​ខេត្ដ​ព្រះសីហនុ៖ កម្មវិធី​ជំរុញ​ការវិនិយោគ​ពិសេស​នៅ​ខេត្ត​ព្រះសីហនុ បានសម្រេច​គោលដៅ​​លើសផែនការ​​របស់ខ្លួន​សម្រាប់​ការវិនិយោគ និង​ការបង្កើត​ការងារ ជាមួយនឹង​ការវិនិយោគ​ជាង ៦ ពាន់​លាន​ដុល្លារ និង​បង្កើត​ការងារ​ជិត ៤ម៉ឺន​នាក់​ ក្នុង​រយៈពេល​ត្រឹមតែ ១១ ខែ​នៃ​ឆ្នាំ ២០២៤។​

នៅ​ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ កិច្ចប្រជុំ​មួយ​ត្រូវបាន​ធ្វើឡើង​នៅ​រមណីយដ្ឋាន Mafiya ទីក្រុង​កោះរ៉ុង ដឹកនាំ​ដោយ​លោក ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និង ជាប្រធាន​ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ។​


កិច្ច​ប្រជុំបាន​សង្ខេប​អំពី​វឌ្ឍនភាព​ដែល​ធ្វើឡើង​ក្រោម​កម្មវិធី​ជំរុញ​ការវិនិយោគ​ពិសេស ដែល​ត្រូវ​បានប្រកាស​ជា​ផ្លូវការ​ដោយ​នាយករដ្ឋមន្ត្រី​ក្នុង​ខែមករា ឆ្នាំ​២០២៤​។​
​គំនិត​ផ្តួចផ្តើម​នេះ​មាន​គោលបំណង​ជំរុញ​កំណើនសេដ្ឋកិច្ច​ដោយ​ការ​ផ្តល់នូវ​ការលើកទឹកចិត្ត និង​ការគាំទ្រ​សម្រាប់​ការវិនិយោគ​ពី​វិស័យ​ឯកជន ការសម្រួល​នីតិវិធី និង​ការដោះស្រាយ​វិវាទ​ទាក់ទង​នឹង​គម្រោង​ដែល​ជាប់គាំង​។​

នេះ​បើតាម​របាយការណ៍​រប​ស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ (MEF) ថា​៖ «ក្រុមការងារ បានសម្រេចជាគោលការណ៍ផ្ដល់ការលើកទឹកចិត្ត ការអនុគ្រោះ ការសម្រួលនីតិវិធី និង ការសម្របសម្រួលដោះស្រាយវិវាទ ចំនួន ២១៣ គម្រោង ស្មើនឹង ២១៣ភាគរយ​ លើសគោលដៅសូចនាករសមិទ្ធកម្មដែលបានកំណត់ត្រឹម ១០០ គម្រោង»។


ដោយមាន​ទុនវិនិយោគ​សរុប​ចំនួន ៦០២៦ពាន់​លាន​ដុល្លារ គម្រោង​ទាំងនេះលើសសូចនាករសមិទ្ធកម្មដែលបានកំណត់ត្រឹម ១០០០ លានដុល្លារ និង ដែលប៉ាន់ស្មានអាចបង្កើតការងារ ឬ ត្រូវការកម្មករ និយោជិត ចំនួន ៣៩ ៥៧៨ នាក់​ លើសសូចនាករសមិទ្ធកម្ម ដែលកំណត់ត្រឹម ៥០០០ នាក់។​

លទ្ធផល​នេះ​បាន​ឆ្លុះបញ្ចាំង​ពី​ការកើនឡើង​នូវ​ទំនុកចិត្ត​លើ​បរិយាកាស​វិនិយោគ​របស់​ខេត្ត និង​សក្តានុពល​របស់ខ្លួន​ជា​មជ្ឈមណ្ឌល​សេដ្ឋកិច្ច​ដ៏​សំខាន់​នៅក្នុង​ប្រទេស​កម្ពុជា​។​

