ភ្នំពេញៈ ទឹកប្រាក់​ជាង ២៨០ ​លាន​ដុល្លារ​ ត្រូវបាន​កម្ពុជា​ប្រើ​​ប្រាស់​លើ​ការនាំ​ចូល​ដែក និង​ដែកថែប​ពី​ទីផ្សារ​អន្តរជាតិ​ក្នុង​រយៈពេល ៩ ​ខែ​ដើមឆ្នាំ​ ២០២៣ ដោយ​កើនឡើង​បន្តិចបន្តួច​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​ ២០២២ ខណៈ​ចំនួន​ទឹកប្រាក់​នេះ គឺ​ស្មើនឹង​ប្រមាណ​ជាង ១​ ភាគរយ ​នៃ​ចំនួន​ទឹកប្រាក់​នៃ​ការនាំ​ចូល​សរុប​ក្នុង​រយៈពេល​ខាង​លើ​។ នេះ​បើ​យោងតាម​អគ្គ​នា​យក​ដ្ឋា​ន​គយ និង​រដ្ឋាករ​កម្ពុជា​ (GDCE)​។​

​តារាង​ស្ថិតិ​ពាណិជ្ជកម្ម​នាំចូល​របស់ GDCE ឱ្យដឹងថា ចន្លោះ​ពី​ខែមករា​-​ខែកញ្ញា ឆ្នាំ ​២០២៣ ប្រទេស​កម្ពុជា​បាន​នាំចូល​ទំ​និ​ញ​ស្ថិតក្នុង​ជំពូក​ (HS ២​ ខ្ទង់​)​ លេខ​កូដ ៧២ ដែល​រួមមាន​ដែក និង​ដែកថែប ក្នុង​ទឹកប្រាក់​សរុប ២៨០,៥៣ ​លាន​ដុល្លារ កើន ៣,២ ​ភាគរយ​ធៀប​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​ ២០២២ ដែលមាន​ចំនួន​ ២៧១,៧៨ ​លាន​ដុល្លារ​។


​ចំនួន​នេះ​ គឺ​ស្មើ ១,៥៤​ ភាគរយ​នៃ​ការនាំ​ទំនិញ​ចូល​សរុប​របស់​កម្ពុជា​ក្នុង​រយៈពេល ៩​ ខែ​ឆ្នាំ​ ២០២៣ ដែលមាន ១៨,២២ ​ពាន់​លាន​ដុល្លារ​។​ GDCE ឱ្យដឹងទៀតថា សម្រាប់​ខែកញ្ញា ឆ្នាំ​ ២០២៣ ការនាំ​ចូល​ដែក​ និង​ដែកថែប មាន​ទឹកប្រាក់ ២៦,១៥​ លាន​ដុល្លារ ធ្លាក់ចុះ ៣,២ ​ភាគរយ​ បើ​ធៀប​ខែកញ្ញា ឆ្នាំ​ ២០២២​។​

​អ្នកគ្រប់គ្រង​ទូទៅ​សមាគម​អ្នក​សាង​សង់​កម្ពុជា លោក ជីវ ស៊ីវ​ផេង បានឱ្យ​ ភ្នំពេញ​ ប៉ុស្តិ៍​ ដឹងថា ស្ថានភាព​វិស័យ​សំ​​ណង់​កម្ពុជា​ក្នុង​ពេលនេះ​ល្អប្រសើរ​ជាង​ឆ្នាំ​ ២០២២ ខ្លះៗ​ហើយ​តាមរយៈ​កំណើន​នៃ​ចំនួន​គម្រោង​ដែល​ត្រូវបាន​ក្រសួង និង​អាជ្ញាធរ​រាជធានី​-​ខេត្ត​ ចេញ​ច្បាប់​ឱ្យ​សាងសង់​។ ការ​ងើបឡើង​ក្នុង​ល្បឿន​យឺត​នេះ គឺ​ដោយសារតែ​ភាគច្រើន​នៃ​ម្ចាស់​គម្រោង​សាងសង់​ធំៗ​នៅ​កម្ពុជា គឺ​មកពី​បរទេស ដែល​នៅ​មិនទាន់​សម្រេចចិត្ត​បញ្ចេញ​ទុន​ទៅ​ក្រៅប្រទេស​ព្រោះ​ស្ថាន​ភាព​នយោបាយ និង​សេដ្ឋកិច្ច​សកល​មិនទាន់មាន​ភាពច្បាស់លាស​។ លោក​បន្តថា នៅពេល​ការសាងសង់​ថ្មីៗ​មិនមាន​ច្រើន ការ​នាំចូល​សម្ភារ​សំណង់ រួមទាំង​ដែក និង​ដែកថែប ក៏មាន​តិច​ដែរ​។​


​លោក​ប្រាប់ទៀតថា បច្ចុប្បន្ន​កម្ពុជា​ក៏មាន​រោងចក្រ​ផលិត​ដែក​មួយចំនួន​កំពុងបើក​ដំណើរការ​ដែរ​។ សម្រាប់​ដែក​នាំ​ចូលមក​កម្ពុជា គឺ​ភាគច្រើន​មាន​ប្រភពពី​ប្រទេស​វៀតណាម ចិន និង​ថៃ​។​

