កើត​ឆ្នាំ​ ១៨៩០ ​មាន​អាយុ​ច្រើន​ខ្លាំងណាស់​ទៅហើយ នៅឡើយ​ដើរ​ស្វែងរក​អត្ថន័យ​នៃ​ជីវិត គឺថា​ពិតជា​ចង់បាន​គោលដៅ​មួយ​ជាក់លាក់​។ អ្វីដែល​អ្នកនឹង​អាន​បន្តិចទៀតនេះ​អាចធ្វើឱ្យ​អ្នក​ផ្លាស់ប្តូរ​គំនិត​ទាំងស្រុង​ពី​ពេលនេះ​តទៅ​។ ខ្ញុំ​សង្ឃឹមថា ប្រហែលជា​ក្នុងន័យ​ល្អ​ទៅ​ចុះ តែ​មិន​ប្រាកដថា អ្នកនឹង​ត្រេកអរ​ឬ​អត់​ទេ​។

បើ​អ្នក​សញ្ជឹងគិត​ពីអ្វីៗ​នៅ​ជុំវិញខ្លួន​ឱ្យ​មែនទែន នោះ​អ្នក​អាច​ចាប់​អារម្មណ៍​ភ្លាម​ថា អ្វីៗ​ហាក់​ដូចជា​មិន​ដូច​រូបរាង​ខាងក្រៅ​សោះ​។ មនុស្ស​ដែល​អ្នក​តែង​កោតសរសើរ​យ៉ាងខ្លាំង​អាច​មិន​ស័ក្តិសម​នឹង​កេរ្តិ៍ឈ្មោះ​នោះ​សោះ​ក៏​ថា​បាន​។ ក្រោយពី​ការព្យាយាម​ទប់ស្កាត់​អំពើ​ខុសច្បាប់​អស់​រយៈពេល​ជាង ១ ​សតវត្សរ៍ លទ្ធផល​មិនជា​ទីគាប់ចិត្ត​សោះ​។ មូលហេតុ​គឺ​ព្រោះថា ខណ:​ដែល​អ្នករកស៊ី​តែង​ចង់បាន​អំណាច​លើ​ទីផ្សារ ការទទួល​បាន​នូវ​ទំហំ​ធំ​មួយ​នៃ​ចំណែក​ទីផ្សារ​អាច​ធ្វើឱ្យ​ខ្លួន​វិនាស​ទៅវិញ​។


ជាក់ស្តែង​នា​ឆ្នាំ​ ១៩១១ ​ក្រុមហ៊ុន​ដ៏ល្បី​ឈ្មោះ Standard Oil Trust របស់​លោក Rockefeller ដែលជា​ក្រុមហ៊ុន​ធំជាងគេ​បំផុត​នៅ​សហរដ្ឋអាមេរិក​នាពេល​នោះ ត្រូវបាន​រដ្ឋ​ផ្តន្ទាទោស​ឱ្យ​បំបែក​ខ្លួន​ជា​ចម្រៀកៗ​ទៅជា​​ក្រុមហ៊ុន​ជាង​ ៣០ ​ក្រុមហ៊ុន​។


ហេតុអ្វី​? ព្រោះ​លោក Rockefeller បាន​ក្លាយខ្លួនជា​ជន​ផ្តាច់មុខ​ឆ្លាត​ជ្រុល និង​មាន​ល្បិចកល​ច្រើនពេក​។ គាត់​រីករាយ​នឹង​កម្ទេច​អ្នក​ដែល​រកស៊ី​ដូច​គាត់ ហើយ​ទីបំផុតកម្ម​តាម​ចងពៀរ​។ ប្រវត្តិ​របស់គាត់​ពិតជា​រន្ធត់​ណាស់ តែ​បាន​តែ​មួយស្របក់​ប៉ុណ្ណោះ​។


