ខេត្ដ​ព្រះសីហនុ៖ នៅ​ក្នុងការ​ប្រែក្លាយ​ទៅ​​ជា​គោលដៅ​វិនិយោគ​សំខាន់​មួយ​ក្នុង​តំបន់​អាស៊ាន ខេត្ត​ព្រះសីហនុ​កំពុងអភិវឌ្ឍ​ខ្លួន​​យ៉ាង​ឆាប់រហ័ស​ទៅជា​មហាអំណាច​សេដ្ឋកិច្ច​ក្នុង​តំបន់​។​

ការផ្លាស់ប្តូរ​ដ៏​មាន​មហិច្ឆតា​នេះ ត្រូវបាន​លើកឡើង​នៅក្នុង​កិច្ចប្រជុំ​កំពូល​វិនិយោគ​នាពេល​ថ្មីៗ​នេះ ដែល​ធ្វើឡើង​នៅ​សណ្ឋាគារ​សុខា នៅ​ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ ដែល​បាន​ប្រមូលផ្តុំ​មន្ត្រី​រដ្ឋាភិបាល អ្នកដឹកនាំ​ធុរកិច្ច និង​អ្នកវិនិយោគ​អន្តរជាតិ ដើម្បី​ពិភាក្សា​អំពី​អនាគត​នៃ​តំបន់ឆ្នេរ​របស់​កម្ពុជា​។​


ដឹកនាំ​ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ រួម​ជាមួយនឹង​រដ្ឋាភិបាល​មូលដ្ឋាន វេទិកា​វិនិយោគ​ខេត្ដព្រះ​សីហនុ ​​ជា​មូលដ្ឋាន​សម្រាប់​កំណើនសេដ្ឋកិច្ច​រយៈពេល​វែង និង​និរន្តរភាព​។​

លោក ហ៊ាន សា​ហ៊ី​ប រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​ក្រុមការងារ​ជំរុញ​ការវិនិយោគ​ខេត្ត​ព្រះសីហនុ បាន​បើក​កិច្ចប្រជុំ​កំពូល​ដោយ​សង្កត់ធ្ងន់​លើ​សក្តានុពល​ដ៏​ធំធេង​របស់​ខេត្ត​។


ថ្លែង​ក្នុង​ពិធី​បើក​កម្មវិធី «​វេទិកា​វិនិយោគ​នៅ​ខេត្ត​ព្រះសីហនុ​» ​ថ្ងៃទី ១៧ ខែ ធ្នូ សា​ហ៊ី​ប បាន​ឱ្យដឹងថា​៖ «​ខេត្ត​ព្រះសីហនុ ជា​ខេត្ត​មាន​សក្កដានុពល​ធំធេង ហើយ​នាពេលនេះ គឺជា​ឱកាស​ដ៏​មានតម្លៃ សម្រាប់​ស្វែងយល់​ពី​សក្ដានុពល​វិនិយោគ​ក្នុង​ខេត្ត​ព្រះសីហនុ និង ចក្ខុវិស័យ​របស់​រាជ​រដ្ឋាភិបាល ក្នុងការ​ប្រែក្លាយ​ខេត្ត​ព្រះសីហនុ ទៅជា​មជ្ឈមណ្ឌល​វិនិយោគ និង អភិវឌ្ឍ​ដ៏​រស់​រវើក​មួយ​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន»។

លោកបន្ដថា​៖ «​ជាមួយនេះ​ ខេត្ត​ព្រះសីហនុ​មានការ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ និង បច្ចេកវិទ្យា​ជឿនលឿន ព្រមទាំង​មានការ​លើកកម្ពស់​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព ដើម្បី​បង្កើត​បរិយាកាស​អំណោយ​ផល សម្រាប់​ការធ្វើ​អាជីវកម្ម និង​ការវិនិយោគ»។​

