ភ្នំពេញៈ ទឹកប្រាក់​ប្រមាណ​ជាង ៩៣​ លាន​ដុល្លារ ត្រូវបាន​បញ្ចេញ​ទៅលើ​ការនាំ​ចូល​ដែក និង​ដែកថែប ក្នុង​ត្រីមាស​ទី​ ១ ឆ្នាំ ​២០២៣ កើន​ជិត ១១​ ភាគ​រយ​បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២២ ខណៈ​ក្នុង​ខែមីនា ទឹក​ប្រាក់​នាំចូល​ដែក និង​ដែកថែប កើនឡើង​ជាង​៣ ០ ​ភាគរយ​។ នេះ​បើ​យោងតាម​អគ្គនាយក​ដ្ឋា​ន​គយ និង​រដ្ឋាករ​កម្ពុជា​។​

​តារាង​ស្ថិតិ​ទំនិញ​ពាណិជ្ជកម្ម​នាំចូល​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ឱ្យដឹងថា ក្នុង​ត្រីមាស​ទី ​១ ឆ្នាំ ​២០២៣ កម្ពុជា​បាន​នាំចូល​ដែក និង​ដែកថែប ក្នុង​ទឹកប្រាក់​សរុប ៩៣,២៩២​ លាន​ដុល្លារ​កើនឡើង ១០,៩​ ភាគរយ​ធៀប​ត្រីមាស​ទី​១ ឆ្នាំ​ ២០២២ ដែលមាន ៨៤,០៨៥ ​លាន​ដុល្លារ​។ ប្រាក់​នាំចូល​ដែក និង​ដែកថែប ក្នុង​ត្រីមាស​ទី​ ១ ឆ្នាំ​ ២០២៣ ​ធៀប​នឹង​ត្រីមាស​ទី​ ៤ ឆ្នាំ​ ២០២២ គឺ​កើនឡើង ៥,៩៦ ភាគរយ ឬ​ស្មើនឹង ៥,២៥១ ​លាន​ដុល្លារ​។​


​ដោយឡែក​នៅក្នុង​ខែមីនា ឆ្នាំ​ ២០២៣ ការនាំ​ចូល​ដែក និង​ដែក​​ថែប មាន​ទឹកប្រាក់ ៣៤,២១៣​ លាន​ដុល្លារ​កើនឡើង ៣០,១​ ភាគរយ​ធៀប​នឹង​ខែមីនា ឆ្នាំ​ ២០២២ ដែលមាន ២៦,២៩៨​ លាន​ដុល្លារ​។​

​ប្រធាន​គ្រប់គ្រង​ទូទៅ​នៃ​សមាគម​អ្នក​សាងសង់​កម្ពុជា លោក ជីវ ស៊ីវ​ផេង បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ២៥ ខែមេសា ថា ទោះបី​មិនមាន​សម្ទុះ​ខ្លាំង​ដូច​នៅមុន​ពេល​មាន​វិបត្តិ​ជំងឺ​កូ​វីដ​ ១៩ ប៉ុន្តែ​វិស័យ​សំណង់​កម្ពុជា​បាន​ផ្តើម​កម្រើក​ឡើងវិញ​ជា​បណ្តើរៗ​ហើយ​តាំងពី​ចុងឆ្នាំ ​២០២២ មក ដោយ​គេ​សង្កេតឃើញ​តាម​ការ​ដ្ឋា​ន​ធំៗ​ដែល​ជាប់គាំង​កន្លងមក​បានចាប់ផ្តើម​មាន​សក​ម្ម​ភាព​សាងសង់​ឡើងវិញ​ខ្លះៗ​ហើយ​។ ការ​ងើប​ឡើងវិញ​នៃ​វិស័យ​សំណង់​ធ្វើឱ្យ​តម្រូវការ​ដែក និង​សម្ភារ​សំណង់​ផ្សេងៗ​ទៀត​កើនឡើង​ដូចៗ​គ្នា​។ លោក​បន្តថា តាមរយៈ​ស្ថានភាព​ពេលនេះ គឺ​លោក​រំពឹងថា ការនាំ​ចូល​ដែក និង​ដែកថែប​ក្នុង​វិស័យ​សំណង់​នឹង​កើនឡើង​ថែម​ទៀត​។ លោក​បន្ថែមថា​៖«​បន្ទាប់ពី​ស្ងប់ស្ងាត់​ជាង​ ២ ​ឆ្នាំ​ដោយសារ​វិបត្តិ​កូ​វីដ តម្រូវការ​ដែក និង​សម្ភារ​សំណង់​គ្រប់​ប្រភេទ​កំពុង​កើនឡើង​វិញ​ជា​លំដាប់​»​។​


