ភ្នំពេញៈ ប្រមុខ​រដ្ឋាភិបាល​បាន​ណែនាំ​ឱ្យ​ភាគី​ពាក់ព័ន្ធ​បន្ត​ដោះស្រាយ​វិវាទ​គម្រោង​អភិវឌ្ឍន៍​អចលនវត្ថុ ដែល​នៅ​សេសសល់​ចំនួន ៤៦​គម្រោង ប្រកប​ដោយ​ភាព​បត់បែន​ទន់ភ្លន់ និង យោគយល់​គ្នា ដើម្បី​បញ្ចប់​បញ្ហា​ដែល​ជៀសវាង​ការ​អនុវត្ត​ច្បាប់។

ក្នុង​ពិធី «បិទ​សន្និបាតបូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២៤ និង ទិសដៅ​ការងារ​ឆ្នាំ​បន្ត របស់​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់» នា​ថ្ងៃទី​២៦ ខែ​វិច្ឆិកា​នេះ លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន ម៉ាណែត​​អំពាវនាវ​ឱ្យ​អតិថជន ម្ចាស់​គម្រោង​បុរី ក្រសួង​ដែនដី ឬ​ម្ចាស់​បំណុល​ជាដើម បន្ត​ដោះស្រាយ​វិវាទ​នៅ​សល់​ចំនួន ៤៦ ក្នុង​ចំណោម​គម្រោង​៩៩។ 


លោក​នាយក​រដ្ឋមន្រ្តី​មាន​ប្រសាសន៍​ថា៖ «ខាង​បុរី​មួយ​ចំនួន​សំណូមពរ​ថា​ឱ្យ​អនុវត្ត​ច្បាប់​ទៅ​លើ​អ្នក​នេះ រឹង។ អតិថិជន​ទាមទារ​ឱ្យ​អនុវត្ត​ច្បាប់​ចាប់​ម្ចាស់​បុរី។ ខាងធនាគារ​ថា​ត្រូវតែ​អនុវត្ត​លើ​អ្នក​ដែល​អត់បង់ ត្រូវ​ចាប់។ ខ្ញុំថា​បើរវល់ ​តែ​ចាប់​គ្រប់​គ្នា រលាយ​ហើយ។ វា​បង្កើត​នូវ​ភាព​កាន់​តែ​រំជើបរំជួល។ ៩៩ គម្រោង​នេះ ប្រសិន​បើ​មាន​បញ្ហា ចាប់​ម្ចាស់​៩៩​នាក់ បាន​អ្នក​ណា​ដោះស្រាយ។ ហ្នឹង​ហើយ​ដែល​យើង​ត្រូវ​គិតគូរ»។ 

ខណៈ​ពេល​បុរី​ខ្លះ​បាន​ក្ស័យធន់ ហើយ​បុរី​ខ្លះ​ក៏​មាន​លទ្ធភាព​ដោះស្រាយ​បញ្ហា ក្រោយ​ពេល​ស្ថានភាព​បាន​ប្រសើរ​ឡើង​វិញ​ខ្លះៗ​នោះ ប្រមុខ​រដ្ឋាភិបាល​បាន​ណែនាំ​ថា បញ្ហា​វិវាទ​នៅ​បុរី​ត្រូវ​ដោះស្រាយ​ដោយ​ភាព​បត់បែន​ទន់ភ្លន់ យោគយល់​គ្នា ដើម្បី​ឈាន​ទៅ​បញ្ចប់​បញ្ហា។


លោក​ថ្លែង​ដូច្នេះ​ថា៖ «ម្ចាស់​បុរី អតិថិជន ក្រសួង និង​ម្ចាស់​បំណុល ត្រូវ​រួម​គ្នា​ដោះស្រាយ។ ៩៩​គម្រោង​ដោះ​បាន​ ៥៣​នេះ ទោះ​គ្មាន​ការ​ស្រែក​អី​ផ្សេងៗ​តែ​យើង​ទប់​សភាពការណ៍​ណាស់។ បើ​ដោះ​មិន​ចេញ​ខាត​ទាំងអស់​គ្នា។ បើ​ឱ្យ​ទៅ​ចាប់​អ្នក​ណា​ទៅ​ដោះស្រាយ។...យើង​ជា​ជន​រងគ្រោះ​ទាំងអស់​គ្នា ត្រូវ​ដោះស្រាយ ផ្អែកលើ​មូលដ្ឋាន​នេះ ដើម្បី​យើង​រក​ដំណោះស្រាយ​ទាំងអស់​គ្នា។ ជួយ​គ្នា​ដោះ»។ 

ទាក់ទង​នឹង​បញ្ហា​វិវាទ​រវាងបុរី និងអតិថិជននេះ លោកឧបនាយករដ្ឋមន្ដ្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានថ្លែងក្នុងឱកាស​នោះថា ក្រសួងកំពុងសម្របសម្រួលដោះស្រាយបន្តវិវាទដែលនៅ​សល់នោះ ដោយឈរលើស្មារតីយោគយល់គ្នា ក្នុងគ្រាលំបាក និងបានធ្វើឱ្យសភាពការណ៍តានតឹងទាំងនេះ បាន​ប្រ​សើរ​ឡើងវិញជាលំដាប់។

