ភ្នំពេញៈ លោក សុខ ដា​រ៉ា អគ្គនាយក​នៃ​និយ័ត​ករបរ​ធន​បាល​កិច្ច នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បាន​ថ្លែង​នៅក្នុង​កម្មវិធី​បណ្ដុះបណ្ដាល​ពី​បរ​ធន​បាល​កិច្ច ដែល​ធ្វើឡើង​នៅ​ថ្ងៃទី ​១៤ ខែវិច្ឆិកា ឆ្នាំ​ ២០២៣ ថា ​យន្តការ​បរ​ធន​បាល​កិច្ច​នឹង​ជំរុញ​ការវិនិយោគ​លើ​អចលនទ្រព្យ​ប្រកបដោយ​ទំនុកចិត្ត និង​សុវត្ថិភាព​។​

ការបណ្តុះបណ្តាល​នេះ ធ្វើឡើង​ក្រោម​ប្រធានបទ​ស្ដីពី «​បរ​ធន​បាល​កិច្ច​៖ យន្តការ​សម្រាប់​ការវិនិយោគ​លើ​អចលនទ្រព្យ​ប្រកបដោយ​ទំនុកចិត្ត​» ក្នុង​គោលបំណង ដើម្បី​បញ្ជ្រាប​ការយល់ដឹង​ឱ្យបាន​កាន់តែ​ស៊ីជម្រៅ​ពាក់ព័ន្ធ​នឹង​វិសាលភាព និង​គុណប្រយោជន៍​នៃ​យន្តការ​បរ​ធន​បាល​កិច្ច​សមាជិក​សមាជិកា​នៃ​សមាគម អ្នក​អភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា​ដែលជា​វិនិយោគិន និង​ធុរជន​សក្ដានុពល​ក្នុង​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា និង​អាច​ទាញយក​ផលប្រយោជន៍​អតិបរមា​ពី​យន្តការ​បរ​ធន​បាល​កិច្ច​សម្រាប់​ធុរកិច្ច​របស់ខ្លួន​។​


​លោក សុខ ដា​រ៉ា បាន​ថ្លែងថា៖ «​យន្តការ​បរ​ធន​បាល​កិច្ច​មាន​សារៈសំខាន់ ក្នុងការ​ចូលរួម​ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ចកម្ពុជា ព្រោះ​ជា​យន្តការ​មួយ​ដែល​បង្កើត​នូវ​ថ្នាល​ទំនុកចិត្ត​,​មាន​ភាពស្របច្បាប់​,​មាន​តម្លាភាព​,​ប្រសិទ្ធភាព និង​គណនេយ្យភាព តាមរយៈ​ការតាមដាន​ត្រួតពិនិត្យ​ការអនុវត្ត​របស់​ភាគី​ពាក់ព័ន្ធ​»​។​

ទាក់ទង​នឹងការផ្តល់​សិទ្ធិ​ដល់​ជនបរទេស​អាច​ទិញ និង​កាន់កាប់​អចលនទ្រព្យ​វិញ លោក សុខ ដា​រ៉ា បាន​បញ្ជាក់ថា​៖« យោងតាម​ច្បាប់ ស្តីពី​បរ​ធន​បាល​កិច្ច ឆ្នាំ​ ២០១៩ ​ជនបរទេស​អាច​ទិញ​ដី​នៅ​កម្ពុជា​បាន តាមរយៈ​ក្រុមហ៊ុន​បរ​ធន​បាល​កិច្ច ដែល​បច្ចុប្បន្ន​យន្តការ​នេះ ជា​យន្ត​ការដែល​ពេញនិយម និង​មាន​តម្រូវការ​នៅក្នុង​ទីផ្សារ ជាពិសេស​ការវិនិយោគ​ដោយ​ប្រយោល​លើ​វិស័យ​ពាក់ព័ន្ធ រួមទាំង​វិស័យ​អ​ច​លន​ទ្រព្យ​ផងដែរ​»​។​