របៀបវារៈ​នៃ​វេទិកា​​វិនិយោគ​នៅ​ខេត្ត​ព្រះសីហនុ ផ្តោតលើ​វិស័យ​សំខាន់ៗ​ចំនួន​៥ ក្នុង​គោលបំណង​ជំរុញ​កំណើនសេដ្ឋកិច្ច និង​ការទាក់ទាញ​វិនិយោគិន​។​​វិស័យ​អាទិភាព​ទាំងនេះ ​រួមមាន ផលិតកម្ម ទេសចរណ៍ និង​បដិសណ្ឋារកិច្ច ភស្តុភារ និង​ដឹកជញ្ជូន ហិរញ្ញវត្ថុ និង​អចលនទ្រព្យ ក៏ដូចជា​កសិកម្ម និង​កែច្នៃ​ម្ហូបអាហារ​។​

​ទីតាំង​យុទ្ធសាស្ត្រ និង​ការអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​

ខេត្ត​ព្រះសីហនុ ដែលមាន​ទីតាំងនៅ​ភាគ​និរតី​នៃ​ប្រទេស​កម្ពុជា មិនមែន​គ្រាន់តែ​ជា​មជ្ឈមណ្ឌល​សេដ្ឋកិច្ច​នោះទេ វាផ្ដល់​​អត្ថប្រយោជន៍​ភូមិសាស្ត្រ​សម្រាប់​អាជីវកម្ម​ដែល​ស្វែងរក​ការចូល​ទៅក្នុង​ទីផ្សារ​អាស៊ាន​ដ៏​ទូលំទូលាយ​។​

​ជាមួយនឹង​ធនធានធម្មជាតិ​ដ៏​សម្បូរបែប ឆ្នេរសមុទ្រ​ដ៏​ធំ​ទូលាយ និង​នៅ​ជិត​ទីផ្សារ​សំខាន់ៗ​ក្នុង​តំបន់ វា​បាន​ក្លាយជា​សញ្ញា​នៃ​ការរីកចម្រើន និង​ការអភិវឌ្ឍន៍​នៅក្នុង​តំបន់​។​

លោក ម៉ាង​ ស៊ី​ណេ​ត អភិបាលខេត្ត​ព្រះសីហនុ បាន​ថ្លែង​ថា៖ «ខេត្ដព្រះសីហនុ​​មាន​កោះ​តូច​-​ធំ​ចំនួន​៣២ ថ្មដុះ​ចំនួន​១ និង​ថ្ម​ប៉ប្រះ​ទឹក​ចំនួន​៥ ឆ្នេរសមុទ្រ​ប្រវែង​១៧៥៨១​គីឡូម៉ែត្រ ទឹកសមុទ្រ ខៀវស្រងាត់ ឧទ្យាន​ជាតិ​សមុទ្រ​រាម ឧទ្យាន​សមុទ្រ​កោះរ៉ុង កោះរ៉ុងសំឡឹម ស្មៅ​សមុទ្រ ផ្កាថ្ម ព្រែក ព្រៃកោងកាង វាលទំនាប ខ្ពង់រាប ជម្រាលភ្នំ ទឹកជ្រោះ គម្រប​ព្រៃឈើ​ធម្មជាតិ និង​ជីវៈចម្រុះ​គ្រប់​ប្រភេទ។

លោក​បាន​បន្ដ​ថា នៅ​ឆ្នាំ​២០២៣ ព្រះសីហនុ​សម្រេចបាន​នូវ​ទិន្នផល​សេដ្ឋកិច្ច​សរុប​ចំនួន ១,៦១ ពាន់​លាន​ដុល្លារ ផលិតផល​ក្នុងស្រុក​សរុប​សម្រាប់​ម​នុស្ស​ម្នាក់​ចំនួន ៤.៦០២ ដុល្លារ និង​អត្រាកំណើន​សេដ្ឋកិច្ច ៤ភាគរយ​ ជាមួយនឹង​អត្រា​ភាពក្រីក្រ​បាន​កាត់បន្ថយ​មក​ត្រឹម ១,២២ភាគរយ​​។​កត្តា​ដ៏​សំខាន់បំផុត​មួយ​ដែល​ជំរុញ​ការផ្លាស់ប្តូរ​នេះ​គឺ​ហេដ្ឋារចនាសម្ព័ន្ធ​លំដាប់​ពិភពលោក​របស់​ខេត្ត​។​

ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ រដ្ឋាភិបាល​បានធ្វើ​ការវិនិយោគ​យ៉ាងច្រើន​ក្នុងការ​ដឹកជញ្ជូន និង​ភស្តុភារ ដោយបាន​ទទួលស្គាល់​សារៈសំខាន់​នៃ​ការតភ្ជាប់​ដើម្បី​ទាក់ទាញ​អាជីវកម្ម​អន្តរជាតិ​។​

លោក ស៊ី​ណេ​ត បាន​បន្ដ​ថា៖ «​ខេត្ត​នេះ​មាន​កំពង់ផែ​ទឹក​ជ្រៅ អាកាសយានដ្ឋាន​អន្តរជាតិ និង​ផ្លូវជាតិ​ដែល​ត​ភ្ជាប់​ដោយផ្ទាល់​ទៅកាន់​រាជធានី​នៃ​ប្រទេស​កម្ពុជា​រួចហើយ​»។​

ជាងនេះទៅទៀត ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ ​ជា​គម្រោង​ដ៏​សំខាន់​មួយ​ដែល​បាន​បង្កើន​ប្រសិទ្ធភាព​នៃ​ការធ្វើដំណើរ និង​ការចូល​ទៅកាន់​តំបន់​ផ្សេងទៀត​នៃ​ប្រទេស​នេះ ត្រូវបាន​គេ​រំពឹងថា​នឹង​ជំរុញ​សកម្មភាព​សេដ្ឋកិច្ច​បន្ថែមទៀត​នៅក្នុង​តំបន់​។​

វេទិកាវិនិយោគនៅខេត្តព្រះសីហនុ ដែលធ្វើឡើងនៅសណ្ឋាគារសុខា នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ បានប្រមូលផ្តុំមន្ត្រីរដ្ឋាភិបាល អ្នកដឹកនាំធុរកិច្ច និងអ្នកវិនិយោគអន្តរជាតិ ដើម្បីពិភាក្សាអំពីអនាគតនៃតំបន់ឆ្នេររបស់កម្ពុជា។ រូបថត ហុង រស្មី

ខេត្ត​នេះមាន​អាកាសយានដ្ឋាន​អន្តរជាតិ ផ្លូវជាតិ ផ្លូវ ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ ផ្លូវដែក កំពង់ផែ​សមុទ្រ​ទឹក​ជ្រៅ ដែល​រាជរដ្ឋាភិបាល​បាន​និង​កំពុង​សាង់សង់​ចំណត​ផែ​កុងតឺន័រ​ទឹក​ជ្រៅ​ថ្មី ជំហាន​ទី​១ និង​គ្រោង​សាងសង់​ចំណត​ផែ​កុងតឺន័រ​ទឹក​ជ្រៅ​ជំហាន​ទី​២ និង ជំហាន​ទី​៣ បន្ថែមទៀត ដែល​អនុញ្ញាតឱ្យ​កំពង់ផែ​របស់​កម្ពុជា​យើង មាន​សមត្ថភាព​ទទួល​ការចូល​ចត​របស់​នាវា​ដឹកទំនិញ​លើ​ពិភពលោក

​ខេត្ត​ព្រះសីហនុ​ក៏មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន ១៦ ដែល​ក្នុងនោះ​មាន ៥ កំពុងដំណើរការ មាន​រោងចក្រ​ចំនួន ២៧០ ដែលមាន​ទុនវិនិយោគ​សរុប​ចំនួន ២.៦៥ ពាន់​លាន​ដុល្លារ និង​កម្លាំង​ពលកម្ម​ចំនួន ៩៤៦៦២ នាក់​។​

