ភ្នំពេញៈ កម្ពុជាបាន​បញ្ចេញ​ប្រាក់​ជិត ៣៦០​ លាន​ដុល្លារ ​ទៅលើ​ការ​នាំចូល​ដែក និង​ដែកថែប​ពី​ក្រៅប្រទេស​មក​បំពេញ​តម្រូវ​​ការប្រើប្រាស់​ក្នុងស្រុក ដោយ​ចំនួន​នេះ​កើនឡើង​ជាង ២៣​ ភាគរយ​ បើ​ធៀប​ឆ្នាំ ​២០២១​។ នេះ​បើ​យោងតាម​អគ្គនាយក​​ដ្ឋា​ន​គយ និង​រដ្ឋាករ​កម្ពុជា​។​

​ទិន្នន័យ​បង្ហាញថា រយៈពេល​ពេញ ​១ ​ឆ្នាំ ​២០២២ ការនាំ​ចូល​ដែក និង​ដែកថែប មាន​ទឹកប្រាក់​សរុប ៣៥៩,៨១៩​ លាន​ដុល្លារ កើន ២៣,១ ​ភាគរយ ​ពី​ចំនួន ២៩២,៣៣៩ ​លាន​ដុល្លារ​ ក្នុង​ឆ្នាំ​ ២០២១​។ ចំនួន​ប្រាក់​កម្ពុជា​ចំណាយ​លើ​ការនាំ​ចូល​ដែក និង​ដែកថែប គឺ​ប្រមាណ ១,២​ ភាគរយ​ ធៀប​ចំនួន​ប្រាក់​នៃ​ការ​នាំចូល​ទំនិញ​ក្នុង​ឆ្នាំ ​២០២២ ដែលមាន​ចំនួន ២៩ ៩៤១,៦០ ​លាន​ដុល្លារ​។​


​ដោយឡែក​ប្រាក់​នាំចូល​ដែក និង​ដែកថែប នៅក្នុង​ខែធ្នូ ឆ្នាំ ​២០២២ គឺមាន ៣២,៤០៧ ​លាន​ដុល្លារ កើនឡើង ២៨,៧​ ភាគរយ ​បើ​ធៀប​ខែធ្នូ ឆ្នាំ​ ២០២១ ដែលមាន ២៥,១៨​ លាន​ដុល្លារ​។​

​ប្រធាន​គ្រប់គ្រង​ទូទៅ​សមា​​គម​អ្នក​សាងសង់​កម្ពុជា លោក ជីវ ស៊ីវ​ផេង បាន​ប្រាប់ ​ភ្នំពេញ​ ​ប៉ុស្តិ៍​ថា ការ​រើប​ឡើងវិញ​វិស័យ​សំណង់​ធ្វើឱ្យ​ចំនួន​ទឹកប្រាក់​នាំ​​ចូល​គ្រឿងសំណង់ រួមទាំង​ដែក​កើន​ឡើងជា​បន្តបន្ទាប់​។ ចំនួន​នេះ​នឹង​បន្ត​កើនឡើង​ថែមទៀត​ ក្នុង​ឆ្នាំ​ ២០២៣ នេះ ប៉ុន្តែ​វា​នឹងមិន​ហក់​ឡើង​ខ្ពស់​ភ្លាមៗ​ឡើយ​ព្រោះ​វិស័យនេះ​ត្រូវការ​ពេល​បន្ថែមទៀត ស្របពេល​កំណើនសេដ្ឋកិច្ច​ពិភពលោក​ក៏​មិនទាន់មាន​ស្ថិរ​ភាពល្អ​ផងដែរ​។​


​លោក​និយាយថា​៖ «​ការ​កើន​ឡើង​ចំនួន​ទឹកប្រាក់​នាំចូល​ដែក និង​ដែកថែប បញ្ជាក់ថា វិស័យ​សំណង់​កម្ពុជា​ចាប់ផ្តើម​មាន​សកម្មភាព​ជា​សន្សឹមៗ​ឡើងវិញ​ហើយ​»​។​