​លោក​បាន​បន្តថា បរ​ធន​បាល​កិច្ច ដែល​បាន​បង្កើត និង​ចុះបញ្ជី​ត្រឹមត្រូវ​តាមច្បាប់​បាន​កើន​ដល់​ចំនួន ៥៦៤​ ករណី ជាមួយនឹង​ទំហំ​បរ​ធន​ជាង ១ ១០០​ លាន​ដុល្លារ ក្នុង​រយៈពេល​ជាង​ ១ ​ឆ្នាំ​មកនេះ ហើយ​រំពឹងថា​នឹង កើនឡើង​ដល់ ១ ៥០០​ លាន ដុល្លារ នៅ​ចុងឆ្នាំ ​២០២៣ នេះ​។​

លោក លី ហួរ ប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅឋាន​កម្ពុជាបានឱ្យដឹង​ដែរ​ថា ជំនួប​រវាង​សមាគម​និង​និយ័ត​ករប​រធន​បាល​កិច្ច នាពេលនេះ វា​ស្រប​នឹង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការផ្តល់​យន្តការ​ពិសេស​សម្រាប់​ជនបរទេស ដែលមាន​បំណង​ចង់​ទិញ​អចលនទ្រព្យ​នៅ​កម្ពុជា​។​

លោក​បាន​បន្ថែមថា រាជរដ្ឋាភិបាល​អនុញ្ញាត​ឱ្យ​ខាង​វិស័យ​អចលនទ្រព្យ​ធ្វើការ​ជាមួយនឹង​និយ័ត​ករប​រធន​បាល​កិច្ច ដែល​អាច​អនុញ្ញាតឱ្យ​ជនបរទេស​ទិញ​អចលន​ទ្រព្យ​នៅ​កម្ពុជា​បាន ដោយ​អនុវត្តតាម​យន្តការ​បរ​ធន​បាល​កិច្ច​នេះ​។​

​លោក​បាន​បញ្ជាក់ថា​៖ «​ការអនុវត្ត​យន្តការ​នេះ នឹងធ្វើ​ឱ្យ​វិស័យ​អចលនទ្រព្យ​កម្ពុជា មាន​លំនឹង​និង​បន្តដំណើរ​ទៅមុខទៀត​បាន ដើម្បី​ជម្នះ​រាល់​ឧបសគ្គ ដែល​បាននិងកំពុង​កើតមាន​សព្វថ្ងៃនេះ ដោយសារ​និន្នាការ​សកល​។ យើង​ដឹង​ហើយ បច្ចុប្បន្ននេះ បញ្ហា​កើតឡើង​៣​ផ្ទួនៗ​គ្នា​មាន​កូ​វីដ​១៩,​សង្គ្រាម​រុស្ស៊ី​និង​អ៊ុយ​ក្រែ​ន និង​សង្គ្រាម​អ៊ីស្រាអែល​និង​ក្រុម​ហា​ម៉ាស់​»​។​

លោក​បាន​ថ្លែងថា​៖ «​យើង​សង្ឃឹម និង​ជឿជាក់ថា យន្តការ និង​គោលនយោបាយ​ថ្មីៗ ដែល​រាជរដ្ឋាភិបាល​បាន​ដាក់ចេញ​នៅក្នុង​ជំនួប​ជាមួយ​វិស័យ​ឯកជន​ម្សិលមិញ​នេះ​(១៣ វិច្ឆិកា​) នឹងធ្វើ​ឱ្យ​វិស័យ​អចលនទ្រព្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត​»​។​

