ភ្នំពេញៈ គម្រោង​វិនិយោគ​វិស័យ​សំណង់​ចំនួន​ជាង ២,៣ ​ពាន់​ ត្រូវបាន​រដ្ឋាភិបាល​អនុម័ត​ឱ្យ​សាងសង់ ក្នុង​រយៈពេល ៨​ ខែ​ដើមឆ្នាំ ​២០២៣ ធ្លាក់ចុះ​ជិត ២០​ ភាគរយ​បើ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​ឆ្នាំ ​២០២២ ខណៈ​ក្នុង​ខែសីហា ឆ្នាំ ​២០២៣ ចំនួន​គម្រោង​ដែល​ទទួល​បានការ​អនុម័ត​បាន​ហក់​ឡើងដល់​ជិត ៨០ ​ភាគរយ​បើ​ធៀប​ខែកក្កដា​។ នេះ​បើ​យោងតាម​ក្រសួង​សេដ្ឋ​កិច្ច និង​ហិរញ្ញវត្ថុ​។​

​ឯកសារ​និន្នាការ​សេដ្ឋកិច្ច​សង្គម ខែសីហា ឆ្នាំ ​២០២៣ របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិ​​រញ្ញ​វត្ថុ ឱ្យដឹងថា ពី​ខែមករា ដល់​ខែសីហា ឆ្នាំ​ ២០២៣ រដ្ឋា​ភិ​បាល​តាមរយៈ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំ​​ណង់ បានអនុម័ត​ឱ្យ​គម្រោង​សាងសង់​សរុប ២ ៣៦៧ មាន​ផ្ទៃក្រឡា ១១,៦​ លាន​ម៉ែត្រការ៉េ និង​មាន​ទុនវិនិយោគ ៤ ៧៥៧ ​លាន​ដុល្លារ​ធៀប​រយៈពេល ៨ ​ខែ​ឆ្នាំ​ ២០២២​ ចំនួន​គម្រោង​បាន​ធ្លាក់ចុះ​ចំនួន ៤៤៤ ប៉ុន្តែ​ផ្ទៃក្រឡា​សាងសង់ និង​ទំហំ​ទឹក​ប្រាក់​សាងសង់ បាន​កើនឡើង​ ១៨៤ ​ភាគរយ និង ១៨៦​ ភាគ​​រយ​រៀង​គ្នា​។​


​បន្ថែម​លើ​នេះ​ឯកសារ​ឱ្យដឹងទៀតថា សម្រាប់​ខែសីហា ឆ្នាំ ​២០២៣ គម្រោង​ដែល​ទទួល​បានការ​អនុញ្ញាតឱ្យ​សាងសង់​មាន​ចំនួន ៣៣១ មាន​ផ្ទៃក្រឡា​សរុប ៣,៦ ​លាន​ម៉ែត្រការ៉េ និង​ទំហំ​ទឹកប្រាក់ ១ ៥៥៧​ លាន​ដុល្លារ​បើ​ធៀប​នឹង​ខែកក្កដា ឆ្នាំ​ ២០២៣ គឺ​ចំនួន​គម្រោង​បាន​កើនឡើង ១១៤​គម្រោង ​(​ស្មើ​ ៤៣ ​ភាគរយ​), ផ្ទៃក្រឡា កើន ឡើង ២០១​ ភាគរយ និង​ទំហំ​ទុនវិនិយោគ កើនឡើង ២៥៤​ ភាគរយ​។ ទោះបីយ៉ាងណា បើ​ធៀប​នឹង​ខែសីហា ឆ្នាំ​ ២០២២ គឺ​ចំនួន​គម្រោង​សាងសង់ បាន​ថយចុះ ៦៩​ គម្រោង ​(​ស្មើ ១៧​ភាគរយ​) ប៉ុន្តែ​ចំពោះ​ផ្ទៃក្រឡា និង​ទំហំ​ទឹកប្រាក់ គឺ​កើនឡើង ៤៣៨ ​ភាគរយ និង ៥៣៨ ​ភាគ​​រយ​រៀង​គ្នា​។​

​ចំពោះ​គម្រោង​ទាំង ៣៣១ ដែល​អនុម័ត​ក្នុង​ខែសីហា ឆ្នាំ​ ២០២៣ គឺ​គម្រោង​លំនៅឋាន មាន​ចំនួន ២៤៧ (២២៥ គឺជា​បុរី​), សំណង់​ឧស្សាហកម្ម ៣២, សំណង់​ពាណិជ្ជកម្ម ៣៣, សំ​ណង់​ទេសចរណ៍ ៨, វិនិយោគ​ចំនួន ៣, និង​សំណង់​សា​ធា​រណៈ ៨​ គម្រោង​។​


​ឯកសារ​បញ្ជាក់ថា​៖ «​ក្នុង​បរិ​បទ​នៃ​គន្លង​ប្រក្រតីភាព​ថ្មី​នេះ និន្នាការ​វិស័យ​សំណង់​កម្ពុជា​កំពុងមាន​សកម្មភាព​ងើបឡើង​វិញ បើ​ទោះ​ចំនួន​នៃ​គម្រោង​ធ្លាក់ចុះ ប៉ុន្តែ​ទំហំ​ផ្ទៃក្រឡា និង​ទឹកប្រាក់​សាងសង់​បានបង្ហាញ​សញ្ញាណ​វិជ្ជមាន​ច្រើន ដែល​នេះ​មានន័យថា គម្រោង​ដែល​បាន​សាងសង់​នា​មួយរយៈ​ចុង​ក្រោយនេះ​ភាគច្រើន​ជា​គម្រោង​អភិវឌ្ឍន៍​ខ្នាត​ធំ​»​។​