នាពេល​ថ្មីៗ​នេះ​នៅ​នឹង​ចុង​ម្រាមដៃ​របស់​អ្នក អ្នក​បាន​ដឹងថា​ពេលដែល Instagram ទទួលបាន​ការគាំទ្រ និង​មាន​ប្រជាប្រិយភាព​ខ្លាំង​ឡើងៗ​ក្រុមហ៊ុន Facebook ក៏​ទិញយក​ក្រុមហ៊ុន​នេះ​តែម្តង​។ WhatsApp ក៏​ទទួលរង​នូវ​ជោគវាសនា​ដូចគ្នា​ដែរ​។


ឯ​ក្រុមហ៊ុន Google ឯណោះ​វិញ​ក៏​មិន​ព្រម​ឈរ​ស្ងៀម​ឱបដៃ​មើល​ដែរ​ពេលដែល​បានដឹងថា YouTube បាន​ក្លាយជា​វេទិកា​មួយ​ដ៏មាន​ប្រជាប្រិយភាព​ដែល​មនុស្សម្នា​អាច​រកបាន​ព័ត៌មាន​ស្ទើរ​គ្រប់​ប្រភេទ​តាមរយៈ​វីដេអូ​ល្អៗ​មើល​ទៀត​។


ហេតុនេះ Google មិន​បង្អង់​ទេ​គឺ​ទិញយក YouTube តែម្តង​។ តាមពិត​ទៅក្នុង​រយៈពេល​តែ​ ១០ ​ឆ្នាំ ក្រុមហ៊ុន​យក្ស​ទាំង​ ២ ​នេះ​បាន​ទិញយក​ក្រុមហ៊ុន​នានា​រាប់រយ​ក្រុមហ៊ុន​ឯណោះ​។ តើ​ក្រុមហ៊ុន​ទាំង​ ២ ​នេះ​បាន​រីក​មាឌធំ​ជ្រុល​ធ្វើឱ្យ​សហរដ្ឋ​គ្រប់គ្រង​លែង​បាន​ឬ​? ក្នុងប្រទេស​ប្រជាធិបតេយ្យ អំណាច​ទាំងអស់​ត្រូវ​ចេញពី​ពលរដ្ឋ​តាមរយៈ​អ្នកតំណាង មិនមែន​ចេញពី​ក្រុមហ៊ុន​ឯកជន​ដែល​មិន​ទទួលខុសត្រូវ​ចំពោះ​ពលរដ្ឋ​នោះទេ​។

អ្នក​ធ្លាប់បាន​ចាប់អារម្មណ៍​ទេ​ថា បន្ទាប់ពី​មិត្តភក្តិ​ម្នាក់​របស់​អ្នក​បាន​ទិញ​ស្ករ​សូកូឡា​ ១ ​ប្រអប់​ពី​ផ្សារ​ទំនើប​មួយកន្លែង​ស្រាប់តែ​ស្អែក​ឡើង​គាត់​ចាប់ផ្តើម​ទទួល​ការផ្សាយពាណិជ្ជកម្ម​ពី​ស្ករ​សូកូឡា​នៅលើ​ទំព័រ​បណ្តាញ​សង្គម​របស់គាត់​? សូមកុំ​សួរថា​ម៉េច​បានជា​បណ្តាញ​សង្គម​របស់គាត់ ដឹងថា​គាត់​ទើបបាន​ទិញ​ស្ករ​សូកូឡា​នោះ​?​។

អ្នកអនុវត្ត​ច្បាប់​នៅ​អាមេរិក​មុខតែ​នឹងត្រូវ​ដោះស្រាយ​ជាមួយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំ​សម្បើម​ទាំងនោះ ហើយ​ការដោះស្រាយ​នេះ​ពិតជា​ល្អមើល​មិន​ខាន​។

ប៉ុន្តែ​សូម​ចងចាំ​ថា ការរកស៊ី​គឺ​ស្ថិតក្នុង​ទីលានប្រយុទ្ធ​ជានិច្ច ហើយ​គ្មាន​ច្បាប់​ណា​អាចមក​កែប្រែ​ស្ថានភាព​នេះ​បានឡើយ​។ មិនអាច​ទេ​។ អ្វីដែល​ច្បាប់​ប្រកួតប្រជែង​ចង់​សម្រេចបាន​គឺ​ត្រឹមតែ​ធ្វើយ៉ាងណា​ឱ្យ​ទង្វើ​ប្រកួតប្រជែង​ប្រព្រឹត្ត​ទៅក្នុង​រង្វង់​ដែនកំណត់​មួយ​ជាក់លាក់ គឺថា​ត្រូវមាន​គោលដៅ​មួយ​ដែល​គ្រប់គ្នា​ត្រូវ​គាំទ្រ​។ និយាយឱ្យចំ​គឺ​ត្រូវមាន​គោលបំណង​ដ៏ឧត្តម​មួយ​។

