រយៈពេល​ ១ ​ទសវត្សរ៍​នៃ​ការងារ​សមរម្យ​សម្រាប់​អ្នកធ្វើការ​តាម​ផ្ទះ​ តើ​យើង​កំពុង​ធ្វើឱ្យ​មាន​ការប្រែប្រួល​ (​ក្នុង​កម្រិត​ ១ ​គ្រប់គ្រាន់​) ​ដែរ​ឬ​ទេ​?

Content image - Phnom Penh Post
ស្ត្រី​ធ្វើការ​តាម​ផ្ទះ​ម្នាក់​កំពុង​ជូត​សម្អាត​ឥដ្ឋ​នៅ​អគារ​មួយ​ក្នុង​រាជធានី​ភ្នំពេញ​ពី​ម្សិលមិញ​។ ហុង មិនា

អស់​រយៈ​ ១០ ​ឆ្នាំ​ ចាប់​គិតពី​ការអនុម័ត​អនុសញ្ញា​ស្ដីពី​អ្នក​ធ្វើការ​តាម​ផ្ទះ​របស់​អង្គការ​អន្តរជាតិ​ខាង​ការងារ​ (ILO) ​រួចមក​នៅមាន​ការងារ​ជាច្រើន​ទៀត​ដែល​ចាំបាច់​ត្រូវ​បន្តធ្វើ​ ដើម្បី​ទទួលស្គាល់​ពី​សិទ្ធិ និង​ការលើកកម្ពស់​លក្ខខណ្ឌ​ការងារ​របស់​អ្នក​ធ្វើការ​តាម​ផ្ទះ​។

នៅពេល​ដែល​ខ្ញុំ​បាន​ចូលកាន់​តួនាទី​របស់ខ្ញុំ​ក្នុង​នាម​ជា​នាយក​អង្គការ​អន្តរជាតិ​ខាង​ការងារ​ប្រចាំ​តំបន់​នៅ​ទីក្រុង​បាងកក ខ្ញុំ​តែងតែ​ចាំ​ក្នុង​ចិត្ត​ជានិច្ច​ចំពោះ​អ្នក​ធ្វើការ​តាម​ផ្ទះ​។ នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​មិន​ត្រឹមតែ​ជា​ផ្ទះ​របស់​អ្នកធ្វើការ​តាម​ផ្ទះ ដែល​មាន​ចំនួន​ពាក់កណ្តាល​ក្នុង​ចំណោម​អ្នកធ្វើការ​តាម​ផ្ទះ​សរុប​នៅក្នុង​ពិភពលោក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​អ្នកធ្វើការ​នៅក្នុង​ក្រុម​នេះ​ផ្ទាល់​ក៏​ស្ថិតនៅ​ទី​ប្រសព្វ​នៃ​បញ្ហា​ជាច្រើន​ដែល​ជា​ចំណាប់​អារម្មណ៍​របស់ខ្ញុំ​ខ្លួនឯង​ផងដែរ​ដូចជា​សិទ្ធិ​របស់​ពលករ​ជា​ស្ត្រី​សុខភាព និង​លំនៅឋាន កិច្ចសហប្រតិបត្តិការ​អន្តរជាតិ និង​អភិបាលកិច្ច​ទេសន្តរប្រវេសន៍​ការងារ​ជាដើម​។

សម្រាប់​យើង​គ្រប់ៗ​គ្នា​ការគិត​ពី​បញ្ហា​ដែល​ពាក់ព័ន្ធ​នឹង​ការធ្វើ​ការងារ​តាម​ផ្ទះ​នឹងមិន​អាច​ធ្វើ​ទៅបាន​ឡើយ ប្រសិនបើ​គ្មាន​ការដាក់​អារម្មណ៍​ ដើម្បី​ស្វែងយល់​ពី​បញ្ហា​នេះ​ឱ្យ​បាន​ពិតប្រាកដ​។ មនុស្ស​ជាច្រើន​នាក់​ដែល​កំពុង​អាន​អត្ថបទ​នេះ ប្រាកដ​ជា​ធ្លាប់មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​នឹង​អ្នក​ធ្វើការ​តាម​ផ្ទះ​ដូចជា​ពេល​នៅ​ជា​កុមារ​ជា​អ្នក​ជួយ​ការងារ​ផ្ទះ​ដ៏សំខាន់​នៅ​ដែល​ពួកគេ​ពេញវ័យ ឬ​សម្រាប់​អ្នក​ដែលមាន​តម្រូវការ​ថែទាំ​ពិសេស​ជាដើម​។ មនុស្ស​ផ្សេងទៀត​អាច​ទ្រទ្រង់​ជីវភាព​គ្រួសារ​របស់ខ្លួន ឬ​អាច​រកប្រាក់​ចំណូល​បន្ថែម​តាមរយៈ​ប្រាក់​ឈ្នួល​ដែល​បាន​ពី​ការធ្វើ​ការងារ​តាម​ផ្ទះ​។

