ព្រលឹមស្រាងៗ ខ្ញុំស្រវាក្រោកពីដំណេក ហើយក្រឡេកមើលប្រតិទិនឃើញថា ថ្ងៃនេះគឺថ្ងៃទី ១១ ខែវិច្ឆិកាជាថ្ងៃដែលតុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ (ICJ) ប្រកាសសាលក្រមអំពីសំណើបកស្រាយសាលក្រមថ្ងៃទី ១៥ ខែមិថុនាឆ្នាំ ១៩៦២ ពាក់ព័ន្ធនឹងប្រាសាទព្រះវិហារ (Request for interpretation of the judgement of 15 June 1962 in the case concerning the Temple of Preah Vihear)។
ថ្ងៃដដែលនេះនៅឆ្នាំ ២០១៣ ខ្ញុំក៏បានក្រោកពីព្រលឹមដែរ ក្នុងអាកាសធាតុសរទរដូវនៃទីក្រុងឡាអេដ៏ស្ងាត់ជ្រងំ ដោយមានភ្លៀងរលឹមស្រិចៗ និងចុះអ័ព្ទផងនៅព្រឹកនោះ ដើម្បីអានឯកសារបណ្តឹង និងត្រៀមចូលស្តាប់ការប្រកាសសេចក្តីសម្រេចរបស់ ICJ នៅពេលរសៀលក្នុងនាមជានិស្សិតច្បាប់ម្នាក់ដោយខ្ញុំត្រូវធ្វើដំណើរថ្មើរជើងពីសណ្ឋាគារមួយនៅមិនឆ្ងាយប៉ុន្មានពីតុលាការ ICJ (The Peace Palace)។
រហូតមកដល់ពេលនេះ មានរយៈពេល ៨ ឆ្នាំហើយ។ ប៉ុន្តែ សាលក្រមនេះនៅមិនទាន់បានអនុវត្តនៅឡើយ។ តាមច្បាប់ សាលក្រមដែលទទួលបានត្រូវយកទៅអនុវត្តឱ្យទាន់ពេលវេលា សំដៅធានាបាននូវភាពប្រាកដប្រជានៃការបកស្រាយច្បាប់ និងប្រសិទ្ធភាពនៃការអនុវត្ត។
ក្នុងឱកាសខួប ៨ ឆ្នាំនៃការចេញសាលក្រមឆ្នាំ ២០១៣ នេះធ្វើឱ្យខ្ញុំនឹកភ្នកដល់មនុស្សម្នាក់ដែលសាធារណជន ឬអ្នកសិក្សាស្រាវជ្រាវខ្លះមិនធ្លាប់ស្គាល់ ឬមិនបានចាប់អារម្មណ៍នឹងឈ្មោះគាត់ផង។ តើអ្នកណានៅពីក្រោយនៃការគូសបញ្ចូលប្រាសាទព្រះវិហារក្នុងទឹកដីកម្ពុជាលើផែនទីដងរែកឆ្នាំ ១៩០៨ តាមសន្ធិសញ្ញាឆ្នាំ ១៩០៤ និងអនុសញ្ញាឆ្នាំ ១៩០៧?