​ប្រធាន​គ្រប់គ្រង​ទូទៅ​សមា​​គម​អ្នក​សាងសង់​កម្ពុជា លោក ជីវ ស៊ីវ​ផេង បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា បន្ទាប់ពី​ធ្លាក់ចុះ​យ៉ាងគំហុក​នា​អំឡុងពេល​នៃ​ការផ្ទុះ​ជំងឺ​កូ​វីដ​ ១៩ ពេលនេះ​វិស័យ​សំណង់​កម្ពុជា​ចាប់ផ្តើម​បង្ហាញ​សញ្ញា​វិជ្ជមាន​វិញ​ជា​បណ្តើរៗ​ហើយ ដោយមាន​ទាំង​ការដ្ឋាន​សាងសង់​សំណង់​ថ្មីៗ និង​ការ​បន្តដំណើរ​ការសាងសង់​គម្រោង​ជាប់គាំង​មួយចំនួន​។ លោក​បន្តថា អ្វីដែល​គួរ​ចាប់អារម្មណ៍​មួយទៀត​នោះ​គឺ​ការបញ្ចេញ​ទុន​របស់​វិនិយោគិន​ក្នុងស្រុក​មាន​កាន់តែច្រើន ខុសប្លែក​ពីមុន​ដែល​ភាគច្រើន​ជា​វិ​និ​យោ​​គិ​នប​រទេស​។​

​លោក​បាន​បញ្ជាក់ថា​៖ «​ភាព​​អំណោយផល​នៃ​ទីតាំង​ភូមិ​សា​ស្ត្រ និង​ច្បាប់​វិនិយោគ​ដែលមាន​លក្ខណៈ​អំណោយផល គឺជា​កម្លាំងចលករ​ដ៏​សំខាន់​ដែល​កំពុង​ជួយ​ទាក់ទាញ​វិនិយោគិន​ក្នុងស្រុក និង​បរទេស​ឱ្យ​ចូលមក​បណ្តាក់ទុន​កាន់តែច្រើន​នៅ​កម្ពុជា​។ វិស័យ​សំណង់ គឺជា​ផ្នែក​ដ៏​សំខាន់​ក្នុងការ​ជំរុញ​កំ​​ណើ​ន​សេដ្ឋកិច្ចជាតិ​»​។​

​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក សាយ សំ​អាល់ កាលពី​ថ្ងៃទី​ ១៦ ខែតុលា ឆ្នាំ ​២០២៣ នៅ​ទីស្តីការក្រសួង​រៀបចំ​ដែនដី បានរៀបចំ​កិច្ចប្រជុំ​មួយ​ដើម្បី​ត្រៀម​សម្រាប់​វេទិកា​រាជ​រដ្ឋា​ភិ​​បាល​ផ្នែក​ឯកជន លើក​ទី​១៩ ដែលមាន​ការចូលរួម​ពី​ថ្នាក់​ដឹក​នាំ និង​មន្ត្រី​ពាក់ព័ន្ធ​នៃ​ក្រសួង​​រៀបចំ​ដែនដី​, តំណាង​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅឋាន​, តំ​ណា​ង​សមាគម​អ្នក​សាងសង់​កម្ពុជា​, តំណាង​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​, និង​អ្នក​ពាក់​ព័ន្ធ​ជាច្រើន​ទៀត​។​

​គោលបំណង​នៃ​កិច្ចប្រជុំ​នេះ គឺ​ដើម្បី​ពិនិត្យ ពិគ្រោះ ពិភាក្សា និង​ដោះស្រាយ​ទៅលើ​បញ្ហា​ប្រឈម​ពាក់ព័ន្ធ​ទៅនឹង​វិស័យ​សំណង់ និង​អចលនទ្រព្យ​នៅក្នុង​ប្រទេស​កម្ពុជា ដែល​លើក​​ឡើង​ដោយ​ផ្នែក​ឯកជន ដើម្បី​ត្រៀម​ក្នុង​ការរៀបចំ​សម្រាប់​វេ​ទិ​កា​រាជរដ្ឋាភិបាល​ផ្នែក​ឯកជន លើក​ទី១៩ ដែល​គ្រោង​ប្រារព្ធ​នៅក្នុង​ខែវិច្ឆិកា ខាងមុខ​។​

​ឯកសារ​និន្នាការ​សេដ្ឋកិច្ច​សង្គម ឆ្នាំ​ ២០២២ ឱ្យដឹងថា ក្នុង​ឆ្នាំ​ ២០២២ គម្រោង​ដែល​ទទួល​ការអនុញ្ញាតឱ្យ​សាងសង់​ពី​ក្រសួង​រៀបចំ​ដែនដី នគ​រូប​នីយកម្ម និង​សំណង់ មាន​សរុប ៤ ២៧៥​ គម្រោង ធ្លាក់ចុះ ២៨ ​គម្រោង​បើ​ធៀប​ឆ្នាំ​ ២០២១ និង​មាន​ទុនវិនិយោគ ២ ៩៦៨ ​លាន​ដុល្លារ ធ្លាក់ចុះ ៤៦,៨​ភាគរយ​។ ក្នុងចំណោម​គម្រោង​ទាំងអស់នោះ គឺ​គម្រោង​លំនៅ​ឋាន​ចំនួន ៣ ៧៦៨ ​គម្រោង ស្មើ ៨៨,១​ ភាគរយ​នៃ​សំណើ​សុំ​សាងសង់​សរុប កើនឡើង ៤៨ ​គម្រោង បើ​ធៀប​នឹង​រយៈ​​ពេល​ដូចគ្នា​ឆ្នាំ​ ២០២១ ក្រៅពីនោះ​រួមមាន អគារ​ពាណិជ្ជកម្ម ឧស្សាហកម្ម ទេសចរណ៍ និង​គម្រោង​ផ្សេងៗ​ទៀត​៕