ព្រលឹម​ឡើង​ម៉ោង​មិនទាន់​ ៧ ​ព្រឹក​ស្រួលបួល​ផង ស្រាប់តែ​ឮ​សំឡេង​ស៊ីប្លេ​រថយន្ដ​ដឹក​សំរាម​បន្លឺឡើង​ ដែល​ជា​សញ្ញា​ប្រាប់ថា សកម្មភាព​ប្រមូល​តាម​ផ្ទះ​បានមក​ដល់​ហើយ​។ ការប្រមូល​សំរាម​ដែលមាន​លក្ខណៈ​ទៀងទាត់​គឺ​ ២ ​ថ្ងៃ​ម្តង​ ឬ​ម្តងម្កាល​ ៣ ​ថ្ងៃ​ម្តងនេះ ក៏បាន​មកពី​ការកែសម្រួល​ប្រព័ន្ធ​ប្រមូល​សំរាម​ពី​ក្រុមហ៊ុន​ស៊ីនទ្រី​តែមួយ​ដែលមាន​លក្ខណៈ​តែឯង​ (monopoly) ​តាំងពី​ឆ្នាំ​ ១៩៩៧ ​មកដល់​​ដើមឆ្នាំ​ ២០២១​។

លុះ​បន្ទាប់មក សាលា​រាជធានី​បាន​បើក​ឱ្យ​​មាន​ការដេញថ្លៃ​ថែម​បាន​ក្រុមហ៊ុន​ ២ ​ទៀត​គឺ​ក្រុមហ៊ុន Cintri (Cambodia) / (Everbright China) ក្រុមហ៊ុន​ 800 SUPER/GAEA និង​ក្រុមហ៊ុន Mizuda Group Co.,Ltd ដើម្បី​រួមចំណែក​ប្រមូល​សំរាម​ដោយ​យក​តម្លៃ​ ១ ​ដុល្លារ ក្នុង​ ១ ​ផ្ទះ​ដដែល​។ ​តែ​តម្លៃ​ផ្ទះ​ភូមិគ្រឹះ ឬក៏​ក្រុមហ៊ុន​យក​តម្លៃ​ច្រើនជាង​ទៅតាម​ការវាយតម្លៃ​ជា​លក្ខណៈ​ជាក់ស្តែង​។


កាលពី​ថ្ងៃទី​ ១៦ ខែកញ្ញា​ឆ្នាំនេះ សាលា​រាជធានី​បាន​​ចេញ​សេចក្តី​ណែនាំ​ស្តីពី​ការគ្រប់គ្រង​សំរាម និង​សំណល់​រឹង ដោយ​ឱ្យ​បែងចែក​តាម​តំបន់​គ្រប់គ្រង​សំណល់​រឹង​របស់​ក្រុមហ៊ុន​ខាងលើ ហើយ​បញ្ជាក់ថា ខណ្ឌ​ដែល​នៅ​កណ្តាល​រាជធានី​គឺ​ប្រមូល​ពេលយប់​រៀងរាល់ថ្ងៃ និង​បាន​តម្រូវឱ្យ​ពលរដ្ឋ​ដាក់​សំរាម​ជា​ ២ ​ផ្នែក​គឺ​សំណល់​សើម និង​ស្ងួត​ឱ្យដាច់​ពី​​គ្នា​ពី​ម៉ោង​ ៦ ដល់​ម៉ោង​ ៩ ​យប់​។


តែ​ខណ្ឌ​ដែល​នៅ​ជាយក្រុង​គឺ​អាជ្ញាធរ​មូលដ្ឋាន និង​ប្រតិបត្តិករ​ប្រមូល​សំរាម​ជា​អ្នកកំណត់​ម៉ោង​ពេល​ជាក់ស្តែង​តែ​ ២ ​ដង​ក្នុង​ ១ ​សប្តាហ៍​។ ក្នុងករណី​មិន​អនុវត្តតាម​សេចក្តី​ណែនាំ​ខាង​​លើ​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​ផាកពិន័យ​ទៅតាម​ច្បាប់ ដូចជា ការបិទ​អាជីវកម្ម​ជា​បណ្តោះអាសន្ន​ជាដើម​។