អ្នក​ធ្វើការ​តាម​ផ្ទះ​បាន​បំពេញ​កិច្ចការ​ជាច្រើន​សម្រាប់​យើង​ទាំងអស់​គ្នា​។ ពួកគេ​បាន​ធ្វើឱ្យ​យើង​មាន​សុវត្ថិភាព និង​រស់នៅ​ប្រកប​ដោយ​ផាសុកភាព ចម្អិន​អាហារ​ហូបចុក​គ្រប់គ្រាន់​ក៏​ដូចជា​ជួយ​ឱ្យ​យើង​អាច​ទៅ​ធ្វើការ​នៅ​ខាងក្រៅ​ផ្ទះ​បាន​ពេញលេញ​។

នៅពេល​ដែល​យើង​គិតពី​ការងារ​តាម​ផ្ទះ​ដែល​វា​ស្តែង​ចេញ​ពី​បទពិសោធ​ផ្ទាល់ខ្លួន​របស់​យើង​ម្នាក់ៗ ជារឿយៗ​វា​បាន​ផ្ដល់​ឱ្យ​យើង​នូវ​សុខុមាលភាព និង​ទំនាក់ទំនង​ប្រកប​ដោយ​ភាពវិជ្ជមាន​។ ​ចំណង​ទំនាក់ទំនង​រវាង​ម្ចាស់ផ្ទះ និង​អ្នក​ធ្វើ​ការងារ​តាម​ផ្ទះ​បាន​បង្កើតឡើង​តាមរយៈ​ការរស់នៅ​ក្នុងផ្ទះ​ជាមួយ​គ្នា និង​អារម្មណ៍​ដែល​ចាត់ទុក​អ្នក​ធ្វើការ​តាម​ផ្ទះ​គឺជា​សមាជិក​ម្នាក់ និង​ជា​ចំណែក​មួយ​របស់​គ្រួសារ​ធ្វើឱ្យ​ការងារ​នេះ​មិន​ដូច​ការងារ​ដទៃទៀត​។

យ៉ាងណាក្ដី​នៅក្នុង​ឆ្នាំ​ ២០១១ ​អង្គការ ILO បានអនុម័ត​អនុសញ្ញា​ស្ដីពី​អ្នកធ្វើការ​តាម​ផ្ទះ​ ដែល​នៅ​ទីបំផុត ការទទួល​ស្គាល់​ថា​ការងារ​តាម​ផ្ទះ​ក៏​ជា​ការងារ​ដូចគ្នា​នឹង​ការងារ​ដទៃទៀត​ផងដែរ​។ ​

អនុសញ្ញា​ដែល​ត្រូវបាន​គេ​ស្គាល់​ថា ជា​អនុសញ្ញា​លេខ​ ១៨៩ ​នេះ​គឺជា​លិខិត​តុបករណ៍​អន្តរជាតិ​ដំបូង​គេ​ដែល​ចែងថា បើទោះជា​ការងារ​តាម​ផ្ទះ​ជា​ការងារ​ដែល​ពាក់ព័ន្ធ​នឹង​បទពិសោធ​ផ្ទាល់ខ្លួន​ជាក់លាក់​របស់​យើង​យ៉ាងណា​ក៏ដោយ អ្នកធ្វើការ​តាម​ផ្ទះ​សមនឹង​ទទួល​បាន​ការការពារ​ដូចគ្នា​នឹង​អ្នកធ្វើការ​ដទៃទៀត​ផង​ដែរ​។

