ភ្នំពេញៈ អ្នកជំនាញផ្នែកសេដ្ឋកិច្ច និងអចលនទ្រព្យនៅកម្ពុជា បានលើកឡើងថា ថ្វីដ្បិតតែខេត្តក្រចេះ ជាខេត្តដែលមានសក្តានុពល ១ នៅប្រទេសកម្ពុជាក្តី ក៏ចរន្តរវិនិយោគផ្នែកអចលនទ្រព្យនៅខេត្តក្រចេះ នៅតែមានកម្រិតទាបនៅឡើយ បើធៀបទៅនឹងកម្រិតវិនិយោគនៃខេត្តដទៃទៀត។ ទន្ទឹមគ្នានេះ អ្នកជំនាញ បានជំរុញឱ្យស្ថាប័នពាក់ព័ន្ធគួរតែផ្តោតលើការពង្រីកសក្តានុពលនៃតំបន់រមណីយដ្ឋានទេសចរណ៍ ដើម្បីទាក់ទាញចរន្តវិនិយោគមកកាន់ខេត្តនេះឱ្យបានច្រើន។
បើតាមអគ្គនាយកក្រុមហ៊ុន Century 21 Mekong លោកច្រឹក សុខនីម បានបង្ហាញការយល់ឃើញថា ភាពរីកចម្រើននៃវិស័យអចលនទ្រព្យនៅកម្ពុជានាប៉ុន្មានចុងក្រោយនេះ ពិតជាបានចូលរួមចំណែកជួយសេដ្ឋកិច្ចជាតិ។យ៉ាងណាមិញ សម្រាប់ខេត្តក្រចេះ លោកមើលឃើញថា នាពេលបច្ចុប្បន្នវិស័យអចលនទ្រព្យនៅក្នុងខេត្តនេះ មិនទាន់មានសម្ទុះខ្លាំងទេ ដោយសារតែសកម្មភាពជំរុញនិងទាក់ទាញអ្នកវិនិយោគអចលនទ្រព្យជាតិ និងអន្តរជាតិនៅមានកម្រិតនៅឡើយ។
លោកបានបញ្ជាក់ដូច្នេះថា៖«ខ្ញុំមើលឃើញការវិនិយោគក្នុងខេត្តនេះ ភាគច្រើនផ្តោតលើជាលក្ខណៈភោជនីយដ្ឋាន រមណីយដ្ឋាន និងក្លិបកម្សាន្តជាដើម ប៉ុន្តែចំពោះការវិនិយោគអចលនទ្រព្យដោយផ្តោតលើសំណង់លំនៅឋានដែលមានលក្ខណៈស្តង់ដានៅមានកម្រិត ព្រោះកាលណាបើការវិនិយោគតែអចលនទ្រព្យផ្ទះសំបែងនៅតិចតូចនោះ នឹងធ្វើឱ្យចរន្តទៅរស់នៅរបស់ប្រជាជនទៅកាន់តំបន់នេះមានតិច ហើយធ្វើឱ្យការអភិវឌ្ឍយឺតយ៉ាវផងដែរ»។
លោកថា ខេត្តក្រចេះ គឺខេត្ត១ដែលភ្ជាប់រវាងខេត្តកំពង់ចាម និងខេត្តមណ្ឌលគិរី រតនគិរី និងស្ទឹងត្រែង ហើយខេត្តនេះក៏ជាខេត្តដែលមានរមណីយដ្ឋានទេសចរណ៍ដ៏មានសក្តានុពលច្រើនផងដែរ ខណៈខេត្តនេះនឹងត្រៀមស្វាគមន៍សមិទ្ធផលស្ពាន និងផ្លូវសំខាន់ៗនាពេលអនាគតថែមទៀត។
លោកច្រឹក សុខនីម បន្ថែមថា ៖«ដើម្បីជំរុញការវិនិយោគមកកាន់ខេត្តនេះឱ្យកាន់តែច្រើន ទាមទារឱ្យមានការបោះទុនពីវិនិយោគិនអន្តរជាតិទៅកាន់តំបន់នោះ តាមយន្តការពង្រីកសក្តានុពលទេសចរណ៍ដូចជា តំបន់ត្រីផ្សោត ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធបន្ថែមឱ្យកាន់តែល្អ ពិសេសនៅតំបន់អភិវឌ្ឍន៍ នឹងជះឥទ្ធពលល្អទៅដល់ផ្នែកភោជនីយដ្ឋានសណ្ឋាគារ និងវិស័យអចលនទ្រព្យទាំងមូល។ហេតុនេះ ការពង្រីកការផ្សព្វផ្សាយនូវសក្តានុពលទេសចរណ៍ គឺគន្លឹះសំខាន់មិនត្រឹមតែជួយទាក់ទាញវិនិយោគទេ ចំណុចនេះក៏ជួយអភិវឌ្ឍសេដ្ឋកិច្ចផងដែរ»។
