Mega Mall 271» រីឯគម្រោងធំផ្សេងទៀតដូចជា «Wing Tower» ទើបតែចាប់ផ្ដើមនៅក្នុងដំណាក់កាលដំបូងប៉ុណ្ណោះ ដូច្នេះប្រាក់ចំណូលមានចំនួនកាន់តែតិចបើធៀបត្រីមាសទី ១ នៃឆ្នាំ ២០២១»។
DBD ដែលជាក្រុមហ៊ុនសហគ្រាសធុនតូច និងមធ្យមដំបូងគេដែលបានចុះបញ្ជីលើទីផ្សារកំណើនរបស់ CSX កាលពីថ្ងៃទី ៦ ខែកញ្ញា ដែលប្រមូលមូលនិធិបានជាង ៣,៨៤ លានដុល្លារពីទីផ្សារនេះ។ DBD គឺជាក្រុមហ៊ុនសំណង់ឈានមុខគេមួយនៅកម្ពុជាលើការផ្ដល់សេវាកម្ម MEP ដែលមានដូចជា ផ្នែកមេកានិក និងអគ្គិសនី, ប្រព័ន្ធទឹក និងពន្លត់អគ្គិភ័យ, កម្ដៅ ខ្យល់ចេញចូល និងប្រព័ន្ធម៉ាស៊ីនត្រជាក់, និងការថែទាំអគារ។
ទិន្នន័យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បង្ហាញថា ក្នុងឆ្នាំ ២០២១ គម្រោងសាងសង់នៅទូទាំងប្រទេសមានចំនួន ៤ ៣០៣ គម្រោង ស្មើនឹងផ្ទៃក្រឡាកម្រាល ១២ ៩៩៨ ០៧២ ម៉ែត្រការ៉េ និងមានទុនវិនិយោគប្រមាណ ៥,៣ ពាន់លានដុល្លារត្រូវបានអនុម័ត។ ចំនួនទុនវិនិយោគនេះបើធៀបនឹងឆ្នាំ ២០២០ គឺថយចុះ ៣១,២១ ភាគរយ៕ LA