​បើតាម​លោក ស៊ីវ​ផេង មូល​ហេតុដែល​ធ្វើឱ្យ​សកម្មភាព​សាងសង់​ចាប់​ផ្តើម​មាន​សញ្ញា​ល្អ​ឡើងវិញ គឺ​ដោយ​សារ​គ្រប់​ប្រទេស​លើ​ពិភពលោក​ប្រកាស​បើក​ឡើងវិញ​ដែល​ធ្វើឱ្យមាន​លំហូរ​ការធ្វើដំណើរ​ឆ្លង​ប្រទេស​, ការ​ជំរុញ និង​លើកទឹកចិត្ត​របស់​រាជ​​រដ្ឋាភិបាល​ចំពោះ​គម្រោង​ដែលជា​ប់​គាំង​កន្លងមក និង​កត្តា​កំណើន​សេដ្ឋ​កិច្ច​ពិភពលោក រួមទាំង​កម្ពុជា​។​

​រដ្ឋាភិបាល​តាមរយៈ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ កាលពី​ថ្ងៃទី ១២ ខែមេសា បានចេញ​សេចក្តីជូនដំណឹង​មួយ​ដោយបាន​ដាក់ចេញ​នូវ​វិធានការ​មួយ​ចំនួន​ដើម្បី​គាំទ្រ​ដល់​ការអភិវឌ្ឍ​វិស័យ​សំណង់ និង​អចលនទ្រព្យ​ផ្នែក​បុរី​។​

​លោក ហ៊ុយ វណ្ណា អគ្គលេខាធិការ​នៃ​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា បាន​និយាយថា ភាគច្រើន​នៃ​វិស័យ​សំណង់​ដែលមាន​សកម្មភាព​នៅពេល​នេះ គឺជា​សំណង់​លំនៅឋាន ខណៈ​សំណង់​ធំៗ​ដែលមាន​ម្ចាស់​ជា​ជនបរទេស​គឺ​មិនសូវមាន​សកម្មភាព​ទេ​។

​វិស័យនេះ​ត្រូវការ​យូរ​បន្ថែមទៀត​ទើប​មាន​សម្ទុះ​ខ្លាំង​ដូច​អំឡុង​មុន​ឆ្នាំ​ ២០១៨​។ គម្រោង​អភិវឌ្ឍន៍​ហេ​ដ្ឋា​រចនាសម្ព័ន្ធ​ដែល​លេច​ឡើងជា​បន្ត​​បន្ទាប់​នាពេលនេះ​ក៏បាន​ជំរុញឱ្យមាន​តម្រូវការ​នាំចូល​ដែក និង​ដែកថែប​កាន់តែច្រើន​ផងដែរ​។ លោក​លើក​ឡើង​ថា​៖ «​សម្រាប់​ពេលនេះ​គេ​ឃើញថា សកម្មភាព​សាងសង់​គឺ​គ្រាន់បើ​ជាង​មុន ដោយ​គម្រោង​ដែលជា​ប់​គាំង​កន្លងមក​មួយចំនួន​ត្រូវបាន​គេ​ចាប់ផ្តើម​ដំណើរការ​សាងសង់ឡើង​វិញ ប៉ុន្តែ​មិន​ហក់​ឡើង​គំហុក​នោះទេ​»​។​

​ទិន្នន័យ​បានឱ្យដឹងថា ក្នុង​ឆ្នាំ ​២០២២ ការនាំ​ចូល​ដែក និង​ដែកថែប មាន​ទឹកប្រាក់​សរុប ៣៥៩,៨១៩ ​លាន​ដុល្លារ កើន ២៣,១ ​ភាគរយ​ពី ២៩២,៣៣៩ ​លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០២១​។ ទឹកប្រាក់​នាំចូល​ដែក និង​ដែកថែប គឺ​ស្មើ​ប្រមាណ ១,២​ ភាគ​​រយ​ធៀប​នឹង​ចំនួន​ប្រាក់​នៃ​ការ​នាំចូល​ទំនិញ​ក្នុង​ឆ្នាំ ​២០២២ ដែលមាន​ចំនួន ២៩ ៩៤១,៦០ ​លាន​ដុល្លារ​។​

​ឯកសារ​និន្នាការ​សេដ្ឋកិច្ចសង្គម ឆ្នាំ​ ២០២២ របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ឱ្យដឹងថា ក្នុង​ឆ្នាំ ​២០២២ គម្រោង​ដែល​ទទួល​ការអនុញ្ញាតឱ្យ​សាងសង់​ពី​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ មាន​ចំនួន ៤ ២៧៥​ គម្រោង ធ្លាក់ចុះ ២៨​ គម្រោង​បើ​ធៀប​ទៅនឹង​ឆ្នាំ​ ២០២១ និង​មាន​ទុនវិនិយោគ​សរុប ២ ៩៦៨​ លាន​ដុល្លារ ធ្លាក់ចុះ ៤៦,៨​ ភាគរយ​។ ក្នុងចំណោម​គម្រោង​ទាំងអស់នោះ គឺ​គម្រោង​លំនៅឋាន​ចំនួន ៣ ៧៦៨ គម្រោង ស្មើនឹង ៨៨,១ ​ភាគរយ​នៃ​សំណើសុំ​សាងសង់​សរុប កើនឡើង ៤៨ គម្រោង បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​ ២០២១ ក្រៅពីនោះ​រួមមាន អគារ​ពាណិជ្ជកម្ម ឧស្សាហ​​កម្ម ទេសចរណ៍ និង​គម្រោង​ផ្សេងៗ​ទៀត​៕