ក្រុមអ្នកជំនាញអចលនទ្រព្យកម្ពុជា បានសាទរ និងចាត់ទុកការសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការបន្ត និងបន្ថែមការលើកទឹកចិត្តពន្ធដារ ចំពោះសកម្មភាពទិញ-លក់ និងសេវាកម្មមួយចំនួនក្នុងវិស័យអចលនទ្រព្យ ថាជាយន្តការដ៏ល្អ និងសំខាន់ក្នុងជួយគាំទ្រឱ្យវិស័យនេះបន្តនិរន្តរភាព និងភាពរីកចម្រើនរបស់ខ្លួនឡើងវិញ បន្ទាប់ពីបានធ្លាក់ចុះតាំងពីដើមឆ្នាំ ២០២០ ដោយសារវត្តមានជំងឺកូវីត១៩។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី ៩ ខែតុលា បានចេញសេចក្តីជូនដំណឹងមួយស្តីពី ការបន្ត និងបន្ថែមការលើកទឹកចិត្តពន្ធដារចំពោះវិស័យអចលនទ្រព្យ។
សេចក្តីជូនដំណឹងបានឱ្យដឹងថា អនុលោមតាមការសម្រេចរបស់រាជរដ្ឋាភិបាលក្នុងសេចក្តីថ្លែងការណ៍ពិសេសស្តីពី “សមិទ្ធផល ១ ឆ្នាំរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា” នាថ្ងៃទី២២ ខែសីហា ឆ្នាំ ២០២៤ និងចំណារឯកភាពរបស់លោកនាយករដ្ឋមន្តី ហ៊ុន ម៉ាណែត ដើម្បីកាត់បន្ថយបន្ទុកចំណាយបង់ពន្ធដល់ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋាន និងប្រជាពលរដ្ឋ ជាម្ចាស់អចលនទ្រព្យ។
បើតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គឺប្រាក់ពន្ធមួយចំនួននឹងត្រូវទទួលបានការលើកទឹកចិត្ត ដែលមានដូចជា ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬកាន់កាប់អចលនទ្រព្យ (លើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់លំនៅឋានគ្រប់ប្រភេទ ដែលមានលក្ខណៈជាបុរី ដែលមានតម្លៃក្រោម ឬស្មើ ៧០ ០០០ដុល្លារអាមេរិក), ពន្ធលើចំណេញមូលធន, ពន្ធលើចំណាយមូលធន, ពន្ធលើអចលនទ្រព្យ និងពន្ធលើដីធ្លីមិនទាន់ប្រើប្រាស់ ជាដើម។ សម្រាប់រយៈពេលនៃការអនុគ្រោះខាងលើ គឺមានការប្រែប្រួលទៅតាមប្រភេទនីមួយៗដោយខ្លះត្រឹមចុងឆ្នាំ២០២៤ និងខ្លះរហូតដល់ចុងឆ្នាំ២០២៥។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក សន សៀប បានប្រាប់ភ្នំពេញប៉ុស្តិ៍ក្នុងថ្ងៃទី១០ ខែតុលា ថា នេះជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការបន្តជួយគាំទ្រដល់ផ្នែកឯកជន ជាពិសេសក្នុងវិស័យអចលនទ្រព្យដែលនៅតែបន្តទទួលរងផលប៉ះពាល់ពីវិបត្តិសកលក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ។