​លោក ស៊ីណេត​ បាន​និយាយថា មាន​សហគ្រាស​ធុន​តូច មធ្យម និង​សិប្បកម្ម​ចំនួន ១២៣២ ដែលមាន​ទុនវិនិយោគ​សរុប​ចំនួន ៣០,៣ លាន​ដុល្លារ និង​កម្លាំង​ពលកម្ម​ចំនួន ៦១៧២នាក់។​

ឥទ្ធិពល​នៃ​រដ្ឋបាល​ថ្មី​របស់​សហរដ្ឋអាមេរិក​

លោក ជា កុក​ហុង នាយក​លេខាធិការដ្ឋាន​នៃ​ក្រុមការងារ​បច្ចេកទេស​អន្តរក្រសួង​សម្រាប់​ការអភិវឌ្ឍ និង​ការអនុវត្ត​ផែនការមេ ដើម្បី​ប្រែក្លាយ​ខេត្ត​ព្រះសីហនុ ទៅជា​តំបន់​សេដ្ឋកិច្ច​ពិសេស​ពហុ​គោលបំណង​គំរូ (SEZ) បានលើកឡើង​ពី​ឥទ្ធិពល​នៃ​ការផ្លាស់ប្តូរ​សេដ្ឋកិច្ចពិភពលោក រួមទាំង ឥទ្ធិពល​របស់​ប្រធានាធិបតី​អាមេរិក​ថ្មី លើ​ការផ្ទេរ​ឧស្សាហកម្ម​។​

ចំពោះ​ការ​ផ្ទេរ​នេះ សម្រាប់​កម្ពុជា​ដែល​មាន​ទីតាំង​ដ៏ធំ​ក្នុង​ពិភពលោក នឹង​ផ្ដល់​នូវ​មូលដ្ឋាន​សម្រាប់​ផលិតកម្ម និង​វិនិយោគ​។ ការ​វិនិយោគ និង​ការនាំចេញ​មាន​ការ​កើនឡើង ដែល​ធ្វើ​ឱ្យ​មាន​ការ​ផ្លាស់ប្ដូរ​រចនា​សម្ព័ន្ធ​សេដ្ឋកិច្ច​ ដោយ​បែរ​ទៅកាន់​វិស័យ​ឧស្សាហកម្ម និង​សេវាកម្ម​។

លោក កុកហុង បាន​ថ្លែងថា​៖ «វិស័យ​ទាំង​នេះ​បាន​ពាំនាំ​នូវ​ឱកាស​ថ្មីៗជាពិសេស​ក្នុង​វិស័យ​ការ​ផលិត និង​តម្លើង​យានយន្ដ​ វិស័យ​ EV (យានយន្ដ​អគ្គិសនី) ការ​កែច្នៃ​កសិកម្ម​សម្រាប់​ការ​នាំចេញ ជាពិសេស ទេសចរណ៍​»។

ការកំណត់តំបន់សេដ្ឋកិច្ចគំរូពហុបំណង រួមមាន អចលនទ្រព្យ ហិរញ្ញវត្ថុ កសិកម្ម និងឧស្សាហកម្ម ដែលទាំងអស់រួមចំណែកដល់កំណើន។ រូបថត ហុង រស្មី