ពេលនឹកដល់ប្រាសាទព្រះវិហារ គេតែងគិតដល់លោកតា ឌី ឬ ពយតាឌី។ល។ ហើយបើបានទៅដល់ទីនោះផង ម្នាក់ៗខំរួតរះដំណើរទៅអុជធូបបួងសួងប្រាថ្នាឱ្យឆាប់ឡើងបុណ្យស័ក្តិ ឬឱ្យបានឡើងឋានសួគ៌ជាដើម។ អ្នកខ្លះតម្រង់ទៅថតរូបផ្តិតយកទេសភាពដ៏ល្អឆើតឆាយនៃស្រុកខ្មែរ ពេលគយគន់ពីចំណោតថ្មនៃពយតាឌី។
ទេសភាពទីនោះកាន់តែល្អស្រស់ស្អាតថែមទៀតក្នុងអំឡុងខែវិច្ឆិកានេះ។ ជាមួយនឹងប្រាង្គប្រាសាទដ៏អច្ឆរិយ និងទេសភាពដ៏ត្រកាលនៃដងភ្នំ ព្រៃព្រឹក្សា និងវាលស្រែដ៏ល្វឹងល្វើយចម្រុះពណ៌ខៀវ និងលឿងដេរដាសនៃស្រូវទុំ ហើយត្រូវខ្យល់ជំនោរកត្តិកត្រជាក់ និងមានអ័ព្ទរសាត់មកប៉ះខ្លួនប្រាណម្តងៗផងធ្វើឱ្យអ្នកទស្សនាមានអារម្មណ៍រសាត់អណ្តែតហាក់ដូចកំពុងឡើងឋានកៃលាសមួយរំពេច។
ផ្ទុយពីព្រឹកឆ្នាំ ២០១៣ ពេលនេះខ្ញុំសូមណែនាំមនុស្សម្នាក់ក្នុងសម្មតិកម្មរបស់ខ្ញុំ ដែលបានរកឃើញតាមការវិភាគលើឯកសារសំណុំរឿងប្រាសាទព្រះវិហារ និងហេតុការណ៍ប្រវត្តិសាស្ត្រ។ មនុស្សម្នាក់នោះគឺលោកអនុសេនីយ៍ឯក អ៊ុំ (Captain Oum)។ ពិតហើយលោកអនុសេនីយ៍ឯក គែលែ (Captain Kerler) ក៏មានចំណែកផងដែរ។ ប៉ុន្តែកុំឱ្យអត្ថបទនេះវែងពេក ខ្ញុំសូមលើកយកតែលោកអនុសេនីយ៍ឯក អ៊ុំ។
លោកអនុសេនីយ៍ឯកអ៊ុំគឺជាជនជាតិខ្មែរជាមន្ត្រីផ្នែកវាស់វែងនៃកងទាហានអាសារបរទេស (de la Légion Ètrangère) ក្នុងសម័យអាណាព្យាបាលបារាំង។ គាត់មិនជាប់សាច់ញាតិនឹងខ្ញុំនោះទេ។ តាមសម្មតិកម្មរបស់ខ្ញុំ គាត់អាចនៅពីក្រោយការគូសបញ្ចូលប្រាសាទព្រះវិហារក្នុងទឹកដីកម្ពុជា តាមការចុះវាស់វែងរបស់គាត់នៅតំបន់ប្រាសាទព្រះវិហារចាប់ពីដើមខែធ្នូឆ្នាំ ១៩០៦ ដល់ខែមករា ឆ្នាំ ១៩០៧។
មុននឹងនិយាយដល់ការងារគាត់ ខ្ញុំសូមរំឭកព្រឹត្តិការណ៍ប្រវត្តិសាស្ត្របន្តិច។ បើទោះជាមានការចុះអនុសញ្ញាបារាំងសៀម ចុះថ្ងៃទី ២៣ ខែមីនា ឆ្នាំ ១៩០៧ (អនុសញ្ញាឆ្នាំ ១៩០៧) ការកំណត់ព្រំដែននៅតំបន់ជួរភ្នំដងរែកខាងកើតនេះ ស្ថិតនៅក្រោមសន្ធិសញ្ញា ចុះថ្ងៃទី ១៣ ខែកុម្ភៈឆ្នាំ ១៩០៤ (សន្ធិសញ្ញាឆ្នាំ ១៩០៤) ក្រោមសមត្ថកិច្ចរបស់គណៈកម្មការចម្រុះលើកទី ១ (First Mixed Commission)។
