ភ្នំពេញៈ ស្រប​ពេលដែល​ធនាគារ​កណ្តាល​សហរដ្ឋអាមេរិក​បាន​ទម្លាក់​អត្រា​ការប្រាក់ អ្នកជំនាញ​អចលន​​ទ្រព្យ និង​អាជ្ញា​ធរមាន​សុទិដ្ឋិនិយម​ថា ការណ៍​នេះ​នឹង​ជះឥទ្ធិពល​ជា​វិជ្ជមាន​សម្រាប់​ទីផ្សារ​អចលនទ្រព្យ និង​សំ​ណង់​កម្ពុជា​ក្នុង​ឆ្នាំ​ ២០២៤ នេះ​ដោយ​វា​នឹង​ជំ​រុញឱ្យ​សកម្មភាព​ទិញ​-​លក់ និង​ជួល​អចលនទ្រព្យ​ ​និង​សំណង់​​កម្ពុជា​ក្នុង​ឆ្នាំ​ ២០២៤ នេះ​ដែល​នឹង​ជំ​រុញឱ្យ​សកម្មភាព​ការទិញ​-​លក់​-​ជួល​អចលនទ្រព្យ និង​សំណង់​មាន​ភាពល្អប្រសើរ​ជាង​ឆ្នាំ​ ២០២៣ កន្លងមក​។

សារព័ត៌មាន CNBC បាន​រាយការណ៍​កាលពី​ពាក់កណ្តាល​​ខែធ្នូ ឆ្នាំ​ ២០២៣​ ថា ធនាគារ​កណ្តាល​អាមេរិកបានប្រកាសថា​ នឹង​បញ្ចប់​វដ្ត​នៃ​ការដំឡើង​អត្រា​ការប្រាក់ និង​កំណត់​ដំណាក់កាល​សម្រាប់​ការកាត់បន្ថយ​អត្រា​ការប្រាក់​នៅ​ឆ្នាំ​ខាងមុខ​។

ធនាគារកណ្តាល​អាមេរិក​បាន​ដំឡើង​អត្រា​ការប្រាក់​ចំនួន ១១ ដង​ចាប់តាំងពី​ខែមីនា ឆ្នាំ​ ២០២២ ដែល​វា​ជា​ល្បឿន​ដ៏​លឿន​បំផុត​នៃ​ការ​រឹតបន្តឹង​ចាប់​តាំងពីដើម​​ទសវត្សរ៍ ​១៩៨០​។ ការកើនឡើង​នៃ​អត្រា​ការប្រាក់​បានធ្វើឱ្យ​ការ​ចំណាយ​លើ​ការខ្ចីប្រាក់​របស់​អ្នកប្រើប្រាស់​កើនឡើង​ខ្ពស់ ខណៈ​អតិផរណា​នៅតែ​កើន​​ឡើង ដោយ​ធ្វើឱ្យ​គ្រួសារ​ជាច្រើន​ស្ថិតនៅក្រោម​សម្ពាធ​។


អត្រា​ការប្រាក់​ទាប និង​ការ​បន្ថយ​លក្ខខណ្ឌ​ឥណទាន​នឹង​ជួយ​ឱ្យ​ទីផ្សារ​អចលនទ្រព្យ ឆាប់​ងើប​ឡើងវិញ​ 


​អនុប្រធាន​សមាគម​អ្នក​​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា ​(CVEA) និង​ជា​ម្ចាស់​ក្រុមហ៊ុន​អចលនទ្រព្យ Amatak Property Service Co., Ltd លោកស្រី តាំង ហួរ បាន​ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍​ កាលពី​ថ្ងៃទី ​៤ ខែមករា​ថា កាលពី​ចុងឆ្នាំ​ ២០២៣ មាន​ដំណឹង​ថា ធនាគារ​ធំៗ​នៅ​អាមេរិក​នឹង​ទម្លាក់​អត្រា​ការប្រាក់​ឥណទាន ​(​ប្រាក់កម្ចី​)​។ ការ​ទម្លាក់​អត្រា​ការប្រាក់​ពី​សំណាក់​ធនាគារ​ធំៗ​នៅ​អាមេរិក​ដែល​គេ​ដឹង​ជាទូទៅ​ថា​ជា​ប្រភព​ហិរញ្ញវត្ថុ​ធំជាងគេ​លើ​ពិភព​​លោក​នោះ គឺ​ប្រាកដជា​នឹង​ជះ​ឥទ្ធិពល​ជា​វិជ្ជមាន​ដល់​កំណើនសេដ្ឋកិច្ច និង​ទីផ្សារ​អចលន​​ទ្រព្យ​លើ​ពិភពលោក រួមទាំង​ប្រ​ទេស​កម្ពុជា​។


