ភ្នំពេញៈ ជេ​អេស លែ​ន (JS Land) ដែលជា​ក្រុមហ៊ុន​អភិ​វឌ្ឍន៍​អចលនទ្រព្យ​ចុះបញ្ជី​ភាគ​ហ៊ុន បាន​ទិញ​ដី​ ១​ កន្លែង​នៅ​រាជធានី​ភ្នំពេញ​ សម្រាប់​ពង្រីក​អាជីវកម្ម​តាមរយៈ​ការអភិវឌ្ឍ​គម្រោង​ខុន​ដូ The Garden / Residency 3 ដូច​ក្នុង​ផែនការអាជីវកម្ម​រប​ស់​ក្រុមហ៊ុន​នៅក្នុង​អំឡុងពេល​ចុះបញ្ជី​។​

​ក្រុមហ៊ុន JS Land Plc បាន​ចុះបញ្ជី​ភាគហ៊ុន​របស់ខ្លួន​ជា​មួយ​ទីផ្សារ​កំណើន​នៃ​ផ្សា​រមូល​ប​ត្រ​កម្ពុជា ​(CSX) កាលពី​ថ្ងៃទី​ ១០ ខែកុម្ភៈ ឆ្នាំ​ ២០២២ ដោយ​ប្រមូល​មូលនិធិ​បាន​ប្រហែល ៤៩​ ពាន់​លាន​រៀល (​ឬ​ស្មើ​ ១២ ​លាន​ដុល្លារ​)​។​


​ក្រុមហ៊ុន​នេះ​បាន​ផ្ញើ​ឯកសារ​ទៅ CSX កាលពី​ថ្ងៃទី​ ២៧ ខែកុម្ភៈ ដោយ​ប្រកាសថា ក្រុមហ៊ុន​បាន​ទិញ​ដី​ដ៏​ល្អ​ ១​ កន្លែង​នៅ​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ នៅក្នុង​គោល​បំណង​អភិវឌ្ឍ​សាងសង់​ខុន​ដូ The Garden/Residency 3 នាពេល​ខាងមុខនេះ​។ សម្រាប់​តម្លៃ​ដី​គឺ ៧ ៤១០ ៦០០ ០០០​ រៀល​។ ទ្រព្យសកម្ម​សរុប​នៅ​ចុងឆ្នាំ​សារពើពន្ធ​ចុងក្រោយ​គឺ​ចំនួន ៦៥ ៣៥៥ ៥១១ ៨១០​ រៀល និង​អនុ​បាត​នៃ​តម្លៃ​ទ្រព្យសកម្ម​សរុប គឺ ១ ១៣៤ ​ភាគរយ​។​


​ក្រុមហ៊ុន​ឱ្យដឹងថា​៖ «​ក្នុងនាម​ជា​ក្រុមហ៊ុន​ដែលមាន​កិច្ចខិតខំ​ប្រឹងប្រែង​សាងសង់​លំនៅឋាន ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​ប្រជាជន​ខ្មែរ យើង​ប្តេជ្ញា​នឹង​ផ្តល់នូវ​គម្រោង​ប្រកបដោយ​ភាព​ច្នៃប្រឌិត និង​មាន​គុណភាព​លើសពី​ការរំពឹងទុក​របស់​ម្ចាស់​ភាគហ៊ុន​ទាំងអស់​។ យើង​ជឿថា TGR 3 នឹងមិន​ត្រឹមតែ​ចូល​រួមចំណែក​ដល់​ការលូតលាស់​នៃ​ទីផ្សារ​អចលនទ្រព្យ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ផ្តល់ឱ្យ​ប្រជា​ជនកម្ពុជា​នូវ​បរិបទ​នៃ​ការ​រស់​នៅ​ថ្មី​ប្រកបដោយ​ផាសុកភាព និង​និរន្តរភាព​ផងដែរ​»​។​


​លោក Jack Yap អគ្គនាយក​ក្រុមហ៊ុន JS Land បានឱ្យដឹង​ក្នុងអំឡុងពេល​ចុះបញ្ជី​ផ្លូវការ​ថា ក្រុមហ៊ុន​បាន​ប្រើប្រាស់​បទ​ពិសោធន៍​របស់ខ្លួន​ក្នុង​ទីផ្សារ​ម៉ាឡេស៊ី និង​នៅ​ទីក្រុង​ហុងកុង ដើម្បី​ដាក់​ទីតាំង និង​ផ្តោតលើ​ការសង់​ផ្ទះ​តម្លៃ​សមរម្យ ដែល​ឆ្លើយតប​នឹង​តម្រូវការ​។​