អនុសញ្ញាឆ្នាំ ១៩០៧ ធ្វើការកំណត់តែតំបន់ដែលមិនមានចែងក្នុងសន្ធិសញ្ញាឆ្នាំ ១៩០៤ ក្រោមសមត្ថកិច្ចរបស់គណៈកម្មការចម្រុះលើកទី ២ (Second Mixed Commission) ប៉ុណ្ណោះ។ តាមអនុសញ្ញាឆ្នាំ ១៩០៧ កម្ពុជាទទួលបានមកវិញនូវខេត្តបាត់ដំបង សៀមរាប និងស៊ីសុផុន តែបាត់បង់ទៅវិញនូវខេត្តត្រាត ខេត្តដុនសៃ និងកោះខាងត្បូងឆកឡឹមលិញ (Lemling) រួមមាន កោះគុត និងកោះឆាង។
នៅក្នុងសន្ធិសញ្ញាឆ្នាំ ១៩០៤ បានកំណត់យកគោលការណ៍បែងចែកទឹក (La ligne de partage des eaux) ក្នុងការកំណត់ខ្សែព្រំដែននៅជួរភ្នំដងរែក (ប្រការ ១) និងផ្តល់តួនាទីដល់គណៈកម្មការចម្រុះបារាំង-សៀម ចុះធ្វើការវាស់វែងលើដីជាក់ស្តែង (ប្រការ ៣)។ គណៈកម្មការចម្រុះបារាំង-សៀមត្រូវបានបង្កើតឡើង ហើយរៀបចំកិច្ចប្រជុំរបស់ខ្លួនជាលើកដំបូងនៅខែមករា ឆ្នាំ ១៩០៥ តែមិនបានធ្វើការកំណត់ព្រំដែនផ្នែកខាងកើតនៃជួរភ្នំដងរែកដែលមានប្រាសាទព្រះវិហារក្នុងនោះទេរហូតមកត្រឹមដើមខែធ្នូ ឆ្នាំ ១៩០៦។
ប៉ុន្តែនៅក្នុងកិច្ចប្រជុំថ្ងៃទី ២ ខែធ្នូ ឆ្នាំ ១៩០៦ គណៈកម្មការបានប្រគល់ភារកិច្ចឱ្យលោកអនុសេនីយ៍ឯកអ៊ុំ ធ្វើការចុះវាស់វែងតំបន់ខាងកើតនៃជួរភ្នំដងរែកដែលប្រាសាទព្រះវិហារស្ថិតនៅ។ ពេលទទួលបានការចាត់តាំងនេះភ្លាម លោកអនុសេនីយ៍ឯក អ៊ុំ រួមជាមួយក្រុមការងារគាត់ក៏ចុះធ្វើការងារនៅថ្ងៃបន្ទាប់ ដោយគ្មានអែអង់។
ការចុះវាស់វែងនៅតំបន់នោះបានធ្វើរួចរាល់នៅចុងខែមករា ឆ្នាំ ១៩០៧ ដោយគ្មានបញ្ហាអ្វីទាំងអស់។ ផែនទី ១១ ផ្ទាំងត្រូវបានបោះពុម្ពនៅឆ្នាំ ១៩០៨ (មាន ៦ ផ្ទាំង ពាក់ព័ន្ធនឹងការកំណត់ព្រំដែនកម្ពុជា-ថៃ) ដោយក្រុមហ៊ុន H. Barrère ផ្អែកលើលទ្ធផលនៃការងាររបស់គណៈកម្មការចម្រុះលើកទី១ និងទី២ ក្រោមការចាត់ចែងរបស់លោកវរសេនីយ៍ឯក Bernard រួមជាមួយក្រុមការងារ ៣ នាក់ទៀតគឺលោកអនុសេនីយ៍ឯក Tixier, Kerler និង de Batz សុទ្ធតែជាសមាជិកនៃគណៈកម្មការលើកទី១។
ក្នុងផែនទីដងរែក (Dangrek) នៃគណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិន និងសៀម (La Commission de délimitation entre l’Indochine et le Siam) ខ្នាត ១/២០០.