កាលពីពេលថ្មីៗនេះ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក៏បានណែនាំជាពិសេសដល់អភិបាលខេត្តក្រចេះ ឱ្យបង្កើនការយកចិត្តទុកដាក់អភិរក្សសត្វផ្សោត និងបានណែនាំឱ្យបង្កើតតំបន់ស្នូលអចិន្ត្រៃយ៍ ដើម្បីធានាការពារសត្វផ្សោត ក្នុងបំណងទាក់ទាញអ្នកទេសចរមកកាន់ខេត្តនេះផងដែរ។យ៉ាងណាមិញ លោកនាយករដ្ឋមន្ត្រីក៏បានបង្ហាញការរំពឹងដែរថា ក្រោយស្ពានឆ្លងទន្លេមេគង្គ ខេត្តក្រចេះ និងផ្លូវតភ្ជាប់សំខាន់ៗក្នុងខេត្តក្រចេះ បានសាងសង់រួច នឹងទាក់ទាញបានកំណើនវិនិយោគមកកាន់ខេត្តក្រចេះផងដែរ។
ពាក់ព័ន្ធនឹងការពង្រីកសក្តានុពលនៃវិស័យទេសចរណ៍នៅក្នុខេត្តក្រចេះនេះដែរ បើតាមផែនការអភិវឌ្ឍន៍ទេសចរណ៍បច្ចុប្បន្ន២០២១-២០២៥ របស់ខេត្តក្រចេះដែលចេញផ្សាយកាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្រសួងទេសចរណ៍ បានដាក់ចេញផែនការគោលដៅទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិយ៉ាងហោចណាស់ឱ្យបានជាង១៨ម៉ឺននាក់មកកម្សាន្តនៅខេត្តនេះ ក្នុងឆ្នាំ២០២៥ខាងមុខ។
ក្រសួងបន្តថា ដើម្បីទាក់ទាញភ្ញៀវឱ្យបានតាមផែនការដែលបានកំណត់ មន្ទីរទេសចរណ៍ខេត្តក្រចេះ មានគម្រោងប្រែក្លាយខេត្តជាប់ទន្លេមេគង្គមួយនេះ ទៅជាខេត្តគោលដៅឋានសួគ៌នៃទេសចរណ៍ធម្មជាតិ និងវប្បធម៌ ព្រមទាំងជាខេត្តគំរូមានភាពទាក់ទាញជាងគេនៅក្នុងតំបន់ភូមិឦសាន តាមរយៈការពង្រឹងគុណភាពផលិតផលទេសចរណ៍ឱ្យកាន់តែទាក់ទាញ មានបង្កើតនូវព្រឹត្តិការណ៍ទេសចរណ៍ប្លែកថ្មីៗបន្ថែមទៀត។នៅក្នុងផែនការអភិវឌ្ឍន៍ទេសចរណ៍២០២១-២០២៥របស់ខេត្តមានចំនួន៨ ចំណុច ដែលនៅក្នុងនោះរួមមាន ១.ការអភិវឌ្ឍផលិតផលទេសចរណ៍ ២.ការសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍ ៣. ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងសម្របសម្រួលការធ្វើដំណើរទេសចរណ៍ ៤. សន្តិសុខ សុវត្ថិភាពទេសចរណ៍ និងការគ្រប់គ្រងផលប៉ះពាល់អវិជ្ជមាន ៥. ប្រព័ន្ធច្បាប់ និងយន្តការគ្រប់គ្រង ៦. ការអភិវឌ្ឍធនធានមនុស្ស និងសមភាពយេនឌ័រ ៧. ការវិនិយោគក្នុងវិស័យទេសចរណ៍ ៨. ការអភិរក្ស និងការគ្រប់គ្រងធនធានធម្មជាតិជាដើម។ តាមរយៈផែនការនេះ មន្ទីរទេសចរណ៍ខេត្តក្រចេះ យល់ថា ក៏ជាចំណែកសំខាន់ជួយពង្រីកច្រកវិនិយោគក្នុងខេត្តនេះ៕