លោក ពូទីន បានជ្រើសយកការធ្វើសង្គ្រាម។ យើងនៅតែមានការរួបរួមគ្នាជាមួយអ៊ុយក្រែន។ ពេលនេះ គឺជាពេលដ៏មានគ្រោះថ្នាក់សម្រាប់មនុស្សដែលស្រឡាញ់សេរីភាពនៅទូទាំងសកលលោក។ ដោយធ្វើការវាយប្រហារទាំងកម្រោលទៅលើប្រជាជនអ៊ុយក្រែន លោក Vladimir Putin បានធ្វើការវាយប្រហារទៅលើគោលការណ៍ដែលទ្រទ្រង់បូរណភាពទឹកដី និងសន្តិភាពសកលលោក។ ទោះយ៉ាងណា ប្រជាជនអ៊ុយក្រែននៅតែមានស្មារតីរឹងប៉ឹង។ ពួកគេជាអ្នកប្រកាន់លទ្ធិប្រជាធិបតេយ្យឯករាជ្យ អស់រយៈពេលរាប់ទសវត្សរ៍មកហើយ ហើយភាពក្លាហានរបស់គេធ្វើឱ្យពិភពលោកមានការស្ញប់ស្ញែងជាខ្លាំង។
លោក Vladimir Putin បានមានផែនការធ្វើការវាយប្រហារនេះជាយូរមកហើយ។ គាត់បានចល័តទ័ពចំនួនជាង ១៥០ ០០០ នាក់ និងបរិក្ខារយោធាជាច្រើន ទៅកាន់ព្រំដែននៃប្រទេសអ៊ុយក្រែន។ គាត់បានបដិសេធការខិតខំដោយស្មោះត្រង់ ដើម្បីដោះស្រាយកង្វល់ដែលគាត់បានប្រឌិតឡើងនេះរបស់គាត់ និងដើម្បីបញ្ចៀសជម្លោះ និងការឈឺចាប់ទទេៗ របស់មនុស្សជាតិ។ ដោយមិនគោរពដល់អធិបតេយ្យភាព និងច្បាប់អន្តរជាតិ គាត់បានធ្វើការឈ្លានពាន ដែលបណ្តាលឱ្យមនុស្សចំនួនជាង ៣ លាននាក់ ត្រូវផ្លាស់ទីធ្វើឱ្យជនស៊ីវិលបាត់បង់ជីវិតជាច្រើន ហើយបានបំផ្លាញជាប្រព័ន្ធ នូវអ្វីដែលប្រជាជនអ៊ុយក្រែនដ៏ឧស្សាហ៍ព្យាយាម ខិតខំសម្រេចបាន។
បំណងរបស់លោក Putin ក្នុងការបំបែកពិភពលោកបានបរាជ័យ។ នៅចំពោះមុខបញ្ហាប្រឈមដ៏ធំ ចំពោះសន្តិសុខ បទដ្ឋាន និងច្បាប់អន្តរជាតិ គិតតាំងពីសង្គ្រាមលោកលើកទី២ មក សហគមន៍អន្តរជាតិមានការរួបរួមគ្នា ក្នុងការថ្កោលទោសការលុកលុយរបស់រុស្ស៊ី ធ្វើឱ្យរុស្ស៊ីទទួលខុសត្រូវ គាំទ្រអ៊ុយក្រែន ហើយធ្វើការឆ្លើយតបទាំងស្រុង។
ប្រទេសកម្ពុជា បានចូលរួមជាមួយសហរដ្ឋអាមេរិក រដ្ឋជាសមាជិកទាំង ២៧ នៃសហភាពអឺរ៉ុប និងប្រទេសដទៃជាច្រើនទៀត នៅក្នុងតំបន់ និងប្រទេសផ្សេងទៀត ក្នុងការការពារធម្មនុញ្ញអង្គការសហប្រជាជាតិ និងសណ្តាប់ធ្នាប់ច្បាប់អន្តរជាតិ ហើយបានចូលរួមឧបត្ថម្ភលើដំណោះស្រាយរបស់អង្គការសហប្រជាជាតិ ដែលថ្កោលទោសការឈ្លានពានរបស់ប្រទេសរុស្ស៊ី ហើយទាមទារឱ្យបញ្ឈប់សង្គ្រាមប្រឆាំងលើប្រទេសអ៊ុយក្រែន ដែលគ្មានការបង្កហេតុនេះ។