អនុសញ្ញា​នេះ ផ្តល់​នូវ​ឱកាស​យ៉ាង​ថ្មី​សន្លាង​សម្រាប់​អ្នកធ្វើការ​តាម​ផ្ទះ និង​បណ្តាញ​អ្នក​ធ្វើការ​តាម​ផ្ទះ​របស់​ពួកគេ​ដែល​បាននិង​កំពុង​តស៊ូ​ជាច្រើន​ឆ្នាំ​ ដើម្បី​ធានាថា អ្នក​ធ្វើការ​តាម​ផ្ទះ​អាច​ទទួល​បាន​សិទ្ធិ​ការងារ​ជា​មូលដ្ឋាន​ដូចជា​ការទទួល​បាន​ប្រាក់ឈ្នួល​អប្បបរមា​លក្ខខណ្ឌ​ការងារ​សមរម្យ និង​ការការពារ​ពី​ការរើសអើង​ជាដើម​។

ការទទួល​ស្គាល់​ជា​អន្តរជាតិ​នៅតែ​មាន​សារៈសំខាន់​ជាពិសេស​ដ្បិត​យើង​បានដឹងថា រយៈពេល​ ១០ ​ឆ្នាំ ក្រោយពី​បាន​អនុម័ត​អនុសញ្ញា​មក អ្នក​ធ្វើការ​តាម​ផ្ទះ​ជាច្រើន​នាក់​នៅតែ​ទទួល​បាន​ប្រាក់​ឈ្នួល​ទាប ធ្វើការ​លើសម៉ោង​ទទួល​រង​ការបៀតបៀន​ និង​ទទួលរង​ការកេងប្រវ័ញ្ច​ជាដើម​។

នៅ​ឆ្នាំ​ ២០២១ ​នេះ​អង្គការ​អន្តរជាតិ​ខាង​ការងារ​បាន​ពិនិត្យ​ឡើងវិញថា ​តើ​យើង​បាន​បោះ​ជំហាន​ទៅមុខ ឆ្ងាយ​បាន​កម្រិតណា​ ហើយ​ក្នុង​រយៈពេល​ ១ ​ទសវត្សរ៍​ចុងក្រោយ​នេះ​ក្នុង​ការសម្រេច​គោលដៅ​ដែល​ត្រូវបាន​ដាក់ចេញ​នៅក្នុង​អនុសញ្ញា​ស្ដីពី​អ្នកធ្វើការ​ផ្ទះ​។

បើទោះ​ជា​មាន​ការសម្រេច​បាន​វឌ្ឍនភាព​មួយ​ចំនួន​ក៏ដោយ​ ជាពិសេស​ប្រទេស​ហ្វីលីពីន​បាន​ផ្តល់​សច្ចាប័ន​ដល់​អនុសញ្ញា​នេះ ហើយ​ប្រទេស​ជាច្រើន​ផ្សេងទៀត​ក្នុង​តំបន់​បាន​ផ្តល់​ការការពារ​តាម​ផ្លូវ​ច្បាប់​កាន់តែ​ប្រសើរ​ដល់​អ្នក​ធ្វើការ​តាម​ផ្ទះ យើង​នៅមាន​ផ្លូវ​ដ៏វែងឆ្ងាយ​ដែល​ត្រូវ​ធ្វើដំណើរ​ទៅមុខ​ទៀត រហូត​ដល់​ពេល​មួយ​ដែល​យើង​សម្រេច​បាន​ការងារ​សមរម្យ​សម្រាប់​អ្នក​ធ្វើការ​តាម​ផ្ទះ​នៅក្នុង​តំបន់​អាស៊ីប៉ាស៊ីហ្វិក​ទាំងមូល​។

មាន​មូលហេតុ​ដ៏ច្រើន​ដែល​បង្ហាញថា យើង​ត្រូវ​ប្រើប្រាស់​ឱកាស​ប្រារព្ធ​ខួប​អបអរសាទរ​អនុសញ្ញា​នេះ​ ដើម្បី​ពង្រឹង​ឡើងវិញ​នូវ​ការប្តេជ្ញាចិត្ត​របស់​យើង​សំដៅ​បន្ត​កែលម្អ​លក្ខខណ្ឌ​នៃ​ការងារ​តាម​ផ្ទះ​។ នៅក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ជា​សកល​ ដើម្បី​ជំរុញ​ការផ្ដល់​ភាពអង់អាច​ដល់​ស្ត្រី​ការងារ​តាម​ផ្ទះ​ក្នុង​ការបំពេញ​តួនាទី​យ៉ាងសំខាន់​។