គម្រោង​ដែល​គាំទ្រ​ដោយ​កម្មវិធី​នេះ​មាន​ភាព​ចម្រុះ ដែល​គ្របដណ្តប់​លើ​វិស័យ​ដូចជា អចលនទ្រព្យ ទេសចរណ៍ និង​ឧស្សាហកម្ម​។​របាយ​ការណ៍​របស់​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ បាន​ឱ្យដឹងថា​៖ «​ក្នុងចំណោម​គម្រោង​ទាំង២១៣ គម្រោងចំនួន ១០៣​ ទាក់ទង​នឹង​អគារ​ជាប់គាំង ស្មើនឹង ៤៨​ភាគរយ​ ដែលមាន​ទុនវិនិយោគ​សរុប​ចំនួន ២៥១០ លាន​ដុល្លារ​ ដែល​ត្រូវបាន​គេ​ប៉ាន់​ស្មានថា​អាចបង្កើត​ការងារ​បាន​ចំនួន ៤៥៥៨នាក់​ គម្រោង ៨៦ គឺជា​គម្រោង​ថ្មី​ដែល​មិន​ទាក់ទង​ទៅនឹង​ការអភិវឌ្ឍន៍​ជាប់គាំង ហើយ ១៧ គម្រោង​កំពុង​ពង្រីក»។​

​គម្រោងវិនិយោគ/ធុរកិច្ចដែលមានស្រាប់ ចំនួន ៧ គម្រោង ស្មើនឹង ៣ភាគរយ​ មានទុនវិនិយោគសរុប ៣០ លានដុល្លារ។បើ​និយាយ​ពី​ដើមទុន​វិនិយោគ​វិញ គម្រោង​អចលនទ្រព្យ​មាន​ចំណែក​ធំជាងគេ ដែលមាន ៨៦ គម្រោង​ដែលមាន​តម្លៃ ២១៥៥ ​លាន​ដុល្លារ​។​

​ទេសចរណ៍​ មាន​គម្រោង​ចំនួន ៦០ ដែលមាន​តម្លៃ ២១៧១ ពាន់​លាន​ដុល្លារ​។ ការវិនិយោគ​ឧស្សាហកម្ម​តំណាងឱ្យ ១៦ ភាគរយ​ នៃ​ចំនួន​សរុប ជាមួយនឹង​គម្រោង​ចំនួន ៣៥ ដែលមាន​តម្លៃ ១១៩០​លាន​ដុល្លារ​។​

គម្រោងមិនពាក់ព័ន្ធនឹងអគារជាប់គាំងចំនួន ៨៦ គម្រោង ស្មើនឹង ៤០ភាគរយ មានទុនវិនិយោគសរុប ២៦៩៩ លានដុល្លារអាមេរិក។ រូបថត ហុង រស្មី

វិស័យ​ផ្សេងទៀត រួមទាំង​កសិកម្ម និង​ហេដ្ឋារចនាសម្ព័ន្ធ បាន​ចូលរួមចំណែក​ក្នុង​ចំណែក​ដែល​នៅសល់​។​គិតត្រឹមខែតុលា ឆ្នាំ ២០២៤ ក្នុងចំណោម ១៦៥ គម្រោង ដែលបានទទួលគោលការណ៍លើកទឹកចិត្តពិសេស គម្រោងដែលបញ្ចប់ការសាងសង់ ជួសជុល និង/ឬ កែលម្អរួចរាល់ មាន ២៨ គម្រោង ស្មើនឹង ២៣ភាគរយ គម្រោងដែលកំពុងអនុវត្តការសាងសង់ ជួសជុល និង/ឬ កែលម្អ មាន ៦៩ គម្រោង ស្មើនឹង ៤២ភាគរយ។

យោងតាម​របាយការណ៍​បានឱ្យដឹងថា៖ «​ទោះជា​យ៉ាងណាក៏ដោយ ៣៥ភាគរយ​ នៃ​គម្រោង​លើកទឹកចិត្ត​មិនទាន់​ចាប់ផ្តើម​នៅឡើយ​ទេ»។​​បន្ថែម​ពីលើ​ការស្តារ​ឡើងវិញ​នូវ​គម្រោង​ដែល​ជាប់គាំង កម្មវិធី​នេះ​ក៏បាន​ផ្តោតលើ​ការកែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​តំបន់​ផងដែរ​។​