តែ​គួរឱ្យ​ស្តាយ​ណាស់​ព្រោះថា​គឺ​ត្រង់​នេះហើយ​ដែលជា​ប្រភព​នៃ​បញ្ហា​នោះ​។ ក្រៅពី​កត្តា​កង្វះ​សមត្ថភាព និង​កង្វះ​ធនធាន​ដែល​អ្នកអនុវត្ត​ច្បាប់​តែង​អាច​ជួប​ប្រឈម​នោះ ការណ៍​ដែល​ច្បាប់​គ្មាន​គោលបំណង​ច្បាស់លាស់​ធ្វើឱ្យ​កកើត​នូវ​ទ្រឹស្តី​ច្របូកច្របល់​ជាច្រើន​ក៏ដូចជា​ការបើក​សិទ្ធិ​ធំ​ជ្រុល​ដល់​អ្នកអនុវត្ត និង​ចៅក្រម​ដែល​អាចជា​អ្នក​ដែល​ពុំ​សូវ​យល់ច្បាស់​ពី​ដំណើរ​ដើមទង​ និង​មូលគ្រឹះ​នៃ​ធុរកិច្ច​ផង​។

តាំងពី​ពេលដែល​ច្បាប់​ឈ្មោះ Sherman Act ត្រូវបាន​ធ្វើឡើង​នៅ​ឆ្នាំ​ ១៨៩០ និង​បំពេញបន្ថែម​ដោយ​ច្បាប់​ផ្សេងទៀត​ជា​បន្តបន្ទាប់ តុលាការ​កំពូល​របស់​សហរដ្ឋអាមេរិក​បាន​សាកល្បង​ជាមួយនឹង​ទ្រឹស្តី​ផ្សេងៗ​ដែល​ហាក់ដូចជា​មាន​ចេតនា​ឆ្ពោះទៅរក​ការ​ទទួលស្គាល់ថា គោលដៅ​របស់​ច្បាប់​ប្រកួតប្រជែង​គ្មានអ្វី​ក្រៅតែពី​ការគាំពារ​សុខុមាលភាព​របស់​អ្នកប្រើប្រាស់​ឡើយ​។

តែ​ទោះជា​យ៉ាងនេះ​ក៏ដោយ បន្ទាប់ពី​បាន​អនុវត្ត​អស់​រយៈពេល​ ១៣១ ​ឆ្នាំ ស្រាប់តែ​ចំនួន​សាស្ត្រាចារ្យ​ក៏ដូចជា​ចៅក្រម​ដែល​ពុំ​គាំទ្រ​ចេតនា​នេះ​បាន​កើនឡើង និង​ចាប់ផ្តើម​ចោទ​ជជីក​សួរ​អំពី​គោលដៅ​ចុងក្រោយ​ពិតប្រាកដ​របស់​ច្បាប់​ប្រកួតប្រជែង​។

គេ​សួរថា តើ​គោលដៅ​គឺ​ដើម្បី​គាំពារ​សុខុមាលភាព​របស់​អ្នកប្រើប្រាស់​ ឬ​ដើម្បី​ការពារ​ថែរក្សា​កិច្ច​ប្រកួតប្រជែង​តែម្តង​? នាពេល​ដែល​អ្នកច្បាប់​ជាប់រវល់​គិត​ផង​សរសេរ​ផង ក្រុមហ៊ុន Google និង​ក្រុមហ៊ុន Facebook បាន​ប្តូរ​ឈ្មោះ​អស់​ទៅហើយ​។

