រាជរដ្ឋាភិបាល​កម្ពុជា បានសម្រេច​បន្ត​គោលការណ៍​លើកលែង​ពន្ធ ការអនុគ្រោះ​ពន្ធ​បន្ថែមទៀត ការពន្យារ និង​ការព្យួរ​ការអនុវត្ត​ពន្ធ​សម្រាប់​វិស័យ​អចលន​ទ​ព្យ ខណៈ​អ្នកជំនាញ​ក្នុង​វិស័យនេះ​សម្តែង​ការគាំទ្រ​ដោយ​ចាត់ទុកថា​គឺជា​យន្តការ​អាច​សម្រួល​ដល់​ការលំបាក​របស់​អ្នកវិនិយោគ​។

យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែល​បានចេញ​ផ្សាយ​កាលពី​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០២៤ បានឱ្យដឹង​ទៀតថា ការបន្ត​គោលការណ៍​លើកលែង​ពន្ធ ការអនុគ្រោះ​ពន្ធ​បន្ថែមទៀត ការពន្យារ និង​ការព្យួរ​ការអនុវត្ត​ពន្ធ​សម្រាប់​វិស័យ​អចលនទ្រព្យ ត្រូវអនុវត្ត​លើ​ពន្ធ​ប្រថាប់ត្រា​លើ​ការផ្ទេរកម្មសិទ្ធិ ឬ​សិទ្ធិ​កាន់កាប់​អចលនទ្រព្យ​,​ពន្ធ​លើ​ចំណេញ​មូលធន​,​ពន្ធ​លើ​អចលនទ្រព្យ និង​ពន្ធ​លើ​ដីធ្លី​មិនបាន​ប្រើប្រាស់ ដែល​នឹងត្រូវ​អនុវត្ត​ចាប់ពីពេលនេះ​ទៅ រហូតដល់​ដំណាច់ឆ្នាំ​២០២៤​។


សម្រាប់​ការអនុគ្រោះ​នោះ​រួមមាន ពន្ធ​ប្រថាប់ត្រា​លើ​ការផ្ទេរកម្មសិទ្ធិ ឬ​សិទ្ធិ​កាន់កាប់​អចលនទ្រព្យ ត្រូវ​បន្ត​ការលើកលែង​ពន្ធ​ប្រថាប់ត្រា​លើ​ការផ្ទេរកម្មសិទ្ធិ ឬ​សិទ្ធិ​កាន់កាប់​លំនៅឋាន​គ្រប់​ប្រភេទ ដែលមាន​លក្ខណៈ ជា​បុរី ដែលមាន​តម្លៃ​ក្រោម ឬ​ស្មើ ៧០ ០០០ (​ប្រាំ​ពីរម៉ឺន​) ដុល្លារ​។​អនុគ្រោះ​ពន្ធ​ប្រថាប់ត្រា​បន្ថែមទៀត​លើ​ការផ្ទេរកម្មសិទ្ធិ ឬ​សិទ្ធិ​កាន់កាប់​លំនៅឋាន​គ្រប់​ប្រភេទ ដែលមាន លក្ខណៈ​ជា​បុរី និង​មាន​តម្លៃលើស ៧០ ០០០ (​ប្រាំ​ពីរម៉ឺន​) ដុល្លារ​អាមេរិក ដោយ​អនុញ្ញាតឱ្យ​ដក​ទំហំ​ទឹកប្រាក់ ៧០ ០០០ (​ប្រាំ​ពីរម៉ឺន​) ដុល្លារ​អាមេរិក ចេញពី​មូលដ្ឋាន​គិត​ពន្ធ​ប្រថាប់ត្រា សម្រាប់​ការទិញ​លំនៅឋាន​ក្នុង​គម្រោង​អភិវឌ្ឍន៍​លំនៅឋាន ជា​បុរី ដែលមាន​អាជ្ញា​បណ្ណ​អាជីវកម្ម អចលនវត្ថុ និង​បាន​ចុះបញ្ជី​ត្រឹមត្រូវ​។

ចំណែក​ពន្ធ​លើ​ចំណេញ​មូលធន រាជរដ្ឋាភិបាល​សម្រេច​បន្ត​ពន្យារពេល​ការអនុវត្ត​ពន្ធ​លើ​ចំណេញ​មូលធន​ទាំង ៦ ប្រភេទ​ទ្រព្យ​រួមមាន អចលនទ្រព្យ​, ភតិសន្យា​, ទ្រព្យ វិនិយោគ​, កេរ្តិ៍ឈ្មោះ​អាជីវកម្ម​, កម្មសិទ្ធិបញ្ញា និង​រូបិយ​បណ្ណ​បរទេស​។ ដោយឡែក​សម្រាប់​ពន្ធ​លើ​អចលនទ្រព្យ​វិញ ចំពោះ​អចលនទ្រព្យ​ដែល​បាន​ចុះបញ្ជី និង​ប្រកាស​បង់ពន្ធ​លើ​អចលនទ្រព្យ​កន្លងមក ខុស​តម្លៃ​ដី​ឬ​សំណង់ ទំហំ​ដី​ឬ​សំណង់ ប្រភេទ​សំណង់ ឬ​/​និង​អាយុកាល​សំណង់ ត្រូវបាន​លើកលែង​ការកំណត់​ពន្ធ​ឡើងវិញ ដែលមាន​ប្រាក់​ពន្ធ រួមទាំង​ទណ្ឌកម្ម​រដ្ឋបាល (​ពន្ធ​បន្ថែម និង​ការប្រាក់​) ចាប់ពី​ឆ្នាំ​ដាក់ឱ្យអនុវត្ត​ពន្ធ​រហូតដល់​ឆ្នាំ​២០២៣​។ ចំពោះ​អចលនទ្រព្យ (​មាន​បណ្ណ​កម្មសិទ្ធិ ឬ​គ្មាន​បណ្ណ​កម្មសិទ្ធិ​) ដែល​ពុំ​ធ្លាប់បាន​ចុះបញ្ជី និង​ប្រកាស​បង់ពន្ធ លើ​អចលនទ្រព្យ​កន្លងមក អនុញ្ញាតឱ្យ​ចុះបញ្ជី និង​បង់ប្រាក់​ពន្ធ ចាប់ពី​ឆ្នាំ​កាន់កាប់ ឬ​ទទួល​ប្រយោជន៍​ចុងក្រោយ​។ ពន្យារ​ការលើកលែង​ទណ្ឌកម្ម​រដ្ឋបាល (​ពន្ធ​បន្ថែម និង​ការប្រាក់​) ដែល​នឹងត្រូវ​ផុតកំណត់​ត្រឹម​ដំណាច់ឆ្នាំ ២០២៣ បន្ត​រហូតដល់​ដំណាច់ខែ​មិថុនា ឆ្នាំ​២០២៤​វិញ​។