ប៉ុន្តែ​តម្លៃ​សេវា​ប្រមូល​សំរាម​មិនមាន​ការប្រែប្រួល​ទេ​គឺ​ ១ ​ដុល្លារ​ក្នុង​ ១ ​ខ្នង​ផ្ទះ រីឯ​ការបង់​​លុយ​ថ្លៃ​សំរាម​ប្រចាំខែ​ ឬក៏​ប្រចាំឆមាស​ ឬក៏​ឆ្នាំមុន​រយៈពេល​ ១៥ ​ថ្ងៃ​នៃ​ខែ​នីមួយៗ​តាមរយៈ​ឌីជីថល តាម​ប្រព័ន្ធ​ធនាគារ ឬក៏​ប្រព័ន្ធ​ផ្ទេរ​លុយ​ដោយ​យកតាម​លេខ​កូដ ID ​សម្គាល់​វិក្កយបត្រ​អគ្គិសនី​មក​ប្រើ​។


នេះ​បើ​​តាម​រដ្ឋាករ​ស្វយ័ត​គ្រប់គ្រង សំរាម និង​សំណល់​រឹង​រាជធានី-ភ្នំពេញ​។ ​កាលពី​ដើមខែ​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ចេញ​សារ​ព្រមាន​ដូច​រាល់ដង​ចំពោះ​អ្នក​មិន​បង់ថ្លៃ​សំរាម និង​សំណល់​រឹង​តាម​ការ​កំណត់ដោយ​បញ្ជាក់ថា នឹង​អនុវត្ត​វិធានការ​មួយចំនួន​ដូចជា​៖ បញ្ចេញ​ឈ្មោះ​ជា​សាធារណៈ​តាម​បណ្តាញ​សង្គម ឬក៏​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា កត់ត្រា​ជា​បំណុល ហើយ​អនុវត្ត​វិធានការ​រដ្ឋបាល​ដោយ​បិទ​អាជីវកម្ម​ជាបណ្តោះអាសន្ន និង​អនុវត្ត​វិធានការ​ផ្សេងៗ​ទៀត​តាម​ការចាំបាច់​។


ជាក់ស្តែង​កន្លងមក អាជ្ញាធរ​បាន​អនុវត្ត​មួយចំនួន​តូច​ហើយ ដូច​ការបង្ហោះ​ឈ្មោះ​អ្នក​មិន​បង់​សេវា រីឯ​ការចាប់​អប់រំ និង​ផាកពិន័យ​ករណី​ចោល​សំរាម​ក្បែរ​ប្រឡាយ​លូ​ក៏មានដែរ ដូចជា​កន្លងមក​អ៊ំ​ប្រុស​ម្នាក់​ត្រូវ​បាន​​យុវជន​ប្រមូល​សំរាម​នៅ​ប្រឡាយ​​បឹងត្របែក​ឃាត់ខ្លួន​គាត់​អប់រំ​នៅពេល​គាត់​យក​សំរាម​មក​ចោល​។ ​វិធានការ​ទាំងនេះ​មាន​យូរ​មកហើយ តែ​ប្រសិទ្ធភាព​ហាក់បីដូចជា​មិនទាន់​បាន​ពេញលេញ​នៅឡើយ​ទេ ចំណែកឯ​អ្នក​ដាក់​សំរាម​កន្លែង​គរ​ចោល​នៅលើ​ដីឡូត៍​ ដែល​មិនមាន​អ្នក​​រស់នៅ​ក៏​នៅតែ​ជា​បញ្ហា​ដែរ​។

ម្យ៉ាងទៀត​ទិន្នន័យ​ថា តើ​ការប្រមូល​ថ្លៃ​សំរាម​បាន​ប៉ុន្មាន​ភាគរយ​នៃ​ខ្នង​ផ្ទះ​ដែលមាន មិនត្រូវ​បានបង្ហាញ​នោះទេ​។