តែ​កុំ​អស់សង្ឃឹម​។ ខ្ញុំ​មិនមែន​ចង់​បានន័យថា យើង​ត្រូវ​ជួបប្រទះ​នឹង​បញ្ហា​ដូចគ្នា​ហ្នឹង​ទេ​។ យើង​អាចបង្កើត​រឿង​អច្ឆរិយៈ​បាន​។ អ្នក​ដែល​បាន​សរសេរ​ច្បាប់​នេះ​ត្រូវ​ទទួលបាន​ការគោរព​ព្រោះថា ច្បាប់​ស្តីពី​ការប្រកួតប្រជែង​របស់​កម្ពុជា​បាន​ហែល​ឆ្លង​ទឹក​ប្រកបដោយ​ភាព​ប៉ិនប្រសប់​។ យើង​នឹង​ពុំ​ចាំបាច់​ចំណាយពេល​ឥតប្រយោជន៍​ជជែក​គ្នា​ស្វែងរក​គោលបំណង​របស់​ច្បាប់​នេះ​ទេ​។ ជាក់ស្តែង​ច្បាប់​នេះ​បាន​សរសេរ​បញ្ចូល​នូវ​គោលបំណង​ជាច្រើន​ទុកឱ្យ​រួចហើយ​ដែល​ស្ទើរតែ​គ្រប់គ្នា​អាច​ត្រេកអរ​បន្តិច​ម្នាក់ៗ​បាន​។

មាត្រា​ដំបូង​បំផុត​នៃ​ច្បាប់​នេះ​មានចែង​ពី​គោល​គំនិត​ខ្លះ​ដែល​បាញ់​ឆ្ពោះទៅរក​ការ​គាំពារ​សុខុមាលភាព​របស់​អ្នកប្រើប្រាស់​ និង​គោល​គំនិត​ខ្លះទៀត​ដែល​សំដៅ​ដល់​ការការពារ​កិច្ចការ​​ប្រកួតប្រជែង​តែម្តង​។

យើង​អាច​ពន្យល់​ពី​ទ្រឹស្តី​គាំពារ​សុខុមាលភាព​របស់​អ្នកប្រើប្រាស់​បាន​ភ្លាម​ថា បើសិនជា​មាន​ការប្រកួតប្រជែង​ល្អ​មែន​នោះ ពូ​របស់​អ្នក​មុខតែ​អាច​ទិញ​ទូរទស្សន៍​ដែលមាន​គុណភាព និង​ក្នុងតម្លៃ​ទាប​បាន​មិន​ខាន​។

មាត្រា​ដំបូង​នៃ​ច្បាប់​គឺ​ពិតជា​ត្រូវបាន​តាក់តែងឡើង​ដោយបាន​គិតពី​ផលប្រយោជន៍​របស់គាត់​ព្រោះ​យើង​ឃើញ​មានប្រើ​ពាក្យពេចន៍​ដូចជា ទំនិញ និង​សេវា​មាន «​គុណភាព​ខ្ពស់​» «​ថ្លៃ​ទាប​» «​សម្បូរបែប និង​មាន​» ​ជម្រើស​ច្រើន​។

ពាក្យពេចន៍​ដែល​សុទ្ធ​តែមាន​រំលេច​នូវ​គោលដៅ​ទាំងនេះ​អាន​ទៅ​មាន​ភាពច្បាស់​ល្មម​ងាយយល់​សម្រាប់​មនុស្ស​ធម្មតា ព្រោះ​សុទ្ធសឹង​ជា​ពាក្យពេចន៍​ដែល​នៅ​ជិត​យើង​រាល់ថ្ងៃ និង​ជា​មូលហេតុ​ដែល​ធ្វើឱ្យ​ក្រុមហ៊ុន​ផលិត​រថយន្ត​ក៏ដូចជា​ក្រុមហ៊ុន​សេវា​ដឹកជញ្ជូន​ម្ហូបអាហារ​ត្រូវ​បន្ត​គំនិត​ច្នៃប្រឌិត​ ដើម្បី​បម្រើ​អតិថិជន​ដូច​រូបអ្នក​។

