ភ្នំពេញៈ សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) នឹងចូលរួមកិច្ចប្រជុំលោកទី២៥ នៃសមាជសមាគមអ្នកវាយតម្លៃអាស៊ាន (AVA) នៅប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី ១៨-២០ ខែកញ្ញា ក្នុងគោលបំណងផ្លាស់ប្តូរព័ត៌មានដែលពាក់ព័ន្ធក្នុងវិស័យដែលកំពុងប្រឈមនឹងការធ្លាក់ចុះដោយសារតែការថមថយសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោក។
លោក សន សៀប ប្រធាន CVEA ដែលបានដឹកនាំគណៈប្រតិភូទៅចូលរួមក្នុងសមាជនេះ បានប្រាប់អ្នកសារព័ត៌មាននៅព្រលានយន្តហោះអន្តរជាតិភ្នំពេញថា សមាជនេះគឺតែងធ្វើឡើងជារៀងរាល់ឆ្នាំក្នុងការផ្តល់ព័ត៌មានឱ្យគ្នាទៅវិញទៅមក ជាពិសេសគឺការផ្លាស់ប្តូរបទពិសោធន៍ពាក់ព័ន្ធនឹងការវាយតម្លៃអចលនវត្ថុ និងការពង្រឹងធនធានមនុស្ស។
លោកថ្លែងថា៖ «យើងចូលរួមកិច្ចប្រជុំរបស់ AVA ដោយសារយើងគឺជាសមាជិក ខណៈសមាគមនេះត្រូវបានបង្កើតតាំងពីឆ្នាំ ១៩៨១ ដោយមានទិសដៅក្នុងការលើកតម្លៃដល់អ្នកវាយតម្លៃអចលនទ្រព្យដែលមានសមត្ថភាពក្នុងការវាយតម្លៃអចលនទ្រព្យប្រកបដោយវិជ្ជាជីវៈ និងដើម្បីលើកកម្ពស់ធនធានមនុស្សតាមរយៈការផ្តល់ចំណេះដឹង និងបទពិសោធន៍ល្អៗក្នុងតំបន់អាស៊ាន»។
លោកបន្តថា៖ «គោលបំណងដែលយើងទៅចូលរួម គឺដើម្បីចែករំលែកបទពិសោធន៍នៅកម្ពុជាពាក់ព័ន្ធនឹងការវាយតម្លៃវិស័យអចលនទ្រព្យ។ យើងក៏ទៅរៀនសូត្រពីគេផងដែរ ដោយសារកិច្ចប្រជុំនេះគឺធ្វើឡើងរៀងរាល់ឆ្នាំ ដូច្នេះសម្រាប់ប្រទេសណាពុំទាន់មានបទពិសោធន៍គ្រប់គ្រាន់ គឺមានឱកាសរៀនសូត្រដើម្បីយកទៅអនុវត្តក្នុងប្រទេសរបស់ពួកគេ»។
ប្រធានក្រុមហ៊ុនអចលនទ្រព្យ CPL លោក ចេង ខេង ដែលបានចូលរួមសមាជផងដែរនោះបាននិយាយថា សមាជនេះគឺមានសារៈសំខាន់ណាស់ដែលប្រទេសជាសមាជិកទាំងអស់លើកយកបញ្ហានានា និងចែករំលែកវិធីសាស្ត្រដោះស្រាយពេលមានវិបត្តិណាមួយកើតឡើងនាពេលខាងមុខ។
លោកបានថ្លែងថា៖ «ខ្ញុំយល់ឃើញថាសម្រាប់តំបន់អាស៊ានយើងនេះ គឺមានមោទនភាពដែលយើងមាន AVA ដែលជាសមាគមប្រចាំតំបន់ដើរតួនាទីយ៉ាងសំខាន់ក្នុងការភ្ជាប់ទំនាក់ទំនងបណ្តាប្រទេសទាំងអស់ក្នុងអាស៊ានដើម្បីចែករំលែកបទពិសោធន៍នៃការវាយតម្លៃអចលនវត្ថុរបស់ប្រទេសរៀងៗខ្លួនសំដៅធ្វើយ៉ាងណាឱ្យការវាយតម្លៃរបស់ពួកយើងមានគោលការណ៍ច្បាស់លាស់ និងប្រកបដោយវិជ្ជាជីវៈដើម្បីធ្វើការរួមគ្នាលើវិស័យនេះ»។
លោកបន្ថែមថា៖ «យើងអាចរៀនសូត្រពីចំណុចខ្លាំងចំណុចខ្សោយពីសមាជិក AVA ដើម្បីយកមកបណ្តុះបណ្តាលធនធានមនុស្សនៅប្រទេសយើងសំដៅធ្វើយ៉ាងណាឱ្យវិស័យនេះដំណើរការល្អ និងចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច ជាពិសេសការសិក្សាពីការដោះស្រាយវិបត្តិតាមប្រទេសនីមួយៗ»៕