សកម្មភាពដូចគ្នានេះកើតឡើងនៅក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិដែលក្នុងនោះ សមាជិក ដែលរួមមានប្រទេសអាស៊ានផងដែរបានយល់ព្រមបង្កើតគណៈកម្មាការស្រាវជ្រាវឯករាជ្យមួយ ដើម្បីធ្វើការស៊ើបអង្កេតលើបទរំលោភសិទ្ធិមនុស្សដោយប្រទេសរុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន។
លោក Putin មិនអាចបំផ្លាញជំនឿរួមរបស់យើងទៅលើសិទ្ធិជាមូលដ្ឋាន របស់រដ្ឋអធិបតេយ្យក្នុងការជ្រើសរើសវាសនា ដៃគូ និងសម្ព័ន្ធមិត្តរបស់គេទេ។ គាត់នឹងបរាជ័យ ក្នុងការលុបបំបាត់ប្រទេសអ៊ុយក្រែន ដ៏មានមោទនភាពចំពោះជាតិគេ។ ជាការឆ្លើយតបនឹងការឈ្លានពានដោយគ្មានការបង្កហេតុនេះ សហរដ្ឋអាមេរិក ចក្រភពអង់គ្លេសសហភាពអឺរ៉ុប ជប៉ុន អូស្ត្រាលី សាធារណរដ្ឋកូរ៉េ សិង្ហបុរី និងប្រទេសដទៃទៀត ដែលតំណាងឱ្យជាងពាក់កណ្តាលនៃសេដ្ឋកិច្ចពិភពលោកបានដាក់ទណ្ឌកម្មជាអន្តរជាតិមានទំហំមិនធ្លាប់មានមក ហើយបានធ្វើឱ្យមានការខាតបង់យ៉ាងច្រើនលើលោក Putin លើឧស្សាហកម្មរុស្ស៊ី និងប្រព័ន្ធហិរញ្ញវត្ថុដែលទ្រទ្រង់សង្គ្រាមនេះ។
ប៉ុន្មានថ្ងៃ សប្តាហ៍ និងខែទៅមុខទៀត គឺជាពេលលំបាកខ្លាំងសម្រាប់ប្រជាជនអ៊ុយក្រែន។ នៅពេលគេសរសេរប្រវត្តិនៃយុគសម័យនេះ វានឹងបង្ហាញថា ការជ្រើសរើសរបស់លោក Putin ក្នុងការធ្វើការវាយប្រហារដែលគ្មានការបង្កហេតុ មិនត្រឹមត្រូវ និងដោយគិតទុកជាមុនលើប្រទេសអ៊ុយក្រែន បានធ្វើឱ្យរុស្ស៊ីចុះខ្សោយយ៉ាងខ្លាំងទាំងផ្នែកសេដ្ឋកិច្ចទាំងជាយុទ្ធសាស្ត្រ។ ប្រជាជនរុស្ស៊ីមិនគួររងការខាតបង់ដ៏សម្បើមនេះចំពោះអនាគតរបស់គេដោយសារការឈ្លានពាននេះ ដែលបង្កដោយរដ្ឋាភិបាលរបស់គេ។ សេរីភាពលទ្ធិប្រជាធិបតេយ្យ និងកិត្តិយសរបស់មនុស្ស គឺជាកម្លាំងខ្លាំងជាងការភ័យខ្លាច និងការគាបសង្កត់ឆ្ងាយណាស់។ នៅក្នុងការប្រឈមគ្នារវាងលទ្ធិប្រជាធិបតេយ្យ និងរបបផ្តាច់ការ រវាងអធិបតេយ្យភាព និងរំលោភជិះជាន់ សេរីភាពនឹងឈ្នះ៕
W. Patrick Murphy, ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា និង Carmen Moreno, ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា