ភ្នំពេញៈ មន្ត្រីខេត្ត​បានឱ្យដឹង​កាលពី​ម្សិលមិញ​ថា សំណង់​អគារ​ចំនួន​​ ៣៥៩ ក្នុងចំណោម​អគារ​ខ្ពស់ៗ​ជាង​ ១ ពាន់​ទីតាំង បាន​វិនិយោគ​យ៉ាងគំហុក​នៅក្នុង​ខេត្ត​ព្រះសីហនុ​មុន​ការ រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​ ១៩ ត្រូវបាន​ផ្អាក​ដំណើរការ​សាងសង់​ទាំងស្រុង​រហូតមកដល់​បច្ចុប្បន្ននេះ និង​សំណង់​អគារ​ដែល​បាន​សាងសង់​រួច​ចំនួន​ ២៥៥ ​ទីតាំង​មិន​ដំណើរការ​អាជីវកម្ម​។​

​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី «​ភាពជោគជ័យ​ក្នុង​រយៈពេល​ ៥​ ឆ្នាំកន្លងមក​» ដែល​រៀបចំឡើង​ដោយ​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា​នៅ​ថ្ងៃទី ​១៥ ខែកុម្ភៈ ឆ្នាំ​ ២០២៣ លោក គួច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ បាន​ថ្លែងថា ក្នុងចំណោម​អគារ​ខ្ពស់ៗ​ទាំង​ ១០០៦ មានតែ​អគារ​ចំនួន ​៣០៣ ប៉ុណ្ណោះ ដែល​ត្រូវបាន​ដំណើរការ​អាជីវកម្ម​នៅពេល​សព្វថ្ងៃនេះ និង​អគារ​ចំនួន​ ៨៩ ​កំពុង​ត្រូវបាន​ដំណើរការ​សកម្មភាព​សាងសង់​ឡើងវិញ​។​


​លោក គួច ចំរើន ថ្លែងថា​៖ «​ស្ថានភាព​សាងសង់​សំណង់​នៅ​ខេត្ត​ព្រះសីហនុ​បាន​ធ្លាក់ចុះ​យ៉ាងគំហុក​ចាប់​តាំងតែ​ពី​ដើមឆ្នាំ​ ២០២០ ​មក គឺ​ចាប់ពី​ពេល​ជំងឺ​កូ​វីដ​ ១៩ ​បានចាប់ផ្តើម​រាតត្បាត រហូតដល់​មាន​វិធាន​ការបិទ​ខ្ទប់​ដើម្បី​បង្ការ​ការរីក​រាលដាល​នៃ​ជំងឺ​នេះ​»​។​


​ឆ្លើយតប​នឹង​សំណួរ​ដែលថា​តើ​អាជ្ញា​ធរមាន​វិធានការ​បែបណា​ដើម្បី​ស្រោចស្រង់​និង​កែលម្អ​ស្ថានភាព​ជាប់គាំង​នៃ​ការសាងសង់​អគារ​ខ្ពស់ៗ​នៅ​ខេត្ត​ព្រះសីហនុ លោក គួច ចំរើន បាន​អះអាងថា ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​បង្កើត​ក្រុមការងារ​មួយ​ដើម្បី​សិក្សា នឹង​ឈានទៅ​ដាក់ចេញ​នូវ​វិធាន​ការជួយ​ដល់​ម្ចាស់​គម្រោង​វិនិយោគ​ទាំងនោះ​។​


​លោក គួច ចំរើន និយាយថា​៖ «​ក្រសួង​ក៏បាន​រៀបចំ​ដំណើរការ​ធ្វើការ​ប្រជុំ​ក្នុងនាម​មន្ត្រី​បច្ចេកទេស​ច្រើនដង​មកហើយ ឥឡូវនេះ​អាច​ថា ស្ថិតនៅក្នុង​ដំណាក់កាល​ដែល​ត្រូវសុំ​គោលការណ៍​ថ្នាក់ដឹកនាំ ទាំង​ក្រសួង​និង​រាជរដ្ឋាភិបាល​។ អ៊ី ចឹ​ង នឹងមាន​យន្តការ​មួយចំនួន​ដែល​ខ្ញុំ​មិនទាន់​និយាយបាន​ព្រោះ​មិនទាន់មាន​ការសម្រេច​»​។​


លោក គួច ចំរើន អភិបាល​ខេត្ត​ព្រះសីហនុ​ថ្លែង​ក្នុង​សន្និសីទ​កាសែត​ម្សិលមិញ។ហេង ជីវ័ន


​លោក​បាន​បញ្ជាក់ថា​៖ «​ខ្ញុំ​សូម​បញ្ជាក់ជូន​ថា ដំណើរការ​នេះ​នៅក្នុង​ដំណាក់កាល​ហ្នឹង មានការ​រៀបចំ គិតគូរ​ផ្តល់នូវ​ភាពអនុគ្រោះ​មួយចំនួន​ដល់​ទៅ​ពួកគាត់ [​ម្ចាស់​អគារ ឬ អ្នកវិនិយោគ​]»​។

​នៅក្នុង​វេទិកាសាធារណៈ ស្តីពី​ការគ្រប់គ្រង​ម៉ាក្រូសេដ្ឋកិច្ច និង​ច្បាប់​ថវិកា​ឆ្នាំ​ ២០២៣ ថ្ងៃទី​ ២៥ ខែមករា ឆ្នាំ ២០២៣ លោក វ​ង្ស៊ី វិស្សុត រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​អះអាងថា កម្ពុជា​នឹងមិន​ទុក​វិស័យ​អចល​​ន​ទ្រព្យ​ចោល​នោះទេ ព្រោះ​វិស័យនេះ បានរួម​ចំណែក យ៉ាង​ធំ​ដល់​កំណើនសេដ្ឋកិច្ច របស់​ប្រទេស​កម្ពុជា ដែលមាន​ប្រមាណ​ ១០ ​ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប​។​

​លោក វ​ង្ស៊ី វិស្សុត បានលើកឡើង​នាពេលនោះ​ថា វិស័យ​អចលនទ្រព្យ​ទាំងមូល​របស់​កម្ពុជា​ក្នុង​ឆ្នាំ​ ២០២២ និង​ឆ្នាំ​ ២០២៣ គឺ​នៅ​យឺត​និង​តឹងតែង​ខ្លាំងណាស់​។ នៅក្នុង​វេទិកា​នោះដែរ លោក​បាន​អះអាង​ពី​ការបង្កើត​ក្រុមការងារ​ដែល ការបង្កើត​គោលនយោបាយ​គាំទ្រ​នោះ​នឹងមាន​សមាសភាព​ពី​ធនាគារជាតិ​ដែល​គ្របដណ្តប់​លើ​ឥណទាន ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ដែល​នឹង​គ្របដណ្តប់​លើ​ផ្នែក​ពន្ធដារ​និង​សមាគម​អ្នក​សាងសង់​ខ្លួនឯង​ដែល​នឹងត្រូវ​ចូលរួម​ទទួលខុសត្រូវ​។

​លោក និយាយថា​៖ «​យើង​មាន​ហើយ​កន្លែង​ត្រូវ​ដោះស្រាយ ធ្វើ​យ៉ាងម៉េច​កុំឱ្យ​ហានិភ័យ​នេះ​រីក​រាល​ទៅដល់​ភាពគ្រោះថ្នាក់ ព្រោះ​វា​នៅ​ហានិភ័យ​ទេ​។ ហានិភ័យ​ធំ​គឺ Credit Crunch (​ការខ្វះ​ឥណទាន​)​ ដូចនេះ​ខ្ញុំ​ថា យើង​ឃើញ​ថ្ងៃមុខ​យើង​ត្រូវ​អង្គុយ​ដោះស្រាយ​ជាមួយគ្នា​»​។

​លោក​ថា កំណើន​ផ្នែក​សំណង់​និង​អចលនទ្រព្យ​នៅ​ប្រទេស​កម្ពុជា ប្រសិនបើ មើល​ ១០ ​ឆ្នាំ​ទៅមុខ កត្តា​ក្នុងស្រុក​ជា​រឿង​ ១ ប៉ុន្តែ​កត្តា​ផ្សេងទៀត​គឺពាក់ព័ន្ធ​លំហូរ​វិនិយោគ​ពី​ក្រៅប្រទេស ជាពិសេស​ប្រទេស​ចិន​តែម្តង​។ ក្នុង​ឆ្នាំ​ ២០២២ ទំហំ​វិនិយោគ​ចិន​នៅ​កម្ពុ​ជាមាន​ជាង ​១ ៦០០ ​លាន​ដុល្លារ ​(​ស្មើ​ ៤២ ​ភាគរយ​)​ នៃ​ការវិនិយោគ​សរុប​។​

​លោក វ​ង្សី វិស្សុត ថា ចិន​នៅតែ​ដើរតួ​សំខាន់​ក្នុងការ​រុញច្រាន​កំណើនសេដ្ឋកិច្ច​របស់​ក​ម្ពុ​ជា ដោយ​មិន​ត្រឹមតែ​ការវិនិយោគ​លើ​វិស័យ​ឧស្សាហកម្ម​ប៉ុណ្ណោះ​ទេ តែ​ក៏​វិនិយោគ​ទៅលើ​វិស័យ​កសិកម្ម​, ទេសចរណ៍ ជាពិសេស​លើ​វិស័យ​សំណង់ និង​អចលនទ្រព្យ​។ យោងតាម​លោក គួច ចំរើន បច្ចុប្បន្ននេះ​ខេត្ត​ព្រះសីហនុ មាន​ជនជាតិ​ចិន​ជាង​ ២​ ម៉ឺន​នាក់​កំពុង​រស់នៅ និង​ប្រកបមុខរបរ​៕