អ្នកធ្វើការងារ​តាម​ផ្ទះ ភាគច្រើន​លើសលប់​គឺជា​ស្ត្រី​ហើយ​វិស័យនេះ ផ្ដល់​ឱកាស​ការងារ​ដល់​អ្នក​ដែលមាន​សមត្ថភាព​តិចតួច និង​ដល់​ពលករ​ទេ​សន្តរប្រវេសន៍​ជា​ស្ត្រី​ដែល​ពុំ​អាច​ចូលរួម​នៅក្នុង​ទីផ្សារ​ការងារ​នៅក្នុង​ប្រទេស​កំណើត​របស់​ពួកគេ​ហើយ​ដែល​ត្រូវ​ប្រថុយប្រថាន​យ៉ាងច្រើន​ ដើម្បី​ស្វែងរក​ឱកាស​ទាំងនេះ​។

និយាយ​ជាទូទៅ​គេ​ពិបាក​នឹង​មើលឃើញ​នៃ​ចំណុចប្រសព្វ​រវាង​យេនឌ័រ និង​បទដ្ឋាន​សង្គម​នៅ​កម្រិត​ផ្សេងៗ​គ្នា​មាន​ឥទ្ធិពល​កម្រិតណា​លើ​ស្ថានភាព​នៃ​ការងារ​តាម​ផ្ទះ និង​ស្ថានភាព​របស់​អ្នកធ្វើការងារ​តាម​ផ្ទះ​នៅក្នុង​សង្គម​នោះ​ណាស់​។

ជា​ប្រពៃណី​ការងារ​តាម​ផ្ទះ​ គឺជា​ការងារ​ដែល​ពុំ​ទទួល​បាន​ប្រាក់កម្រៃ និង​ពុំ​ត្រូវ​បាន​ចាត់ទុកថា ជា​ការងារ​ដែល​ផ្តល់នូវ​តម្លៃ​សេដ្ឋកិច្ច​។ ដោយសារ​តែ​ជាទូទៅ​ផ្ទះ​មិន​ត្រូវបាន​គេ​ចាត់ទុកថា ជា​កន្លែង “​ធ្វើ​ការងារ​ទេ​” ប្រទេស​ជាច្រើន​នៅ​ពុំទាន់​បាន​បញ្ចូល​ការងារ​តាម​ផ្ទះ​ជា​ការងារ​ក្នុង​ប្រព័ន្ធ​នៅឡើយ មានន័យថា ការងារ​តាម​ផ្ទះ​នៅ​មិនត្រូវ​បាន​គេ​ទទួលស្គាល់​ថា​ជា​ការងារ​ក្នុង​ច្បាប់​ការងារ​នៅឡើយ​។ លក្ខណៈ​ក្រៅ​ប្រព័ន្ធ​នៃ​ការងារ​តាម​ផ្ទះ​ជា​កត្តា​ដែល​រួមចំណែក​ធ្វើឱ្យ​គេ​មិនបាន​មើលឃើញ​បែបនេះ​ ឬ​ងាយ​នឹង​មើលរំលង​ទុក្ខលំបាក​របស់​អ្នកធ្វើការ​តាម​ផ្ទះ​។

នៅពេល​ដែល​ការងារ​តាម​ផ្ទះ​នៅតែ​បន្ត​ជា​ការងារ​ក្រៅ​ប្រព័ន្ធ​មានន័យថា កន្លែង​ធ្វើការ​ទាំងនេះ​មិន​ត្រូវបាន​គេ​ចុះបញ្ជី​ពុំមាន​ការពិនិត្យ​តាមដាន​លក្ខខណ្ឌ​ការងារ​ហើយ​ការទទួល​បាន​សេវា​សន្តិសុខ​សង្គម ការការពារ​ប្រាក់ចំណូល និង​សូម្បីតែ​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ​ ១៩ ​របស់​អ្នកធ្វើការ​តាម​ផ្ទះ នៅតែ​មាន​កម្រិត​នៅឡើយ​។ លុះត្រា​តែ​មាន​ការទទួល​ស្គាល់​ពិតប្រាកដ​ដល់​ការងារ​តាម​ផ្ទះ ពោល​មាន​ការទទួល​ស្គាល់​ថា ការងារ​ផ្ទះ​ក៏​ជា​ការងារ​ពេញលេញ និង​ការចូលរួម​ចំណែក​នៃ​ការងារ​តាម​ផ្ទះ​ចំពោះ​សុខុមាលភាព​សង្គម​សេដ្ឋកិច្ច​ទាំងមូល​របស់​យើង​។