តាមរយៈ​វេបសាយ​គណៈកម្មការ​ជាតិ​សម្រាប់​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​​ក្រោម​ជាតិ​ (​គ.ជ.អ.ប www.ncdd.gov.kh) ​បង្ហាញ​ពី​កំណែ​ទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ​ (D&D) ​នៅ​ថ្ងៃទី​ ១៦ ​ខែ វិច្ឆិកា ឆ្នាំ​ ២០១៥ ​កន្លងទៅ​​នេះ​ក្រសួងបរិស្ថាន​បាន​ផ្ទេរ​មុខងារ​ការគ្រប់គ្រង​សំរាម សំណល់រឹង​ទីប្រជុំជន​គឺជា​ការប្រគល់​មុខងារ​ទៅឱ្យ​រដ្ឋបាល​រាជធានី-ក្រុង និង​ស្រុក​។ រាជរដ្ឋាភិបាល​បាន​ផ្តល់នូវ​កញ្ចប់​ថវិកា​ដែល​​មានភ្ជាប់​នូវ​លក្ខខណ្ឌ​នៃ​សេវា​អនាម័យ​បរិស្ថាន​ចំនួន​ទឹកប្រាក់​ ៥ ​ពាន់​លាន​រៀល និង​បាន​ផ្ទេរ​នា​ចុង​ត្រីមាស​ទី​ ៣ ឆ្នាំ​ ២០១៥​។

ជាមួយ​គ្នា​នេះដែរ សាលា​រាជធានី​ភ្នំពេញ​ក៏បាន​ធ្វើ​ប្រតិភូកម្ម​ការងារ​គ្រប់គ្រង​សំរាម​នេះ​មក​សាលាខណ្ឌ​ទាំង​ ១៤ ​រួចហើយ​តែ​នៅតែ​មាន​គណនេយ្យ​ភាព​ជាមួយ​សាលា​រាជធានី​ក្នុង​ការអនុវត្ត​កិច្ចការ​នេះ​ដដែល​។

តាមរយៈ​របាយការណ៍​កម្មវិធី​បរិស្ថាន​នៃ​អង្គការ​សហប្រជាជាតិ​ស្តីពី​រដ្ឋ​នៃ​ការគ្រប់គ្រង​សំរាម​នៅ​រាជធានី​ភ្នំពេញ​ក្នុង​ឆ្នាំ​ ២០១៨ ​បាន​បញ្ជាក់ថា «​ក្រុមហ៊ុន​ប្រមូល​សំរាម​បន្ត​ជួបប្រទះ​បញ្ហា​ជាមួយ​នឹង​ការស្តារ​ថ្លៃ​ដើមពី​ការប្រមូល​សំរាម ព្រោះ​ប្រជាពលរដ្ឋ​ខ្លះ​មិនមាន​ឆន្ទៈ​ក្នុង​ការបង់ប្រាក់​សម្រាប់​សេវា​ប្រមូល​សំរាម​នេះ​ទេ​។ ជា​លទ្ធផល​នាំឱ្យមាន​បញ្ហា​បរិស្ថាន​រួមទាំង​បញ្ហា​មួយចំនួន​ដូចជា កាកសំណល់​ដែល​ត្រូវ​ដុត​ ឬ​បោះចោល​នៅ​ទីសាធារណៈ តំបន់​លំនៅឋាន​ ឬ​នៅលើ​ដីឯកជន​»​។

ម្យ៉ាងវិញទៀត កាលណា​មិនមាន​អ្នក​បង់លុយ​ថ្លៃ​សំរាម​កាន់តែ​ច្រើន​ធ្វើឱ្យប៉ះពាល់​ដល់​ការដំឡើង​ប្រាក់ខែ​ដល់​កម្មករ​ប្រមូល​សំរាម អ៊ីចឹង​ធ្វើឱ្យមាន​ការធ្វើ​បាតុកម្ម​សុំ​ដំឡើង​ប្រាក់ខែ​កើតមានឡើង​ជារឿយៗ​។