រីឯ​ពាក្យពេចន៍ ១ ​ក្រុម​ទៀត​វិញ (​ដែល​សម្រាប់​ការការពារ​កិច្ច​ប្រកួតប្រជែង​តែ​ម្តងនោះ​) ដូចជា​នៅ​ឆ្ងាយ មិន​ងាយស្រួល​យល់​ភ្លាម​ទេ ហើយ​ទាមទារ​ការសញ្ជឹងគិត​ខ្លាំង​ពី​អ្នកជំនាញ​ទើប​យើង​អាចយ​ល់ពី​អត្ថន័យ​របស់​វា​បាន​។

និយាយ​ឱ្យ​ខ្លី​ប្រហែលជា​ត្រូវ​ពឹង​លើ​បញ្ញាញាណ​ខ្ពស់ «​ទំនាក់ទំនង​ធុរកិច្ច​ដោយ​ស្មើភាព និង​ស្មោះត្រង់​» «​បង្កើន​ប្រសិទ្ធភាព​សេដ្ឋកិច្ច​» «​ជំរុញ​ឱ្យ​មាន​ការបង្កើត​ធុរកិច្ច​ថ្មី​»​។

សួរថា តើ​ច្បាប់​ប្រកួតប្រជែង​គួរ​ធ្វើឡើង​សម្រាប់​ពលរដ្ឋ​សាមញ្ញ​ ឬ​អ្នកជំនាញ​? ចម្លើយ​គឺ​ច្បាស់​ណាស់​៖ គ្មាន​នរណា​ដឹង​ច្បាស់​នៅឡើយ​ទេ​។ យ៉ាងណា​ក៏​មិនទាន់​ដឹង​នៅថ្ងៃនេះ​ដែរ​។ ច្បាប់​យើង​មាន​អាយុ​មិនទាន់បាន​ ១ ​ឆ្នាំ​ផង​។

អ្វីដែល​ខ្ញុំ​ដឹង​នោះ​គឺថា បទពិសោធ​ ១៣១ ​ឆ្នាំ​របស់​ច្បាប់​សហរដ្ឋអាមេរិក​បាន​បង្ហាញថា ការគិត​តែ​ពី​ផ្នែក​គាំពារ​សុខុមាលភាព​របស់​អ្នកប្រើប្រាស់​ជាធំ​បាន​នាំមក​នូវ​លទ្ធផល​មិន​គប្បី​ជាច្រើន​។ ដូចនេះ​អ្នក​ប្រហែល​ត្រូវ​ប្រើ​រាល់​បញ្ញាញាណ​នៅក្នុង​ខ្លួន ធ្វើយ៉ាងណា​កុំឱ្យ​ក្រុមហ៊ុន​ច្បាម​យក​អំណាច​ធំ​ពេក​រហូតដល់​លែង​ចាំបាច់​យកចិត្ត​ទុកដាក់​លើ​អ្នក​។

យើង​មុខតែ​មិនអាច​ត្រេកអរ​បានទេ បើ​បណ្តោយ​ឱ្យ​ក្រុមហ៊ុន​មានអំណាច​ធំ​ហួសហេតុ មក​គ្រប់គ្រង​លើ​ជីវិត​យើង​ស្ទើរ​គ្រប់​ទិដ្ឋភាព និង​អាច​បញ្ជា​យើង​ថា​ត្រូវ​ទិញ​ភីហ្សា​ម៉ាក​អី​ពេល​ទិញ​លើក​ក្រោយ សូម្បីតែ​យើង​មិន​ទាំង​ចូលចិត្ត​ផង​ក៏​ថា​បាន​។ បែបនេះ​ប្រហែលជា​មិនសូវ​ជាមាន​រសជាតិ​ឆ្ងាញ់​ទេ​៕

លោក ព្រំម វីរ: LL.B, LL.M, PhD (2006 Nagoya University) បង្រៀនច្បាប់​នៅ CamEd Business School (​គំនិត​ក្នុង​អត្ថបទ​នេះ ជា​របស់​តែ​អ្នកនិពន្ធ​ប៉ុណ្ណោះ​)