ដូច្នេះ​យើង​សូម​ជំរុញ​ឱ្យ​រដ្ឋាភិបាល​នានា​ផ្តល់​សច្ចាប័ន​ដល់​អនុសញ្ញា​ស្ដីពី​ការងារ​តាម​ផ្ទះ​ និង​ដាក់ចេញ​នូវ​វិធានការ​នានា​ ដើម្បី​ជំរុញ​ឱ្យ​មាន​ការទទួល​ស្គាល់​ថា ការផ្តល់សេវា និង​ការបំពេញ​តួនាទី​ដោយ​អ្នកធ្វើការ​តាម​ផ្ទះ​។

នៅ​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) ​យើង​ធ្វើ​ការជំរុញ​បែបនេះ​មិនមែន​ត្រឹមតែ​ដោយសារ​តែ​វា​ជា​រឿង​ត្រឹមត្រូវ​ដែល​ត្រូវធ្វើ​នោះទេ ប៉ុន្តែ​ដោយសារ​តែ​ឱកាស​ដើម្បី​លើកកម្ពស់ និង​វិសាលភាព​នៃ​ការផ្លាស់ប្ដូរ​ក្នុង​វិស័យ​ការងារ​តាម​ផ្ទះ​នេះ​ដែល​នឹងមាន​ឥទ្ធិពល​អាច​នាំមក​នូវ​ការផ្លាស់ប្ដូរ​ជា​វិជ្ជមាន​ដល់​ជីវិត​របស់​អ្នក​ធ្វើការ​តាម​ផ្ទះ​កាន់តែ​មាន​ភាពល្អប្រសើរ​។ ការងារ​តាម​ផ្ទះ​គួរតែ​ត្រូវបាន​ចាត់ទុកជា​ប្រភព​ការងារ​ដ៏សំខាន់ និង​ចាំបាច់​នៅក្នុង​ការស្ដារ​សេដ្ឋកិច្ច​ឡើងវិញ​ក្រោយ​វិបត្តិ​កូវីដ​ ១៩​។

ក្នុង​នាម​ជា​វិស័យ​ការងារ​មួយ​ដែល​ត្រូវការ​អ្នកធ្វើ​ការងារ​តាមផ្ទះ​នូវ​ចំនួន​ដ៏ច្រើន​ ដើម្បី​បំពេញតម្រូវការ​សេវា​ថែទាំ​តាម​ផ្ទះ​ដែល​កំពុង​បន្ត​មាន​ការកើនឡើង និង​ផ្តល់នូវ​ឱកាស​ការងារ​សម្រាប់​ស្ត្រី​ដែល​ទទួលរង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ជាងគេ​ ដោយសារ​ជំងឺ​រាតត្បាត​ជា​សកល​នេះ​។

នៅពេល​ដែល​អ្នកធ្វើការ​តាម​ផ្ទះ​មាន​ការយល់ដឹង​ និង​អាច​ទាមទារ​សិទ្ធិ​របស់​ពួកគេ​បាន និង​នៅពេល​មាន​ការផ្ដល់​តម្លៃ​សមស្រប​ដល់​ការងារ​តាម​ផ្ទះ ពេលនោះ​យើង​នឹង​ឃើញ​នូវ​អត្ថប្រយោជន៍​ដែល​ទទួលបាន​ពី​សង្គម និង​ធ្វើឱ្យមាន​សមធម៌ និង​យុត្តិធម៌​ជាមិនខាន​។ មាន​តែ​ពេលនោះ​តែប៉ុណ្ណោះ​ទើប​យើង​អាច​អះអាង​ថា យើង​ពិតជា​បាន​ស្តារឡើងវិញ និង​ប្រសើរ​ជាង​មុន​ពិតប្រាកដ​មែន​៕

លោកស្រី Chihoko Asada-Miyakawa ​អគ្គលេខាធិការរង​​របស់​អង្គការ​អន្តរជាតិ​ខាង​ការងារ និង​ជា​ប្រធាន​អង្គការ​អន្តរជាតិ​ខាង​ការងារ​ (ILO) ​ប្រចាំ​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក

ព័ត៌មានថ្មីៗ