ភ្នំពេញៈ លោក ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា គ្រោង​នឹង​ប្រកាស​កម្មវិធី​ជំរុញ​កា​រវិន​យោគ​ ដើម្បី​ដោះស្រាយ​បញ្ហា​សំណង់​អគារ​ជាប់គាំង​ប្រមាណ​ជា​ ១ ១៥០​ កន្លែង​នៅ​ខេត្ត​ព្រះសីហនុ ដែល​ជាប់គាំង​ក្រោយពី​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​តាំងពី​អំឡុង​ឆ្នាំ​២០២០​។ នេះ​បើ​យោងតាម​ការ​ថ្លែង​របស់លោក​នាយករដ្ឋមន្ត្រី​នៅក្នុង​ពី​ធីសម្ពោធ​ស្ពានបេតុង និង​សំណេះសំណាល​ជាមួយ​កម្មករនិយោជិត​សរុប​ជាង​១​ម៉ឺន​នាក់ នៅក្នុង​ខេត្តកោះកុង កាលពី​ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០២៤​។​

លោក ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានប្រកាសថា នៅ​ថ្ងៃទី​២៥ ខែមករា ខាងមុខនេះ លោក​នឹង​អញ្ជើញ​ប្រកាស​កម្មវិធី​ជំរុញ​ការវិនិយោគ នៅ​ខេត្ត​ព្រះសីហនុ ដើម្បី​ដោះស្រាយ​បញ្ហា​ជាប់គាំង​មួយចំនួន​។​
​លោក ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា​៖«​ថ្ងៃទី​២៥ ខែមករា​នេះ ខ្ញុំ​ត្រូវ​ទៅ​ប្រកាស​កម្មវិធី​ថ្មី​១​ទៀត ដែលជា​កម្មវិធី​ពិសេស សម្រាប់​ជំរុញ​ការវិនិយោគ​នៅ​ខេត្ដ​ព្រះសីហនុ ដើម្បី​ដោះស្រាយ​បញ្ហា​ជាប់គាំង រឿង​សំណង់​មួយចំនួន​»​។​

យោងតាម​រដ្ឋបាលខេត្ត​ព្រះសីហនុ បានឱ្យដឹងថា មាន​សំណង់​អគារ​ដែល​ជាប់គាំង សាងសង់​មិនទាន់បាន​រួចរាល់​នៅ​ក្រុងព្រះសីហនុ មាន​រហូតដល់ ១ ១៥០​កន្លែង ហើយ​ត្រូវបាន​កំពុង​សហការ​ជាមួយ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​, អ្នកជំនាញ​ផ្នែក​អចលនទ្រព្យ​, វិស័យ​ធនាគារ​, វិស័យ​ឯកជន រួមទាំង​ភាគី​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត ដើម្បី​ដោះស្រាយ​បញ្ហា​ជាប់គាំង​នៃ​សំណង់​អគារ​នៅ​ក្រុងព្រះសីហនុ​ដែលមាន​រហូតដល់ ជាង​១ ០០០​កន្លែង ឱ្យបាន​ឆាប់រហ័ស​។ ទោះជា​យ៉ាងណាក៏ដោយ​សំណង់​អគារ​ទាំងនោះ​ជាប់គាំង​អស់​រយៈពេល​ជិត​៤​ឆ្នាំ​មកហើយៗ​ក៏បាន​ចាប់ផ្ដើម​ដំណើរការ​សាងសង់ឡើង​វិញ​ជា​បន្តបន្ទាប់ ហើយ​រហូតមក​ដល់ពេល​បច្ចុប្បន្ននេះ​មាន​អគារ​១០០​កន្លែង​ហើយ​បាននិងកំពុង​ចាប់ផ្ដើម​សាងសង់ និង​ជួសជុល​ឡើងវិញ​។​


លោក ច្រឹ​ក សុខ​នី​ម ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ទីភ្នាក់ងារ​អចលនវត្ថុ ថ្លែងថា ការប្រកាស​របស់លោក​នាយករដ្ឋមន្ត្រី​នេះ គឺជា​យន្តការ​ដ៏​ល្អ ក្នុងការ​ដោះស្រាយ​បញ្ហា​អគារ​ជាប់គាំង​ក្នុង​ខេត្ត​ព្រះសីហនុ ក៏ដូចជា​វិស័យ​អចលនទ្រព្យ​ក្នុង​ខេត្ត​នេះ​ផ្ទាល់ ដែល​បាន​រង​វិបត្តិ​ដោយសារតែ​បញ្ហា​ជំងឺ​កូ​វីដ​១៩ និង​បញ្ហា​សង្គ្រាម​នានា​ផងដែរ​។​


លោក​បាន​ប្រាប់ថា​៖«​វា​ជា​យន្ត​ការដែល​ល្អ​មួយ ដែល​ធ្វើឱ្យ​ភាពជាប់គាំង​លើ​វិស័យ​សំណង់​នៅ​ខេត្ត​ព្រះសីហនុ ត្រូវបាន​លុបបំបាត់​ជា​បណ្តើរៗ ឬ​អាច​ឈានដល់​ការលុបបំបាត់​ទាំងស្រុង​នៅក្នុង​រយៈពេល​១​ឆ្នាំ​ឬ​២​ឆ្នាំ​ទៀតផង​ដែរ​»​។​


