ភ្នំពេញៈ ទោះបី​វិបត្តិ​សេដ្ឋកិច្ច​ដែល​បណ្តាលមកពី​កូ​វីដ​ ១៩ មាន​ភាព​ធូរស្រាល ប៉ុន្តែ​វិបត្តិ​ថ្មីៗ​ដែល​កើត​ពី​ជម្លោះ​ភូមិសាស្ត្រ​នយោបាយ​រវាង​ប្រទេស​មហា​អំណាច​ធំៗ និង​សង្គ្រាម​រវាង​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន គឺ​នៅតែ​បន្ត​ដាក់​សម្ពាធ​លើ​កំណើន​សេដ្ឋ​កិច្ច​សកល និង​ប្រទេស​កម្ពុជា​ដដែល​។ ជាក់ស្តែង​ក្នុង​ឆមាស​ទី​ ១ ឆ្នាំ​ ២០២៣ នេះ​ស្ថានភាព​វិស័យ​អចលនទ្រព្យ​ក្នុង​ក្រុង​​ព្រះសីហនុ ដែល​ធ្លាក់ចុះ​យ៉ាង​​គំហុក​ចាប់​តាំង​ចុងឆ្នាំ​ ២០១៩ មក គឺ​មិនទាន់​បានបង្ហាញ​ពី​ការ​​រីកចម្រើន​ឡើងវិញ​ទេ​នាពេល​នេះ​។ នេះ​បើតាម​អ្នកជំនាញ​ក្នុង​វិស័យ​អចលនទ្រព្យ​។​

​ប្រធាន​ក្រុមហ៊ុន​អចលនទ្រព្យ Century 21 Zillion Holding ប្រចាំ​នៅ​ខេត្ត​ព្រះសីហនុ លោក អ៊ឹម សេងហួ បាន​ប្រាប់​ ភ្នំពេញ ​​ប៉ុស្តិ៍​ នៅ​ថ្ងៃទី ​១២ ខែមិថុនា ថា ទីផ្សារ​ទិញ​-​លក់​អចលនទ្រព្យ​នៅ​ក្រុងព្រះសីហនុ​ពេលនេះ គឺ​នៅ​ធ្លាក់ចុះ​ច្រើន​បើ​ធៀប​មុន​ឆ្នាំ ​២០១៩ ប៉ុន្តែ​បើ​ធៀប​ទៅ​អំឡុង​​ពេល​ការផ្ទុះ​ជំងឺ​កូ​វីដ ​១៩ (​ឆ្នាំ​ ២០២០-២០២២) គឺ​ការទិញ​លក់​ពេលនេះ​បាន​កើន​ចន្លោះ​ពី ១០-២០ ​ភាគរយ​។ បច្ចុប្បន្ន​ការទិញ​-​លក់​អចលនទ្រព្យ ត្រូវបាន​ធ្វើឡើង​ភាគ​ច្រើនតែ​រវាង​ប្រជាជន​ក្នុងស្រុក​ប៉ុណ្ណោះ និង​មានតម្លៃ​ទិញ​-​លក់​ចន្លោះ​ពី ៥០ ០០០-១០០ ០០០ ​ដុល្លារ ខុសគ្នា​ពី​អំឡុង​មុន​ឆ្នាំ​ ២០១៩ ដែល​ការទិញ​-​លក់​ភាគច្រើន​មាន​ប្រាក់​រាប់សិប​ម៉ឺន​ដុល្លារ​។​


​លោក​ថ្លែងថា​៖ «​ទីផ្សារ​អ​ច​លន​ទ្រព្យ​ពេលនេះ​ធៀប​នឹង​មុន​ឆ្នាំ ​២០១៩ គឺ​នៅ​ស្ងប់ស្ងាត់​ខ្លាំង ប៉ុន្តែ​វា​មិនអាក្រក់​ដូច​អំឡុង​ ២-៣​ ឆ្នាំកន្លងមក​ទេ​។ អ្វីដែល​គ្រាន់បើ​ពេលនេះ គឺ​ទីផ្សារ​ជួល​អគារ​សម្រាប់​ស្នាក់នៅ​»​។​