លោកបន្ដ​ថា​៖ «ចំពោះ​​ផែនការ​មេ​ដើម្បី​ប្រែក្លាយ​ខេត្ដ​ព្រះសីហនុ​ទៅជា​តំបន់​សេដ្ឋកិច្ច​ពិសេស​ពហុបំណង យើង​ឃើញ​ពីសក្ដានុពល និង​​ទីតាំង​យុទ្ធសាស្ដ្រ រួម​ផ្សំ​ទាំង​កិច្ច​សន្យារ​ពាណិជ្ជកម្ម​ ដែល​កម្ពុជា​មាន​ទំនុក​ចិត្ដ​ខ្ពស់​ក្នុងការ​ទាក់ទាញ​អ្នក​វិនិយោគ​លើ​វិស័យ​ Logistics និង​ទេសចរណ៍កម្រិត​អន្ដរជាតិ​»។ រយៈ​ពេល​ ១៥​ឆ្នាំ​ខាងមុខ គម្រោង​នេះ​នឹង​ប្រែក្លាយ​ខេត្ដ​ព្រះសីហនុ​ទៅជា​តំបន់ Logistics និង​តំបន់​ទេសចរណ៍ធំ និង​ល្បីល្បាញ​ក្នុង​អាស៊ាន​។

​បញ្ហា​ប្រឈម និង​ឱកាស

ខណៈដែល​ទស្សនវិស័យ​កំណើន​របស់​ខេត្ត​ព្រះសីហនុ​មាន​ភាពរឹងមាំ​ មាន​បញ្ហា​ប្រឈម​ដែល​ត្រូវ​ដោះស្រាយ​។​

លោក គី សេរីវឌ្ឍ អ្នកជំនាញសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា បាន​ឱ្យដឹងថា ចំពោះ​ការ​ផ្លាស់​ប្ដូរ​មេ​ដឹកនាំ​អាមេរិក គឺជា​ការ​ផ្លាស់​ប្ដូរ​ភូមិសាស្ដ្រ​នយោបាយ ដែល​ផ្ដល់​ទាំង​ផលល្អ និង​ផល​អាក្រក់សម្រាប់​ប្រទេស​កម្ពុជា​។

លោក​បាន​លើកឡើងថា​៖ «​ចំពោះ​ផល​ប៉ះពាល់​មួយចំនួន ដូចជា ការ​ដាក់​ទណ្ឌកម្ម​ប្រទេស​ចិន ដែល​វា​អាច​ប៉ះពាល់​ការ​ផលិត​របស់​សហគ្រាស​ចិន​នៅ​ក្នុង​ប្រទេស​ចិន»​។ 
យ៉ាងណាមិញ លោក សេរីវឌ្ឍ បាន​លើកឡើងថា៖ «បើ​យើង​ចេះ​ច្នៃ​ស្ថានការណ៍​នេះ​ទៅជា​ឱកាស យើង​អាច​ទាញ​យក​លម្ហូរ​នៃ​រោងចក្រ​ដែល​ចេញពី​ប្រទេស​ចិន​មក​កាន់​កម្ពុជា​យើង​វិញ ជា​ការ​រួម​ចំណែក​បង្កើត​ឧស្សាហកម្ម​»។

អគារទាំងនោះកំពុងសាងសង់នៅផ្ទៃខាងក្រោយសណ្ឋាគារ សុខា ក្រុងព្រះសីហនុ។ រូបថត ហុង រស្មី

ព្រះសីហនុ​ ជា​ខេត្ដ​មួយ​រួមចំណែក​ទទួល​យក​នូវ​ឧស្សាហកម្ម​នេះ​ចូលមក​កម្ពុជា​ដោយសារ​វាជាប់​​កំពង់ផែ​។ មួយវិញទៀត ឧស្សាហកម្ម​ដែល​មកពី​​ប្រទេស​ចិន​មិនមែនជា​ឧស្សាហកម្ម ​ផលិត​សម្រាប់​ប្រើប្រាស់​​​ក្នុង​ស្រុក​នោះទេ គឺ​សម្រាប់​ការ​នាំចេញ​។