លោកស្រី​បន្តថា កន្លងមក​ដោយសារ​កំ​ណើ​ន​សេដ្ឋកិច្ចពិភពលោក​មិនមាន​ភាពច្បាស់លាស់​វា​បាន​បង្ខំ​ឱ្យ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នៅ​ទូទាំង​ពិភពលោក​សម្រេច​ដំឡើង​អត្រា​ការប្រាក់​ជា​បន្តបន្ទាប់ ព្រមទាំង​ដាក់ចេញ​វិធានការ​រឹតបន្តឹង​យ៉ាងខ្លាំង​ចំពោះ​ការផ្តល់​ឥណ​ភាព ពិសេស​ក្នុង​វិស័យ​អចលន​ទ្រព្យ និង​សំណង់​។


លោកស្រី​លើកឡើង​ទៀតថា ជាក់ស្តែង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ពិសេស​ក្នុង​ឆ្នាំ​ ២០២៣ គឺ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​បានធ្វើការ​រឹតបន្តឹង​ខ្លាំង​លើ​ការផ្តល់​ឥណទាន​សម្រាប់​វិស័យ​អចលនទ្រព្យ និង​សំណង់ ដែល​ធ្វើឱ្យ​វិស័យនេះ​ជួបនឹង​បញ្ហា​ប្រឈម​ជាច្រើន សូម្បីតែ​ការទិញ​-​លក់ និង​ជួល​លក្ខណៈ​តូចៗ​ក៏​មិនសូវមាន​សកម្មភាព​ដែរ​។

លោកស្រី​បាន​ថ្លែងថា​៖ «​ក្នុងនាម​អ្នក​នៅក្នុង​វិស័យ​អចលន​ទ្រព្យ យើង​ពិតជា​រីករាយ និង​ចង់ឃើញ​ការ​ងើប​ឡើងវិញ​នៃ​ទីផ្សារ​អចលនទ្រព្យ និង​សំណង់ បើ​ទោះ​ក្នុង​កម្រិត​ណាក៏ដោយ បន្ទាប់ពី​ស្ងប់ស្ងាត់​ខ្លាំង​ក្នុង​រយៈ​-​ពេល​ជិត ៤ ​ឆ្នាំ​មកនេះ ពោលគឺ​ចាប់តាំងពី​ការលេចឡើង​នៃ​វត្តមាន​ជំងឺ​កូ​វីដ ១៩ នា​ដើមឆ្នាំ ២០២០»​។

លោកស្រី​បន្តថា​៖ «​អាមេរិក ​គឺជា​មូលដ្ឋាន​នៃ​ស្ថាប័នហិរញ្ញវត្ថុ និង​ធនាគារ​ធំៗ​លំដាប់​អន្តរជាតិ ដូច្នេះ​ការ​ទម្លាក់​អត្រា​ការប្រាក់​នៅ​អាមេរិក គឺ​នឹង​បើក​លទ្ធភាព​ឱ្យ​អ្នកវិនិយោគ​អាច​យក​ឥណទាន​ទាំងអស់​នោះមក​វិនិយោគ​ផ្ទាល់​នៅ​កម្ពុជា​កាន់តែច្រើន​»​។

លោកស្រី​បន្តថា ទន្ទឹមនឹង​ការ​​ទម្លាក់​អត្រា​ការប្រាក់​នៅ​អាមេរិក លោកស្រី​ក៏​ចង់ឃើញ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ចាប់ផ្តើម​ទម្លាក់​អត្រា​ការប្រាក់ និង​ការ​បញ្ចេញ​ឥណទាន​ឱ្យបាន​ច្រើន​ឡើងវិញ ព្រមទាំង​បន្ធូរបន្ថយ​លក្ខខណ្ឌ​ផ្សេងៗ ដើម្បី​ផ្តល់​លទ្ធ​ភាព និង​ឱកាស​ឱ្យ​អ្នកវិនិយោគ​អាច​ចាប់ផ្តើម​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ និង​សំណង់​ថ្មីៗ​។

ទោះយ៉ាងណា លោកស្រី​បញ្ជាក់ថា​៖ «​ទីផ្សារ​អចលនទ្រព្យ​នៅ​កម្ពុជា​ក្នុងអំឡុងពេល​ខ្លី​នឹង​មិនអាច​ស្ទុះ​ឡើង​ខ្លាំង​ដូច​មុន​អំឡុង​ឆ្នាំ ​២០២០​ ឡើយ ដោយ​វិស័យនេះ​ត្រូវការ​ពេល​បន្ថែមទៀត​»​។

