ភ្នំពេញៈ ប្រទេស​កម្ពុជា​នឹងដាក់​ឱ្យ​ដំណើរការ​បរ​ធន​អ​ច​លន​ទ្រព្យ​វិនិយោគ ​(REIT)​ នៅពេល​ណាមួយ​ក្នុងឆ្នាំនេះ ដែលជា​ការវិវត្ត​ថ្មី​មួយ​ដើម្បី​ជំរុញ និង​លើកកម្ពស់​ការអភិវឌ្ឍ​វិស័យ​អចលនទ្រព្យ និង​សំណង់ ដែល​កំពុង​ទាក់ទាញ​ការវិនិយោគ​បាន​យ៉ាងច្រើន​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។​

​លោក ស៊ូ សុជាតិ អគ្គនាយក​និយ័ត​ករ​មូល​ប​ត្រ​កម្ពុជា ​(SERC)​ បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា REIT នឹង​ត្រូវបាន​បង្កើតឡើង​ដោយ​ក្រុមហ៊ុន​គ្រប់គ្រង​មូល​និ​ធិ​ដែល​ទទួលបាន​អាជ្ញាប័ណ្ណ​ពី SERC​។ បច្ចុប្បន្ន​ស្ថាប័ន​លោក​បានផ្តល់​អាជ្ញាប័ណ្ណ​ដល់​ក្រុមហ៊ុន​មួយចំនួន​រួចហើយ​។​


​លោក​ថ្លែងថា​៖ «​បរ​ធន​អ​ច​​លន​ទ្រព្យ​វិនិយោគ​នឹងត្រូវ​ដាក់ឱ្យ​ដំណើរការ​នៅ​ឆ្នាំនេះ ដោយ​វា​នឹង​បម្រើ​ជា​ផលិតផល​ហិរញ្ញ​​វត្ថុ​ថ្មី​មួយ​ដែល​ក្រុមហ៊ុន​គ្រប់​គ្រង​មូលនិធិ​បង្កើតឡើង​ដើម្បី​ប្រមូល​មូលនិធិ​អភិវឌ្ឍ​នៅក្នុង​វិស័យ​អចលន ទ្រព្យ​សម្រាប់​បង្កើត​ប្រាក់ចំណេញ​ដល់​វិ​និ​យោគិន​»​។​

​លោក​ថ្លែងថា​៖ «​យើង​ជឿថា​វា​នឹងត្រូវ​ដាក់ឱ្យ​ដំណើរការ​ក្នុងឆ្នាំនេះ​តាមរយៈ​ក្រុមហ៊ុន​គ្រប់​​គ្រង​មូលនិធិ​ដែល​ទទួលបាន​អាជ្ញាប័ណ្ណ​ពី​យើង​។ REIT ជា​ផលិតផល​ដែល​ត្រូវបាន​បង្កើតឡើង​សម្រាប់​ការអភិវឌ្ឍ​វិស័យនេះ​តាមរយៈ​ការប្រមូល​មូល​និ​ធិ​ពី​វិនិយោគិន​។ យើង​នឹង​សហការ​ជាមួយ​ក្រុមហ៊ុន​គ្រប់​​គ្រង​មូលនិធិ​ជុំវិញ​ការបង្កើត​នេះ​ដើម្បី​ធ្វើឱ្យ​ឧស្សាហ​កម្មនេះ​ដំណើរការ​ដោយ​រលូន​»​។​


​លោក ច្រឹ​ក សុខ​នី​ម អគ្គ​នា​​យក​ក្រុមហ៊ុន Century 21 Mekong បាន​សាទរ​ថា គំនិត​ផ្តួចផ្តើម​នេះ​នឹង​ជំរុញ​ឧស្សាហ​កម្មនេះ ដោយ​អនុញ្ញាតឱ្យ​ក្រុម​ហ៊ុន​គ្រប់គ្រង​មូលនិធិ​អាច​ប្រ​​មូល​មូលនិធិ​ពី​សាធារណជន ដើម្បី​ធ្វើឱ្យ​ឧស្សាហកម្ម​កាន់តែ​រីកចម្រើន​។​

​លោក​បញ្ជាក់ថា​៖ «​យើង​គិតថា ការដាក់ឱ្យ​ដំណើរការ​បរ​ធន​អចលនទ្រព្យ​នឹង​ក្លាយជា​វិធាន​​ការ​មួយ​ដ៏​ល្អ​សម្រាប់​អ្នក​នៅក្នុង​ឧស្សាហកម្ម​អចលនទ្រព្យ​ឱ្យមាន​សមត្ថភាព​កាន់តែច្រើន​ក្នុងការ​ប្រមូល​មូលនិធិ​ពីសា​​ធារ​ណ​ជន​។ RIT ដែល​ត្រូវបាន​ត្រួតពិនិត្យ​ដោយ SERC នឹង​បង្កើត​ទំនុកចិត្ត​ក្នុងចំណោម​វិ​និ​យោគិន​សាធារណៈ និង​អ្នក​នៅក្នុង​ឧស្សាហកម្ម​ដែលជា​ប់​ទាក់​ទង​ផ្សេងទៀត​ដែល​ចង់​វិនិយោគ​ក្នុង​វិស័យនេះ​នៅ​កម្ពុជា​»​។​

​ក្រសួង​រៀបចំ​ដែនដី នគ​រូប​នីយកម្ម និង​សំណង់ បាន​អនុ​ម័ត​គម្រោង​វិនិយោគ​សំណង់​សរុប​ចំនួន ​៤ ២៧៥ ក្នុង​ឆ្នាំ​ ២០២២ ធ្លាក់ចុះ ២៨​ គម្រោង ឬ ០,៦៥ ​ភាគរយ​ធៀប​នឹង​ឆ្នាំ​ ២០២១ ក្រោម​ដើមទុន​សរុប ២ ៩៦៨​ ពាន់​លាន​ដុល្លារ ធ្លាក់​ចុះ ៤៦,៨​ ភាគរយ​។ នេះ​បើតាម​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។​

​ទិន្នន័យ​បានបង្ហាញ​ទៀតថា វិស័យ​លំនៅឋាន​តំណាងឱ្យ ៣ ៧៦៨ ​នៃ​គម្រោង កើនឡើង​ពី ៣ ៧២០ ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២១ ឬ ៨៨,១៤​ ភាគរយ​នៃ​ចំនួន​សរុប​ដែល​កើនឡើង​ពី ៨៦,៤៥ ភាគរយ​ក្នុង​ឆ្នាំ​ ២០២១​។​

​ក្រសួង​បាន​បែងចែក​តាម​ប្រ​ភេទ​ដែល​បានអនុម័ត​កាលពី​ឆ្នាំ​ ២០២២ គឺ​សំណង់​លំនៅឋាន ៣ ៧៦៨, ពាណិជ្ជកម្ម ២២៨, ឧស្សាហកម្ម ១៨៤, សា​ធារ​​ណៈ ៥៨, ទេសចរណ៍ ៣៦, និង​ផ្សេងទៀត ១​។ តួលេខ​ក្នុង​ឆ្នាំ ​២០២១ គឺ​លំនៅឋាន ៣ ៧២០, ពាណិជ្ជកម្ម ៣០១, ឧស្សាហកម្ម ១៨៤, សា​ធារ​​ណៈ ៤៧, ទេសចរណ៍ ៤៩ និង​ផ្សេងទៀត ២៕