០០០ មានឈ្មោះអ្នកចុះវាស់វែងលើដីជាក់ស្តែងគឺ “អនុសេនីយ៍ឯក គែលែ នៃកងទ័ពថ្មើរជើងអាណានិគម” (le Capitaine KERLER, de l’InfanterieColoniale) និង “អនុសេនីយ៍ឯក អ៊ុំ នៃកងទាហានអាសាបរទេស ”(le Capitaine OUM, de la Légion Ètrangère”) (សូមមើលផែនទីភ្ជាប់)។ ផែនទីនេះត្រូវបានទទួលស្គាល់ដោយរដ្ឋាភិបាលថៃរហូតដល់វិវាទលើតំបន់ប្រាសាទវិហារផ្ទុះឡើងក្រោយឆ្នាំ ១៩៥៣។ សូមបញ្ជាក់ថា នៅសម័យនោះសៀមមិនត្រឹមតែទទួលយកផែនទីនេះទេតែថែមទាំងបានអរគុណបារាំងដែលបានជួយចុះវាស់វែង និងបោះពុម្ពផែនទីឱ្យខ្លួនទៀតផង។
តាមសម្មតិកម្មរបស់ខ្ញុំ លោកអនុសេនីយ៍ឯកអ៊ុំអាចជាមនុស្សដែលនៅពីក្រោយនៃការគូសបញ្ចូលតំបន់ប្រាសាទព្រះវិហារ រួមទាំងប្រាសាទព្រះវិហារក្នុងទឹកដីកម្ពុជាលើផែនទីដងរែកឆ្នាំ ១៩០៨នេះ។ ផែនទីនេះហើយដែលកម្ពុជាយកធ្វើជាផែនទីឧបសម្ព័ន្ធក្នុងសំណុំរឿងប្រាសាទព្រះវិហារនៅតុលាការ ICJ ដែលស្គាល់ជាទូទៅថា ផែនទីឧបសម្ព័ន្ធ ១ (Annex I Map) និងជាមូលដ្ឋានច្បាប់មួយយ៉ាងសំខាន់ដែលធ្វើឱ្យកម្ពុជាឈ្នះកី្តនៅឆ្នាំ ១៩៦២។
ពិតហើយ តាមប្រការ ១ នៃសន្ធិសញ្ញាឆ្នាំ ១៩០៤ ការកំណត់ព្រំដែននៅតំបន់ដងរែកខាងកើតត្រូវដើរតាមខ្សែបែងចែកទឹក គឺប្រាសាទព្រះវិហារទាំងមូលរួមទាំងពយតាឌីដ៏មានប្រជាប្រិយភាពនោះផងមិនត្រូវស្ថិតនៅក្នុងខ្សែព្រំដែនកម្ពុជានោះទេ។ តាមសម្មតិកម្មរបស់ខ្ញុំគឺលោកអនុសេនីយ៍ឯក អ៊ុំ នេះឯងដែលបានគូសបញ្ចូលប្រាសាទព្រះវិហារមកក្នុងខ្សែព្រំដែនកម្ពុជា (ដោយមិនយកខ្សែព្រំដែនតាមខ្សែបែងចែកទឹក ដូចកំណត់ក្នុងប្រការ ១ នៃសន្ធិសញ្ញាឆ្នាំ ១៩០៤) តាមការចុះវាស់វែងលើដីជាក់ស្តែងរបស់គាត់រួមជាមួយលោកអនុសេនីយ៍ឯក Kerler នៅចាប់ពីដើមខែធ្នូ ឆ្នាំ ១៩០៦។
តាមច្បាប់ ត្រង់ចំណុចនេះគេអាចចោទប្រកាន់ លោកអនុសេនីយ៍ឯក អ៊ុំឬ Kerler ថា ធ្វើខុសច្បាប់ហើយ គឺខុសពីគោលការណ៍កំណត់ក្នុងប្រការ ១ នៃសន្ធិសញ្ញាឆ្នាំ ១៩០៤។ ក្នុងការតតាំងក្តីនៅតុលាការ ICJ ថៃក៏បានអះអាងដែរថា ប្រាសាទព្រះវិហារត្រូវស្ថិតនៅក្នុងដីខ្លួន បើផ្អែកតាមខ្សែបែងចែកទឹកនៃប្រការ ១។ ការលើកឡើងបែបនេះមិនត្រូវទេ។