ដូច្នេះ ការ​វិនិយោគ​នៅ​ជិត​តំបន់​កំពង់ផែ​ជា​ឱកាស​ក្នុង​ការ​កាត់​បន្ថយ​ចំណាយ​ថ្លៃដើម​របស់​សហគ្រាស​ផលិតកម្ម​ទាំង​អស់​នោះ​។ ​លោក សេរីវឌ្ឍ​ បាន​ថ្លែងថា​៖ «​ក្រុមការងារ​ជំរុញ​ការ​វិនិយោគ​នេះ​បាន​សម្រួល​នូវ​លក្ខខណ្ឌ និង​ឯកសារ ព្រមទាំង​លើក​ទឹកចិត្ដ​​អ្នក​វិនិយោគ​ចូលមក​ រួមទាំង​ការ​សុំ​អាជ្ញាប័ណ្ណ ការ​អនុគ្រោះ​ពន្ធ រហូតដល់ ១៨​ឆ្នាំ»។

ការ​អភិវឌ្ឍ​នេះ មាន​តំបន់​ជា​ច្រើន ដូចជា ផលិតកម្ម ទេសចរណ៍ តំបន់រួច​ពន្ធ និង​សួន​ឧស្សាហកម្ម ដែលមាន​សេវាកម្ម​ច្រក​ចេញ​ចូល​តែមួយ​។

ផ្នែកមួយនៃខេត្តព្រះសីហនុ ត្រូវបានគេឃើញអគារជាប់គាំង ដែលអគារខ្លះគាំងរហូតដល់ក្លាយជា «អគារខ្មោច»។ រូបថត ហុង រស្មី

អ្នកវិភាគ​សេដ្ឋកិច្ច​រូបនេះ បាន​បង្ហាញជំនឿចិត្ដថា តាម​រយៈ​ ​«​វេទិកា​វិនិយោគ​នៅ​ខេត្ត​ព្រះសីហនុ​» ​ថ្ងៃទី ១៧ ខែធ្នូ វិនិយោគជិន​អាច​នឹង​មក​កម្ពុជា​កាន់តែច្រើន ដោយសារ​គណកម្មការធិការ​ជំរុញ​ការ​វិនិយោគ​នេះ​ដែល​បាន​ធ្វើ​ការ​ងារ​រយៈ​ពេល​មួយ​ឆ្នាំហើយ ចាប់ផ្ដើម​បើក​ជាផ្លូវការ​ ដែល​ចូលរួម​ចំណែក​ក្នុង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ទៅដល់​អ្នក​វិនិយោគ​។

កន្លងមក អ្នក​វិនិយោគ​ព្រួយ​បារម្ភ​ថា តើ​ពួកគេ​ត្រូវ​សុំ​ច្បាប់​នៅ​ឯណា រៀបចំ​ឯកសារ​អាជ្ញាប័ណ្ណ​នៅឯណា ប្រកាស​សុំ​ប៉ាតង់​យ៉ាង​ដូច​ម្ដេច ដែល​ធ្វើ​ឱ្យ​ពួកគេ​នៅមាន​ការ​រារែក​។ ប៉ុន្ដែ​សិក្ខា​សលា​នេះ បាន​បង្ហាញ​ឱ្យដឹងថា មាន​គណកម្មាធិការ​តែមួយ ដែល​ផ្ដល់​ភាពងាយស្រួល​អ្នក​វិនិយោគ​។ យ៉ាងណាមិញ លោក សេរីវឌ្ឍ​ មើលឃើញថា ខេត្ដ​ព្រះសីហនុ​នៅ​ជួប​បញ្ហា​ប្រឈម​មួយចំនួន ដូចជា អភិបាលរកិច្ច និង​ការ​អនុវត្ដ​ច្បាប់​របស់​មន្ដ្រី​នៅក្នុង​ខេត្ដ​នៅមាន​កម្រិត​។

លោក​បាន​លើកឡើងថា​៖ «​ឧទាហរណ៍ នៅពេល​ឃើញ​ជនជាតិ​ចិន​បើកបរ មន្ដ្រី​ប៉ូលិស​តែងតែ​ហៅ​ឈប់​ជាញឹកញាប់​។ ត្រង់​នេះ យើង​ត្រូវ​ដាក់​សញ្ញា​សួរថា តើ​យើង​ត្រូវ​តែ​ដោះ​បញ្ហា​នេះ​ចេញ​ឱ្យ​អស់​។