​លោក​ថ្លែងថា​៖ «​វិស័យ​សំណង់ តែង​ត្រូវការ​ពេល​យូរ​ជាង​វិស័យ​ផ្សេងៗ​ទៀត​សម្រាប់​ការ​ងើប​ឡើងវិញ​។ វិបត្តិ​ថ្មីៗ​ដែល​កើតចេញ​សង្គ្រាម​នៅ​រវាង​ប្រទេស​រុស្ស៊ី​-​អ៊ុយ​ក្រែ​ន និង​ជម្លោះ​នៅក្នុង​តំបន់​មជ្ឈិមបូព៌ា គឺ​សុទ្ធតែ​ជះឥទ្ធិពល​ដល់​ដំ​ណើ​រការ​សេដ្ឋកិច្ចជាតិ រួមទាំង​វិស័យ​សំណង់​»​។ លោក​បន្តថា​៖«​សម្រាប់​ឆ្នាំ​ ២០២៤ ខាងមុខ​ខ្ញុំ​រំពឹងថា​អ្វីៗ​នឹង​ល្អប្រសើរ​ជាង​ពេលនេះ​»​។​

​អគ្គលេខាធិការ​នៃ​សមាគម​អ្នក​អភិ​វឌ្ឍន៍​លំនៅឋាន​កម្ពុជា លោក ហ៊ុយ វណ្ណា ថ្មីៗ​នេះ​បាន​និយាយថា ចាប់តាំងពី​ឆ្នាំ​ ២០២០ មក​វិស័យ​សំណង់​នៅ​កម្ពុជា​មិនទាន់​មានដំណើរ​ការល្អ​ទេ ពិសេស​ការដ្ឋាន​គម្រោង​ធំៗ​ដែលមាន​ម្ចាស់​ជា​វិនិយោគិន​បរទេស​។ ដោយសារ​មិនសូវមាន​គម្រោង​ធំៗ ដូច្នេះ​តម្រូវការ​ដែក​ក្នុង​វិស័យ​សំណង់​ក៏មាន​បរិមាណ​តិច​ដែរ​។ លោក​បាន​បន្តថា អ្វីដែល​មាននៅ​ពេលនេះ​គឺ​ភាគច្រើន​ជា​ការដ្ឋាន​សំណង់​លំនៅឋាន​សម្រាប់​បំពេញតម្រូវការ​ប្រជាជន​ក្នុងស្រុក និង​វិនិយោគ​ដោយ​ក្រុមហ៊ុន​ក្នុងស្រុក​តែប៉ុណ្ណោះ​។​

​លោក​និយាយថា​៖ «​ដោយសារ​វិស័យ​សំណង់​ផ្សារភ្ជាប់​ខ្លាំង​នឹង​កំណើន​សេដ្ឋ​កិច្ច​ពិភពលោក ដូច្នេះ​វា​នឹងមាន​ភាពល្អ​ប្រសើរឡើង​វិញ​នៅពេល​សេដ្ឋកិច្ច​ពិភព​​លោក​មាន​កំណើន​។ ការនាំ​ចូល​ដែក និង​ដែកថែប នឹងមាន​កំណើន​ខ្ពស់​នៅពេល​ការដ្ឋាន​សំណង់​ធំៗ​បើក​ដំណើរ​ការ​កាន់តែច្រើន​»​។​

​កាល​ថ្ងៃទី​ ២០ ខែកញ្ញា ក្រុមប្រឹក្សា​អភិ​វឌ្ឍន៍​កម្ពុជា បានអនុម័ត​លើ​គម្រោង​វិ​និ​យោគ​រោងចក្រ​ផលិត​ដែក​របស់​ក្រុមហ៊ុន Huale Steel (Cambodia) Co.,Ltd ដែលមាន​ទុនវិនិយោគ ៤០ ​លាន​ដុល្លារ ដោយ​គម្រោង​នេះ​ស្ថិតនៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​កំពង់ផែ​ក្រុង​ព្រះ​សី​ហ​នុ​។ កន្លងមក​នៅ​ខេត្ត​បន្ទាយ​មាន​​ជ័យ និង​កំពង់ស្ពឺ ក៏មាន​រោងចក្រ​ផលិត​ដែក បើក​ដំណើរការ​ផងដែរ​។​

​របាយការណ៍​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជាឱ្យដឹងថា ក្នុង​ឆ្នាំ​ ២០២២ កម្ពុជា​បាន​នាំចូល​ដែក និង​ដែកថែប ក្នុង​ទឹកប្រាក់​សរុប ៣៥៩,៨១៩​ លាន​ដុ​ល្លារ កើនឡើង ២៣,១ ​ភាគរយ​ធៀប​ឆ្នាំ ​២០២១​។ ចំនួន​ទឹកប្រាក់​ដែល​កម្ពុជា​ចំណាយ​លើ​ការ​នាំចូល​ដែក និង​ដែកថែប គឺ​ប្រមាណ ១,២​ភាគរយ​ធៀប​នឹង​ចំនួន​ទឹកប្រាក់​នៃ​ការ​នាំចូល​ទំនិញ​ក្នុង​ឆ្នាំ​ ២០២២ ដែលមាន​ចំនួន​សរុប ២៩ ៩៤១,៦០ ​លាន​ដុល្លារ​៕