ភ្នំពេញៈ ភាពមិន​អំណោយ​​ផល​នៃ​កំណើនសេដ្ឋកិច្ច​ពិភព​​លោក​បានធ្វើឱ្យ​ផ្ទៃក្រឡា​ទីតាំង​លក់រាយ ​(Retail)​ ក្នុង​រាជធានី​​ភ្នំពេញ ចាប់ពី​ដើមឆ្នាំ ​២០២៣ ដល់​ដំណាច់ត្រីមាស​ទី​៣ ស្ថិតនៅ​ទ្រឹង គឺ​ជាង ៦៥ ​ម៉ឺន​ម៉ែត្រ​ការ៉េ ខណៈ​អត្រា​ប្រើប្រាស់​ជា​មធ្យម​ក្នុង​ត្រីមាស​ទី​ ៣ (Average of Occupancy rate)​ គឺមាន​ប្រមាណ ២/៣​ នៃ​ផ្ទៃក្រឡា​សរុប​នៅលើ​ទីផ្សារ ធ្លាក់​ជិត ៣ ​ភាគរយ​ពី​ត្រីមាស​ទី​២​។ នេះ​បើ​យោងតាម​ការស្រាវជ្រាវរ​បស់​ក្រុមហ៊ុន​អចលនទ្រព្យ CBRE Cambodia​។​

​ឯកសារ​ស្រាវជ្រាវ Q3 Market Insights for Phnom Penh Real Estate របស់​ក្រុម​ហ៊ុន CBRE Cambodia បានឱ្យដឹងថា គិត​ត្រឹម​ត្រីមាស​ទី​៣ ឆ្នាំ​២០២៣ កន្លែង​លក់រាយ​ក្នុង​រាជធានី​ភ្នំពេញ​មាន​ផ្ទៃក្រឡា​ជាង ៦៥០ ០០០​ ម៉ែត្រការ៉េ ដែល​ទំហំ​នេះ គឺ​ដូចគ្នា​នឹង​ត្រី​មាស​ទី២​។


​នៅក្នុង​ត្រីមាស​ទី​៣ គឺ​មិនមាន​គម្រោង​ថ្មី​ណា​បញ្ចប់​ការសាងសង់ និង​ដាក់ចូល​ទីផ្សារ​ឡើយ​។ កាលពីដើមឆ្នាំ​ ២០២៣ CBRECambodia ធ្លាប់​ព្យាករ​ថា នៅក្នុង​ឆ្នាំនេះ​នឹងមាន​ផ្ទៃ​ទីតាំង​លក់រាយ​ទំហំ​ប្រហែល ១១៩ ០០០ ​ម៉ែត្រ​ការ៉េ​នឹងត្រូវ​ដាក់ចូល​ទីផ្សារ ប៉ុន្តែ​ជាក់ស្តែង​គម្រោង​ជាច្រើន​ត្រូវ​ពន្យារពេល និង​ពន្យារ​រហូតដល់​ឆ្នាំ ​២០២៤ ដែល​ធ្វើឱ្យ​ផ្ទៃ​ទីតាំង​លក់រាយ​ថ្មី​មាន​ត្រឹមតែ ៥១ ០០០ ​ម៉ែត្រការ៉េ​ប៉ុណ្ណោះ​នឹងត្រូវ​បានដាក់​ចូល​ទីផ្សារ​នៅត្រឹម​ចុងឆ្នាំ​ ២០២៣ នេះ​។​

​ទោះយ៉ាងណា​ឯក​សារបាន​បញ្ជាក់ថា​៖ «​ទីផ្សារ​រំពឹងថា​ នឹងមាន​ការបញ្ចប់​គម្រោង​ចំនួន ២ ​នៅ​ចុងឆ្នាំ​ ២០២៤ ដែល​ជំរុញ​ឱ្យ​ផ្ទៃ​ទីតាំង​ជួល​នៅក្នុង​រាជធានី​ភ្នំពេញ កើនឡើង​ប្រហែល ២ ​ភាគរយ គឺ​កើន​ដល់​ប្រមាណ ៦៦០ ០០០​ ម៉ែត្រការ៉េ​»​។​


​ការស្រាវជ្រាវ​ឱ្យដឹងទៀតថា សម្រាប់​តម្លៃ​ជា​មធ្យម​នៃ​ទីតាំង​ជួល​លក់រាយ គឺ​បាន​ធ្លាក់ចុះ​ចន្លោះ​ពី ១៧​ ភាគរយ ដោយ​លើកលែងតែ​ទីតាំង​ដែល​ស្ថិតនៅតាម​ផ្លូវធំៗ ដែល​កើនឡើង ១៣​ ភាគរយ​។ និន្នាការ​នេះ​គឺ​បង្ហាញ​ពី​ការផ្លាស់ប្តូរ​ចំណាប់​អារម្មណ៍​ពី​ខាងក្នុង​គម្រោង​ផ្សារ​លក់រាយ ទៅកាន់​ហាង​ទំនិញ​តាម​ផ្លូវធំៗ​ដែល​ជាការ​បញ្ច្រាស​ពីអ្វី​ដែល​គេ​បានឃើញ​នៅក្នុង​ចន្លោះ​ឆ្នាំ ​២០១៧-២០១៩​។​

