ភ្នំពេញៈ វិនិយោគិន​ក្នុងស្រុក​ពហុ​វិស័យ លោក លាង ម៉េង ដែលជា​អគ្គនាយក​ក្រុមហ៊ុន Chip Mong Group បាន​លើកឡើងថា ការសាងសង់​គម្រោង​វិនិយោគ​នៅក្នុង​វិស័យ​សំណង់​កំពុង​លើសពី​តម្រូវការ ដោយ​​សារ​ការ​ថមថយ​ប្រាក់ចំណូល​របស់​ប្រជាជន​ដែល​បង្កឡើង​ពី​ការធ្លាក់ចុះ​សេដ្ឋកិច្ច​ក្នុង​តំបន់ និង​សកល ពិសេស​បញ្ហា​ភូមិ​សាស្ត្រ​នយោបាយ និង​ការ​​អូសបន្លាយ​ពេល​នៃ​សង្គ្រាម​រុស្ស៊ី​-​អ៊ុយ​ក្រែ​ន​។​

​ការអះអាង​របស់លោក លាង ម៉េង ធ្វើឡើង​ក្នុង​កម្មវិធី​មួយ​កាលពី​សប្តាហ៍​មុន ដែលជា​ការ​ឆ្លុះបញ្ចាំង​អំពី​ការព្រមាន​នៃ​ការ​​ធ្លាក់ចុះ​ពី​ស្ថាប័នហិរញ្ញវត្ថុ​អន្តរជាតិ​នានា​ដូចជា​ធនាគារ​ពិភព​លោក មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ និង​ធនាគារអភិវឌ្ឍន៍អាស៊ី​នាពេល​កន្លងមក​។​


​បើតាម​ការលើកឡើងរ​ប​ស់លោក លាង ម៉េង គឺ​ភាគច្រើន​អ្នកវិនិយោគ​នៅក្នុង​ស្រុក​ផ្តោតលើ​ការវិនិយោគ​វិស័យ​សំណង់​ច្រើន​ដែល​ធ្វើឱ្យ​បរិមាណ​លើស​តម្រូវការ​ដោយសារ​តែមាន​ផលចំណេញ​ងាយស្រួល ខណៈ​សេដ្ឋកិច្ច​សកល​មាន​ភាពមិនប្រាកដប្រជា​។​

​លោក​ក៏​មើលឃើញ​ផងដែរ​ថា ប្រជាពលរដ្ឋ​មួយចំនួន​បាននាំគ្នា​ទិញ​ច្រើន​ដោយ​សម្លឹង​ឃើញថា វា​ជា​ឱកាស​ទទួលបាន​ប្រាក់ចំណេញ​ខ្ពស់​ដោយ​ពុំមែន​ទិញ​រស់​នៅឡើយ ដូច្នេះ​នៅពេល​ពួកគាត់​មាន​បញ្ហា​លំហូរ​សាច់ប្រាក់​បង្វិល​ធ្វើឱ្យមាន​បញ្ហា​ក្នុង​វិស័យនេះ​។​


​លោក​បញ្ជាក់ថា​៖«​សម្រាប់​ខ្ញុំ​អ្នក​វិនិយោគ​ធំ​នៅក្នុង​វិស័យ​អចលនទ្រព្យ​មួយ​ដែរ គម្រោង​ដែល​ខ្ញុំ​កំពុង​ធ្វើ​ទាំង​អស់​មាន​ប្រហែល ៦ សួរថា​ខ្ញុំ​នៅ​លក់បាន​ឬទេ​? គឺ​នៅ​លក់បាន​គ្រាន់តែ​ចំនួន​ថយ​ជាង​មុន​។ ថយ​ជាង​មុន ប៉ុន្តែ​អ្នក​ដែល​ទិញ​គម្រោង​របស់ខ្ញុំ គឺ​អ្នកទិញ​សម្រាប់​រស់នៅ មិនមែន​ទិញ​ដើម្បី​ប្រាក់ចំណេញ​ទេ​។ ចំពោះមុខ​ថា តើ​វិនិយោគ​នៅក្នុង​វិស័យ​អចលនទ្រព្យ យើង​មើលឃើញ​បែបណា​?

ចំពោះ​ខ្ញុំ ខ្ញុំ​ឃើញថា សម្រាប់​ឆ្នាំក្រោយ​យើង​នៅ​រាង​ពិបាក​បន្តិច ដោយសារ​ពេល​​នេះ​យើង​បាន​ការបញ្ជាទិញ​ពីមុនមក ដល់​ទៅមុខ​ទៅ​អាច​ធ្លាក់​បន្តិច ប៉ុន្តែ​ខ្ញុំ​សង្ឃឹមថា យើង​មាន​រាជរដ្ឋាភិបាល​ថ្មី ដែល​គាត់​បាន​យល់​បញ្ហា​ច្បាស់ គាត់​នឹងមាន​វិធីសាស្ត្រ​ដើម្បី​ជួយ​ជំរុញ​ឱ្យ​វិស័យនេះ​ប្រសើរ​ឡើងវិញ​។ ខ្ញុំ​មើល​ឃើញថា ក្នុង​ឆ្នាំ ២០២៤ ដើមឆ្នាំ​មិនទាន់​សូវ​ល្អ ប៉ុន្តែ​សម្រាប់​ខែ​ ១០ អី​ប្រហែលជា​ល្អ​»​។​

