ភ្នំពេញៈ អ្នក​ជំនាញ​វិស័យ​អចលនទ្រព្យ និង​អ្នក​សេដ្ឋកិច្ច បាន​អះអាង​ថា ឆន្ទៈ និង​ចំណេះដឹង​អំពី​កាតព្វកិច្ច​បង់​ពន្ធ​អចលនទ្រព្យ​នៅ​ប្រទេស​កម្ពុជា​បាន​បង្ហាញ​ពី​សញ្ញា​វិជ្ជមាន​ជា​បន្ត​បន្ទាប់ ខណៈ​កាល​បរិច្ឆេទ​នៃ​ការ​បង់​ពន្ធ​អចលនទ្រព្យ​ប្រចាំ​ឆ្នាំ ​២០២៤ នឹង​ត្រូវ​បិទ​បញ្ចប់​នៅ​ចុង​ខែ​កញ្ញា​នេះ។

ជា​ទូទៅ​ការ​ប្រមូល​ពន្ធ​អចលនទ្រព្យ​នៅ​កម្ពុជា​ តែង​ធ្វើ​ឡើង​រៀងរាល់​ឆ្នាំ ចន្លោះ​ពី​ខែ​មិថុនា-កញ្ញា លើក​លែង​តែ​នៅ​ក្នុង​អំឡុង​ពេល​ដែល​ពិភពលោក​ជួប​នឹង​វិបត្តិ​នៃការ​រីក​រាល​ដាល​ជំងឺ​កូវីដ​១៩ ដែល​ការ​ប្រមូល​ពន្ធ​អចលនទ្រព្យ ត្រូវ​បាន​ពន្យា​ដល់​ដំណាច់​ខែ​តុលា។


សេចក្តី​ជូន​ដំណឹង​របស់​អគ្គ​នាយកដ្ឋាន​ពន្ធដារ​(GDT) ក្នុង​ថ្ងៃ​ទី​១៩ ខែកញ្ញា ​បាន​ក្រើន​រំលឹក​ដល់​អ្នក​ជាប់​កាតព្វកិច្ច​បង់​ពន្ធ​អចលនទ្រព្យ​ទាំង​អស់​ឱ្យ​រួស​រាល់​ទៅបង់​ពន្ធ ដោយ​នឹង​ត្រូវ​បិទ​បញ្ចប់​ត្រឹម​ថ្ងៃ​ទី​៣០ ខែ​កញ្ញា​នេះ។

GDT បាន​បញ្ជាក់​ថា៖​«​នៅ​សល់​តែ​ប្រមាណ ១១ ថ្ងៃ​ទៀត​ប៉ុណ្ណោះ ពោល​គឺ​ថ្ងៃទី​៣០ ខែ​កញ្ញា ខាង​មុខ​នេះ ពន្ធ​លើ​អចលនទ្រព្យ​សម្រាប់​ឆ្នាំ ២០២៤ នឹង​ត្រូវ​ផុត​កំណត់ ដូច្នេះ​ម្ចាស់​អចលនទ្រព្យ​ដែល​ខក​ខាន​មិន​បាន​បំពេញ​កាតព្វកិច្ច​ប្រកាស និង​បង់​ប្រាក់​ពន្ធ​លើ​អចលនទ្រព្យ​បាន​ទាន់​ពេល​វេលា នឹង​ត្រូវ​ទទួល​រង​នូវ​ទណ្ឌកម្ម​រដ្ឋបាល​ស្រប​តាម​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​ជាធរមាន»។