ពេល​ដំឡើង​ប្រាក់ខែ​បាន តែ​មិនជា​ប្រចាំ​ដូច​កម្មករ​រោងចក្រ​​នេះ គឺជា​បញ្ហា​ទី​ ១ ​មាន​អ្នក​មិន​បង់ថ្លៃ​សំរាម ទី​ ២ ​តម្លៃ​សំរាម​នៅតែ​ ១ ​ដុល្លារ​ក្នុង​ ១ ​ខែ​ដដែល​ក្នុង​ ១ ​ខ្នង​ផ្ទះ​ចាប់ពី​ឆ្នាំ​ ១៩៩៧ ​មក​។ រីឯ​ការពិន័យ​តាមរយៈ​យកឈ្មោះ​បង្ហោះ​លើ​ហ្វេសប៊ុក​​ជា​សាធារណៈ​ហាក់បីដូចជា​មិនមាន​ប្រសិទ្ធភាព​នោះទេ ព្រោះ​គ្មាន​នរណា​ទៅ​ឈឺក្បាល​វិលមុខ​ទៅ​អង្គុយ​មើល​ឈ្មោះ​អ្នក​មិន​បង់ថ្លៃ​ភ្លើង​នោះទេ​។

ចំពោះ​បញ្ហា​បំណុល​ថ្លៃ​សំរាម ក៏​មិនមាន​របាយការណ៍​ណា​​មួយ​ផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ​នោះដែរ ដោយ​ឃើញ​បង្ហាញ​តែ​ពី​ការកើនឡើង​សំណល់​រឹង និង​ប្លាស្ទិក នៅ​រាជធានី​ភ្នំពេញ​ដែល​ការផលិត​សំរាម​ជា​មធ្យម​មាន ២ ២១៦ ​តោន​ជា​រៀងរាល់ថ្ងៃ ប៉ុន្តែ​មានតែ​សំរាម​ជាង​ ២០ ​ភាគរយ​ប៉ុណ្ណោះ​ដែល​ត្រូវបាន​កែច្នៃ​ឡើងវិញ​យោងតាម​របាយការណ៍​របស់​ក្រសួងបរិស្ថាន​ឆ្នាំ​ ២០១៨​។

បើតាម​បទពិសោធ ការគ្រប់គ្រង​សំរាម​នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ ក្រុមប្រឹក្សា​ក្រុង​នេះ​បានអនុម័ត​សេចក្តី​ព្រាងច្បាប់​មួយ​នៃ​ការដំឡើងថ្លៃ​សេវា​ប្រមូល​សំរាម​ថ្មី​ដោយ​រដ្ឋបាល​ក្រុង​បាងកក​តាំងពី​ខែតុលា​ឆ្នាំ​ ២០២០ ​គឺ​យក​ពី​ ២០ ​បាត​ពី​ឆ្នាំ​ ២០០៥ ​មក​ ៨០ ​បាត​ (១ ​ម៉ឺន​​រៀល​) ​ឆ្នាំ​ ២០២០ ក្នុង​ ១ ​ខ្នង​ផ្ទះ​ក្នុង​រយៈពេល​ ១ ​ខែ ហើយ​​ការប្រមូល​គឺ​ធ្វើ​ប្រចាំថ្ងៃ​ទៀត​ (Bangkok Post, 2020)​។