បើទោះជាប្រការ ១ នៃសន្ធិសញ្ញាឆ្នាំ ១៩០៤ បានកំណត់ពីគោលការណ៍បែងចែកទឹក (watershed line) តែបែរជាកំណត់ខ្សែព្រំដែនខុសពីនេះ នៅតំបន់ប្រាសាទព្រះវិហារគឺមិនខុសច្បាប់នោះទេ។ សាលក្រម ICJ បានបញ្ជាក់ថា គណៈកម្មការចម្រុះមានអំណាចឆន្ទានុសិទិ្ធ (discretion) ក្នុងការកំណត់យកខ្សែព្រំដែនសមស្របណាមួយ ក្រៅពីខ្សែបែងចែកទឹកនៃប្រការ ១ នៅពេលធ្វើការចុះវាស់វែងលើដីជាក់ស្តែងដោយគិតលើស្ថានភាពភូមិសាស្ត្រជាក់ស្តែងនៃតំបន់នោះ។ លើសពីនេះប្រការ ១ និង ៣ មានតម្លៃច្បាប់ស្មើគ្នាសំដៅកំណត់ឱ្យបាននូវខ្សែព្រំដែនដែលមានស្ថិរភាព និងស្ថាពរមួយ (to achieve certainty and finality of the frontier) តាមគោលបំណងនៃសន្ធិសញ្ញាឆ្នាំ ១៩០៤ និងអនុសញ្ញាឆ្នាំ ១៩០៧។
ពិតហើយ ជាមួយនឹងប្រាង្គប្រាសាទថ្មភក់ដ៏ល្អឯក និងអច្ឆរិយដែលកសាងឡើងក្នុងសតវត្សរ៍ទី ១១-១២ ក្នុងរជ្ជកាលព្រះបាទសូរិយាវរ្ម័នទី ១ (១០០៦-១០៥០) និងទី ២ (១១១៣-១១៥០)នៃអាណាចក្រអង្គរដ៏រុងរឿង នោះប្រាកដជាធ្វើឱ្យអ្នកចុះវាស់វែងលើដីជាក់ស្តែងនៅពេលនោះ ចាប់ចិត្តប្រតិព័ទ្ធរកដកចិត្តពុំរួចនោះឡើយ។ ហេតុនេះមិនថា លោកអនុសេនីយ៍ឯក អ៊ុំ ឬក្រុមការងារគាត់ក៏ប្រហែលគិតដែរថា តើត្រូវធ្វើការវាស់វែង និងធ្វើរបាយការណ៍បែបណាជូនថ្នាក់លើរបស់គាត់ក្នុងការបញ្ចូលប្រាសាទព្រះវិហារមកក្នុងទឹកដីកម្ពុជាតាមផែនទីផ្លូវការមួយ។
ហេតុនេះតាមសម្មតិកម្មរបស់ខ្ញុំ លោកអនុសេនីយ៍ អ៊ុំ អាចជាមនុស្សដែលនៅពីក្រោយការគូសបញ្ចូលប្រាសាទព្រះវិហារក្នុងទឹកដីកម្ពុជាលើផែនទីដងរែកបោះពុម្ពដោយបារាំង ក្នុងឆ្នាំ ១៩០៨។ ប្រសិនបើសម្មតិកម្មរបស់ខ្ញុំជាការពិតស្នាដៃរបស់គាត់គួរត្រូវបានទទួលស្គាល់ និងផ្តល់តម្លៃដោយសមធម៌។ ជាអកុសលមិនសូវមាននរណាស្គាល់ ឬចាប់អារម្មណ៍នឹងការងារគាត់នោះទេ។
នេះគឺជាអត្ថបទបែបស្វែងរកការពិត (fact-finding) មួយផ្អែកតាមការវិភាគលើឯកសារច្បាប់ និងហេតុការណ៍ប្រវត្តិសាស្ត្រ។ ខ្ញុំមិនហ៊ានអះអាងថា ពិតទាំងស្រុងនោះទេ។ ទោះជាយ៉ាងណា គាត់ពិតជាបំពេញការងារវាស់វែងលើដីជាក់ស្តែងនៃតំបន់ប្រាសាទព្រះវិហារមែន។ ប៉ុន្តែ ខ្ញុំសង្ឃឹមថា នឹងអាចមានការសិក្សាស្រាវជ្រាវផ្សេងទៀតលើករណីនេះ៕
ដោយមេធាវី អ៊ិន តារា នៃការិយាល័យមេធាវី អ៊ិន តារា និង សហការី
(នេះគឺជាទស្សនៈផ្ទាល់ខ្លួនរបស់អ្នកនិពន្ធ មិនឆ្លុះបញ្ចាំងពីកាសែត ភ្នំពេញ ប៉ុស្តិ៍ទេ)