​ទាក់ទង​នឹង​ទីផ្សារ​ជួល លោក សេងហួ បាន​ប្រាប់ថា ការបើក​ទទួលភ្ញៀវ​បរទេស​ពី​គ្រប់​តំបន់ បានធ្វើឱ្យ​សម្ទុះ​តម្រូវការ​កន្លែង​ជួល​ស្នាក់នៅ​ក្នុង​ក្រុង​ព្រះ​សី​​ហ​នុ ងើប​ឡើងជា​បន្តបន្ទាប់ ដោយ​តម្លៃ​ក៏​កើនឡើង​ដែរ​។


​លោក​និយាយថា​៖ «​បច្ចុប្បន្ន​គេ​សង្កេតឃើញ​មាន​ជនជាតិ​ឥណ្ឌូនេស៊ី​កាន់តែច្រើន​បានមក​ធ្វើការ​ក្នុង​ក្រុងព្រះសីហនុ ​(​កាស៊ីណូ​)​ ដែល​ធ្វើឱ្យ​តម្រូវ​ការ​កន្លែង​ជួល​ស្នាក់ និង​តម្លៃ​កើនឡើង​ក្នុង​រង្វង់​ពី ២០-៣០​ ភាគរយ​ធៀប​ឆ្នាំ ​២០២២»​។​

​សម្រាប់​ទីផ្សារ​ទិញ​-​លក់ និង​ជួល​អចលនទ្រព្យ​ក្នុង​ខេត្ត​ព្រះ​សីហនុ​នាពេលខាងមុខ លោក សេងហួ បាន​អះអាងថា ត្រូវ​រង់​ចាំមើល​បន្ទាប់​ពី​ការបោះឆ្នោតជាតិ​នៅ​ចុងខែ​កក្កដា ខាងមុខ​សិន ព្រោះ​មាន​អតិថិជន​របស់លោក​ជាច្រើន​ប្រាប់ថា គេ​នឹង​សម្រេច​​ចិត្ត​បន្ទាប់ពី​បោះឆ្នោត​រួច​។​

​បើ​យោងតាម​លោក សេងហួ​បច្ចុប្បន្ន​អចលនទ្រព្យ​នៅ​ទីតាំង​ល្អ​បំផុត ​(​អូ​ឈើទាល ​[​សង្កាត់​លេខ ៣ និង ៤] អាចមាន​តម្លៃ​ចន្លោះ​ពី ២ ៥០០-៣ ០០០​ ដុល្លារ​ ក្នុង​ ១​ ម៉ែត្រការ៉េ ដោយ​ធ្លាក់ចុះ​ពី​ចន្លោះ​ពី ៤ ៥០០-៥ ០០០ ​ដុល្លារ​កាលពី​អំឡុង​ឆ្នាំ ​២០១៨ ពេល​តម្លៃ​អចលន​ទ្រព្យ​នៅ​ខេត្ត​ព្រះសីហនុ​កើន​ឡើង​ខ្ពស់បំផុត​)​។​

​ប្រធាន​សមាគម​អចលនទ្រព្យ​​សកល លោក សំ សុខ​នឿន បាន​និយាយថា វិបត្តិ​សេដ្ឋកិច្ច​​សកល​ដែល​បន្ត​អូសបន្លាយ​តាំងពីដើម​ឆ្នាំ ​២០២០ បានធ្វើឱ្យ​ទីផ្សារ​អចលនទ្រព្យ​នៅ​ក្រុង​ព្រះសីហនុ នាពេលនេះ​នៅ​មិនទាន់​បង្ហាញ​ពី​ការ​ស្ទុះ​ឡើងវិញ​ទេ ដោយ​វា​ត្រូវការ​ពេល​បន្ថែមទៀត ខណៈ​នៅមុន​ឆ្នាំ​ ២០១៩ ទីផ្សារ​អចលនទ្រព្យ​នៅ​ទីនោះ​មាន​សម្ទុះ​យ៉ាង​ឆាប់រហ័ស​តាម​​រយៈ​ការបណ្តាក់ទុន​របស់​វិ​និ​យោគិន​ចិន​។