បើ​ប្រៀបធៀប​ជាមួយ​តម្លៃ​សេវា​នៅតែ​ ១ ​ដុល្លារ​ក្នុង​ ១ ​ខ្នង​ផ្ទះ​តាំងពី​ឆ្នាំ​​ ១៩៩៧ ​មកដល់​បច្ចុប្បន្ន នៅតែ ​៤ ០០០ ​រៀល​ដដែល ហើយ​នៅមាន​អ្នក​អត់​បង់​ទៀត​។ ហេតុនេះ​បានជា​រដ្ឋាករ​ស្វយ័ត​គ្រប់គ្រង​សំរាម​ និង​សំណល់​រឹង​រាជធានី​ភ្នំពេញ​មិន​សិក្សា​វាយតម្លៃ​ទៅលើ​តម្លៃ​សេវា​ប្រមូល​សំរាម​ប្រចាំថ្ងៃ​ដោយ​​ធៀប​ជាមួយ​នឹង​តម្លៃ​ទីផ្សារ​ជាក់ស្តែង និង​ប្រទេស​ជិតខាង​? ​

ដើម្បី​ធ្វើជា​មូលដ្ឋាន​ក្នុង​ការព្យាករ​តម្លៃ​សេវា​ប្រមូល​សំរាម​ឱ្យបាន​សមរម្យ និង​មាន​លទ្ធភាព​ដំឡើង​ប្រាក់ខែ​ដល់​កម្មករ​ប្រមូល​សំរាម​ដែលជា​ការលើក​ទឹកចិត្ត​ដល់​ពួកគេ​ឱ្យខិត​ខំធ្វើការ​ដែល​ប្រឈម​នឹង​គ្រោះថ្នាក់​ដល់​សុខភាព​រាល់ថ្ងៃ​។ នេះ​មកពី​ការ​មិនឱ្យ​តម្លៃ​ទៅលើ​សេវា​ប្រមូល​សំរាម តែ​នៅពេល​ទឹក​លិច​ដោយសារ​សំរាម​បាននាំគ្នា​ផ្អើល និង​ត្អូញត្អែរ​។

ហេតុដូចនេះ ដើម្បី​ជា​ការលើក​ទឹកចិត្ត​ដល់​បងប្អូន​កម្មករ​ប្រមូល​សំរាម​ដែល​ប្រឈម​នឹង​បញ្ហា​សុខភាព​រាល់ថ្ងៃ រដ្ឋបាល​រាជធានី​គួរតែ​សិក្សា​ពី​តម្លៃ និង​ដំឡើងថ្លៃ​សេវា​សំរាម​យ៉ាងតិច​ ២ ​ដុល្លារ​ក្នុង​ ១ ​ខ្នង​ផ្ទះ និង​គួរ​បង្ហាញ​ពី​ទិន្នន័យ​ប្រមូល​ថ្លៃ​សំរាម​ ដើម្បី​បង្ហាញ​គណនេយ្យភាព​យក​មក​ដាក់​លើ​តុ​ឱ្យឃើញ​ទាំងអស់​គ្នា ខណៈ​ដែល​សេវា​ប្រមូល​សំរាម​កំពុងតែ​មាន​ដំណើរការ​ល្អ​ដូច​រាល់ថ្ងៃនេះ​។ ​

រីឯ​ពលរដ្ឋ​វិញ​គួរតែ​មាន​ការភ្ញាក់រឭក​ក្នុង​ការរៀបចំ​ទុកដាក់​សំរាម​ឱ្យ​​បាន​ត្រឹមត្រូវ និង​មាន​តម្លាភាព​ក្នុង​ការចូលរួមចំណែក​ក្នុង​ការបង់ថ្លៃ​សំរាម​ឱ្យបាន​ទៀងទាត់​ផងដែរ ដើម្បី​ចូលរួម​អភិវឌ្ឍ​ទីក្រុង​ស្អាត និង​ជាការ​លើក​ទឹកចិត្ត​ដល់​បងប្អូន​កម្មករ​ដែល​ធ្វើការ​ហាលថ្ងៃ​ហាលភ្លៀង​ប្រឈម​នឹង​បញ្ហា​សុខភាព​ខ្លាំង និង​គ្រោះថ្នាក់​ផ្សេងៗ​៕

ចូលរួម​ផ្តល់យោបល់​តាមរយៈ soprach.tong@phnompenhpost.com