GDT បាន​ឱ្យ​ដឹង​ទៀត​ថា ចំពោះ​អចលនទ្រព្យ​ដែល​បាន​ចុះ​បញ្ជី និង/ឬ​ ធ្វើ​បច្ចុប្បន្ន​ភាព​ព័ត៌មាន​អចលនទ្រព្យ​របស់​ខ្លួន​រួច​រាល់ គឺ​អាច​ប្រកាស និង​បង់​ប្រាក់​ពន្ធបាន​ទាំង​ដោយ​ផ្ទាល់ និង​អន​ឡាញ។ ដោយ​ឡែក​អចលនទ្រព្យ​ដែល​មិន​ទាន់​បាន​ចុះ​បញ្ជី និង​/ឬ​ធ្វើ​បច្ចុប្បន្នភាព​ព័ត៌មាន​អចលនទ្រព្យ​របស់​ខ្លួន ត្រូវ​រួសរាន់​មក​ចុះ​បញ្ជី និង/​ឬ ធ្វើ​បច្ចុប្បន្នភាព​នៅ​អគ្គ​នាយកដ្ឋាន​ពន្ធដារ ឬ​នៅ​សាខា​ពន្ធដារ​ខេត្ត-​ខណ្ឌ ដែល​អចលនទ្រព្យ​នោះ​ស្ថិត​នៅ ដោយ​ភ្ជាប់​មក​ជាមួយ​នូវ​ឯកសារ​មួយ​ចំនួន​តាម​ច្បាប់​កំណត់។

ប្រធាន​សមាគម​អចលនទ្រព្យ​សកល និង​ជា​ប្រធាន​សម្ព័ន្ធ​ក្រុមហ៊ុន SAM SN Group លោក សំ សុខនឿន បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​នៅ​ថ្ងៃ​ទី​១៩ ខែ​កញ្ញា ​ថា ចំណេះដឹង​របស់​ប្រជាពលរដ្ឋ​ម្ចាស់​កម្មសិទ្ធិ​លើ​អចលនទ្រព្យ​នៅ​កម្ពុជា​ទាក់ទង​នឹង​ការ​បង់​ពន្ធ​អចលនទ្រព្យ នា​ពេល​នេះ គឺ​មាន​ភាព​ល្អ​ប្រសើរ​ច្រើន​បើ​ធៀប​នឹង​រយៈ​ពេល​ជាង ១០​ ឆ្នាំ​មុន។ ការ​យល់​ដឹង​ពី​កាតព្វកិច្ច និង​សកម្មភាព​បង់​ពន្ធ​ពី​សំណាក់​អ្នក​ជាប់​កាតព្វកិច្ច​ គឺ​ពិត​ជា​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​ជួយ​ឱ្យ​រដ្ឋាភិបាល​មាន​ថវិកា​យក​ទៅ​អភិវឌ្ឍន៍​ប្រទេស​ជាតិ និង​ជំរុញ​កំណើន​សេដ្ឋកិច្ច។

លោក​បញ្ជាក់​ថា៖​«​ចំណូល​ពន្ធ រួម​ទាំង​ពន្ធ​អចលនទ្រព្យ គឺ​ជា​ប្រភព​ចំណូល​សំខាន់​មួយ​របស់​រដ្ឋាភិបាល​សម្រាប់​យក​ទៅ​អភិវឌ្ឍន៍​ប្រទេស ក៏​ដូច​ជា​កសាង​ហេដ្ឋារចនា​សម្ព័ន្ធ​ផ្សេងៗ»។ លោក​បន្ត​ថា៖​«​ខ្ញុំ​សង្កេត​ឃើញ​ថា ឆន្ទៈ​របស់​អ្នក​ជាប់​កាតព្វកិច្ច​ពន្ធ​អចលនទ្រព្យ​ពេល​នេះ គឺ​មាន​ភាព​ល្អ​ប្រសើរ​ច្រើន​បើ​ធៀប​ទៅ​ឆ្នាំ​មុនៗ»។

ទោះ​យ៉ាង​ណា ជាមួយ​នឹង​បទ​ពិសោធ​ជា​អ្នក​ជំនាញ​ក្នុង​វិស័យ​អចលនទ្រព្យ​ជាង ១ ទសវត្សរ៍ លោក សុខនឿន បាន​អះអាង​ថា នីតិវិធី​ក្នុង​ការ​ប្រមូល​ពន្ធ​អចលនទ្រព្យ​នៅ​កម្ពុជា គឺ​មិន​ទាន់​ល្អ​ប្រសើរ​ខ្លាំង ឬ​បង្ក​ភាព​ងាយ​ស្រួល​ដល់​ម្ចាស់​អចលនទ្រព្យ​ឡើយ ទាំង​នៅ​ក្នុង​​រាជធានី​ភ្នំពេញ និង​បណ្តា​ខេត្ត​ ដោយ​លោក​តែង​សង្កេត​ឃើញ​អំឡុង​ពេល​បង់​ពន្ធ​ម្តងៗ គឺ​ម្ចាស់​អចលនទ្រព្យ​មួយ​ចំនួន​បាន​ជួប​នឹង​បញ្ហា​ក្នុង​ការ​បំពេញ​ឯកសារ ឬ​ខ្វះ​ឯកសារ ដែល​បង្ខំ​ចិត្ត​ពួក​គេ​ឱ្យ​ទៅ​ស្វែង​រក​ភ្នាក់ងារ ឬ​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ឱ្យ​ជួយ​សម្រួល។​

