ភ្នំពេញៈ កម្ពុជាបានចំណាយប្រាក់ជាង ១៩២ លានដុល្លារនៅក្នុងឆមាសទី១ ឆ្នាំ ២០២៣ លើការនាំចូលដែក និងដែកថែបពីក្រៅប្រទេសមកបំពេញតម្រូវការក្នុងស្រុក ដោយចំនួននេះកើនឡើងតិចតួចធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន ខណៈទឹកប្រាក់ខាងលើស្មើនឹងជិត ១,៦ ភាគរយនៃចំនួនទឹកប្រាក់ដែលកម្ពុជាបានបញ្ចេញទៅលើការនាំចូលផលិតផលទាំងអស់ពីទីផ្សារអន្តរជាតិ។
ស្ថិតិពាណិជ្ជកម្មរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបង្ហាញថា ចាប់ពីខែមករា-ខែមិថុនា ឆ្នាំ ២០២៣ ទឹកប្រាក់ដែលកម្ពុជាបញ្ចេញលើការនាំចូលដែក និងដែកថែប មានចំនួន ១៩២,២៨ លានដុល្លារ កើនឡើង ៣,៥ ភាគរយបើធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ ២០២២ ដែលមាន ១៨៥,៧៦លានដុល្លារ។ ចំនួននេះគឺស្មើ ១,៥៧ ភាគរយនៃការនាំទំនិញចូលសរុបរបស់កម្ពុជាក្នុងឆមាសទី១ ឆ្នាំ ២០២៣ ដែលមាន ១២ ២២៩,១៨ លានដុល្លារ។
លោក សំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកល បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១៣ ខែកក្កដាថា បើទោះបីការគំរាមកំហែងពីវិបត្តិកូវីដ ១៩ លើពិភពលោកបានបញ្ចប់ស្ទើរទាំងស្រុង ប៉ុន្តែវិបត្តិសេដ្ឋកិច្ចសកលដែលកើតជាបន្តបន្ទាប់ ពិសេសបញ្ហាជម្លោះភូមិសាស្ត្រនយោបាយរវាងប្រទេសធំៗ និងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន គឺពិតជាបានបន្តដាក់សម្ពាធលើវិស័យអចលនទ្រព្យ និងសំណង់នៅគ្រប់ប្រទេស។
លោកបន្តថា ភាពមិន ច្បាស់ លាស់នៃកំណើនសេដ្ឋកិច្ចពិភពលោកបានក្លាយជាឧបសគ្គរារាំងអ្នកវិនិយោគឱ្យពន្យារពេលបញ្ចេញទុនវិនិយោគលើគ្រប់វិស័យ។ លោកបន្តថា ដោយសារវិស័យសំណង់ និងអចលនទ្រព្យ តែងត្រូវការដើមទុន និងពេលវេលាច្រើន (ការសាងសង់) ដូច្នេះវិស័យនេះ គឺពិតជាត្រូវការពេលយូរជាងវិស័យផ្សេងៗទៀតដើម្បីងើបឡើងវិញ។
លោកបញ្ជាក់ថា៖ «ការសាងសង់គម្រោងធំៗ និងការទិញលក់អចលនទ្រព្យនៅកម្ពុជាក្នុងពេលនេះ គឺមិនសូវមានសកម្មភាពដូចមុនឆ្នាំ ២០២០ ឡើយ។ វិស័យនេះត្រូវការពេលបន្ថែមទៀតសម្រាប់ងើបឡើងវិញ។ នៅពេលសកម្មភាពសាងសង់មិនមានសកម្មភាព តម្រូវការប្រើប្រាស់ដែក និងសម្ភារសំណង់ក៏មិនមានច្រើនដែរ»។
យោងតាមលោក សុខនឿន ទីផ្សារអចលនទ្រព្យនៅពេលនេះមិនទាន់ល្អទេបើធៀបនឹងមុនពេលមានវត្តមានជំងឺកូវីដ ១៩ ប៉ុន្តែវាល្អគ្រាន់បើ បើធៀបអំឡុងឆ្នាំ ២០២០-២០២២។
អគ្គលេខាធិការសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា លោក ហ៊ុយ វណ្ណា បានឱ្យដឹងថា ចាប់តាំងពីឆ្នាំ ២០២០ មកវិស័យសំណង់នៅកម្ពុជាមិនមានដំណើរការល្អទេ ពិសេសគម្រោងធំៗដែលមានម្ចាស់ជាវិនិយោគិនបរទេស។ ដោយសារមិនសូវមានគម្រោងធំៗ ដូច្នេះតម្រូវការដែកក្នុងវិស័យសំណង់ក៏មិនមានបរិមាណច្រើនដូចមុនដែរ។ លោកបន្តថា អ្វីដែលមានពេលនេះភាគច្រើនជាសំណង់លំនៅឋានសម្រាប់បំពេញតម្រូវការប្រជាជនក្នុងស្រុក និងវិនិយោគដោយក្រុមហ៊ុនក្នុងស្រុកតែប៉ុណ្ណោះ។
លោកនិយាយថា៖ «ដោយសារវិស័យសំណង់ផ្សារភ្ជាប់ខ្លាំងនឹងកំណើនសេដ្ឋកិច្ចពិភពលោក ដូច្នេះវានឹងមានភាពល្អប្រសើរឡើងវិញ នៅពេលសេដ្ឋកិច្ចពិភពលោកមានកំណើន។ ការនាំចូលដែក និងដែកថែប នឹងមានកំណើនខ្ពស់នៅពេលការដ្ឋានសំណង់ធំៗបើកដំណើរការកាន់តែច្រើន»។
យោងតាមលោក វណ្ណា ដែកដែលប្រើប្រាស់នៅក្នុងវិស័យសំណង់នៅកម្ពុជាភាគច្រើននាំចូលមកពីប្រទេសវៀតណាម ចិន និងថៃ។
របាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ឱ្យដឹងថា ក្នុងឆ្នាំ ២០២២ កម្ពុជាបាននាំចូលដែក និងដែកថែប ក្នុងទឹកប្រាក់សរុប ៣៥៩,៨១៩ លានដុល្លារ កើនឡើង ២៣,១ ភាគរយពីចំនួន ២៩២,៣៣៩ លានដុល្លារក្នុងឆ្នាំ ២០២១។ ចំនួនប្រាក់កម្ពុជាចំណាយលើការនាំចូលដែក និងដែកថែប គឺប្រមាណ ១,២ ភាគរយធៀបនឹងចំនួនប្រាក់នៃការនាំចូលទំនិញនៅក្នុងឆ្នាំ ២០២២ ដែលមានចំនួនសរុប ២៩ ៩៤១,៦ លានដុល្លារ៕