ទីផ្សារ​អចលនទ្រព្យ និង​សំ​ណង់​នៅ​ត្រូវការ​ពេល​បន្ថែមទៀត​

​ប្រធាន​សមាគម​អចលនទ្រព្យ​សកលលោក សំ សុខ​នឿន បាន​លើកឡើងថា ឆ្នាំ​ ២០២៣ ជា​អំឡុង​ពេលដែល​ទីផ្សារ​អចលនទ្រព្យ​កម្ពុ​ជាមាន​ភាព​​ស្ងប់ស្ងាត់​ខ្លាំង ប៉ុន្តែ​ឆ្នាំ ​២០២៤ នេះ​ស្ថានភាព​នៃ​វិស័យ​សំណង់ និង​អចលនទ្រព្យ​នឹង​ល្អប្រសើរ​ជាង​មុន​បន្តិច ខណៈ​រដ្ឋាភិបាល និង​ផ្នែក​ឯកជន បាននិងកំពុង​ខិតខំ​ផ្សព្វផ្សាយ និង​ធ្វើ​ទីផ្សារ​យ៉ាងខ្លាំង​ដើម្បី​ទាក់ទាញ​វិ​និ​យោគិន​ជាតិ និង​អន្តរជាតិ​ឱ្យ​បញ្ចេញ​ទុន​មក​វិនិយោគ​នៅ​កម្ពុជា​។ នៅពេល​មានការ​វិ​និ​យោគ គឺ​ប្រាកដជា​ត្រូវការ​ទីតាំង និង​សំណង់​អគារ​ផ្សេងៗ ដូច្នេះ​វា​នឹង​ជួយ​ឱ្យ​ទីផ្សារ​អចលនទ្រព្យ និង​សំណង់ មានដំណើរ​ការឡើង​វិញ​។

លោក​អះអាងថា​៖ «​ទីផ្សារ​អចលនទ្រព្យ​ឆ្នាំ ​២០២៤ នឹង​គ្រាន់បើ​ជាង​ឆ្នាំ ២០២៣ បន្តិច​តាមរយៈ​កំណើន​នៃ​ការបណ្តាក់ទុន​ថ្មីៗ​។ វិស័យ​អចលនទ្រព្យ និង​សំណង់​តែង​ត្រូវការ​ពេល​យូរ​ជាង​វិស័យ​ផ្សេងទៀត​»​។

បើតាម​លោក សុខ​នឿន ការ​ទម្លាក់​អត្រា​ការប្រាក់​របស់​ធនាគារ​ធំៗ​នៅ​អាមេរិក គឺមាន​ឥទ្ធិពល​តិចតួច​ប៉ុណ្ណោះ​សម្រាប់​ទីផ្សារ​អចលនទ្រព្យ​នៅ​កម្ពុជា ប៉ុន្តែ​អ្វីដែល​សំខាន់​នោះ​គឺ​សកម្មភាព​នៅក្នុង​ប្រទេស​ផ្ទាល់​តែម្តង​។

អាជ្ញាធរ​បាន​ត្រៀមខ្លួន​រួចជាស្រេច​សម្រាប់​គាំទ្រ​ដល់​ការ​ងើបឡើង​វិញ​នៃ​វិស័យ​អចលន​ទ្រព្យ និង​សំណង់​

អភិបាលរង​ខេត្ត​ព្រះសីហនុ លោក ឡុង ឌី​ម៉​ង់ បាន​និយាយថា រដ្ឋាភិបាល​កម្ពុជា ក៏ដូចជា​អាជ្ញាធរខេត្ត​ព្រះសីហនុ បាន​ត្រៀមខ្លួន​រួចរាល់​សម្រាប់​ទទួល​យក​ភ្ញៀវទេសចរ និង​វិនិយោគិន​​ជាតិ និង​អន្តរជាតិ​ ដែល​ចង់​មក​វិនិយោគ​នៅ​កម្ពុជា​។ ឆ្នាំ ​២០២៤ នេះ​អាជ្ញាធរខេត្ត​បាន​ត្រៀម​កញ្ចប់​លើកទឹកចិត្ត​ជាច្រើន​សម្រាប់​វិនិយោគិន​ណា​ដែល​ចង់​ពង្រីក​អាជីវកម្ម ឬ​បើក​អាជីវកម្ម​ថ្មីៗ​។

លោក​ប្រាប់ថា​៖ «​ក្នុង​ឆ្នាំ​ ២០២៤ យើង​សង្ឃឹមថា នឹង​ទទួលបាន​ទេសចរ និង​អ្នក​វិ​និ​យោគ​កាន់តែច្រើន​។ បញ្ហា​ជាប់​​គាំង​ជាច្រើន ពិសេស​វិស័យ​សំណង់ និង​អចលនទ្រព្យ​នឹងត្រូវ​ដោះស្រាយ​»៕