លោក​បន្ថែមថា ដើម្បីឱ្យ​វិស័យ​អចលនទ្រព្យ​នៅ​ខេត្ត​ព្រះសីហនុ​ងើបឡើង​វិញ​គឺ​គេ​អាច​ត្រូវការ​ពេល​យ៉ាង​តិច ៣​ ឆ្នាំ​ទៅមុខ​ក្នុង​ការជំរុញឱ្យ​គម្រោង​សាងសង់​ដែល​ជាប់​គាំង​កន្លងមក​បញ្ចប់​ការ​សាង​​សង់​។ វិនិយោគិន​ចិន​នឹង​បន្ត​ដើរតួ​សំខាន់​សម្រាប់​ទីផ្សារ​អ​ច​​លន​ទ្រព្យ​ក្នុង​ខេត្ត​ព្រះសីហនុ​។​

​លោក​បញ្ជាក់ថា​៖ «​សម្រាប់​សកម្មភាព​ទិញ​លក់ និង​តម្លៃ​អចលនទ្រព្យ​ក្នុង​ក្រុង​ព្រះ​សី​ហ​នុ ក្នុង​ឆមាស​ទី​ ១ ឆ្នាំ​ ២០២៣ ធៀប​នឹង​ឆ្នាំ​ ២០២២ គឺមាន​ការប្រែប្រួល​តិច​បំផុត​»​។​

​ក្នុង​គោលបំណង​អភិវឌ្ឍន៍​ខេត្ត​ព្រះសីហនុ​ឱ្យក្លាយ​ជា ​«​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង​» រដ្ឋាភិបាល​កម្ពុជា កាលពី​ខែ​មិ​ថុ​នា ឆ្នាំ ២០២១ បានសម្រេច​បង្កើត​គណៈ​ក​ម្មា​ធិ​ការ​បច្ចេក​ទេស​អន្តរក្រសួង ដើម្បី​រៀបចំ​គោលនយោបាយ​គ្រប់គ្រង និង​ប្រើប្រាស់​ដីធ្លី​នៅ​ទីនោះ​ឱ្យមាន​ប្រសិទ្ធភាព និង​និរន្តរភាព​។​

​លោក សំ សុខ​នឿន បាន​លើកឡើងថា គម្រោង​សាងសង់​ដែល​ជាប់គាំង​នាពេល​កន្លង​មក គឺ​ចាប់ផ្តើម​ដំណើរការ​សាង​​សង់​បន្ត​ខ្លះៗ​ហើយ​ពេលនេះ​។ លោក​បញ្ជាក់ថា​៖ «​រដ្ឋាភិបាល តាមរយៈ​រដ្ឋបាលខេត្ត​ព្រះ​សី​​ហ​នុ និង​ក្រសួង​-​ស្ថាប័ន​ពាក់​ព័ន្ធ កំពុង​ខិតខំ​យ៉ាងខ្លាំង​ក្នុងការ​ដោះស្រាយ​បញ្ហា​»​។​

​ដើម្បី​ជំរុញ​វិស័យ​ទេសចរណ៍ និង​ពាណិជ្ជកម្ម រាជរដ្ឋាភិបាល​រយៈពេល ២-៣ ​ឆ្នាំ​មកនេះ​បាន​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ថ្នល់​ជាច្រើន ព្រមទាំង​បានដាក់​ឱ្យ​ដំណើរការ​ផ្លូវ​ល្បឿន​លឿន​ពី​រាជធានី​ភ្នំពេញ​ផងដែរ​៕