ក្នុងចំណោមគម្រោងទាំង៩៩នៅទូទាំងប្រទេសនោះរួមមាន បុរីចំនួន២៧ ស្មើនឹង ៧៧គម្រោង, ផ្សារ និងខុនដូ ចំនួន​៤គម្រោង និងដីឡូតិ៍ ចំនួន១៨ គម្រោងជាដើម។

លោករដ្ឋមន្រ្តីក៏បានថ្លែងផងដែរថា ក្រសួងទទួលបាន ១៥ ៩៦០ករណី នៃវិវាទ ដែលមាន ៤ប្រភេទ។​ ក្នុងនោះរួមមាន វិវាទលើដីឯកជន, វិវាទលើទីតាំងដីរដ្ឋ និងដីសហគមន៍, បណ្ដឹងជំទាស់លើសេចក្តី​សម្រេចរបស់​ស្ថាប័នតុលាការ ​និង​សេចក្តី សម្រេចរាជរដ្ឋាភិបាលរួចហើយ និង បណ្ដឹង ឬសំណើ ដែលមានចរិតនយោបាយ។ ក្រសួង​បានសម្រប​សម្រួល​ ដោះស្រាយបញ្ចប់ចំនួន ១៤ ៩១៩ ករណី ដែលនៅសេសសល់ចំនួន ១ ០៤១ករណី។ 

លោកបានបញ្ជាក់ថា៖«តាមរយៈលទ្ធផល នៃការដោះស្រាយវិវាទដីធ្លីនេះ យើងអាចសន្និដ្ឋានបានថា ភាពរសើបខាង នយោបាយត្រូវបានកាត់បន្ថយជាអតិបរមា ហើយវិវាទដែលនៅសេសសល់ទាំងនេះ មិន​មាន​លក្ខ​ណៈ បែបញ្ចុះញង់​ដែលជាឈ្លាន់យោបាយទៀតនោះឡើយ»។

លោកឧបនាយករដ្ឋមន្ដ្រីក៏បានឱ្យដឹងផងដែរថា ដើម្បីលើកស្ទួយជីវភាពប្រជាជនឱ្យកាន់តែប្រសើរឡើង បង្កើត​បន្ថែម​នូវខឿនសេដ្ឋកិច្ចនៅមូលដ្ឋាន និងខឿនសេដ្ឋកិច្ចគ្រួសារ រាជរដ្ឋាភិបាល បានផ្តល់ដី​សម្បទាន​សង្គម​កិច្ច​ជូនអតីត​កង​កម្លាំងប្រដាប់អាវុធ និងគ្រួសារ, គ្រួសារកងទ័ព និងនគរបាលជាតិតាមព្រំដែន ព្រមទាំងប្រជាពលរដ្ឋក្រីក្រទូទៅ ក្នុង ខេត្តគោលដៅចំនួន ១៨ នៅទូទាំងប្រទេស សរុបចំនួន ៤៨៧ ៤៥៧គ្រួសារ។ បន្ថែមពីនោះបានសាងសង់ផ្ទះ ចំនួន ៨ ១៤១ ខ្នង និងបានចេញបណ្ណកម្មសិទ្ធិដីធ្លីជូនសម្បទានិកចំនួន ៦៥៤ ១៩៩ បណ្ណ។ 

ទន្ទឹមនេះផងដែរ ក្រសួងបាននិងកំពុងអនុវត្តគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាល ទី៣ (LASED III) ដែលត្រូវបានបង្កើតឡើងដើម្បីគាំទ្រដល់កម្មវិធីសម្បទានដីសង្គមកិច្ចរបស់រាជរដ្ឋា ភិបាល ក្នុងការ​បែងចែកដីលំនៅឋាន និងដីធ្វើកសិកម្មជាលក្ខណៈគ្រួសារដល់អ្នកក្រីក្រ អ្នកគ្មានដី និងអ្នកមានដីតិចតួច ដើម្បី​ធ្វើឱ្យ​ប្រសើរឡើងនូវជីវភាពរបស់ពួកគាត់។ 

គម្រោងនេះ បាននិងកំពុង ចូលរួមចំណែក​ក្នុងការកាត់​បន្ថយភាព​ក្រីក្រ បង្កើត​ឱកាសសហគ្រិនភាពដល់ប្រជាជន និងកសាង ជីវភាពថ្មី តាមរយៈការផ្តល់លទ្ធភាពទទួលបានសុវត្ថិភាពដីធ្លី លំ​នៅឋា​ន សេវាសង្គម ហេដ្ឋារចនាសម្ព័ន្ធ ការផ្តល់ពូជសត្វ និងពូជដំណាំចម្រុះ៕