នេះ​មាន​ន័យថា ការ​សម្រួល​សេវា​សាធារណៈ​ សណ្ដាប់​ធ្នាប់​ សន្ដិសុខ ត្រូវតែធ្វើ​ឡើង​ឱ្យ​ប្រសើរ គួបផ្សំ​ការ​ជំរុញ​អ្នក​វិនិយោគ​ និង​សម្រួល​ការងារ​អំណោយ​ផលដល់​ពួកគេ។

លោក សេរីវឌ្ឍ បាន​ឱ្យដឹងថា កង្វល់​របស់​អ្នក​វិនិយោគ​ជនជាតិ​ចិន គឺ​ការ​សុំ​អាជ្ញាប័ណ្ណ ដោយ​មិន​ដឹងថា តើ​ពួកគេ​ត្រូវ​ប្រើ​ពេលវេលា​ប៉ុន្មានថ្ងៃ និង​អស់​លុយ​ប៉ុន្មាន​។ 
លោក​បាន​បញ្ជាក់ថា​៖ «​ភាព​មិន​ច្បាស់​លាស់​នេះបាន​ធ្វើ​ឱ្យ​មន្ដ្រី​បង្កើត​បញ្ហា​អូស​បន្លាយ​ពេល​ អស់​លុយ​កាក់​តិច​ច្រើន​តាម​ការ​ជំរឹត​ទារ​បាន​ស្រេច​តែ​ចិត្ដ​។ ទាំង​អស់​នេះ​ហើយ ដែលធ្វើ​ឱ្យ​គេ​ដក​ថយ​ទៅវិញ​។ ដូច្នេះ យើង​កំណត់​ទៅ​ថាតើ​យក​លុយ​ប៉ុន្មាន និង​ប្រើ​ពេលវេលា​ប៉ុន្មាន​ថ្ងៃ​។ សូម្បីតែ​ប្រជាជន​ខ្មែរ​ក៏​ជួប​បញ្ហា​បែប​នេះ​ដែរ​»។

ការ​ដាក់​ខេត្ដ​ព្រះសីហនុ​ជា​តំបន់​សេដ្ឋកិច្ច​ពហុ​បំណង ដោយសារ​វា​មាន​ទីតាំង​ភូមិសាស្ដ្រ​ល្អ​ប្រសើរ​ ដូចជា វិស័យ​ទេសចរណ៍ កំពង់ផែ នៅ​សល់​ដី​កសិកម្ម​មួយ​ចំនួន និង​អគារ​ដែល​បាន​ជាប់​គាំង​ទាំងនេះ​ ជា​ធនធាន​ដែល​មិន​ទាន​កែច្នៃ​។

លោក សេរីវឌ្ឍ បាន​ឱ្យដឹងថា​៖ «​ការ​ដាក់​ខេត្ដ​ព្រះសីហនុ​ជា​តំបន់​សេដ្ឋកិច្ច​ពហុ​បំណង​មាន​ទាំង​អចលនទ្រព្យ មាន​ទាំង​ហិរញ្ញវត្ថុ កសិកម្ម និង​ឧស្សាហកម្ម​ ពោល​គឺ​គ្រប់​ចំណុច​ទាំង​អស់​ក្នុង​ការ​ចូលរួម​ឱ្យ​មាន​កំណើន​។ វា​ក៏​ជា​មជ្ឈមណ្ឌល​អភិវឌ្ឍ​មួយ​ ដែល​ការ​អភិវឌ្ឍ​នៅកម្ពុជា​យក​គំរូ​ចេញពី​ខេត្ដ​ព្រះ​សីហនុ​ ដោយសារ​វាមាន​ផែនការ​មេ​ច្បាស់​លាស់»៕