ក្រុមការងារ​បាន​សម្រប​សម្រួល​សាងសង់​ផ្លូវ​បេតុង​ត​ភ្ជាប់​គម្រោង​លំនៅដ្ឋាន រមណីយដ្ឋាន និង​អប់រំ​នានា​ក្នុង​ខេត្ត​ព្រះសីហនុ និង​កោះរ៉ុង​។​កិច្ចខិតខំ​ប្រឹងប្រែង​ទាំងនេះ​ត្រូវបាន​គេ​រំពឹងថា​នឹងធ្វើ​ឱ្យ​ប្រសើរឡើង​នូវ​ភាពងាយស្រួល និង​សម្រួល​ដល់​ការអភិវឌ្ឍន៍​ដែល​កំពុង​បន្ត​នៃ​តំបន់​ទាំងនេះ​។​

​សមិទ្ធិផល​សំខាន់​មួយទៀត​នៃ​កម្មវិធី​គឺ​តួនាទី​របស់ខ្លួន​ក្នុងការ​ដោះស្រាយ​វិវាទ​។ ក្រុមការងារ​បាន​សម្រុះ​សម្រួល​ដោះស្រាយ​នៅក្រៅ​តុលាការ​ដោយ​ជោគជ័យ​សម្រាប់​គម្រោង​សាងសង់​ដែល​ជាប់គាំង​ចំនួន​ប្រាំមួយ ហើយ​កំពុងធ្វើការ​ដោះស្រាយ​សំណុំរឿង​បន្ថែម​នាពេលខាងមុខ​។​

វិធីសាស្ត្រ​សកម្ម​នេះ​បាន​ជួយ​កាត់បន្ថយ​ពេលវេលា និង​ការចំណាយ​ទាក់ទង​នឹង​ការដោះស្រាយ​វិវាទ ពង្រឹង​បរិយាកាស​វិនិយោគ​ក្នុង​ខេត្ត​បន្ថែមទៀត​។​ជំហរ​សកម្ម​របស់រ​ដ្ឋា​ភិ​បាល​ក៏​ត្រូវបាន​ឆ្លុះបញ្ចាំង​ផងដែរ​នៅក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា​របស់​ក្រសួង ស្ថាប័ន និង​ម្ចាស់​គម្រោង​នានា​។​

តាមរយៈ​អភិក្រម "ជវភាពនៃប្រព័ន្ធតួអង្គតែមួយ" កម្មវិធី​នេះ​បាន​សម្រួល​ដំណើរការ​ធ្វើការ​សម្រេច​ចិត្ត និង​ធានាថា​វិស័យ​ឯកជន​ទទួលបាន​សេវា​ទាន់ពេលវេលា និង​តម្លាភាព​។​លោក សាហ៊ីប ​បាន​សង្កត់ធ្ងន់​លើ​សារៈសំខាន់​នៃ​ការបន្ត​កិច្ចសហប្រតិបត្តិការ និង​តម្រូវការ​ដើម្បី​រក្សា​សន្ទុះ​ក្នុងការ​ទាក់ទាញ​ការវិនិយោគ​បន្ថែមទៀត​។​

លោក​ក៏បាន​អំពាវនាវ​ដល់​ពាណិជ្ជករ និង​អ្នកវិនិយោគ ទាញយក​អត្ថប្រយោជន៍​ពី​ការលើកទឹកចិត្ត​ដែល​នៅ​សេសសល់​ក្រោម​កម្មវិធី ដែល​បន្ត​ផ្តល់​អត្ថប្រយោជន៍​ពិសេស​ដល់​អ្នក​ដែល​កំពុង​ស្វែងរក​ការវិនិយោគ​នៅក្នុង​ខេត្ត​ព្រះសីហនុ​៕