លោក​លើក​ឡើង​ថា៖«​ត្រង់​ចំណុច​នេះ ខ្ញុំ​សូម​ស្នើ​ឱ្យ​អគ្គ​នាយកដ្ឋាន​ពន្ធដារ​សូម​ព្យាយាម​សម្រួល​នីតិវិធី​ឱ្យ​កាន់​តែ​ងាយ​ស្រួល​បន្ថែម​ទៀត»។​

សេដ្ឋវិទូ​នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា លោក ហុង វណ្ណៈ បាន​ប្រាប់​ថា ការ​ផ្សព្វផ្សាយ​របស់​អាជ្ញាធរ​អំពី​កាតព្វកិច្ច​បង់ពន្ធ និង​ការ​យល់​ដឹង​របស់​ប្រជាជន បាន​ជួយ​ឱ្យ​ប្រាក់​ចំណូល​ពន្ធ​អចលនទ្រព្យ កើន​ឡើង​ជា​បន្ត​បន្ទាប់​នៅ​កម្ពុជា​។ ប្រាក់​ពន្ធ គឺ​ជា​ប្រភព​ចំណូល​សំខាន់​សម្រាប់​សេដ្ឋកិច្ច​ប្រទេស​នីមួយៗ។

លោក​បន្ត​ថា ក្រៅពី​ពន្ធ​លើ​អាជីវកម្ម និង​វិស័យ​ផ្សេងៗ វិស័យ​អចលនទ្រព្យ ក៏​ជា​ផ្នែក​សំខាន់​មួយ​សម្រាប់​ចំណូល​ពន្ធដារ​។ លោក​បន្ត​ថា ការ​ប្រមូល​ចំណូល​ពន្ធ​ពី​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន គឺ​នៅ​មិន​ទាន់​មាន​ភាព​​ច្បាស់​លាស់ និង​តម្លាភាព​នៅឡើយ​ទេ ដែល​ទាម​ទារ​ឱ្យ​អាជ្ញាធរ ​ត្រូវ​ធ្វើ​បច្ចុប្បន្ន​ភាព​ឱ្យ​បាន​ច្បាស់​លាស់​ថែមទៀត ពិសេស​ស្ថានភាព​នៃ​ការ​ប្រែប្រួល​ប្រភេទ​សំណង់ កម្ពស់ និង​ស្ថានភាព​នៃ​ប្រើប្រាស់​ដីធ្លី ជាដើម​។

លោក​និយាយ​ថា៖​«ពន្ធ​ពី​វិស័យ​អចលនទ្រព្យ នឹង​មាន​កាន់​តែ​ច្រើន​នៅ​ពេល​​រដ្ឋាភិបាល​ធ្វើ​ការ​ចុះ​បញ្ជីដី និង​សំណង់​អគារ​ទូទាំង​ប្រទេស​រួច​រាល់ ខណៈ​បច្ចុប្បន្ន​យើង​មាន​ច្បាប់ និង​នីតិវិធី​រួច​ហើយ គ្រាន់​តែ​ការ​អនុវត្ត​ច្បាប់ និង​ការ​ចូល​រួម​អនុវត្ត​កាតព្វកិច្ច​របស់​អ្នក​ជាប់​កាតព្វកិច្ច​នៅ​មិន​ទាន់​មាន​ភាព​ល្អ​ប្រសើរ ១០០​ភាគ​រយ»៕