សូម​រំឭក​ដែរ​ថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត នា​វេទិកា​រាជរដ្ឋាភិបាល និង​ផ្នែក​ឯកជន លើក​ទី​១៩ ដែល​ធ្វើឡើង​កាល​ទី​១៣ ខែវិច្ឆិកា បានលើកឡើង​ពី​ការបន្ត​ការអនុគ្រោះ​ក្នុង​វិស័យ​សំណង់ និង​វិស័យ​អចលនទ្រព្យ​មួយចំនួន​។ ​នៅក្នុង​លោក​បាន​លើក​ទាក់ទង​នឹង​ការផ្តល់​សិទ្ធិ​ដល់​ជនបរទេស​ទិញ​លំនៅឋាន ដោយ​លោក​បាន​មានប្រសាសន៍ថា​៖ «​ទាក់ទិន​នឹង​ការស្នើសុំ​របស់​វិស័យ​ឯកជន​ឱ្យ​រាជរដ្ឋាភិបាល​ផ្ដល់​ការអនុញ្ញាតឱ្យ​ជនបរទេស​មាន​សិទ្ធិ​ទិញ​លំនៅឋាន (​ដី និង​ផ្ទះ​) សម្រាប់​ការប្រើប្រាស់ និង​មាន​សិទ្ធិ​ជា​ម្ចាស់​កម្មសិទ្ធិ​ស្របច្បាប់​។​

លោក​បានបញ្ជាក់​យ៉ាងច្បាស់​ថា រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​បទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​មិនបាន​អនុញ្ញាតឱ្យ​ជនបរទេស​, ទាំង​ជា​រូបវន្តបុគ្គល​, ទាំង​ជា​នីតិបុគ្គល​, អាច​ក្លាយជា​ម្ចាស់​កម្មសិទ្ធិ​លើដី​ធ្លី នោះឡើយ ពោលគឺ មានតែ​រូបវន្តបុគ្គល ឬ​នីតិបុគ្គល ដែលមាន​សញ្ជាតិ​ជា​ខ្មែរ​ទេ ទើប​មាន​សិទ្ធិ​ជា​ម្ចាស់​កម្មសិទ្ធិ​លើដី​ធ្លី ។ 

តែទោះជា​យ៉ាងណាលោក​បាន​អះអាងថា បន្ទាប់ពី​ធ្វើការ​សិក្សា និង​ពិនិត្យឡើងវិញ​នូវ​បទដ្ឋាន​គតិយុត្ត​ដែលមាន​ស្រាប់​, កម្ពុជា​ក៏មាន​យន្ត​ការដែល​ផ្តល់​សិទ្ធិ​ឱ្យ​ជនបរទេស​អាច​ទិញ និង​កាន់កាប់​អចលនទ្រព្យ ដោយមាន​សិទ្ធិ​ស្ទើរតែ​ដូច គ្នា​នឹង​សិទ្ធិ​របស់​កម្មសិទ្ធិករ​ដែរ តាមរយៈ​យន្តការ​ចំនួន ៣​។​
​នៅក្នុង​យន្ត​ការមួយ​ក្នុងចំណោម​នេះ គឺ​យន្តការ​តាមរយៈ​ក្រុមហ៊ុន​បរ​ធន​បាល ដែល​ជនបរទេស​អាច​ទិញ​ដី​នៅ​កម្ពុជា​បាន តាមរយៈ​ក្រុមហ៊ុន​បរ​ធន​បាល ដែល​បាន​ចុះបញ្ជី​បរ​ធន​បាល​កិច្ច​នៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ត្រឹមត្រូវ ពោលគឺ​ជនបរទេស​អាច​ទិញ​ទ្រព្យសម្បត្តិ ដោយមាន​ក្រុមហ៊ុន​បរ​ធន​បាល​ដើរតួ​ជា​អ្នកគ្រប់គ្រង​ទ្រព្យសម្បត្តិ​នេះ តែ​ក្រុមហ៊ុន​នោះ​គ្មាន​សិទ្ធិ​យកទៅលក់​បន្ត​ឡើយ ដរាបណា​មិនមាន​ការយល់ព្រម​ពី​ជនបរទេស​ដែលជា​ម្ចាស់ទ្រព្យ ៕