​លោក​ សុខ​នី​ម ថ្លែងថា ភាពជាប់គាំង​នៃ​វិស័យ​សំណង់​ក្នុង​ខេត្ត​ព្រះសីហនុ​នេះ មិនបាន​បង្ក​ជាការ​រាំងស្ទះ​ដល់​ដំណើរ​កិច្ចអភិវឌ្ឍន៍​របស់​ខេត្ត​នោះទេ តែ​បញ្ហា​កូ​វីដ​១៩ ទៅវិញ​ទេ ដែល​បានធ្វើឱ្យ​ខេត្ត​នេះ មានការ​អាក់ខាន​ខ្លះ និង​បានចាប់ផ្តើម​ប្រសើរ​ឡើងវិញ​បន្តិច​ម្តងៗ​ហើយ​ក្នុង​រយៈពេល​ចុងក្រោយ​នេះ​។​


លោក​បាន​បញ្ជាក់ទៀតថា​៖«​ខ្ញុំ​គិតថា ចាប់ពី​នេះ​ទៅ​លក្ខខណ្ឌ​នៃ​ទីផ្សារ​អន្តរជាតិ​មាន​ភាពមិន​ច្បាស់​នៅឡើយ ប៉ុន្តែ​រយៈពេល​២​ទៅ​៣​ឆ្នាំ​ទៀត វា​នឹង​ល្អប្រសើរ​ឡើងវិញ​ហើយ​។​ទស្សនៈ​ផ្ទាល់ខ្លួន​របស់ខ្ញុំ​ចាប់ពី​ឆ្នាំ​២០២៤ ឬ​២០២៥​ទៅ ការរីកចម្រើន​នៃ​សេដ្ឋកិច្ច វា​នឹង​ចាប់ផ្តើម​រីកលូតលាស់​បន្តិច​ម្តងៗ​»​។​

​រាជរដ្ឋាភិបាល​បានប្រកាស​ពី​ការអនុគ្រោះ និង​លើកទឹកចិត្ត​ផ្នែក​ពន្ធដារ លើ​វិស័យ​អចលនទ្រព្យ ដូចជា ពន្ធ​ប្រថាប់ត្រា​,​ពន្ធ​លើ​មូលធន​,​ពន្ធលើប្រាក់ចំណេញ ជាដើម ដើម្បី​ជួយ​ដល់​វិស័យនេះ​។​បែបនេះ​ក្តី លោក​ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ទីភ្នាក់ងារ​អចលនវត្ថុ នៅតែ​ចង់ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា ផ្តល់​ការ​ជ្រោមជ្រែង​ច្រើន​ជាងនេះទៀត ដូចជា ការ​ផ្តល់នូវ​កញ្ចប់​ថ​វិកា​ណាមួយ តាមរយៈ​ការខ្ចី​ពី​បរទេស ឬក៏​យន្តការ​រូបមន្ត​ទឹកប្រាក់​ដែលមាន​ស្រាប់ អាច​ចាក់​ចូល​នៅក្នុង​វិស័យ​អចលនទ្រព្យ​ឱ្យបាន​ច្រើន នោះ​វិស័យ​អចលនទ្រព្យ​ នឹងមាន​ភាពរឹងមាំ​ ដែលជា​សសរស្តម្ភ សម្រាប់​ទ្រទ្រង់​នូវ​ខឿនសេដ្ឋកិច្ច​នាពេល​អនាគត​។​

នៅ​ចន្លោះ​ឆ្នាំ​២០១៦ ដល់​ឆ្នាំ​២០១៩ លំហូរ​វិនិយោគិន​បរ​ទេស បាន​សម្រុក​មក​វិនិយោគ​ក្នុង​ខេត្ត​ព្រះសីហនុ​យ៉ាង​សន្ធឹកសន្ធាប់ ក្រោម​វត្តមាន​សាងសង់​អគារ​ធំៗ ជាពិសេស​លើ​ផ្នែក​សណ្ឋាគារ និង​កាស៊ីណូ​ជាដើម ដែល​ធ្វើឱ្យ​តម្លៃ​អចលនទ្រព្យ​នៅក្នុង​ខេត្ត​នេះ បាន​កើនឡើង​យ៉ាងគំហុក​។ ប៉ុន្តែ​ចាប់តាំងពី​ចុងឆ្នាំ​២០១៩ ​មក ដោយសារ​បញ្ហា​បិទ​ហ្គេម​អន​ឡាញ ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ និង​បញ្ហា​សកល ដូចជា​សង្គ្រាម​រវាង​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន សំណង់​អគារ​មួយចំនួន​ត្រូវបាន​ជាប់គាំង​ហើយ​ផ្អាក​សាងសង់​រហូតដល់​ស​ព្វ​ថ្ងៃនេះ​។​

លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ ធ្លាប់បាន​ប្រាប់​កាលពី​ពាក់កណ្តាល​ឆ្នាំ​២០២៣​ថា សំណង់​អគារ​មួយចំនួន ត្រូវបាន​ជាប់គាំង​ដោយសារ​ការ​មានទំនាស់ រវាង​អ្នក​សាងសង់ ម្ចាស់​អគារ និង​ម្ចាស់​ដី បញ្ហា​ការផ្គត់ផ្គង់​សម្ភារ​សំណង់ និង​ការមិន​ផ្ដល់ប្រាក់​ឈ្នួល​ដី​ទៅ​ម្ចាស់​ដី​ជាដើម​៕