​លោក​បន្ថែមថា បច្ចុប្បន្ន​ក្រៅពី​ផលិតផល​ក្នុងស្រុក ដែក​​ប្រើប្រាស់​ក្នុង​វិស័យ​សំណង់​ភាគច្រើន​នាំមក​ពី​ប្រទេស​​វៀតណាម ចិន និង​ថៃ​។​

​អគ្គលេខាធិការ​នៃ​សមាគម​​អ្នក​អភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា លោក ហ៊ុយ វណ្ណា នាពេល​ថ្មីៗ​នេះ​និយាយថា វិស័យ​សំណង់​ដែលមាន​សកម្មភាព​នៅពេល​នេះ ភាគច្រើន​ជា​សំណង់​លំនៅ​​ឋាន ខណៈ​សំណង់​ធំៗ​ដែលមាន​ម្ចាស់​ជា​ជនបរទេស គឺ​មិនសូវមាន​សកម្មភាព​ទេ​។ វិស័យនេះ​នៅ​ត្រូវការ​បន្ថែមទៀត​ទើប​អាចមាន​សម្ទុះ​ខ្លាំង​ដូច​កាលពី​អំឡុង​មុន​ឆ្នាំ​ ២០១៩​។​

​លោក​ប្រាប់ថា​៖ «​បើ​និយាយ​ពី​ស្ថានភាព​វិស័យ​សំណង់​ដែលមាន​វឌ្ឍនភាព​ពេល​នេះ គឺ​ភាគ​​ច្រើន​ជា​គម្រោង​តូចៗ​ដែលមាន​ដូចជា​លំនៅឋាន​របស់​ប្រជាជន​ក្នុងស្រុក ខណៈ​សំណង់​ធំៗ​ដែល​វិនិយោគ​ដោយ​បរទេស​គឺមាន​វឌ្ឍនភាព​តិចតួច​»​។​

​កាលពីដើម​ខែធ្នូ ២០២០ មាន​រោងចក្រ​ផលិត​ដែកថែប​មួយ​របស់​ក្រុមហ៊ុន ហុង​ឌី​សេង (​ខេ​ម​បូ​ឌា​) ស្ទីល ឯ​.​ក ដែល​វិនិយោគ​ដោយ​វិនិយោគិន​ចិន​ក្នុង​ទឹកប្រាក់ ១៦,៧ ​លាន​ដុល្លារ ​បើក​ដំណើរការ​ក្នុង​ខេត្តកំពង់ស្ពឺ ដែល​អាចមាន​សមត្ថភាព​ផលិត​ដែក​បាន ៥០០ ០០០​ តោន ក្នុងដំណាក់កាល​ដំបូង​។​

​ចាប់ពី​ខែមករា ដល់​ខែវិច្ឆិកា ឆ្នាំ​ ២០២២ ក្រសួង​បានអនុម័ត​ឱ្យ​គម្រោង​សាងសង់​ចំនួន ៣ ៨២៧​ គម្រោង ធ្លាក់ចុះ ២,៤៩ ​ភាគរយ​ បើ​ធៀប​រយៈពេល​ដូច​​គ្នា​ឆ្នាំ ​២០២១ ដែលមាន​ចំនួន ៣ ៩២៥ ​គម្រោង​។ ចំណែក​ទុន​​វិនិយោគ​ក្នុង​រយៈពេល ១១​ ខែ​ ឆ្នាំ​២០២២ គឺមាន ២ ៦៣៤,៩៩ ​លាន​ដុល្លារ ធ្លាក់ចុះ ៤៩,៤២ ​ភាគរយ ពី​ចំនួន ៥ ២១០,៣៦​ លាន​ដុល្លារ​។ នេះ​បើ​យោងតាម​ក្រសួង​រៀបចំ​ដែនដី នគ​រូប​​នីយកម្ម និង​សំណង់​៕