​លោក ហ៊ុយ វណ្ណា អគ្គលេខាធិការ​សមាគម​អភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពីពេល​ថ្មីៗ​នេះ​ថា ឧស្សាហកម្ម​សំណង់​មានការ​រីកចម្រើន​គួរឱ្យកត់សម្គាល់​ចន្លោះ​ឆ្នាំ​ ២០០៨-២០១៩ ដែល​បង្ហាញឱ្យឃើញ​ពី​ការលេចឡើង​ចំនួន​អគារ​តូច និង​ធំ​ជាច្រើន ជាពិសេស​ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្ត​ព្រះសីហនុ​។​

​លោក​បន្តថា ទោះយ៉ាងណា បន្ទាប់​ពី​រដ្ឋាភិបាល​ធ្វើ​វិសោធនកម្ម​ច្បាប់​មួយចំនួន​ទាក់ទង​នឹង​ការលេង​ល្បែង​តាម​ប្រព័ន្ធ​អ៊ីន​ធឺ​ណិ​ត និង​ការមកដល់​ជំងឺ​កូ​វីដ​ ១៩ វិស័យ​សំណង់​នៅ​កម្ពុជា​បាន​ធ្លាក់ចុះ​យ៉ាងខ្លាំង ពិសេស​ផ្នែក​នៃ​អគារ​ធំៗ​ដែល​គ្រប់គ្រង​ដោយ​វិនិយោគិន​បរទេស​។ លោក​បន្តថា គម្រោង​ដែល​កំពុងដំណើរការ​ស្ទើរតែ​ទាំងអស់ គឺជា​អា​ផាត​មិន ឬ​បុរី​។​

​លោក​លើកឡើងថា​៖ «​ការបន្ត​កើតមាន​វិបត្តិ​សេដ្ឋកិច្ច​ជាប់ៗ​គ្នា​ដែល​បានចាប់ផ្តើម​នៅ​ចុងឆ្នាំ​ ២០១៩ បានធ្វើឱ្យ​វិស័យ​សំណង់​កម្ពុជា​ស្ថិតក្នុង​ស្ថាន​ភាព​មួយ​ដែល​មិន​ធ្លាប់​ជួប​ជាមួយនឹង​ការអភិវឌ្ឍ​ភាគច្រើន​ឥឡូវនេះ​ គឺជា​អគារ​កម្ពស់​ទាប ដែល​គ្រប់គ្រង​ដោយ​វិនិយោគិន​ក្នុងស្រុក​»​។​

​ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា (NBC)​ លោកស្រី ជា សិរី បាន​ថ្លែង​នៅក្នុង​សិក្ខាសាលា​មួយ​កាលពី​ថ្ងៃទី​ ៦ ខែកក្កដា ថា ត្រូវ​ពិនិត្យ​ដោយ​ប្រុង​ប្រយ័ត្ន​លើ​វិស័យ​អចលនទ្រព្យ ដោយ​លោកស្រី​កំណត់ថា​ ជា​ប្រភព​នៃ​ហា​និ​ភ័យ​ដល់​ស្ថិរភាព​ហិរញ្ញវត្ថុ ហើយ​បាន​គូសបញ្ជាក់​ពី​ការធ្លាក់ចុះ​នៃ​តម្រូវ​ការ​អចលនទ្រព្យ បន្ទាប់ពី​ការ​កើន​ឡើង​រយៈពេល ​១​ ទសវត្សរ៍​។​

​លោកស្រី​បញ្ជាក់ថា​៖ «​ការរក្សា​ស្ថិរ​ភាព​ហិរញ្ញវត្ថុ គឺជា​កិច្ចការ​អន្តរ​វិស័យ ដែល​តម្រូវឱ្យមាន​កិច្ច​សហប្រតិបត្តិ​​ការ និង​ការសម្របសម្រួល​ពី​អាជ្ញាធរ និង​ភាគី​ពាក់ព័ន្ធ​ដោយសារ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​សេដ្ឋកិច្ច​រូបវន្ត​»​។​

​បើ​យោងតាម​ក្រសួង​ដែនដី គឺ​ពី​ខែ​មករា ដល់​ឧសភា ឆ្នាំ​ ២០២៣ ក្រសួង​បានចេញ​លិខិត​អនុញ្ញាតឱ្យ​គម្រោង​សាងសង់​ចំនួន ​១ ៤៦៣ លើ​ក្រឡា​​ផ្ទៃ​«​ជាង​ ៥ ​លាន​» ម៉ែត្រការ៉េ ជាមួយនឹង​ដើមទុន​ចុះបញ្ជី​សរុប ២,២៧​ ពាន់​លាន​ដុល្លារ​។​

​ក្រសួង​បាន​បង្ហាញថា មានតែ ៤១ គម្រោង (២,៨០​ភាគរយ​) ប៉ុណ្ណោះ ដែល​គ្រប់គ្រង​ដោយ​ជនបរទេស ជា​ពិសេស​វិនិយោគិន​ចិន ជប៉ុន និង​កូរ៉េខាងត្បូង ដោយមាន​ទឹកប្រាក់​នៃ​ការវិនិយោគ​ជិត ៦០០ ​លាន​ដុល្លារ (​ប្រហែល ១/៤) នៃ​ដើមទុន​ដែល​បាន​ចុះបញ្ជី​សរុប​៕