លោកបញ្ជាក់ថា៖«ការបន្តលើកលែងពន្ធ នឹងជួយសម្រាលបន្ទុកដល់ក្រុមហ៊ុន អ្នកអភិវឌ្ឍន៍ និងម្ចាស់អចលនទ្រព្យ ព្រមទាំងអ្នកទិញអចលនទ្រព្យដែលត្រូវបង់ពន្ធផងដែរ។ ការលើកលែងពន្ធអចលនទ្រព្យមួយចំនួននេះ នឹងជួយជំរុញសម្ទុះនៃការទិញ-លក់កាន់តែល្អ ចំណែកតម្លៃអចលនទ្រព្យក៏អាចល្អជាងពេលមុនផងដែរ»។
ទោះយ៉ាងណាលោកអះអាងថា ទីផ្សារអចលនទ្រព្យកម្ពុជា គឺនៅតែមានឧបសគ្គជាច្រើន ហើយវិស័យនេះនឹងរីកចម្រើនឡើងវិញ បន្ទាប់ពីវិស័យទេសចរណ៍ កសិកម្ម និងការនាំទំនិញចេញទៅទីផ្សារអន្តរជាតិ។ នៅពេលវិស័យទាំង ៣ មានដំណើរការល្អ គឺវិស័យអចលនទ្រព្យនឹងមានសម្ទុះឡើងវិញ។
អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Advance Real Estate លោក ប៉ូ អ៊ាវគង់ បាននិយាយថា នេះជាយន្តការថ្មីមួយទៀតរបស់រដ្ឋាភិបាលកម្ពុជាក្នុងការជួយគាំទ្រ និងជំរុញឱ្យទីផ្សារអចលនទ្រព្យកម្ពុជាឱ្យមានដំណើរការឡើងវិញ។ នៅពេលវិស័យអចលនទ្រព្យងើបឡើង វាក៏នឹងជួយឱ្យវិស័យផ្សេងទៀតដំណើរការល្អផងដែរ។ លោកបន្តទៀតថា ការបន្ត និងបន្ថែមការលើកទឹកចិត្តពន្ធដារចំពោះវិស័យអចលនទ្រព្យ គឺពិតជាមានភាពចាំបាច់ណាស់។
លោកបានថ្លែងថា៖«ការលើកលែងពន្ធមួយចំនួននេះ គឺជាយុទ្ធសាស្រ្តក្នុងការជំរុញវិស័យសំណង់ និងអចលនទ្រព្យកម្ពុជាឱ្យឆាប់ផ្តើមមានសម្ទុះឡើងវិញ»។
សេដ្ឋវិទូនៅរាជបណ្ឌិត្យសភាកម្ពុជា លោក គី សេរីវឌ្ឍន៍ បាននិយាយថា ការសម្រេចរបស់រដ្ឋាភិបាលក្នុងការលើកលែងពន្ធនេះ មានន័យថារដ្ឋាភិបាលចូលរួមចំណែកជួយផ្តល់នូវថាមពលមួយ ដើម្បីធ្វើឱ្យសកម្មភាពទិញ លក់អចលនទ្រព្យកម្រើកឡើងវិញ។ នៅពេលមានសកម្មភាពទិញ លក់ ចរន្តសេដ្ឋកិច្ចក៏មានដំណើរការទៅតាមហ្នឹងដែរ។ លោកបន្តថា ជាទូទៅការមិនយកពន្ធ វានឹងធ្វើឱ្យរដ្ឋបាត់ចំណូល ១ ផ្នែក ប៉ុន្តែវានឹងមានបញ្ហានោះទេក្នុងដំណាក់កាលនេះ។
លោកអះអាងថា៖«ការមិនយកពន្ធនេះ វាមិនប៉ះពាល់ដល់ចំណូលរដ្ឋទេ ព្រោះឥឡូវគ្មានប្រតិបត្តិការទិញ-លក់អចលនទ្រព្យ ដូច្នេះប្រសិនជារដ្ឋមិនយកពន្ធ ក៏គ្មានចំណូល ហើយប្រសិនជារដ្ឋយកពន្ធ ក៏គ្មានចំណូលដូចគ្នាដែរ៕
ចាប់តាំងពីសេដ្ឋកិច្ចពិភពលោកជួបនឹងវិបត្តិជាបន្តបន្ទាប់ ដែលបណ្តាលមកពីជំងឺកូវីដ១៩ និងការផ្ទុះសង្គ្រាមនៅប្រទេសមួយចំនួន គេសង្កេតឃើញរដ្ឋាភិបាលបានដាក់ចេញនូវវិធានការថ្មីៗជាច្រើនដើម្បីជួយគាំទ្រដល់ផ្នែកឯកជនស្ទើរគ្រប់វិស័យ ពិសេសវិស័យដែលទទួលរងផលប៉ះពាល់ខ្លាំងដូចជា ទេសចរណ៍ សេវាកម្ម និងអចលនទ្រព្យ និងសំណង់ ជាដើម៕