ក្រសួង​បានបញ្ជាក់​ទៀតថា ចំពោះ​ពន្ធ​លើ​ដីធ្លី​មិនបាន​ប្រើប្រាស់​ត្រូវបាន​ព្យួរ​ការអនុវត្ត​រហូត​ដល់​ដំណាច់ឆ្នាំ​២០២៤ មានន័យថា​កម្មសិទ្ធិក​រ ឬ​អ្នកកាន់កាប់ ឬ​អ្នកទទួល​ប្រយោជន៍​ចុងក្រោយ ពុំមាន​កាតព្វកិច្ច​ប្រកាស​បង់ពន្ធ​រហូតដល់​ដំណាច់ឆ្នាំ​២០២៤​។ 
​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​នឹង​ចេញ​លិខិតបទដ្ឋាន​គតិ​យុ​ត្ដ​ស្ដីពី​ពន្ធ​លើដី​ធ្លី​មិនបាន​ប្រើប្រាស់ ដោយ​បន្ធូរបន្ថយ​នូវ​លក្ខខណ្ឌ លើកលែង​ពន្ធ​នេះ សម្រាប់​ការអនុវត្ត​ចាប់ពី​ឆ្នាំ​២០២៤ ដូចជា​១- ដី​ដែលជា​កម្មវត្ថុ​នៃ​ពន្ធ​លើ​ដីធ្លី​មិនបាន​ប្រើប្រាស់​សំដៅ​ដល់​ដី​ដែល​នៅក្រៅ​តំបន់​ជាប់ពន្ធ​លើ​អចលនទ្រព្យ​,២-​ដី​ដែលជា​កម្មវត្ថុ​នៃ​ពន្ធ​លើ​ដីធ្លី​មិនបាន​ប្រើប្រាស់​ត្រូវបាន​អនុញ្ញាត​ឱ្យ​កាត់ចេញ ៥ ហិកតា ក្នុង​ដី​មួយកន្លែង និង​៣-​ចំពោះ​ដី​ដែល​លើសពី ៥​ហិកតា គឺអាច​រួច​ពន្ធ​លើដី​ធ្លី​មិនបាន​ប្រើប្រាស់​។ 
​ចំពោះ​ការអនុគ្រោះ​ពន្ធ​នេះដែរ លោក ច្រឹ​ក សុខ​នី​ម ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ទីភ្នាក់ងារ​អចលនវត្ថុ បាន​យល់ឃើញថា នេះ គឺជា​យន្តការ​ដ៏​ល្អ ក្នុង​ការជួយ​សម្រាល​ដ​ល់​ការលំបាក​របស់​វិនិយោគិន ក្នុង​វិស័យ​អចលនទ្រព្យ ដែល​បាន​រង​វិបត្តិ​ដោយសារតែ​បញ្ហា​ជំងឺ​កូ​វីដ​១៩ និង​បញ្ហា​សង្គ្រាម​នានា​ផងដែរ​។

បែបនេះ​ក្តី លោក​ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ទីភ្នាក់ងារ​អចលនវត្ថុ នៅតែ​ចង់ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា ផ្តល់​ការ​ជ្រោមជ្រែង​ច្រើន​ជាងនេះទៀត​។

លោក​បានបញ្ជាក់​ដូច្នេះ​ថា​៖«​បើសិនជា​រាជរដ្ឋាភិបាល អាច​ផ្តល់នូវ​កញ្ចប់​ថវិកា​ណាមួយ តាមរយៈ​ការខ្ចី​ពី​បរទេស ឬក៏​យន្តការ​រូបមន្ត​ទឹកប្រាក់​ដែលមាន​ស្រាប់ អាច​ចាក់​ចូល​នៅក្នុង​វិស័យ​អចលនទ្រព្យ​ឱ្យបាន​ច្រើន នោះ​វិស័យ​អចលនទ្រព្យ នឹងមាន​ភាពរឹងមាំ​ដែលជា​សសរស្តម្ភ សម្រាប់​ទ្រទ្រង់​នូវ​ខឿនសេដ្ឋកិច្ច​នាពេល​អនាគត​»៕