​លោក​បញ្ជាក់ថា​៖ «​ក្នុង​រយៈ​​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ជា​លទ្ធផល​នៃ​តម្រូវ​ការដែល​កើនឡើង​ដ៏​រហ័ស​ពី​ប្រជាជនមាន​ប្រាក់ចំណូល​មធ្យម ទីផ្សារ​កម្ពុជា បាន​មើលឃើញ​ពី​ការ​ផ្លាស់ប្តូរ​យ៉ាងសំខាន់​គឺ​ពី​ខុន​ដូ​តម្លៃ​ខ្ពស់​ទៅជា​ខុន​ដូ​មានតម្លៃ​សមរម្យ ដោយ​ឥឡូវ​មាន​ចំនួន ៦៨​ ភាគរយ​នៃ​ភាគហ៊ុន​សរុប​។ យូ​នី​ត​ដែលមាន​តម្លៃ​សមរម្យ​គឺមាន​តម្រូវការ​ច្រើនជាងគេ​ក្នុង​វិស័យ​ខុន​ដូ​»​។​


​ក្រុមហ៊ុន JS Land ថ្មីៗ​នេះ​បាន​រាយការណ៍​ពី​ការខាតបង់​ចំនួន ២,៣៦៣​ ពាន់​លាន​រៀល ​(៥៩០ ៧៥០ ដុល្លារ​)​ នៅក្នុង​ឆមាស​ទី​១ ដែល​បានបញ្ចប់​នា​ថ្ងៃទី ​៣០ ខែមិថុនា ឆ្នាំ​ ២០២២ ដោយសារ​តម្រូវការ​ខុន​ដូ​ទាប​។​

​ក្នុង​ឯកសារ​ដេញថ្លៃ​នៅ​ថ្ងៃទី ​៣១ ខែសីហា JS Land មិនបាន​បង្ហាញ​ពី​ប្រាក់ចំណូល​នៅក្នុង​រយៈពេល​នេះ​ទេ ដោយសារ​ក្រុមហ៊ុន​មិនបាន​ប្រគល់​គម្រោង Garden Residency 2 (GR2) ដែល​បច្ចុប្បន្នកំពុង​សាង​សង់ ហើយ​រំពឹង​នឹង​បញ្ចប់​នៅ​ឆ្នាំ ​២០២៣ នេះ​។​

​លោក Koy Le San ប្រធាន​ក្រុមហ៊ុន JS Land បាន​ប្រាប់​ម្ចាស់​ភាគហ៊ុន​ថា ក្នុងនាម​ជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ លក្ខខណ្ឌ​ដែលមាន​ចែង​ក្នុង​កិច្ចសន្យាលក់​-​ទិញ​អនុញ្ញាតឱ្យ​ក្រុមហ៊ុន​ទទួលស្គាល់​ប្រាក់​ចំណូល​នៅពេលដែល​អចលនទ្រព្យ​ត្រូវបាន​បញ្ចប់ និង​ប្រ​គល់​ជូន​អតិថិជន​។ លោក​បន្តថា ការណ៍​នេះ​គឺ​ស្របតាម​លក្ខ​​ខណ្ឌ​តម្រូវ​នៃ​ស្តង់ដារ​បាយ​ការ​ណ៍​អន្តរជាតិ​។​

​លោក Le San និយាយថា​៖ «​ហេតុ​ដូច្នេះហើយ​ចាប់ពីពេលនេះ​រហូតដល់​ការប្រគល់ GR2 គណនី​ដែល​បានធ្វើ​សវនកម្ម​របស់​ក្រុមហ៊ុន​យើង​នឹងមិន​ឆ្លុះបញ្ចាំង​ពី​ប្រាក់ចំណូល​ណា​នោះឡើយ​។ យ៉ាងណា​អ្នកនឹង​មើលឃើញ ទ្រព្យសកម្ម​អភិវឌ្ឍន៍​អចលនទ្រព្យ​របស់​ក្រុមហ៊ុន​កំ​​ពុង​កើនឡើង​រៀងរាល់​ត្រីមាស ដើម្បី​ឆ្លុះបញ្ចាំង​ពី​ដំណាក់កាល​នៃ​ការបញ្ចប់​គម្រោង​រហូត​មកដល់​ពេលបច្ចុប្បន្ន​»​។​

​សម្រាប់​ត្រីមាស​ទី​២ ដែល​បញ្ចប់​នៅ​ថ្ងៃទី ​៣០ ខែមិថុនា ឆ្នាំ ​២០២២ ក្រុមហ៊ុន JS Land បានបង្ហាញ​ការខាតបង់​សុទ្ធ​ ៧៤៤,១៤១​ លាន​រៀល​៕