​កញ្ញា ជិន ច័ន្ទ​ដា​លុ​ច្ស ប្រធាន​ផ្នែក​វាយតម្លៃ​ជាន់ខ្ពស់​ក្រុមហ៊ុន CBRE Cambodia បាន​លើកឡើងថា​៖ «​គម្រោង​ទីតាំង​លក់រាយ​ថ្មី​ដែល​ស្ថិតក្នុង​ដំណើរការ​សាងសង់ គឺ​កំពុង​ប្រឈម​នឹង​ការពន្យារពេល​ថែមទៀត ដែល​នេះ​ជា​សញ្ញា​នៃ​ការលំបាក​នៅក្នុង​ទីផ្សារ​លក់រាយ​។ ប្រហែល ៥០ ​ភាគរយ​នៃ​គម្រោង​លក់រាយ​ដែល​យើង​រំពឹង​នឹង​បញ្ចប់​នៅ​ឆ្នាំនេះ ត្រូវ​ពន្យារពេល​ដល់​ឆ្នាំ​២០២៤​។ ការពន្យារ​នេះ​ដោយ​សារ​បញ្ហា​ទីផ្សារ​ជាជាង​បញ្ហា​បច្ចេកទេស​ការសាងសង់​»​។​

​បើតាម CBRE Cambodia ក្នុង​ត្រីមាស​ទី​៣ ឆ្នាំ ​២០២៣ គឺមាន​ម៉ាក​យីហោ​ក្នុងស្រុក និង​អន្តរជាតិ​មួយចំនួន​ត្រូវបាន​ដាក់ចូល​ទីផ្សារ​កម្ពុជា ប៉ុន្តែ​ក៏មាន​ការបិទ​ផងដែរ​។ ឥទ្ធិពល​ទាំងនោះ​បានធ្វើឱ្យ​អត្រា​ប្រើ​ប្រាស់​ធ្លាក់ចុះ​ពី ៧០ ​ភាគរយ​កាលពី​ត្រីមាស​ទី​ ២ មក​នៅត្រឹម ៦៨ ​ភាគរយ​ក្នុង​ត្រីមាស​ទី​៣ ឆ្នាំ​ ២០២៣​។​

​បើតាម CBRE Cambodia ក្នុង​ត្រីមាស​ទី​៣ ឆ្នាំ​ ២០២៣ កន្លែង​ជួល​លក់រាយ​ប្រភេទ Prime Shopping Mall មានតម្លៃ​ជួល​មធ្យម ២៥,៨​ ដុល្លារ​ក្នុង ​១​ ម៉ែត្រការ៉េ​សម្រាប់​រយៈ​ពេល ១ ​ខែ​ដែល​តម្លៃ​នេះ​គឺ​ធ្លាក់ចុះ ៦,៦ ​ភាគរយ​ធៀប​ត្រីមាស​ទី​៣ ឆ្នាំ​ ២០២២ ចំណែក​ប្រភេទ Prime Retail Podium មានតម្លៃ ១៩,២​ ដុល្លារ​ធ្លាក់ចុះ ១,៤​ ភាគរយ​, ប្រភេទ Community Mall តម្លៃ ១៩,១​ ដុល្លារ ធ្លាក់ ​៤,៥ ​ភាគរយ​, ចំណែក​ប្រភេទ Prime High Street (​ហាង​លក់ទំនិញ​តាម​ផ្លូវធំៗ​) មានតម្លៃ​ជួល​មធ្យម ២៥,៥ ​ដុល្លារ កើនឡើង ១៣,៣​ ភាគរយ​។​

​ព្រឹត្តិបត្រ​ស្ថិតិ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ប្រចាំត្រីមាស​ទី២ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ឱ្យដឹងថា ចន្លោះ​ពី​ខែមេសា​-​ខែ​​មិថុនា ឆ្នាំ​ ២០២៣ ក្រសួង​រៀប​​ចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បានអនុម័ត​ឱ្យ​គម្រោង​សាងសង់​ទូទាំងប្រទេស​សរុប ៨២៦ ​គម្រោង ធ្លាក់ចុះ ១៧៣ គម្រោង​។ សម្រាប់​ទុនវិនិយោគ គឺមាន​ទឹកប្រាក់​សរុប ១ ៤៧៥​ លាន​ដុល្លារ កើនឡើង ១៣០,២​ ភាគរយ​បើ​ធៀប​នឹង​ត្រីមាស​ទី​២ ឆ្នាំ​ ២០២២៕